By អូន ឆេងប៉រ
The Phnom Penh Post
ក្នុងវ័យ៣៥ឆ្នាំ លោកហ៊ីង សុខសាន្ត
ថ្មីៗនេះត្រូវបានតែងតាំងជាអគ្គលេខាធិការរងនៃរដ្ឋសភា។
ទម្រាំតែមកដល់ដំណាក់កាលនេះ
លោកបានតស៊ូឆ្លងកាត់ការលំបាកមិនតិចឡើយ។
នេះមិនមែនជាស្នាដៃដំបូងឡើយដែលលោកទទួលបាន ដោយហេតុថា
លោកធ្លាប់ជាជ័យលាភីផ្នែកជជែកដេញដោលតស៊ូមតិ ក្នុងកម្មវិធី
«យុវជនឆ្នើម» កាលពីឆ្នាំ២០០៦ និងក្នុងកម្មវិធី «អ្នកបន្តវេន»
កាលពីឆ្នាំ២០១៣ផងដែរ។ ក្រៅពីនេះលោក សុខសាន្ត
ក៏ជាអ្នកសម្របសម្រួលក្រុមបច្ចេកទេស ដែលផលិតតាក់តែងយុទ្ធសាស្ត្រ
និងគោលនយោបាយរបស់គណបក្សនយោបាយផងដែរ។
មិនមែនជារឿងចៃដន្យឡើយដែល លោក ហ៊ីង សុខសាន្ត បាន វិវត្តខ្លួនលោកក្លាយជាអ្នកនយោបាយវ័យក្មេងបែបនេះ។
លោកសុខសាន្ត មានឪពុក ជាអតីតជំនួយការរបស់លោក អ៊ិន តាំ
អតីតមេដឹកនាំកំពូលនៃរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់
នៅមុនឆ្នាំ១៩៧៥។
នាសម័យខ្មែរក្រហមក្រុមគ្រួសារលោកសុខសាន្ត
ត្រូវបានគេជម្លៀសទៅរស់នៅឯស្រុករវៀង ខេត្តព្រះវិហារ
ជាទីកន្លែងដែលលោកបានប្រសូត
ក្នុងពេលបីខែក្រោយវៀតណាមផ្ដួលខ្មែរក្រហម។
លោក សុខសាន្ត
ដែលឈ្មោះនេះត្រូវបានឆ្មបដាក់ឲ្យដោយសារលោកកើតចំពេលដែលរបបកាប់
សម្លាប់បានដួលរលំ បានថ្លែងថា៖
«ឪពុកខ្ញុំមានស្រុកកំណើតនៅជាប់ព្រំដែនវៀតណាម (ស្រុកគិរីវង់
ខេត្តតាកែវ) គាត់ចេះភាសាវៀតណាមទាំងអក្សរ ទាំងនិយាយ
គាត់ក៏ធ្វើជាអ្នកបកប្រែឱ្យក្រុមជំនាញការវៀតណាមផងដែរ»។
ក្នុងឆ្នាំ១៩៧៩ ក្រុមគ្រួសារលោក បានផ្លាស់មកនៅភ្នំពេញ។
ដោយលេចឮថា គេមានគម្រោងនឹងចាប់ខ្លួន ឪពុករបស់លោក
បានភៀសខ្លួនចេញទៅចូលរួមនឹងចលនាតស៊ូប្រឆាំងវៀតណាមរបស់លោកតា សឺន
សាន ក្នុងឆ្នាំ១៩៨១ ហើយក៏បាត់ដំណឹងរហូតមកដល់សព្វថ្ងៃនេះ។
បើទោះជាឪពុកលោកបានបាត់ខ្លួនមែន
តែកេរដំណែលទស្សនៈរបស់គាត់បានបន្សល់ដល់ក្រុមគ្រួសារ ដែលលោក
សុខសាន្ត បានរំឭកពីសម្ដីឪពុកលោកផ្ដែផ្ដាំម្ដាយលោកថា៖
«វេជ្ជបណ្ឌិតល្អម្នាក់សង្គ្រោះអ្នកជំងឺបានរាប់រយនាក់
តែអ្នកនយោបាយល្អម្នាក់សង្គ្រោះប្រជាជនខ្មែរបានរាប់លាននាក់»។
មួយឃ្លានេះហើយ ដែលនាំឱ្យលោក សុខសាន្ត ដាក់គោលដៅ
និងតាំងចិត្តប្រាថ្នាធ្វើជាអ្នកនយោបាយតាំងពីក្មេង។
ក្រោយពីឪពុកលោកបាត់ខ្លួន
ម្ដាយលោកបាននាំក្រុមគ្រួសារទៅរស់នៅស្រុកកំណើតនៅគិរីវង់ខេត្ត
តាកែវវិញ។ ប៉ុន្តែ នៅពេលលោកមានអាយុ១០ឆ្នាំ
ដំណាក់កាលលំបាកលំបិនក្នុងជីវិតលោកក៏ចាប់ផ្ដើម។
ម្ដាយរបស់លោកបានចែកឋាន ពេលលោកមានអាយុដប់ឆ្នាំ
ហើយជីវិតរបស់លោកក៏ត្រូវរសាត់តែលតោលផ្លាស់ទីពីកន្លែងមួយទៅ
កន្លែងមួយ តាំងពីស្រុកកំណើតមកដល់រាជធានីភ្នំពេញ។
ក្នុងឆ្នាំ១៩៩៦ លោក សុខសាន្ត
បានផ្លាស់មកសិក្សានៅវិទ្យាល័យមួយក្នុងក្រុងតាខ្មៅ
ហើយក៏ក្នុងពេលនោះហើយដែលលោកមានឱកាសបានចូលរួមក្នុងសកម្មភាព
នយោបាយនានា ប្រឆាំងនឹងរដ្ឋាភិបាល។
យ៉ាងណាក្ដី ប៉ុន្មានឆ្នាំដំបូងនៃការមកនៅ
និងសិក្សានៅសាលាច្បាប់ក្រុងភ្នំពេញ ជីវភាពលោក សុខសាន្ត
ហាក់មានសភាពតោកយ៉ាក
និងខ្វះខាតជាខ្លាំងរហូតពេលខ្លះលោកត្រូវដាច់បាយមួយពេលៗ។
លោក សុខសាន្ត បានរំឭកប្រវត្តិជូរចត់ថា៖ «បើខ្ញុំគ្មានលុយទិញបាយ
ខ្ញុំត្រូវយកដុំស្ករដែលខ្ញុំសន្សំប្រមូលពីសិក្ខាសាលា
និងកម្មវិធីផ្សេងៗដែលខ្ញុំចូលរួមដើម្បីឆុងនឹងទឹកក្ដៅហូបទ្រាប់
ពោះ និងអានសៀវភៅបន្លប់ការស្រេកឃ្លាន»។
លោកថា ពេលខ្លះលោកបារម្ភថា លោកអាចនឹងគេងស្លាប់ដោយអត់បាយនៅគ្រានោះ។
លោកថា ពេលខ្លះលោកបារម្ភថា លោកអាចនឹងគេងស្លាប់ដោយអត់បាយនៅគ្រានោះ។
ក្រោយមកជីវិតលោកសុខសាន្ត បានផ្លាស់ប្ដូរ
នៅពេលលោកផ្លាស់មកនៅកំពង់ផែទេសចរណ៍ក្រុងភ្នំពេញក្នុងឆ្នាំ២០០២។
នៅពេលនោះហើយដែលលោកចាប់ផ្ដើមចេញរកប្រាក់ចំណូលចិញ្ចឹមខ្លួនដោយ
ប្រើចំណេះវិជ្ជារបស់លោក។
លោក សុខសាន្ត ដែលបានបញ្ចប់បរិញ្ញាបត្រជំនាញច្បាប់ក្នុងឆ្នាំ២០០៣
បានធ្វើជាគ្រូបង្រៀនអង់គ្លេសនៅសាលានរោត្តម។
ភាសាអង់គ្លេសដែលលោកលួចរៀនគេចពីការហាមប្រាមរបស់អាជ្ញាធរតាំងតែ
ពីឆ្នាំ១៩៨៩
និងសុំគេរៀននៅសាលាបាក់ទូកជាបន្តបន្ទាប់មកពេលលោកផ្លាស់មកនៅ
ភ្នំពេញ។
ក្រៅពីនោះលោកក៏ដាក់ខ្លួនទៅធ្វើបុគ្គលិកផ្នែកសេវាកម្មនៅសណ្ឋាគារ
មួយជាមួយនឹងប្រាក់ខែត្រឹមតែ៥០ដុល្លារ។
លោក សុខសាន្ត បានរំឭកថា៖ «[ទោះ]យើងរៀនចប់បរិញ្ញាបត្រហើយ
មករត់តុហើយប្រាក់ខែតែ៥០ដុល្លារ [ក៏]ខ្ញុំដាក់ចិត្តធ្វើទៀត»។
ក៏ប៉ុន្តែមិនយូរប៉ុន្មាន
ដោយម្ចាស់សណ្ឋាគារនោះមើលឃើញពីសក្ដានុពលនៃបុគ្គលិកភាពរបស់លោក
ទាក់ទងនៃទេពកោសល្យនៃការនិយាយរាក់ទាក់ និងទំនាក់ទំនង លោក សុខសាន្ត
បានឡើងតំណែងជាបន្តបន្ទាប់រហូតក្លាយជាជំនួយការផ្ទាល់ទទួលបន្ទុក
កិច្ចការរបស់សណ្ឋាគារនោះទាំងមូលតែម្ដង។
អំឡុងគ្រាដ៏លំបាកនៃការរស់នៅតោកយ៉ាកខ្វះមុខខ្វះក្រោយនៅក្រុង
ភ្នំពេញដើម្បីរៀនសូត្រ និងធ្វើការ លោក សុខសាន្ត
បានក្លាយជាសមាជិកនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ
ដែលនាំឱ្យលោកមានឱកាសចូលរួមសកម្មភាពនយោបាយនានាជាមួយគណបក្សប្រឆាំង
ហើយក៏បានទទួលបទពិសោធពីមនុស្សជំនាញៗជាច្រើន តាមរយៈសិក្ខាសាលា
និងវគ្គសិក្សានយោបាយនានាដែលលោកបានចូលរួម។
លោកបានប្រាប់ថា៖ «អ្វីដែលមានមកដល់ថ្ងៃនេះដោយសារ
ខ្ញុំចេះមកដោយសារការអាន ការស្រាវជ្រាវរបស់ខ្ញុំ
ហើយនិងការរៀនសូត្រពីរៀមច្បងចាស់ៗដែលគេណែនាំ
យើងយកបទពិសោធពីគេយកមកអភិវឌ្ឍខ្លួនឯង»។ លោកថា ក្នុងការរៀនសូត្រ
លោកប្រកាន់នូវទស្សនៈរបស់គ្រូលោកម្នាក់ដែលទូន្មានថា
ត្រូវរៀនលំដាប់ពីទាបទៅខ្ពស់ រៀនពីមនុស្សជុំវិញខ្លួន
និងរៀនពីការងារ និងបទពិសោធដែលខ្លួនជួប។
ដោយមានគ្រឹះផ្នែកចំណេះដឹងទស្សនវិជ្ជាដែលខ្លួនលោកប្រកាន់ខ្ជាប់
នេះ និងចំណេះជំនាញខាងភាសាអង់គ្លេសផងនោះ លោក សុខសាន្ត
បានឈ្នះលេខមួយក្នុងកម្មវិធីយុវជនឆ្នើម ក្នុងឆ្នាំ២០០៦
ហើយបានទៅរៀនវគ្គបំពាក់បំប៉នផ្នែកភាពជាអ្នកដឹកនាំនៅ
សហរដ្ឋអាមេរិក
ព្រមទាំងបានចូលបំពេញកម្មសិក្សានៅឯការិយាល័យកណ្ដាលរបស់វិទ្យាស្ថាន
សាធារណរដ្ឋអន្តរជាតិ (IRI) នៅឯ ក្រុងវ៉ាស៊ីនតោន ផងដែរ។
ត្រឡប់មកកម្ពុជាវិញក្នុងឆ្នាំ២០០៨ លោក សុខសាន្ត
បានចូលធ្វើការនៅឯធនាគារពិភពលោកជាមួយនឹងប្រាក់ចំណូលច្រើនជាង១
ពាន់ដុល្លារក្នុង១ខែ តែលោកបានលាឈប់វិញ
ហើយចូលរួមសកម្មភាពនយោបាយពេញទីជាមួយនឹងគណបក្សសិទ្ធិមនុស្ស
ចាប់តាំងពីពេលនោះមក។
ដើម្បីរកចំណូលចិញ្ចឹមគ្រួសារ លោក
ត្រូវដើរបង្រៀនថ្នាក់ឧត្តមផ្នែកច្បាប់ និងវិទ្យាសាស្ត្រនយោបាយ
ដែលប្រាក់ចំណូលប្រចាំខែតិចជាងពេលលោកធ្វើការឱ្យធនាគារពិភពលោក
ពាក់កណ្ដាល។
ដោយក្លាយជាមនុស្សជំនិតដែលត្រូវបានអ្នកនយោបាយលេចធ្លោម្នាក់
ទុកចិត្តឱ្យធ្វើជាជំនួយការ លោក សុខសាន្ត
បានតំណាងជាយុវជនឱ្យគណបក្សសង្គ្រោះជាតិចូលដេញដោលគោលនយោបាយក្នុង
កម្មវិធីអ្នកបន្តវេននៅមុនការបោះឆ្នោតជាតិឆ្នាំ២០១៣
ហើយឈ្នះលេខ១តាមរយៈការបោះឆ្នោតពីមហាជន។
អគ្គលេខាធិការរងថ្មីថ្មោងរបស់រដ្ឋសភារូបនេះ
ដែលបានចំណាយពេលជិត១០ឆ្នាំក្នុងនយោបាយ បានស្នើថា
យុវជនងាកមកចាប់អារម្មណ៍តាមដាន
និងចូលរួមនយោបាយស្រុកទេសឱ្យបានដិតដល់ ព្រោះលោកថា៖
«បើយុវជនមិនខ្វល់ពីនយោបាយ
ជាសារលើកទឹកចិត្តដល់អ្នកនយោបាយមួយចំនួនក្នុងការបំពុលយុវជន»។
លោកថា៖ «យុវជនទាំងឡាយត្រូវត្រៀមខ្លួនជាស្រេច ទាំងផ្នែកសមត្ថភាព
និងស្មារតី ដើម្បីបន្តវេន
និងទទួលនូវតំណែងសង្គមណាមួយក្នុងពេលអនាគត។ ត្រូវចេះចាប់
និងរត់រកឱកាស
បើគ្មានឱកាសត្រូវចេះបង្កើតឱកាស...ហើយត្រូវមានសមត្ថភាព ឆន្ទៈ
និងការលះបង់។ ម្យ៉ាងត្រូវមានភាពស្មោះត្រង់
និងប្រសិទ្ធភាពការងារជាដុំកំភួនផងដែរ»៕