Wednesday, December 14, 2011

តើ​ប្រទេស​ភូមា​រៀន​ពី​កម្ពុជា ឬ​កម្ពុជា​រៀន​ពី​ភូមា? – Does Burma learn from Cambodia or is it vice-versa ?

Monday, 12 December 2011 12:00
តុង សុប្រាជ្ញ
The Phnom Penh Post

សំនួរ​សួរ​ថា​ តើ​ហេតុ​អ្វី​ បាន​ជា​ប្រទេស​ចិន​ជួយ​ផ្ទួន​ៗ​មក​កម្ពុជា​ ដោយ​មិន​មាន​លក្ខ​ខណ្ឌ​ ដូច​សហ​រដ្ឋ​អាមេ​រិក​?ហេតុ​អ្វី​បាន​ជា​ចិន​ មិន​ជួយ​រាជ​រដ្ឋាភិបាល​តាំង​ពី​មុន​សាលា​ក្តី​កូន​កាត់​ខ្មែរ​ក្រហម ត្រូវ​បង្កើត​?​ ចុះ ​បើ​សាល​ក្រម​របស់​សាលា​ក្តី​កាត់​ទោស​ថ្នាក់​ដឹក​នាំ​ចប់​ តើ​ចិន​នៅ​តែ​បន្ត​ជំនួយ​ដ៏​សន្ធឹក​សន្ធាប់​ ដូច​បច្ចុប្បន្ន​នេះ​ដែរ​ឬ​ទេ?​ ហើយ​អ្វី​ដែល​ប្លែក​នោះ​ថ្នាក់​ដឹក​នាំ​ប្រទេស​ចិន​កំពូល​ៗ​ឧស្សាហ៍​មក ​លេង​ម្ល៉េះ​?​ បែប​មក​ពី​ស្គាល់​កន្លែង​ហើយ​ បាន​ជា​ឧស្សាហ៍​មក​លេង​ដូច្នេះ​​? ​ការ ​ដែល​ថ្នាក់​ដឹក​នំា​ចិន​ឧស្សាហ៍​មក​លេង ​ឡើង​ថ្នាក់​ដឹក​នាំ​កំពូល​ៗ ប្រទេស​វៀត​ណាម ​ដែល​ជា​ខ្លើ​ម្រាក់​ចាស់​ម៉ឺន​ឆ្នាំ​ច្រណែន​​ក៏​ឧស្សាហ៍​មក​លេង​ ដូច​គ្នា​ដែរ​ ស្របពេល​ប្រទេស​ទាំង​ ២ ​នេះ ​កំពុង​តែ​មាន​ភាព​តាន​តឹង​ នឹង​គ្នា​រឿង​កោះ​ស្ព្រាត​លី និង​ប៉ារ៉ា​សែល​។

The question is: Why does China provides unconditional aids to Cambodia, unlike the US? Why didn’t China provides aid to Cambodia before the KR Tribunal was formed? After the trials of the KR leaders end, will China still continue to provide its massive aid like right now? What is strange is why the Chinese leaders come to visit Cambodia so often? The numerous visits by the Chinese leaders create jealousy among the Viet leaders who feel obliged to pay numerous visits to Cambodia also, after all Vietnam is Cambodia’s multi-millenniums friend whereas China and Vietnam are in tension over the Paracel and Spratly Islands.

រវាង​ជំនួយ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍ គឺ​ប្រៀប​ដូច​ត្រី ​និង​នុយ​អ៊ីចឹង​ ឲ្យ​តែ​បោះនុយ​ភ្លាម​ត្របាក់​ឃ្លឹប​ភ្លែត​ ពេល​ខ្លះ​មិន​ដឹង​ថា​ នៅ​ក្នុង​នុយ​នោះ ​មាន​ផ្លែ​សន្ទូច​នោះ​ទេ ​គេ​ស្ទូច​យក​អ្វី​មួយ​ទៅ​បាត់​ដោយ​មិន​ដឹង​ខ្លួន​ទេ​។​

សព្វ​ថ្ងៃ​នេះ មាន​ប្រទេស​ ២ នៅ​លើ​ពិភព​លោក គឺ​ចិន​ និង​អាមេរិក ដែល​ចង់​បង្ហាញ​ពី​ឥទិ្ធពល និង​ដណ្តើម​ទីផ្សារ​ដូច​គ្នា ​តែ​មាន​និន្នាការ​ខុស​គ្នា តាម​រយៈ​ការ​ផ្តល់​ជំនួយ​មូលនិធិ​ ប្រាក់​កម្ចី​ និង​សម្ភារ​ក្តី ​ឲ្យ​ទៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍​នានា​ នៅ​លើ​ពិភពលោក​។​ ប្រទេស​ចិន​មាន​និន្នាការ​ឲ្យ​ជំនួយ​ គឺ​ឲ្យ​ប្រទេស​នោះ​អភិវឌ្ឍនិង ចាត់ចែង ចាយវាយដោយ​ខ្លួន​ឯង​ ឯ​ជំនួយ​របស់​អាមេរិក​វិញ គឺ​តែង​តែ​ភ្ជាប់​មក​ជាមួយ​កិច្ច​សន្យា ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រសើរ​ឡើង​ នូវ​សិទ្ធិ​មនុស្ស ​និង​បច្ចេក​ទេស​អភិវឌ្ឍ​។ ដោយ​ឥទ្ធិពល​ប្រជែង​គ្នា របស់​ប្រទេស​ទាំង ២ ​នេះ​ហើយ​ ពេល​ខ្លះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ «ចិន និង​អាមេរិក​មើល​មុខ​គ្នា​មិន​ចំ​!»​។

តើ​តាម​រយៈ​ជំនួយ​ ប្រទេស​មហា​អំណាច​យក្ស​ទាំង ២ ​នេះ​ មាន​ឥទិ្ធពល​អ្វី​ខ្លះ​មក​លើ​ប្រទេស​ភូមា​ និង​​កម្ពុជា​?​ ហើយ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​អ្វី​ខ្លះ ដល់​និន្នាការ​អភិវឌ្ឍ​ដល់​ប្រទេស​ទំាង ​២​ នេះ​?​

ថ្មី​ៗ​នេះ នៅ​ប្រទេស​ភូមា​ មាន​ការ​ប្រែ​ប្រួល​ គួរ​ឲ្យ​កត់​សម្គាល់​ទាំង​របត់​នយោបាយ ទាំង​ការ​ដឹក​នាំ ដែល​របប​សឹក​មួយ​នេះ ធ្លាប់​តែ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ឃោរឃៅ ដែល​មាន​ប្រទេស​ចិន​ ជា​អ្នក​គាំទ្រ​ផង​ដែរ​នោះ ​សូម្បី​តែ​បោះឆ្នោត​ក៏​មិន​អនុញ្ញាត​ឲ្យ​ជន​បរទេស​ចូល​ប្រទេស​នេះ​ផង តែ​ឥឡូវ​នេះ​មាន​និន្នាការ​ចាប់​ផ្តើម​ផ្លាស់​ប្តូរ បន្ទាប់​ពី​មាន​ការ​ចែ​ចូវ​ ពី​សំណាក់​ប្រមុខ​រដ្ឋាភិបាល​អាមេរិក ដែល​មិន​ធ្លាប់​មាន​ជាង​ ៥០ ​ឆ្នាំ​កន្លង​មក​នេះ​។​ សកម្ម​ភាព​ទាំង​នោះ​​មាន​ដូច​ជា​៖​ ការ​ដោះ​លែង​អ្នក​ទោស​ ដែល​បាន​ធ្វើ​បាតុ​កម្ម​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ រាប់​ពាន់​នាក់​ពី​ពន្ធនាគារ​ ការ​ដោះ​លែង​​លោក​ស្រី​អ៊ុង​ សាន​ស៊ូជី​ ឲ្យ​មាន​សេរីភាព និង​អនុញ្ញាត​ឲ្យ​បង្កើត​គណ​បក្ស​ឡើង​វិញ​ និង​ការ​បើក​ទូលាយ​ ឲ្យ​លោក​ស្រី ​ហ៊ីឡារី គ្លីនតុន​ ជួប​គ្នា​ ជាមួយ​ប្រធានាធិបតី​របស់​ខ្លួន និង​លោក​ស្រី​អ៊ុង​ សានស៊ូជី ជា​ដើម​។ល។​ តើ​សកម្ម​ភាព​ចាប់​ផ្តើម​នេះ ​មក​ពី​ភូមា​ រៀន​ពី​ស្រុក​ខ្មែរ​ទេ​ដឹង​?

បើ​ទោះ​បី​ជា​ការ​ចាប់​ផ្តើម​បាន​ល្អ​ ក៏​ភូមា​ត្រូវ​រៀន​ពី​ស្រុក​ខ្មែរ​បន្ថែម​ ​ទៀត​ដើម្បី​ឲ្យ​ប្រសើរ​ឡើង​ នូវ​សេរីភាព​ការ​បញ្ចេញ​មតិ តាម​រយៈ​សារ​ព័ត៌​មាន​ និង​នៅ​រដ្ឋ​សភា​ ព្រោះ ​ស្រុក​ខ្មែរ​មាន​អ្នក​ថា​ អ្នក​ធ្វើ ​ អ្នក​ឈរ​មើល​ និង​អ្នក​ចង្អុល​ និង​ការ​បង្កើត​ឲ្យ​មាន​ស្ថាប័ន​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ ឲ្យ​​ដូច​ស្រុក​ខ្មែរ​ដើម្បី​ប្តេជ្ញា​ចិត្ត លុប​បំបាត់​អំពើ​ពុក​រលួយ​ ដូច​ស្រុក​ខ្មែរ​ជា​ដើម​។ ​ចុះ​ហេតុ​អ្វី​បាន​ជាពេលនេះ​ស្រុក​ខ្មែរ​ហាក់​បី​ដូច​ជាខំ​រៀន នូវ​ចំនុច​អវិជ្ជមាន​ ​ពី​ភូមា​ទៅ​វិញ​?

នៅ​ភូមា​ អាជ្ញាធរ​គេ​នំា​គ្នា​ដោះលែង​អ្នក​ទោស​ ដែល​បាតុ​កម្ម​តវ៉ា​ តែ​អាជ្ញា ​ធរ​ស្រុក​ខ្មែរ​វិញបែជា​នាំ​គ្នា​ធ្វើ​បាប​បាតុករ​ ខ្លះ​ចាប់​ឃុំ​ ដែល​មក​តវ៉ា​រឿង​​វិវាទ​ដី​ធ្លី​ដែល​ត្រូវ​បាន​គេ​​រំលោភ​ទៅ​វិញ​?​ឯ​ខ្លះ ​ទៀត ​គ្រាន់​តែ​តវ៉ា​ ដើម្បី​ការពារ​ព្រៃ​ឈើ​របស់​ជាតិ​ដែល​នៅ​សល់​ដូច​ព្រៃ​ឡង់​ជាដើម ​កុំ​ឲ្យ​គេ​កាប់​បំផ្លាញ​ ដើម្បី​កុំ​ឲ្យ​ទឹក​ជន់​មក​លិច​ ទប់​ខ្យល់​ព្យុះ ​និង​ទប់​ស្កាត់​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ផង ក៏​សមត្ថ​កិច្ច​ទាំង​នោះ​ ដេញ​ប្រជា​ពល​រដ្ឋ​ ប្រផាប់​ចាប់​ប្រភីង​រត់​ជាន់​គ្នា​ដែរ​ ខ្លះ​ក៏​ត្រូវ​គេ​ចាប់ឃុំ​ខ្លួន​ថែមទៀត។​​ ដោយ​សារ​អ្នក​តវ៉ា​ទាំង​នោះ​យល់​​ឃើញ​ថា ​ពួក​គាត់​រស់​អាស្រ័យ​នឹង​ព្រៃ​ឈើ ​ហើយ​ជា​អាយុ​ជីវិត​របស់​ពួក​គាត់​ និង​ជា​អាយុ​ជីវិត​របស់ជាតិ។ ​ ​ម្យ៉ាង​វិញ​ទៀត​ រាជ​រដ្ឋាភិបាល ​ក៏​ទទួល​ស្គាល់​ថា ​ពេល​ទឹក​ជន់​លិច​ម្តងៗ ​មាន​ពលរដ្ឋ​ស្លាប់​បាន​ជា​ខិតខំ​ខ្នះ​ខ្នែង​ណាស់ ចុះ​ជួយ​ពលរដ្ឋ និង​ឥឡូវ​នេះ​ ខិត​ខំ​រក​យុទ្ធ​សាស្រ្ត​ ដើម្បី​ការពារ​ និង​ជួយ​សង្គ្រោះ ​នៅ​ពេល​មាន​ទឹក​ជំនន់​។​ ដោយ​ផ្អែក​តាម​លក្ខណៈ​វិទ្យា​សាស្រ្ត ​និង​ភូមិសាស្រ្ត​គឺ​ការ​មាន​ ទឹក​ជំនន់​ បណ្តាល​មក​ពី​ការ​កាប់​​​ព្រៃ​ឈើ​ធំ​ៗ​អស់ មិន​មែន​ដើម​កៅស៊ូ ​ដំឡូង​មី​ ស្វាយ​ចន្ទី​ និង​ល្ហុង​ខ្វង​ ដែល​ដើម​វា​ប៉ុន​កដៃ​ កជើង​ នឹង​ទប់​ទឹក​ជំនន់​ជាប់​ទេ ​ហើយ​ក៏​មិន​មែន​មក​ពី​ខែ​ភ្ជុំ​ ឬ​ក៏​ឲ្យ​តែ​ឆ្នាំ​រោង​នោះ​ ទឹក​ធំ​ជន់​លិច​នោះ​ទេ​។​ ឆ្នាំ​នេះ​ឆ្នាំ​ថោះ​ទេ​ តើ​ម្តេច​ក៏​ទឹក​ធំ​ម្ល៉េះ​ បាន​ឆក់​យក​ជីវិត​ជន​រង​គ្រោះ​ដល់​ទៅ ២៥០​នាក់​នោះ​។ ជា​ការ​ល្អ​ ​រដ្ឋា​ភិបាល​ គួរ​តែ​ខិត​ខំ​ថែ​រក្សា​ព្រៃ​ឈើ​ ដែល​នៅ​សល់​ និង​ខំ​ដាំ​ដើម​ឈើ​។​

ការ​ដែល​ធ្វើ​អ្វី​ៗ ​ហាក់​ដូច​ជា​តាម​បែប​អវិជ្ជ​មាន ​ពី​ប្រទេស​ភូមា​នេះ​ ធ្វើ​ឲ្យ​ជំនួយ​មួយ​ចំនួន​ត្រូវ​គេ​បង្វែរ ងាក​ទៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផ្សេង​ៗ​ទៅ​វិញ​។​ ឧទាហរណ៍​៖ ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​រ៉ាំរ៉ៃ​ជាង ​៥​ ឆ្នាំ​មក​​ហើយ ​ទៅ​លើ​អ្នក​តវ៉ា​ នៅ​តំបន់​បឹងកក់​ ដែល​ដោះស្រាយ​មិន​ចេះ​ចប់​ មិន​ចេះ​ហើយ​ គឺ​ម្ចាស់​ជំនួយ​ធនាគា​ពិភពលោក​ ដែល​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក​បាន​ផ្អាក​ជំនួយ​គម្រោង​ថ្មី​ៗ​ទៀត​។ ហើយ​កាល​ពី​សប្តាហ៍​មុន​នេះ ​ធនាគា​ពិភព​លោក​ បាន​ផ្តល់​មូល​និធិ​​ ទៅ​ប្រទេស​ហៃ​ទី​ ក្នុង​ទឹក​ប្រាក់​២៥៥​លាន​ដុល្លារ​។​ហេតុ​ដូច​នេះ​ហើយ​ រាជ ​រដ្ឋាភិបាល​ គួរ​តែ​ពិចារណា​ឡើង​វិញ​អំពី​បញ្ហា​នេះ ​ដើម្បី​ឲ្យ​ជីវ​ភាព​ប្រជា​ពល​រដ្ឋ​ប្រសើរ​ឡើង​ និង​ដើម្បី​លុប​បំបាត់​គម្លាត​រវាង​អ្នក​មាន​ និង​អ្នក​ក្រ​ឆ្ងាយ​ពេក​ ដោយ​យក​យុទ្ធ​សាស្រ្ត «ឈ្នះ ​ឈ្នះ!​» របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ មក​អនុវត្ត​។​

និន្នាការ​ដែល​ច្រាស​ទិស​គ្នា​ពី​ភូមា​មួយ​ទៀត​ គឺ​ជំនួយ​​ និង​វិនិយោគ​ធំ​ៗ ពី​ប្រទេស​ចិន​ដ៏​ច្រើន​គគ្រឹក​គគ្រេង​ មក​ប្រទេស​កម្ពុជា​គួរ​ឲ្យ​កត់​សម្គាល់​ តាំង​ពី​មូលនិធិ ស្ពាន ​ថ្នល់ សម្ភារ​សម្រាប់​កង​ទ័ព…។ល។ ជំនួយ​នេះ​គឺ​ចាប់​តាំង​ពី​ការ​បង្កើត​សាលា​ក្តី​ខ្មែរ​ក្រហម​ឆ្នាំ​ ២០០៣ ​មក​ជា​ពិសេស​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។​ សំនួរ​សួរ​ថា​ តើ​ហេតុ​អ្វី​ បាន​ជា​ប្រទេស​ចិន​ជួយ​ផ្ទួន​ៗ​មក​កម្ពុជា​ ដោយ​មិន​មាន​លក្ខ​ខណ្ឌ​ ដូច​សហ​រដ្ឋ​អាមេ​រិក​?ហេតុ​អ្វី​បាន​ជា​ចិន​ មិន​ជួយ​រាជ​រដ្ឋាភិបាល​តាំង​ពី​មុន​សាលា​ក្តី​កូន​កាត់​ខ្មែរ​ក្រហម ត្រូវ​បង្កើត​?​ ចុះ ​បើ​សាល​ក្រម​របស់​សាលា​ក្តី​កាត់​ទោស​ថ្នាក់​ដឹក​នាំ​ចប់​ តើ​ចិន​នៅ​តែ​បន្ត​ជំនួយ​ដ៏​សន្ធឹក​សន្ធាប់​ ដូច​បច្ចុប្បន្ន​នេះ​ដែរ​ឬ​ទេ?​ ហើយ​អ្វី​ដែល​ប្លែក​នោះ​ថ្នាក់​ដឹក​នាំ​ប្រទេស​ចិន​កំពូល​ៗ​ឧស្សាហ៍​មក ​លេង​ម្ល៉េះ​?​ បែប​មក​ពី​ស្គាល់​កន្លែង​ហើយ​ បាន​ជា​ឧស្សាហ៍​មក​លេង​ដូច្នេះ​​? ​ការ​ដែល​ថ្នាក់​ដឹក​នំា​ចិន​ ឧស្សាហ៍​មក​លេង ​ឡើង​ថ្នាក់​ដឹក​នាំ​កំពូល​ៗ ប្រទេស​វៀត​ណាម ​ដែល​ជា​ខ្លើ​ម្រាក់​ចាស់​ម៉ឺន​ឆ្នាំ​ច្រណែន​​ក៏​ឧស្សាហ៍​មក​លេង​ ដូច​គ្នា​ដែរ​ ស្របពេល​ប្រទេស​ទាំង​ ២ ​នេះ ​កំពុង​តែ​មាន​ភាព​តាន​តឹង​ នឹង​គ្នា​រឿង​កោះ​ស្ព្រាត​លី និង​ប៉ារ៉ា​សែល​។

ចុះ​បើ​ភូមា​ផ្លាស់​ប្តូរ​របប​ទៅ​រក​ទីផ្សារ​សេរី ដូច​ដែល​បាន​រៀន​ពី​ស្រុក​ខ្មែរ ហើយ​ធន​ធាន​មនុស្ស​មាន​ស្រាប់ ​តើ​ ៥ ឆ្នាំ​ក្រោយ​មក​ថា​ តើ​ភូមា​អាច​អភិវឌ្ឍ​ខ្លួន​លឿន​ជាង​ស្រុក​ខ្មែរ​ដែរ​ឬ​ទេ​?​

No comments: