Wednesday, October 9, 2013

ប៉ូលិស​ខេត្ត​ព្រៃវែង​រង​ការ​ចោទ​ថា​មិន​អើពើ​ចាប់​ជន​វាយ​សកម្មជន​បក្ស​ប្រឆាំង

2013-10-07 
ដោយ ហ៊ុំចំរើន
RFA
ក្រុម​គ្រួសារ​ជន​រងគ្រោះ​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង បាន​រៀប​រាប់​ចំពោះ​ករណី​នេះ ឲ្យ​ដឹង​ថា អាជ្ញាធរ​មូលដ្ឋាន​រើសអើង​មិន​ចង់​ដោះស្រាយ ក្រោយ​ពី​ដឹង​ថា ជន​រងគ្រោះ​មាន​និន្នាការ​នយោបាយ​គាំទ្រ​គណបក្ស​ប្រឆាំង។
លោក គាត រ៉ា រស់​នៅ​ភូមិ​សំពោង ឃុំ​បន្ទាយចក្រី ស្រុក​ព្រះស្ដេច ជា​កូន​របស់​ជន​រងគ្រោះ​ឈ្មោះ ចាប ណាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី៦ តុលា ថា ឪពុក​របស់​ខ្លួន​ត្រូវ​បាន​ជន​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច នៅ​ភូមិ​ក្បែរ​គ្នា វាយ​ដំ​ក្នុង​រឿង​ទំនាស់​ព្រំ​ប្រទល់​ដី បណ្ដាល​ឲ្យ​របួស​ធ្ងន់ធ្ងរ​រហូត​ដល់​ដេក​ពេទ្យ។ លោក​ថា ករណី​នេះ​នៅ​ពេល​សាច់ញាតិ​ទៅ​ប្ដឹង​រក​ខុស​ត្រូវ​នៅ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ឲ្យ​ជួយ​ចាប់​ជន​បង្ក​ដាក់​ទោស​តាម​ផ្លូវ​ច្បាប់ ប៉ុន្តែ​នីតិវិធី​របស់​អាជ្ញាធរ​ហាក់​មាន​ការ​យឺតយ៉ាវ​ពុំ​ទទួល​បាន​លទ្ធផល ចំពោះ​ការ​ដោះស្រាយ​បញ្ហា​នេះ​ឡើយ។
លោក គាត រ៉ា៖ «ឈ្លោះ​គ្នា​អា​រឿង​ដី​ហ្នឹង ដល់​ហើយ​គេ​ចូល​វាយ​ឪ​ខ្ញុំ​នៅ​ផ្ទះ ដល់​គេ​អូស​យក​ទៅ​វាយ​ផ្ទះ​គេ​ថែម​ទៀត វាយ​ឪ​ខ្ញុំ​ឡើង​សន្លប់​បាត់​មាត់​ឈឹង​ហើយ​ហ្នឹង។ គេ​កាប់ ៣​ពូថៅ​ចំ​ក្បាល​បង! ដល់​ហើយ​អ៊ីចឹង​ទៅ គេ​ថា​ឪ​ខ្ញុំ​ចូល​ទៅ​វាយ​គេ​ដល់​ផ្ទះ។ ហើយ​ដល់​ពេល​ខ្ញុំ​ទៅ​អាជ្ញាធរ​អី​អ៊ីចឹង​ទៅ គេ​ថា​ឪ​ខ្ញុំ​ហ្នឹង​គេ​មិន​រក​ខុស​ត្រូវ​ឲ្យ​ទេ គេ​ថា​ឪ​ខ្ញុំ​ហ្នឹង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ អ៊ីចឹង។ រឿង​ហ្នឹង​តែ​ប៉ុណ្ណឹង​ទេ​បង! ដល់​ឥឡូវ គេ​អត់​រក​ខុស​ត្រូវ​ឲ្យ គេ​ថា​យើង​ហ្នឹង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ គេ​មិន​រក​ឲ្យ​ទេ មេ​ប៉ូលិស​នៅ​ស្រុក​ព្រះស្ដេច ហ្នឹង​បាទ។ យ៉ាង​ម៉េច​គេ​មិន​រក​ខុស​ត្រូវ​ឲ្យ គេ​ធ្វើ​ព្រងើយៗ វា​ទៅ​អា​ជន​ជាប់​ចោទ​ហ្នឹង​វា​ដោះ វា​ចាប់​បាន​ហើយ​លែង​ចោល​វិញ​អស់​រលីង​ទៅ​បង»
ជន​រង​គ្រោះ​ឈ្មោះ លោក ចាប ណាន វ័យ ៤០​ឆ្នាំ ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ រស់​នៅ​ភូមិ​សំពោង ឃុំ​បន្ទាយចក្រី។ ជន​រង​គ្រោះ​បាន​មាន​ទំនាស់​ជាមួយ​គូភាគី​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច ឈ្មោះ លោក សន រីន រស់​នៅ​ភូមិ​ជាមួយ​ជន​រងគ្រោះ។ គូភាគី​ទាំង​២ បាន​ឈ្លោះ​ប្រកែក​គ្នា​ក្នុង​ទំនាស់​របង​ព្រំ​ប្រទល់​ដី​ក្នុង​ភូមិ​ក្បែរ​ គ្នា កាល​ពី​នៅ​រសៀល​ថ្ងៃ​ទី៤ តុលា។
សាច់ញាតិ​ជន​រងគ្រោះ​ថ្លែង​ថា កាល​ណោះ សកម្មជន​គណបក្ស​ប្រឆាំង​មក​ពី​ចាក់​គ្រឿង​ឧបករណ៍​បំពង​សំឡេង​តាម​ផ្ទះ​ ប្រជាពលរដ្ឋ នៅ​ភូមិ​ក្បែរ​គ្នា លុះ​មក​ដល់​កន្លែង​កើត​ហេតុ អ្នក​ទាំង​២​បាន​បោះ​ពាក្យ​សម្ដី​ទៅ​វិញ​ទៅ​មក។ មួយ​សន្ទុះ​ក្រោយ​មក ជម្លោះ​របស់​អ្នក​ទាំង​២​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា។ កូន​របស់​ជន​រងគ្រោះ​អះអាង​ថា ក្នុង​គ្រា​នោះ ជន​បង្ក​មាន​គ្នា​ច្រើន ខ្លះ​មាន​ព្រនង់​ឈើ និង​កាំបិត​ពូថៅ​វាយ​សំពង​ឪពុក​របស់​ខ្លួន បណ្ដាល​ឲ្យ​រង​បួស​ធ្ងន់​ដួល​សន្លប់​នៅ​នឹង​កន្លែង​តែ​ម្ដង។ លោក​ថា ក្រោយ​ពេល​កើត​ហេតុ បាន​ទៅ​ប្ដឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច តែ​ពុំ​មាន​អាជ្ញាធរ​ណា​ពន្លឿន​ជួយ​ដោះស្រាយ​រក​ខុស​ត្រូវ ចំពោះ​បញ្ហា​នេះ​ឡើយ។ ហេតុ​ដែល​អាជ្ញាធរ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​រឿង​នេះ ព្រោះ​សមត្ថកិច្ច​ដឹង​ថា ជន​រងគ្រោះ​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង។
ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ ប្រធាន​ប៉ុស្តិ៍​នគរបាល​ឃុំ​បន្ទាយចក្រី លោក អ៊ី ហ៊ាត បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​សាច់ញាតិ​ជន​រងគ្រោះ​នេះ៖ «ពី ​មិន​ដោះ​ម៉េច បើ​គាត់​ទៅ​ទាំងអស់​គ្នា​អត់​មាន​មនុស្ស​នៅ​ផ្ទះ ទៅ​ធ្វើ​ការ​សួរ​បំភ្លឺ​ហ្នឹង រក​មនុស្ស​មិន​បាន បើ​គាត់​ទៅ​អស់​ហ្នឹង។ សមត្ថកិច្ច​ខ្ញុំ​បាន​ប្រាប់​ទូន្មាន​ទាំងអស់ គាត់​មក​ដល់​ហ្នឹង យើង​សិក្សា​នៅ​ក្នុង​ច្បាប់​ហ្នឹង ធ្វើ​ម៉េច​ភស្តុតាង​វា​មិន​គ្រប់គ្រាន់ សំអាង​លើ​ឯកសារ​ថា​មិន​បាន​ឃាត់ ដោយសារ​អី​ដែល​គ្មាន​មុខ​សញ្ញា​ណា​មួយ​ដែល​ត្រូវ​ឃាត់។ ដល់​ពេល​អត់​មាន​មុខ​សញ្ញា​ណា​មួយ​ដែល​ចង្អុល​ឃាត់ អត់​មាន​ឯកសារ​អី​ត្រូវ​ការ​ឃុំ​ត្រូវ​ការ​អី​ទេ។ អ៊ីចឹង ឯកសារ​របស់​តុលាការ​បាន​មាន​សិទ្ធិ​ឃុំ​ខ្លួន»
លោក​ថា ក្នុង​ជម្លោះ​នេះ អ្នក​ទាំង​ពីរ​បាន​វាយ​ត​ដៃ​គ្នា​ទាំង​សង​ខាង ហើយ​អាជ្ញាធរ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ចំពោះ​ករណី​នេះ​នៅ​ឡើយ។
សាច់ញាតិ​របស់​ជន​រងគ្រោះ បាន​ឲ្យ​ដឹង​ថា កន្លង​មក ជន​បង្ក​ធ្លាប់​បាន​ប្រើ​ពាក្យ​សម្ដី​គំរាម​សម្លាប់​ជន​រងគ្រោះ​ច្រើន​លើក​ រួច​មក​ហើយ​ដែរ។ ប៉ុន្តែ​ពុំ​បាន​សម្រេច​ដោយសារ​ឱកាស​មិន​អំណោយ​ផល។
ជន​រង​គ្រោះ​រង​របួស​ជា​ទម្ងន់ ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ ក្រុង​ភ្នំពេញ ទាំង​យប់ នៅ​ថ្ងៃ​កើត​ហេតុ។ រហូត​មក​ដល់​ពេល​នេះ អ្នក​ជំងឺ​នៅ​ពុំ​ទាន់​មាន​អាការៈ​ធូរ​ស្រាល​នៅ​ឡើយ។ ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ ស្នើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច តាម​ចាប់​ជន​បង្ក​បញ្ហា​យក​មក​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ឲ្យ​បាន​ឆាប់ ដើម្បី​ជៀសវាង​កុំ​ឲ្យ​អ្នក​បង្ក​បញ្ហា​បាន​ចិត្ត និង​ហ៊ាន​ប្រព្រឹត្ត​ទៅ​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដទៃ​ទៀត៕

No comments: