By Visal Udom
The Phnom Penh Post
មួយរយៈចុងក្រោយនេះ ពុំសូវបានឃើញទំព័រមិត្តអ្នកអាន
ចុះផ្សាយលិខិតណាមួយ
ដែលបង្ហាញអំពីការវិភាគទាក់ទងនឹងព្រឹត្តិការណ៍នយោបាយនាពេល
បច្ចុប្បន្ននេះឡើយ។ ថ្ងៃនេះ
ខ្ញុំសូមបង្វែរអារម្មណ៍មិត្តអ្នកអានទាំងអស់ អានកម្សាន្តលេង
អំពីល្បែងរែកខ្មែរ និងការប្រៀបធៀប នឹងនយោបាយ។
ក្នុងចំណោមល្បែងប្រជាប្រិយខ្មែរ
ដែលបន្សល់ទុកពីដូនតាជំនាន់មុន មានល្បែងមួយប្រភេទ គឺ រែក។ “រែក”
ជាឈ្មោះល្បែងមួយប្រភេទ ស្រដៀងនឹងចត្រង្គ (អុក)
ប៉ុន្តែខុសគ្នាតែឈ្មោះកូន និងការឈ្នះចាញ់ និងមានបែបឲ្យស៊ីរែក
ទាំងពីរខាង ឬបើអ្នកម្ខាងទាល់ច្រក
ត្រូវអ្នកម្ខាងកៀរក្រសោបស៊ីបានទាំងអស់។ ល្បែង “រែក” មានពីរប្រភេទ
គឺ“រែក ព័ទ្ធ” និង“មិនរែកចាញ់”។ ក្នុងចំណោមល្បែង “រែក” ទាំងពីរនេះ
ប្រជាពលរដ្ឋខែ្មរ ជាពិសេសអ្នកនៅជនបទ ចូលចិត្តលេង “មិនរែកចាញ់”
ច្រើនជាង ព្រោះវាងាយ និងសាមញ្ញជាង “រែកព័ទ្ធ” ។ បើគូប្រកួតណា
ភ្លាត់ស្នៀតតែបន្តិច ច្បាស់ជាត្រូវចាញ់ មួយប៉ប្រិចភ្នែក
ដោយគូប្រកួតម្ខាងទៀត បើកឲ្យរែក បើមិនរែក គឺត្រូវចាញ់
ដូចនេះត្រូវបង្ខំចិត្ត រែករហូតដល់គេឈប់បើកឲ្យរែក ហើយទីបញ្ចប់
ក៏ត្រូវបានគេរែកកូនសេ្តច (អង្គ) របស់ខ្លួន។
គូប្រកួត មានកូនចំនួ១៦ស្មើគ្នា
ដែលក្នុងចំណោមកូនទាំង១៦នោះ មានកូនមួយ គេហៅថា “ស្តេច
(អង្គ)” ហើយបើកូនស្តេច (អង្គ) ត្រូវគូប្រកួតម្ខាងទៀតរែក កូនស្តេច
(អង្គ) ហ្នឹង ជាមួយកូនរែក ធម្មតាមួយទៀតនោះ គឺសន្មតថាចាញ់។
ក្រៅពីនេះ ក្នុងល្បែង រែក មិនមានលក្ខខណ្ឌច្រើននោះទេ
តាមរយៈឈ្មោះរបស់ខ្លួន “មិនរែកចាញ់” នេះហើយជាលក្ខខណ្ឌ
បើមានគេបើកឲ្យរែក ខ្លួនត្រូវតែរែក បើមិនរែក ត្រូវតែចាញ់
ដោយស្វ័យប្រវត្តិ ប៉ុន្តែពេលខ្លះ ពេលយើងរែកទៅ មិនប្រាកដថាចាញ់
១០០% នោះទេ វាអាចអ្នកបើកឲ្យរែកភ្លាត់ស្នៀត
ដោយមើលមិនគ្រប់ជ្រុងជ្រោយ មុនពេលបើកឲ្យគេរែកក៏មាន។
ប៉ុន្តែជាធម្មតា អ្នកដែលត្រូវគេបើកឲ្យរែក តែងតែមានអារម្មណ៍ភ័យ
រួចទៅហើយ នៅពេលដែលឮ គេស្រែកថា “រែកមួយ!” អ៊ីចឹង
“រែកមួយទៀត!”...។ល។ ជួនកាល បើយើងតាំងអារម្មណ៍
ហើយសុខចិត្តរែកតាមសំណូមពរ របស់គូប្រកួតម្ខាងទៀតបណ្តើរ
រកមធ្យោបាយដើម្បីទប់ទល់បណ្តើរ នោះយើងអាចឈ្នះវិញក៏មានដែរ។
ស្ថានភាពនយោបាយនៅកម្ពុជាបច្ចុប្បន្ន មិនខុសអីនឹងក្រឡារែក
“មិនរែកចាញ់” នេះទេ គឺដល់វេន លោក សម រង្ស៊ី និងលោក កឹម សុខា
នៃគណបក្សសង្គ្រោះជាតិ បើកឲ្យរែក ដូចនេះលោក ហ៊ុន សែន
នៃគណបក្សប្រជាជនកម្ពុជា ត្រូវតែរែក ព្រោះលោក សម រង្ស៊ី និងលោក កឹម
សុខា បើកឲ្យរែកមុន មានន័យថា ក្រឡារែករបស់លោក ហ៊ុន សែន
បានដើរភ្លាត់ស្នៀត ដែលឥឡូវនេះ លោក សម រង្ស៊ី និងលោក កឹម សុខា
បានឆក់ឱកាស បើកឲ្យរែកមុន បើនិយាយឲ្យសាមញ្ញទៅ គឺគណបក្សប្រជាជន
កំពុងដើរតាមក្រោយគណបក្សសង្គ្រោះជាតិ
ដែលផ្ទុយស្រឡះពីពេលមុនដែលគណបក្ស សង្គ្រោះជាតិ
ជាអ្នករត់តាមក្រោយគណបក្សប្រជាជន។
សូមរំឭកថា ពីពេលមុន ធ្លាប់មានប្រជុំថ្នាក់បច្ចេកទេសពីរលើក
តែមិនបានផលរហូតដល់មានកិច្ចប្រជុំ
ថ្នាក់ប្រតិភូជាន់ខ្ពស់ពីរលើកទៀត នៅថ្ងៃ ទី១៦ កញ្ញា
ព្រមទាំងចេញសេចក្តីថ្លែងការណ៍ទៀតផង និងមួយលើកទៀត នៅថ្ងៃ ទី១៧
កញ្ញា ប៉ុន្តែគ្មានលទ្ធផលអ្វីទាំងអស់។ តាំងពីពេលនោះមក គណបក្ស
ទាំងពីរ មិនខ្វល់នោះទេ ដោយម្ខាងបង្កើតសភា និងរាជរដ្ឋាភិបាល
ដោយឯកបក្ស និងរំលោភរដ្ឋធម្មនុញ្ញ និងម្ខាងទៀត រត់ទៅស្បថនៅ សៀមរាប
ធ្វើមិនដឹង និងបន្តធ្វើបាតុកម្មមួយលើកជាពីរលើក
ដែលចុងក្រោយពីថ្ងៃ ទី២៣ ដល់ ២៥ ខែ តុលា និងត្រូវគេមើលឃើញថា
នោះជាយុទ្ធនាការការទូតដ៏ធំមួយ ក្នុងប្រវត្តិសាស្រ្តនយោបាយ
នៅកម្ពុជា ព្រោះ ទី១-ធ្វើឲ្យ លោក ហ៊ុន សែន ស្ទើរក្អួតឈាម
ដោយសារបាននិយាយថា បើហ៊ានបាតុកម្មទៀត នឹងបញ្ចេញខ្សែអាត់សំឡេង
ដែលលោក សម រង្ស៊ី ទាមទារ តំណែងប្រធាន សភា និង ទី២-ធ្វើឲ្យសហគមន៍
អន្តរជាតិ ពិសេសប្រទេសមហាអំណាចធំៗ បានជំរុញ គណបក្សទាំងពីរ
ឲ្យវិលមករកតុចរចា ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់។
នេះហើយដែលក្រឡាលោក សម រង្ស៊ី និងលោក កឹម សុខា
បានបើកនិងធ្វើឲ្យលោក ហ៊ុន សែន ត្រូវតែរែកនោះ៖
គូរែក ទី១-គណបក្សប្រជាជន សុខចិត្តចូលតុចរចា
ដោយបាននិយាយថា ក្រោយបាតុកម្ម គណបក្សសង្គ្រោះជាតិ សហគមន៍អន្តរជាតិ
ឲ្យយើងបន្តការចរចា ដូចនេះ យើងត្រូវតែចរចា ដោយភ្លេចគិតពីមុនលោក
ហ៊ុន សែន ធ្លាប់គំរាមថា «បើចង់ចរចា ត្រូវចូលរាជវាំងស្បថសិន
និងរាជរដ្ឋាភិបាលកម្ពុជា មិនត្រូវការសហគមន៍អន្តរជាតិ
ទទួលស្គាល់នោះទេ មានព្រះមហាក្សត្រទទួលស្គាល់ គឺគ្រប់គ្រាន់ហើយ»
ប៉ុន្តែឥឡូវ ចូលចរចាឡើងវិញ ដោយធ្វើតាមសហគមន៍អន្តរជាតិ
ព្រោះខ្លាចគេមិនទទួលស្គាល់ និងពិសេសនោះ
បេក្ខជនជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ក៏មិនបានចូលទៅស្បថដែរ។
គូរែក ទី២-គណបក្សប្រជាជន យល់ព្រមទទួលលក្ខខណ្ឌទាំងបី
របស់គណបក្សសង្គ្រោះជាតិ ធ្វើជារបៀបវារៈ
សម្រាប់ការចរចាកាលពីម្សិលមិញ ដែលរួមមាន ខ.១-ស៊ើបអង្កេតរកការពិតនៃការបោះឆ្នោត ខ.២-ដូរគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និង ខ.៣-ទទួលយកអនុសាសន៍របស់អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ អង្គការ NDI និងអង្គការ ខុម ហ្វ្រែល ជុំវិញដំណើរការបោះឆ្នោត។
គូរែក ទី៣-គណបក្សប្រជាជនមិនទាន់ព្រមរែកនោះទេ
ដូចនេះខុសនឹងលក្ខខណ្ឌហើយ គឺ «មិនរែកចាញ់»។ គូរែក ទី ៣
ដែលគណបក្សប្រជាជនមិនហ៊ានរែកនោះ
គឺមិនព្រមឲ្យមានការផ្សាយផ្ទាល់តាមទូរទស្សន៍
ឬមានតំណាងអង្គការសង្គមស៊ីវិលជាតិអន្តរជាតិចូលរួមសង្កេតការណ៍
និងធ្វើជាសាក្សី ដោយយកលេសថា ការជជែកគ្នាហ្នឹង
វាប៉ះពាល់ដល់សន្តិសុខជាតិ ដែលចំណុចនេះ បានបញ្ជាក់ថា គណបក្សប្រជាជន
ហាក់ដូចជាពុំមានសុច្ចរិតភាពក្នុងការចរចាទេ។
ការបើកឲ្យរែកគូ ទី៣ នេះ គណបក្សប្រជាជន ត្រូវតែរែកតាមសំណើ បើមិនដូច្នោះទេ ទី១-ខុស នឹងលក្ខខណ្ឌ «មិនរែកចាញ់» និង ទី២-មិន
ប្រាកដថា ចាញ់គណបក្សសង្គ្រោះជាតិនោះទេ
ដូចនេះមិនត្រូវចុះចាញ់មុនឡើយ
ដែលនេះមិនមែនជាចរិតពិតរបស់គណបក្សប្រជាជននោះទេ។
ការមិនព្រមចាក់ផ្សាយផ្ទាល់ ព្រោះប៉ះពាល់សន្តិសុខជាតិ
វាបានបង្ហាញថា យើងមានបំណងគេចវេស ឬគ្មានសុឆន្ទៈ
មិនឲ្យប្រជាពលរដ្ឋចូលរួមតាមដាន និងទទួលខុសត្រូវដឹងឮ
ដែលអាចជាបញ្ហាចោទដាក់គ្នា រវាងគណបក្សទាំងពីរ
ហើយក៏អាចក្លាយជាប្រធានបទដែលគណបក្សនីមួយៗយកទៅបកស្រាយ
ដើម្បីចំណេញនយោបាយតទៅទៀត។ ពិតណាស់បញ្ហាសន្តិសុខជាតិ ជារឿងសំខាន់
ប៉ុន្តែវាអាចចៀសវាងបាន ព្រោះយើងអាចកាត់ចេញ។
ម្យ៉ាងទៀត សន្តិសុខជាតិ មិនមែនក្តោបទាំងមូលនៃខ្លឹមសារ
ក្នុងការចរចានោះឡើយ។ ការធ្វើកំណែទម្រង់ការបោះឆ្នោត
ការលាលែងរបស់មន្ត្រីជាន់ខ្ពស់ ៩ រូបរបស់ គ.ជ.ប
និងការយកអនុសាសន៍របស់សហគមន៍ជាតិអន្តរជាតិមកអនុវត្តនោះ
មិនប៉ះពាល់ដល់សន្តិសុខជាតិនោះទេ ដូចនេះខ្លាចអី
ត្រឹមតែចាក់ផ្សាយបន្តផ្ទាល់នោះ ដើម្បីឲ្យប្រជាពលរដ្ឋ ពិនិត្យ
និងវាយតម្លៃថា គណបក្សណា មានពុតត្បុតអាក្រក់
ដែលចង់លាក់បាំងការពិតនោះ។ សម្រាប់ការចរចានៅថ្ងៃ ទី០៥ ខែ តុលា
ជាព្រឹត្តិការណ៍ថ្មីមួយទៀត ក៏ប៉ុន្តែត្រូវបានគេមើលឃើញថា
នឹងមិនមានលទ្ធផលអ្វី
ដើម្បីបន្ធូរភាពតានតឹងនយោបាយនាពេលបច្ចុប្បន្នឡើយព្រោះគ្រាន់តែ
ជាការចរចាកម្រិតបច្ចេកទេសប៉ុណ្ណោះ ហើយធ្លាប់ជួបគ្នាពីរលើកមកហើយ
លទ្ធផលគឺសូន្យ។ ជាធម្មតា ដើម្បីដោះស្រាយរឿងនយោបាយ
ទាល់តែកម្រិតថ្នាក់ដឹកនាំនយោបាយកំពូល
ទើបអាចទម្លុះភាពទាល់ច្រកបាន
ដែលអាចឈានទៅរកកិច្ចព្រមព្រៀងនយោបាយ ឬអនុស្សរណៈយោគយល់គ្នា
បន្ទាប់ទើបមានភារកិច្ចសម្រាប់អ្នកបច្ចេកទេសចរចាបន្ត។
ការចរចាកម្រិតនយោបាយថ្នាក់កំពូលកន្លងមកទោះបីមិនមានលទ្ធផលធំ
ដុំក៏ដោយ ក៏យ៉ាងហោចណាស់បានចេញសេចក្តីថ្លែងការណ៍រួមមួយដែរ
ដែលជាមូលដ្ឋានសម្រាប់ពន្លឺនៃភាពជោគជ័យនៅថ្ងៃក្រោយ។
មនុស្សចាប់ពីពីរនាក់ឡើង គឺមានគំនិតនិងទស្សនៈផ្សេងគ្នា
ដូចនេះការចរចា មិនមែនមួយថ្ងៃឬពីរថ្ងៃ អាចទទួលផលបានទេ។
កិច្ចព្រមព្រៀងទីក្រុង ប៉ារីស ទំរាំ ខែ្មរ ទាំងបួនភាគី
ស្រុះស្រួលគ្នា ចំណាយពេលវេលាយូរណាស់ សូម្បីគណបក្សសង្គ្រោះជាតិ
ទំរាំចេញជារូបរាង គណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី
បានស្រុះស្រួលគ្នា ក៏ស៊ីពេលមិនតិចដែរ។ រឿងសំខាន់ នៅពេលនេះ
យើងជាខ្មែរ និយាយភាសាខ្មែរ ដោះស្រាយបញ្ហាជាតិខ្មែរ
ដើម្បីប្រយោជន៍ប្រជាពលរដ្ឋខ្មែរ
ដូចនេះហេតុអ្វីបានជាយើងមិនអាចជជែកគ្នារកដំណោះស្រាយបាន?
ថាតើយើងមានឆន្ទៈនយោបាយចង់ដោះស្រាយដែរឬទេ? បើមានឆន្ទៈ
គ្មានអ្វីមួយ ដែលយើងជាខ្មែរដូចគ្នា មិនអាចដោះស្រាយបាននោះទេ?
ចំណុច ទី១-ការធ្វើកំណែទម្រង់បោះឆ្នោត
វាមិនមែនជាបញ្ហាចោទនោះទេ ព្រោះគណបក្សទាំងពីរ
សុទ្ធតែមានឆន្ទៈចង់ធ្វើដូចគ្នា ត្រង់ថា ពិតឬមិនពិត
យើងអត់ដឹង។ សំខាន់នោះ គឺយើងចង់កែទម្រង់
និងកែចំណុចណាខ្លះហើយចាប់ផ្តើមពីចំណុចណា? ដំណោះស្រាយ
គ្រាន់តែស៊ើបអង្កេត និងវាយតម្លៃភាពមិនប្រក្រតីតែប៉ុណ្ណោះ
ហើយប្រើពេលប៉ុន្មាន ដើម្បីកែទម្រង់
ក្នុងការធានាការបោះឆ្នោតលើកក្រោយ ឲ្យសេរី ត្រឹមត្រូវ
និងយុត្តិធម៌។ បញ្ហានៅត្រង់ថា បន្ទាប់ពីស៊ើបអង្កេតហើយ
តើវាប៉ះពាល់ដល់លទ្ធផល (CPP-68 និង CNRP-55) ដែរឬអត់?
នេះអាចជាលក្ខខណ្ឌរបស់ CPP និងជាការផ្តល់សម្បទានរបស់ CNRP
ដើម្បីទម្លុះភាពជាប់គាំងនេះ ដោយរក្សាអាសនៈនៅដដែល
ប៉ុន្តែគេគួរតែកំណត់ ពេលវេលាច្បាស់លាស់ ២ ឆ្នាំ ឬ ៣ ឆ្នាំ
ដើម្បីបញ្ចប់ការកែទម្រង់ ហើយរៀបចំបោះឆ្នោតឡើងវិញនៅមុនអាណត្តិ។
ចំណុច ទី២-ការធ្វើកំណែទម្រង់រដ្ឋសភា ដោយមានសំឡេងតុល្យភាព ក្នុងការសម្រេចនៃគណៈកម្មការអចិន្រៃ្តយ៍ដែលមានសមាជិក ១២ រូប (៦ ស្មើ)។
បញ្ហាគឺដណ្តើមគ្នាធ្វើប្រធាន សភា ដូចនេះ ខ១-យើងអាចកែទម្រង់ របៀបរបបធ្វើការ ឬធ្វើវិសោធនកម្មលក្ខន្តិកៈ និងនីតិវិធីមួយចំនួន ដើម្បីបន្ថយឥទ្ធិពលរបស់ប្រធាន សភា។ ខ ២-ចែង
ប្រការបន្ថែម ដើម្បីកម្រិតពីលក្ខខណ្ឌ និងវិសាលភាព នៃអំណាចប្រធាន
សភា ដូចជាការធ្វើវេតូឬមានឧត្តមភាព
ក្នុងការអនុម័តផ្សេងៗមានន័យថា ប្រធាន សភា
គ្រាន់តែជាអ្នកសម្របសម្រួល ហើយមានតែមួយសំឡេងដូចសមាជិក
អចិន្ត្រៃយ៍ដទៃទៀតដែរ។ ខ ៣-បើទោះបីបក្សសង្គ្រោះជាតិ
ជាប្រធាន រដ្ឋសភា ក៏ដោយ បើប្រធានគ្មានឧត្តមភាព
ឬការធ្វើវេតូក្នុងលក្ខខណ្ឌណាមួយជាក់លាក់ហើយម្យ៉ាងទៀតបក្ស
ប្រជាជន មានសំឡេងភាគច្រើន (៦៨ កៅអី)
ដូចនេះអាចបោះឆ្នោតសម្តែងការមិនពេញចិត្ត ទម្លាក់ប្រធានរដ្ឋសភា
ដែលមកពីសង្គ្រោះជាតិបានគ្រប់ពេលវេលាបើគណបក្សនេះ
ដើរហួសតួនាទីរបស់ខ្លួន។ ពេលនោះហើយ ស្ថាប័នកំពូលរបស់ជាតិមួយនេះ
នឹងមានដំណើរការទៅមុខយ៉ាងស្រួល
ហើយថែមទាំងអាចធ្វើឲ្យមានតុល្យភាពអំណាចរវាងអំណាចនីតិប្បញ្ញត្តិ
និងអំណាចនីតិប្រតិបត្តិទៀតផង៕
ចូលរួមតិះទៀន ដើម្បីស្ថាបនា តាមរយៈអ៊ីមែល visal.udom@yahoo.com
សូមកែតម្រូវកំហុសឆ្កង់បន្តិច
នៅត្រង់កថាខ័ណ្ឌទី៣ "គូប្រកួត មានកូនចំនួន១៦ស្មើគ្នា
ដែលក្នុងចំណោមកូនទាំង១៦នោះ មានកូនមួយ គេហៅថា “ស្តេច (អង្គ)”...."
មិនមែនមានកូន៨នោះទេ ។ សូមអភ័យទោសចំពោះកំហុសឆ្គងនេះដោយក្តីអនុគ្រោះ....