Tuesday, October 15, 2013

សកម្មជន​ម្នាក់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​​នៅ​ខេត្ត​កំពង់ចាម​ ​រង​ការ​គំរាម​សម្លាប់​​

ថ្ងៃអង្គារ៍ ទី15 ខែតុលា ឆ្នាំ2013
ដោយ៖​ ជន ស្រីណុច និង អ៊ឹង ប៊ុន​ថន​
VOD
សកម្មជន​ម្នាក់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​​សង្កាត់​​សួង ក្រុង​សួង ខេត្ត​​កំពង់​​ចាម បាន​អះអាង​ថា ខ្លួន​ត្រូវ​បាន​​មន្ត្រី​​គណបក្ស​​ប្រជាជន​​កម្ពុជា ព្រមាន​សម្លាប់​​ដោយសារ​ការប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​ដើម្បី​ ដាក់ជូន​អង្គការសហប្រជាជាតិ​តវ៉ា​រឿង​មិន​ប្រក្រតី​នៃ​ការបោះឆ្នោត ។​
សកម្មជន​គណបក្ស​សង្គ្រោះ​​ជាតិ លោក ទិន ស្រេន ប្រាប់​VOD នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​តុលា​​នេះ​ថា កាល​ពី​យប់មិញ​មាន​ពលរដ្ឋ​ម្នាក់​បាន​ខ្សឹប​ប្រាប់​គាត់​ថា អនុ​ប្រធាន​​ភូមិ ពណ្ណ​រាយ ឈ្មោះ ហ៊ៃ សារឹម បាន​បោះសម្តី​ថា ក្រោយ​ពី​រៀបចំ​រចនាសម្ព័ន្ធ​បក្ស​រួចរាល់​អស់ហើយ ខ្លួន​នឹង​កម្ចាត់​រូប​លោក​ចោល ៖ "ប្រាប់​ថា គេ​រៀបរច​នា​សម្ព័ន្ធ​បក្សគេ​ហើយ​ គណបក្សប្រជាជន​ហ្នឹង​ណា គេ​ត្រូវ​ដក​សកម្មជន​គណបក្ស​សង្គ្រោះជាតិយក​ទៅ​សម្លាប់​ចោល​ហើយ ខ្ញុំវា​​ធម្ម​តា​ ប៉ុន្តែ​គ្រួសារ​​គេ​ខ្លាច ខ្លាច​ដូច​ថា​យើង​ដេក​យប់​ប្រលប់ ឬ​ដើរ​យប់​ប្រលប់​អី​អញ្ចឹង​​គេ​ខ្លាច គាត់​ប្រាប់​តែប៉ុណ្ណឹង ដល់​គេ​ទៅ​ក្រៅ​គាត់​​​លែង​ហ៊ាន​ប្រាប់​ខ្ញុំ​ទៅ ដល់​ពេល​គេ​មក​អើត​តាម​ម៉ោង​ខ្ញុំ​ប្រាប់​ គាត់​​​លែង​ហ៊ាន​និយាយ​ទៅ"។
VOD មិនអាច​ទាក់ទង អនុប្រធាន​ភូមិ​ពណ្ណរាយ លោក ហ៊ៃ សារឹម ដែល​រង​ការ​ចោទថា ព្រមាន​សម្លាប់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នោះបានទេ​។
​មន្ត្រី​សម្របសម្រួល​នៃ​សមាគម​អាដហុក​ ប្រចាំ​ខេត្ត​កំពង់ចាម លោក នាង សូវ៉ាត មានប្រសាសន៍ថា លោក​​មិន​ទាន់​​ដឹង​ពី​ករណី​នេះ​ទេ​។ តែ​បើ​តាម​លោក​​ដឹង​កន្លង​មក មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា តែង​​ប្រើ​អំណាច​​គំរាម​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ពេល​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ​។​ លោក នាង សូវ៉ាត ស្នើ​​ឲ្យ​ក្រសួង​មហាផ្ទៃ​បកស្រាយ​ពី​មូលហេតុ​នៃ​ការហាមឃាត់​ប្រមូល​ស្នាម​ មេដៃ​ពី​ពលរដ្ឋ ដែល​ក្រសួង​អះអាងថា ប៉ះពាល់​សន្តិ​សុខ​​សង្គម​​នោះ​ ៖ "អញ្ចឹង​បាន​ខ្ញុំ​សំណូម​ពរថា​ កុំ​ឲ្យ​ក្រសួង​មហា​ផ្ទៃក្តី ខាង​ណា​មួយ​ក្តី គាត់​ផ្សាយ​ឲ្យ​ច្បាស់​មក ដែល​​​ហៅថា ប៉ះ​ពាល់​សុវត្ថិ​ភាព​សន្តិ​សង្គម​​ហ្នឹង ​វា​យ៉ាង​ម៉េច ព្រោះអី​ការ​ផ្តិច​មេ​ដៃ វា​ប៉ះ​ពាល់​យ៉ាង​ម៉េច​បាន វា​អត់​ប៉ះ​ពាល់​អី វា​មិន​អាច​ជា​រឿង​អាសន្ន​ដល់​ស្រុក​ទេស​អី​ទេ នេះ​ជា​ការ​ប្រជា​មតិ ការ​ធ្វើប្រ​ជា​មតិ​មួយ​ នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​គេ​ប្រើ​អាហ្នឹង​ឯង គេ​ប្រើ​​មេដៃជា​ម្ចាស់​ឆ្នោត​ហ្នឹង​ឯង"។
​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង មានប្រសាសន៍ថា ការ​ដែល​ក្រសួង​មហាផ្ទៃ​ចេញប្រកាស​ហាម ដើរ​ផ្តិត​ស្នាម​មេដៃ​​តាម​ផ្ទះ​ប្រជាជន​នោះ ដោយ​សារ​​តែ​​ព្រួយ​បារម្ភ​​ពី​​សុវត្ថិ​ភាព​​ផ្ទាល់ខ្លួន​របស់​ប្រជាពលរដ្ឋ ​ព្រោះ​វា​មាន​លក្ខណៈ​បើកចំហរ​ពេក ៖ "វាទាក់ទង​ត្រង់​ថា កាល​ណា​យើង​បោះឆ្នោត យើង​បោះ​ឆ្នោត​សម្ងាត់ យល់​ទេ ច្បាប់​បោះឆ្នោត គេ​ឲ្យ​បោះឆ្នោត​សម្ងាត់ គូស​នៅ​​ក្នុង​បន្ទប់​ម្នាក់​ឯង ហើយ​ដល់​ផ្តិត​មេ​ដៃ​យើង​ទៅ​ផ្តិត​ចំហ​សាធារណៈ ដល់​អញ្ចឹងវា​​ធ្វើ​ឲ្យ​ដូច​បែង​ចែកប្រជា​ជនអញ្ចឹង​ណា អ្នក​ផ្តិត​និង​អ្នក​មិន​ផ្តិត​ហ្នឹង​មើល​មុខ​គ្នាវា​​មិន​ចំ អានេះ​បញ្ហា​យើង​បារម្ភ​អញ្ចឹង​ទេ ហើយ​គណបក្ស​​សង្គ្រោះ​​ចោទ​​ថា​ ស្អី​បិទ​សិទ្ធិ​សេរី​ភាព​អីណា​​ហូរ​ហែ បិទ​សិទ្ធិ​ពលរដ្ឋ មិន​មែនទេ បើថា​​គេ​មិន​ឲ្យ​ផ្តិត​ថា ប៉ុន្តែ​នេះ​​គេ​ឲ្យ​ផ្តិត​នៅទី​ស្នាក់​ការ​ទៅ"។
​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្ត បន្ទាយមានជ័យ បាន​ដកហូត​យក​ឯកសា​រស្នា​ម​មេដៃ​ប្រជាពលរដ្ឋ​ពី​សកម្មជន​គណបក្ស​សង្គ្រោះ​​​ ​ជាតិ និង​​ហាម​ឃាត់​​មិន​ឲ្យ​​បន្ត​សកម្ម​ភាព​​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ ​ទៀត​ទេ​។​
ការប្រមូល​ស្នាម​មេដៃ​ដោយ​គណបក្ស​សង្គ្រោះ ​ជាតិ​នេះ ដើម្បី​ធ្វើ​ញត្តិ​ដាក់​ទៅ​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​ទី​២៣​ខែតុលា ជា​ខួប​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​​ក្រុងប៉ារីស ឲ្យជួយ​រក​យុត្តិធម៌​ទាក់ទិន​ទៅ​នឹង​ភាពមិនប្រក្រតី​នៃ​លទ្ធផល​បោះឆ្នោត កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣៕

No comments: