| នួន ជា ក្នុងអំឡុងពេលសវនាការបឋមលើសំណុំរឿង ០០២។ (Photo courtesy of ECCC) |
2011-12-13
ដោយ ឡេង ម៉ាលី
RFA
ក្នុងសវនាការនៅថ្ងៃទី១៣ ខែធ្នូ ជនជាប់ចោទ នួន ជា នៅតែបន្តវាយប្រហារវៀតណាម កាលពីអំឡុងពេលតស៊ូប្រយុទ្ធនឹងរបបលោក លន់ នល់។ គាត់ជម្រាបអង្គសវនាការថា វៀតណាមតែងតែរារាំង និងប្រឆាំងការតស៊ូរបស់បក្សកុម្មុយនិស្តកម្ពុជា។
ក្រោយពេលតស៊ូបានទទួលបានជ័យជម្នះ ពលរដ្ឋកម្ពុជា បានជិតពីរលាននាក់រស់នៅតាមសហករណ៍បានស្លាប់ ដោយសារអត់អាហារទទួលទាន ការធ្វើការងារហួសកម្លាំង ជនជាប់ចោទ នួន ជា បានដោះបន្ទុកថា បញ្ហានេះគឺបណ្ដាលមកពីមានអ្នកក្បត់បក្សកុម្មុយនិស្តកម្ពុជា ដែលធ្វើបាបប្រជាពលរដ្ឋនៅតាមសហករណ៍។
ឆ្លើយតបទៅនឹងសំណួររបស់សហចៅក្រមអន្តរជាតិ អ្នកស្រី ស៊ីលវៀ ខាតរ៉ៃស៍ () ទាក់ទងទៅនឹងការជម្លៀសប្រជាពលរដ្ឋចេញពីទីក្រុងភ្នំពេញ ជនជាប់ចោទ នួន ជា បានលើកឡើងថា គឺធ្វើឡើងព្រោះតែបញ្ហាខ្វះស្បៀង បញ្ហាអសន្តិសុខ ដែលបណ្ដាលមកពីទាហានខិលខូចលួចឆក់ប្លន់ និងបង្ការការខូចខាតពីការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក។
សវនាការនៅថ្ងៃអង្គារទី១៣ ធ្នូ អង្គជំនុំជម្រះបានសួរដេញដោលជនជាប់ចោទចំនួន ២រូប គឺជនជាប់ចោទ នួន ជា និងជនជាប់ចោទ ខៀវ សំផន។ រីឯជនជាប់ចោទ អៀង សារី បានបោះបង់សិទ្ធិចូលរួម និងសិទ្ធិឆ្លើយតបទៅនឹងការចោទប្រកាន់របស់តុលាការ។
សវនាការសួរដេញដោលជនជាប់ចោទនៅមិនទាន់បញ្ចប់នៅឡើយទេ ដោយផ្អាកមួយរយៈសិន ពីព្រោះនៅថ្ងៃទី១៤ ធ្នូ សាលាដំបូងនឹងស្ដាប់សក្ខីកម្មរបស់សាក្សីឈ្មោះ ឡុង នរិន្ទ ជាបន្តទៀត។
ប្រធានចៅក្រមជំនុំជម្រះសាលាដំបូង លោក និល ណុន បានប្រកាសថា ការសួរដេញដោលជនជាប់ចោទនឹងត្រូវធ្វើជាបន្តទៀតនៅព្រឹកថ្ងៃ សុក្រ ទី១៦ ធ្នូ ឆ្នាំ២០១១៕
No comments:
Post a Comment