ក្រុមយុវជនស្ម័គ្រចិត្តមកពីសាកលវិទ្យាល័យមួយចំនួន
ធ្វើសន្និសីទកាសែតដែលរៀបចំដោយយុវជនស្ម័គ្រចិត្តនៅថ្ងៃទី១៤
ខែតុលា ឆ្នាំ២០១៣ នារាជធានីភ្នំពេញ។ RFA/Khe Sonorng
2013-10-14
ដោយ ខែ សុណង
RFA
យុវជនខ្មែរមួយក្រុម គ្រោងហែក្បួនដែលមានអ្នកចូលរួមប្រមាណ
២០០នាក់ពីរមណីយដ្ឋានវត្តភ្នំ
យកញត្តិស្នាមមេដៃទៅដាក់នៅសាលាដំបូងរាជធានីភ្នំពេញ
ឲ្យស៊ើបអង្កេតករណីបាញ់សម្លាប់ពលរដ្ឋម្នាក់ និងអ្នករបួស
១ចំនួនទៀតនៅក្នុងព្រឹត្តិការណ៍បិទផ្លូវស្ពានអាកាសក្បាលថ្នល់
ច្បារអំពៅ នៅថ្ងៃធ្វើមហាបាតុកម្ម។
នៅក្នុងសន្និសីទកាសែតដែលរៀបចំដោយយុវជនស្ម័គ្រចិត្តនៅថ្ងៃទី
១៤ ខែតុលា យុវជន ហេង សំណាង បានថ្លែងថា កាលពីថ្ងៃទី១១ ខែតុលា
ពួកគេបានដាក់លិខិតជូនដំណឹងរៀបចំពិធីសម្ដែងមតិនៅរមណីយដ្ឋានវត្ត
ភ្នំ ហើយហែញត្តិទៅសាលាដំបូង ប៉ុន្តែមន្ត្រីពីសាលារាជធានីអះអាងថា
ពួកគេមានកំហុសផ្នែករដ្ឋបាល មិនអាចទទួលយកលិខិតទាំងនោះបាន។
យុវជនដដែលបានបន្តថា ទោះជាយ៉ាងណាពួកគាត់នៅតែធ្វើពិធីនេះ
ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះម្នាក់ដែលបានស្លាប់ និងជាង
២០នាក់ទៀតរងរបួស
ក្នុងព្រឹត្តិការណ៍បិទផ្លូវស្ពានអាកាសក្បាលថ្នល់ច្បារអំពៅ
នៅថ្ងៃធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ។
នាយកទីចាត់ការនៃសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានបដិសេធថា
សាលារាជធានីនៅពុំទាន់បានឃើញការស្នើសុំហែក្បួនរបស់ក្រុមយុវជន
នោះទេ។ លោកថា
បើមានការស្នើសុំលោកនឹងពិនិត្យសុំគោលការណ៍ពីថ្នាក់ដឹកនាំ។
កាលពីថ្ងៃទី១៧ ខែកញ្ញា អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមិន រ៉ៃថ៍
វ៉ច្ឆ (Human Rights Watch) នៅទីក្រុងញីវយ៉ក សហរដ្ឋអាមេរិក
ក៏បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា
បើកការស៊ើបអង្កេតបន្ទាន់មួយនិងដោយឥតលំអៀងចំពោះករណីបាញ់សម្លាប់
ប្រជាពលរដ្ឋឈ្មោះ ម៉ៅ សុខចន្ទ និងករណីបាញ់ឲ្យរបួសប្រជាពលរដ្ឋប្រមាណ
២៤នាក់ទៀត ពីសំណាក់កងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល
កាលពីយប់ថ្ងៃទី១៥ កញ្ញា
ក្នុងអំពើហិង្សារវាងអ្នកតវ៉ាបក្សប្រឆាំង
និងអ្នកធ្វើដំណើរឆ្លងកាត់ស្ពានអាកាស
និងសមត្ថកិច្ចដែលដាក់រនាំងលួសបន្លាបិទផ្លូវស្ពានអាកាសក្បាល
ថ្នល់ច្បារអំពៅ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី បានកោតសរសើរ
និងគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្ដួចផ្ដើមរបស់យុវជននេះ។
លោកបានលើកទឹកចិត្តឲ្យយុវជនបន្តធ្វើសកម្មភាពដើម្បីសង្គមរបៀបនេះ
បន្តទៀត ដើម្បីដាស់សតិអារម្មណ៍ដល់យុវជននិងបញ្ញវន្តទូទាំងប្រទេស។
លោកថានេះជាការសម្ដែងសុឆន្ទៈរបស់យុវជន។
នៅថ្ងៃប៉ះទង្គិចរវាងអ្នកធ្វើដំណើរឆ្លងកាត់ស្ពានអាកាសជាមួយ
សមត្ថកិច្ចដែលដាក់រនាំងលួសបន្លាបិទផ្លូវស្ពានអាកាសក្បាលថ្នល់
ប្រជាពលរដ្ឋ ៦នាក់ ត្រូវបានចាប់ខ្លួន
ដោយតុលាការចោទប្រកាន់ពីបទហិង្សាដោយចេតនា
និងបទធ្វើឲ្យខូចខាតដោយចេតនា។
នៅថ្ងៃទី១១ ខែតុលា តុលាការបានប្រកាសដោះលែង ៤នាក់
ឲ្យនៅក្រៅឃុំ ប៉ុន្តែនៅសល់មនុស្ស ២នាក់ទៀតដែលមិនទាន់ដោះលែង។
ទាក់ទងការឃុំខ្លួនប្រជាពលរដ្ឋនៅសល់ពីរនាក់ក្នុងពន្ធនាគារនេះ
នៅថ្ងៃទី១៤ តុលា មេធាវីការពារក្ដីរបស់ប្រជាពលរដ្ឋទាំងនោះ
បានប្ដឹងទៅឧទ្ធរណ៍ដើម្បីជំទាស់ទៅនឹងការសម្រេចរបស់សាលាដំបូង
រាជធានីនេះ៕
No comments:
Post a Comment