Wednesday, March 26, 2014

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ទទួល​បណ្ដឹង​ចោទ​លោក ហ៊ុន សែន

មេធាវី មូរតុន ក្លា ៦១០
មេធាវី​តំណាង​ឲ្យ​ជន​រងគ្រោះ និង​អង្គការ​សង្គម​ស៊ីវិល លោក មូរតុន ក្លា (Morton Sklar)។ RFA
2014-03-25 
ដោយ យន់ សាមៀន
RFA

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហុល្លង់ (Netherlands) កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៤ មីនា បាន​ទទួល​យក​បណ្ដឹង​ចោទ​ប្រកាន់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ដែល​ត្រូវ​បាន​ក្រុម​ជន​រងគ្រោះ និង​អង្គការ​សង្គម​ស៊ីវិល ប្ដឹង​កាល​ពី​សប្ដាហ៍​មុន​ហើយ។ តុលាការ​នឹង​ពិចារណា ថា​តើ​បណ្ដឹង​នេះ​ឋិត​នៅ​ក្នុង​លក្ខន្តិកៈ​ទីក្រុង​រ៉ូម (Rome) ឬ​ទេ មុន​នឹង​ចាត់​វិធានការ​បន្ត។
មេធាវី​តំណាង​ឲ្យ​ជន​រងគ្រោះ និង​អង្គការ​សង្គម​ស៊ីវិល លោក មូរតុន ក្លា (Morton Sklar) មាន​ប្រសាសន៍​ថា នេះ​ជា​ជំហាន​ជោគជ័យ​លើក​ដំបូង​របស់​ក្រុម​ជន​រងគ្រោះ និង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស ក្រោយ​ពេល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ទទួល​យក​ពាក្យ​បណ្ដឹង។ លោក​បន្ត​ថា តុលាការ​នឹង​ចាប់​ផ្ដើម​ស៊ើប​អង្កេត​ជា​បឋម​ចំពោះ​បណ្ដឹង​ប្រឆាំង​លោក ហ៊ុន សែន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ និង​បទ​បង្ក​ឧបសគ្គ​ដល់​ដំណើរ​ការ​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម ថា​តើ​បទ​ចោទ​ទាំង​នោះ ឋិត​ក្រោម​យុត្តាធិការ​តុលាការ ហើយ​អាច​យក​ករណី​នេះ​មក​ជំនុំជម្រះ​បាន​ដែរ​ឬ​ទេ?
លោក​មាន​ជំនឿ​ថា តុលាការ​នឹង​យក​ពាក្យ​បណ្ដឹង​នេះ​មក​ធ្វើការ​ជំនុំជម្រះ​នៅ​ពេល​ខាង​មុខ៖ «បណ្ដឹង ​នេះ​ពិត​ជា​ឋិត​នៅ​ក្រោម​យុត្តាធិការ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ អ្វី​ដែល​សំខាន់​សម្រាប់​ពាក្យ​បណ្ដឹង​របស់​យើង​នោះ គឺ​យើង​គ្រាន់តែ​ត្រូវ​ការ​បង្ហាញ​ពី​ករណី​សម​ហេតុ​សម​ផល​មួយ​ចំនួន​ថា បទល្មើស​ទាំង​ឡាយ​នោះ ពិត​បាន​កើត​ឡើង​មែន។ យើង​បាន​បង្ហាញ​ហេតុផល​ទាំង​នោះ​ក្នុង​ពាក្យ​បណ្ដឹង​ចំនួន ៣០​ទំព័រ​របស់​យើង។ ខ្ញុំ​ពិត​ជា​មាន​ជំនឿ​ថា តុលាការ​នឹង​ចាប់​ផ្ដើម​ស៊ើប​អង្កេត​ជា​បឋម​ទៅ​លើ​បណ្ដឹង​នេះ ហើយ​តុលាការ​នឹង​សម្រេច​ថា តុលាការ​ពិត​ជា​មាន​យុត្តាធិការ​លើ​បណ្ដឹង​នេះ»
កាល​ពី​ថ្ងៃ​ពុធ ទី​២០ មីនា លោក មូរតុន ក្លា ដែល​ជា​តំណាង​ឲ្យ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ ចំនួន ៦ និង​ជនរងគ្រោះ ២១​នាក់ បាន​ចោទ​ប្រកាន់​លោក ហ៊ុន សែន ពីរ​ចំណុច​ផ្សេង​គ្នា។ ទី​១ គឺ​ព្យាយាម​ផ្អាក​ដំណើរ​ការ​សាលាក្ដី​ខ្មែរ​ក្រហម ចំណែក​ចំណុច​ទី​២ នៃ​បណ្ដឹង​នេះ ផ្ដោត​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ទូលំទូលាយ ការ​សម្លាប់​មនុស្ស ការ​បង្ខំ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ផ្ទះសម្បែង និង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​អ្នក​ទោស​ស្ត្រី។
លោក មូរតុន ក្លា បន្ត​ថា ការ​ទទួល​យក​ពាក្យ​បណ្ដឹង​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាច​បញ្ឈប់​លោក ហ៊ុន សែន មិន​ឲ្យ​បន្ត​រារាំង​ការ​ស្វែង​រក​យុត្តិធម៌​នៅ​កម្ពុជា ពីព្រោះ​លោក ហ៊ុន សែន គ្មាន​អំណាច​លើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ ចំណុច​សំខាន់​មួយ​ផ្នែក​ទៀត គឺ​សហគមន៍​អន្តរជាតិ​កំពុង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បទ​ ឧក្រិដ្ឋកម្ម​មួយ​ចំនួន ដែល​កំពុង​កើត​ឡើង​នៅ​កម្ពុជា ហើយ​អាច​នឹង​ចាត់​វិធានការ​ប្រឆាំង​នឹង​បទ​ឧក្រិដ្ឋកម្ម​ទាំង​នោះ។ លោក​បន្ត​ថា ទោះ​បី​ជា​លោក ហ៊ុន សែន បច្ចុប្បន្ន​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ក៏ដោយ ក៏​អភ័យ​ឯកសិទ្ធិ​របស់​លោក​មិន​អាច​រារាំង​លោក​មិន​ឲ្យ​តុលាការ​អន្តរជាតិ​ កាត់​ទោស​បាន​ឡើយ។
លោក មូរតុន ក្លា៖ «លោក ហ៊ុន សែន គួរ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​បណ្ដឹង​នេះ លោក​គួរ​តែ​ស្វែង​រក​មេធាវី​ម្នាក់ ដើម្បី​ការពារ​ខ្លួន​របស់​លោក​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ តុលាការ​កំពុង​តែ​ជាប់​រវល់​នឹង​ករណី​ជា​ច្រើន តុលាការ​អាច​មិន​ទាន់​ធ្វើ​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក ហ៊ុន សែន នៅ​ឡើយ ប៉ុន្តែ​បើ​សិន​តុលាការ​បាន​ដាក់​ពាក្យ​បណ្ដឹង​នេះ​នៅ​ក្នុង​បញ្ជី ដោយ​ចាត់​ទុក​ថា ឋិត​ក្នុង​យុត្តាធិការ​តុលាការ​នោះ គឺ​យើង​បាន​សម្រេច​បំណង​នេះ​ហើយ»
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ធ្លាប់​អះអាង​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នឹង​មាន​យុត្តាធិការ​ពិនិត្យ​លើ​បណ្ដឹង​ឧក្រិដ្ឋ​ប្រឆាំង​នឹង​កងកម្លាំង​ ប្រដាប់​អាវុធ​រដ្ឋាភិបាល​កម្ពុជា ក្រោយ​ពី​មាន​ព្រឹត្តិការណ៍​បង្ក្រាប​ដោយ​ហិង្សា ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​កាល​ពី​ចុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤ នេះ។
មន្ត្រី​សិទ្ធ​មនុស្ស​ចាត់​ទុក​ថា ការ​បង្ក្រាប​ដោយ​ប្រើ​គ្រាប់​កាំភ្លើង​ពិត​បាញ់​សម្លាប់​មនុស្ស​ចំនួន ៧​នាក់ និង​បណ្ដាល​ឲ្យ​រង​របួស​មួយ​ចំនួន​ទៀត ជា​បទល្មើស​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។
មន្ត្រី​នាំ​ពាក្យ​ រដ្ឋ​សភា លោក ឈាង វុន កាល​ពី​សប្ដាហ៍​មុន​អះអាង​ថា រដ្ឋាភិបាល​មិន​ចាប់​អារម្មណ៍​ទៅ​នឹង​បណ្ដឹង​ប្រឆាំង​នឹង​លោក ហ៊ុន​ សែន ឡើយ។ លោក​ចាត់​ទុក​បណ្ដឹង​នោះ​ថា ជា​បណ្ដឹង​ដើម្បី​ឲ្យ​សារព័ត៌មាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​គណបក្ស ​ប្រឆាំង​តែប៉ុណ្ណោះ។
តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ជា​តុលាការ​អចិន្ត្រៃយ៍​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ពី​លក្ខន្តិកៈ​ ទីក្រុង​រ៉ូម ដើម្បី​ផ្ដន្ទាទោស​បុគ្គល​ទាំង​ឡាយ​ណា​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​បទ​ប្រល័យ​ ពូជ​សាសន៍ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​មនុស្ស​ជាតិ និង​ឧក្រិដ្ឋកម្ម​នៃ​ការ​ឈ្លាន​ពាន។ តុលាការ​នេះ​មិន​អាច​ជំនួស​តុលាការ​នៃ​ប្រទេស​ជា​សមាជិក​ទេ ប៉ុន្តែ​អាច​ស៊ើប​អង្កេត និង​ផ្ដន្ទាទោស​បុគ្គល​ណា​ដែល​សង្ស័យ​ពី​បទ​ឧក្រិដ្ឋកម្ម ប្រសិន​បើ​តុលាការ​នៅ​ប្រទេស​សាមី​នោះ​មិន​អាច​ធ្វើ​បាន ឬ​គ្មាន​ឆន្ទៈ​ក្នុង​ការ​ស៊ើប​អង្កេត៕

No comments: