Tuesday, October 22, 2013

​គណបក្សប្រឆាំងជំរុញ​ឲ្យ​បក្ស​កាន់​អំណាចធ្វើ​ប្រជាមតិដើម្បី​រក​យុត្ដិធម៌ជូន​ពលរដ្ឋ​​


លោក កឹម សុខា ក្នុងឱកាសចុះជួបប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ (រូបភាពដោយ បូសាវី)
ថ្ងៃអាទិត្យ ទី20 ខែតុលា ឆ្នាំ2013
ដោយ៖​ បូ​ សា​វី​​
VOD
មន្ដ្រីជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​អាទិត្យ​នេះ ជំរុញ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ប្រជាមតិ ដើម្បី​ឲ្យដឹង​ពី​ចំនួន​អ្នកគាំទ្រ​គណបក្ស​ទាំងពី​រ​ថា ខាង​ណា​ច្រើន​ជាង​ខាង​ណា​។​
​ថ្លែង​ទៅ​កាន់​ប្រជាជន រងគ្រោះ​ដោយ​គ្រោះទឹកជំនន់ នៅ​ស្រុក​ពួក ខេត្ដ​សៀមរាប នៅ​ថ្ងៃ​អាទិត្យ​ប្រធានស្ដីទី គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសា​ស​ន៍​ថា គណបក្ស​ប្រឆាំងមួយ​នេះ នឹង​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ឲ្យបាន​ជាង​បី​លាន​នាក់ ដើម្បី​ដាក់​ទៅ​អង្គការសហប្រជាជាតិ ឲ្យ​ដោះស្រាយ​បញ្ហា​នយោបាយ​នៅ​កម្ពុជា​។ លោក​បន្ដថា គណបក្សប្រឆាំង មាន​ពលរដ្ឋគាំទ្រ​ច្រើន​ជាង​គណបក្ស​កាន់អំណាច​ តែ​បើ​គណបក្ស​ប្រជាជន​មិន​ជឿ លោក​ជំរុញ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ប្រជាមតិ ដោយ​ដាក់​គណបក្ស​ទាំង​ពីរ​ទន្ទឹមគ្នា ហើយ​ឲ្យពលរដ្ឋ​ជ្រើសរើស​។ លោក​បន្ថែមថា ពលរដ្ឋ​លែងមាន​ជំនឿ​លើ​គណបក្សកាន់អំណាច​ទៀតហើយ ដោយសារ​តែ​គណបក្ស​នេះ យក​ដី​ពលរដ្ឋ និង​បំផ្លាញ​ធនធានធម្មជាតិ​ស្ទើ​ទាំងស្រុង​ ​៖ "ខាង​នេះ ខាង​គណបក្ស​ប្រជាជន ខាង​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ប្រជារាស្ដ្រ​យក​មួយ​ណា បុម​គណបក្ស​ប្រជាជ​នរក​២០​កី​អៅ​មិនបាន មែន​មិនមែន​បងប្អូន អ្នកណា​គេ​បោះឆ្នោត​ឲ្យ​គាត់​ទៀត បើ​គេ​ឃើញ​និង​ភ្នែក​យក​ដី យក​ឈើ​អស់ហើយ​។​ប្រជារាស្ដ្រ​គេ​មិន​ឆ្កួត​បោះ​ឲ្យ​ទេ​យក​ដី​បំ ផ្លាញ​ធម្មជាតិ អស់​ហើយ​នោះ គេ​ដឹង​អស់ហើយ កាល​ពី​មួយ​អាណត្ដិ​ពីរ​អាណត្ដិ​គេ​មិន​ទាន់​ដឹង គេ​នៅ​បោះ​ឲ្យ ។​ប្រជារាស្ដ្រ​ស្អប់​គ្រប់​តែ​កន្លែង​ហ្នឹង​កាប់​ឈើ​យក​ដី​គេ​អស់ហើយ ឥឡូវ​ប្រជារាស្ដ្រ​ខឹង​ប៉ុន​ភ្នំ​មិនមែន មានគុណ​ប៉ុន​ភ្នំ​ទេ ដូច្នេះ​គុណ​នឹង​អស់រលីង​ហើយ មក​ពី​ខូច​ពេក​"។​
លោក កឹម សុខា បញ្ជាក់បន្ថែម​ថា គណបក្សប្រឆាំង នឹង​ដក​ដី​ពី​ក្រុមហ៊ុន​ជូន​ពលរដ្ឋ​វិញ បន្ទាប់ពី​អង្គការ​សហប្រជាជាតិរ​ក​ឃើញថា គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត ដែល​លោក​ចោទថា គ.ជ.ប លួច​បន្លំ​សន្លឹកឆ្នោត ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃ​ទី​២៨ ​ខែកក្កដា ឆ្នាំ​២០១៣​នេះ​ ​៖ "អញ្ចឹង​ហើយ​បានជា​ គណបក្ស​សង្គ្រោះ​ជាតិ​យើង​នេះ សម្រេច​ចិត្ដ​នឹង​ដឹកនាំ​មហាបាតុក​ម្មទូ​ទាំងប្រទេស ដើម្បី​ប្ដឹងទៅ​អន្ដរជាតិ ដើម្បីឲ្យ​គេ​ដឹងថា ស្រុក​ខ្មែរ​នេះ​អ​យុត្ដិធម៌​ណាស់ ប្រជារាស្ដ្រ​ខំ​បោះឆ្នោត​ឲ្យ​សង្គ្រោះ​ជាតិ​ហើយ​បែ​គេ​លួច​អស់ អញ្ចឹង​ហើយ​បងប្អូន​ជនរួមជាតិ​មិន​ព្រម​ទេ បងប្អូន​ជនរួមជាតិ​ទាំងអស់​សុំ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ ឥឡូវ​នេះ​បងប្អូន​ផ្ដិតមេដៃ ដើម្បី​សុំ​អង្គការសហប្រជាជាតិ ដើម្បី​សុំ​ឲ្យ​ប្រទេស​ដែល​ធ្លាប់​ជួយ​ខ្មែរ​កន្លងមកនេះ ហត្ថលេខី​ទីក្រុង​ប៉ារីស​នោះ ដើម្បី​ជួយ​ខ្មែរ​វិញ ដើម្បី​រក​យុត្ដិធម៌​ជូន​ម្ចាស់​ឆ្នោត ដើម្បី​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​វា​ខុស​យ៉ាង​ណា​?​"។​
​សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប លើកឡើងថា ការតវ៉ា​គ្រប់​រូបភាព​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​លើ​គណបក្ស​ប្រជាជនកម្ពុជា​នោះ មិន​អាច​ទៅរួច​ទេ ព្រោះ​គណបក្ស​ប្រជាជន​របស់​លោក​អនុវត្តន៍​ទៅតាម​រដ្ឋធម្មនុញ និងតាម​ព្រះរាជ​តំរិះ ព្រះមហាក្សត្រ​។​
​អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសា​ស​ន៍ថា ការធ្វើប្រជាមតិ​ជា​បញ្ហា​សំខាន់​ក្នុង​ការរក​ដំណោះស្រាយ​នយោបាយ ដែល​ជាប់គាំង​។ ​ប៉ុន្ដែ​លោក​ថា មិន​អាច​ទៅរួច​ទេ ព្រោះ​ការ​ធ្វើប្រជាមតិ​នេះ មិនមាន​ច្បាប់​នៅ​ប្រទេស​កម្ពុជា​។ លោក​ផ្ដល់យោបល់​ថា គួរ​ធ្វើ​វិសោធនកម្ម​មួយ​ក្នុង​រដ្ឋធម្មនុញ្ញ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​ក្នុង​កាលៈទេសៈ​ណា​មួយ​។​
​លោក​សម រង្ស៊ី និង លោក ហ៊ុន សែន ធ្លាប់​ដឹកនាំ​គណៈប្រតិភូ ជួបចរចា​កាលពី​ថ្ងៃ​ទី​១៦ និង​១៧​ខែកញ្ញា​តែ​មិន​បាន​ទទួល​លទ្ធផល​អ្វី​ទេ​៕
សូមសរសេរមកកាន់លោក បូ សាវី តាមរយៈ savy@vodhotnews.com    ​

No comments: