Friday, October 3, 2014

យុវជន​បក្ស​ប្រឆាំង​បង្ហាញ​ជំហរ​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​និង​បង្ក្រាប​របស់​អាជ្ញាធរ


2014-07-18 
ដោយ តាំង សារ៉ាដា
RFA
មេ​ដឹក​នាំ​យុវជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ចាប់​ខ្លួន​តំណាង​រាស្ត្រ​របស់​បក្ស​នេះ​ចំនួន ៧​នាក់ ជំនួយ​ការ​របស់ អ្នកស្រី មូរ សុខហួរ ម្នាក់ និង​ការ​ចេញ​ដីកា​នាំ​ខ្លួន​អនុប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា ចូល​បំភ្លឺ​នៅ​តុលាការ នៅ​ថ្ងៃ​ទី​២៥ ខាង​មុខ​ក៏ដោយ ក៏​មិន​ជះ​ឥទ្ធិពល​ទៅ​លើ​ក្រុម​យុវជន និង​ក្រុម​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ឲ្យ​មាន​ការ​ភ័យ​ខ្លាច​តក់ស្លុត​នោះ​ដែរ។
ប្រធាន​ចលនា​យុវជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ត បាន​ប្រៀបធៀប​យុទ្ធសាស្ត្រ​រឹតត្បិត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដូច​គ្នា​ទៅ​នឹង​ការ​ច្របាច់​ម្សៅ។ លោក​ថា កាល​ណា​ម្សៅ​ដែល​គេ​ច្របាច់​កាន់​តែ​ខ្លាំង វា​នឹង​ហៀរ​ចេញ​តាម​ចង្វែក​ដៃ​កាន់​តែ​ច្រើន។ លោក​បន្ត​ថា ក្រុម​យុវជន​ដែល​ចូលរួម​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​យុវជន​ឯករាជ្យ​ជាច្រើន​ក្រុម​ទៀត ត្រៀម​ខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​ប្រឈម​មុខ​ការ​ចាប់​ចង ឬ​ការ​ចោទ​ប្រកាន់​ផ្សេងៗ​របស់​សមត្ថកិច្ច។
លោក ហ៊ីង សុខសាន អះអាង​ថា ក្រុម​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ភាគ​ច្រើន​គ្មាន​ការ​តក់ស្លុត ឬ​រួញរា​អ្វី​ទេ ចំពោះ​ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ​របស់​ជំទាស់​ចំនួន ៧​នាក់ ជំនួយ​ការ​របស់ អ្នកស្រី មូរ សុខហួរ ម្នាក់ និង​ការ​ចេញ​ដីកា​នាំ​ខ្លួន​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ចូល​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃ​ទី​២៥ ខាង​មុខ។
លោក ហ៊ីង សុខសាន្ត បន្ត​ថា បើ​ទោះ​បី​ជា​មាន​ការ​គាប​សង្កត់​សិទ្ធិ​សេរីភាព​ពី​សំណាក់​បក្ស​កាន់​អំណាច មក​លើ​បក្ស​ប្រឆាំង​កាន់​តែ​មាន​រូបភាព​ក្តៅ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ក៏ដោយ ក៏​មិន​អាច​ឃាត់​ដំណើរ​ការ​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម ជា​ថ្មី​ម្តង​ទៀត​របស់​ក្រុម​យុវជន​បក្ស​សង្គ្រោះ​ជាតិ ក្រុម​យុវជន និង​ព្រះសង្ឃ​ឯករាជ្យ និង​ក្រុម​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម សុំ​ទោស​ពលរដ្ឋ​ជា​សាធារណៈ អំពី​ករណី​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម។
ចំណែក​អ្នក​សម្រប​សម្រួល​សម្ព័ន្ធ​យុវជន​ឯករាជ្យ លោក រិន ចាន់រិទ្ធ មាន​ប្រសាសន៍​បញ្ជាក់​ថា គម្រោង​ធ្វើ​បាតុកម្ម​អហិង្សា​នៅ​មុខ​ស្ថានទូត​វៀតណាម នៅ​ថ្ងៃ​ទី​២១ កក្កដា ខាង​មុខ​នេះ នៅ​តែ​បន្ត​ធ្វើ​ដដែល ដោយ​គ្មាន​ការ​តក់ស្លុត បើ​ទោះ​បី​មាន​ការ​វ៉ៃ​ខ្នោះ​ក្រុម​តំណាង​រាស្ត្រ និង​យុវជន​ម្នាក់​ពី​ខាង​បក្ស​ប្រឆាំង​ក៏ដោយ។
ទាក់ទិន​ទៅ​នឹង​ការ​ចាប់​ខ្លួន​ក្រុម​តំណាង​រាស្ត្រ​បក្ស​ជំទាស់ និង​លទ្ធភាព​ចាប់​ខ្លួន​អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​ធ្វើ​ឱ្យ​កក្រើក​ពេញ​ប្រទេស និង​ឆាក​អន្តរជាតិ​នេះ​ដែរ លោក អៀ ចាន់ណា ដែល​ជា​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ទង្វើ​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន គឺ​ជា​ឱកាស​ចុង​ក្រោយ ដើម្បី​ដោះស្រាយ​ភាព​ទាល់ច្រក​របស់​បក្ស​កាន់​អំណាច ក្នុង​ការ​ចាប់​បង្ខំ​ឲ្យ​ក្រុម​ប្រឆាំង ចូល​ប្រជុំ​សភា​ប៉ុណ្ណោះ។
លោក អៀ ចាន់ណា អះអាង​ថា ក្រុម​មេ​ដឹក​នាំ​បក្ស​ប្រឆាំង បាន​លើក​ទឹក​ចិត្ត​ដល់​សមាជិក​របស់​ខ្លួន​ឲ្យ​ប្រកាន់​ជំហរ​រឹងមាំ និង​មិន​ចុះ​ញ៉ម ទោះ​បី​ជា​បក្ស​កាន់​អំណាច​ចាប់​ខ្លួន​ក្រុម​មេ​ដឹក​នាំ​គណបក្ស​នេះ ដើម្បី​ចាប់​បង្ខំ​ឲ្យ​យល់​ព្រម​ក្នុង​ការ​ចរចា​ដោះស្រាយ​ការ​ជាប់​គាំង​ នយោបាយ​ក៏ដោយ។
ចំណែក​ក្រុម​យុវជន​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (facebook) វិញ បាន​ខឹង​សម្បា​ជា​ខ្លាំង​ចំពោះ​ទង្វើ​របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ។ យុវជន​ភាគ​ច្រើន​អះអាង​ថា ពួក​គេ​នឹង​នាំ​គ្នា​ចេញ​តវ៉ា ទាមទារ​ឲ្យ​សមត្ថកិច្ច​ដោះ​លែង​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ឲ្យ​បាន។
កញ្ញា ធី សុវន្ថា ដែល​ជា​តារា​ល្បី​មួយ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហេ្វសប៊ុក និង​ជា​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ យ៉ាង​ស្វិតស្វាញ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ក្រុម​យុវជន​តាម​ហ្វេសប៊ុក និង​បណ្ដាញ​យុវជន​ជាច្រើន​ទៀត កំពុង​រើស​ថ្ងៃ​ដើម្បី​ចេញ​ធ្វើ​បាតុកម្ម​អហិង្សា ទាមទារ​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន ដោះ​លែង​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ទាំងអស់។
ប៉ុន្តែ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក ព្រុំ សុខា បាន​ប្រាប់​អង្គទូត​ជាច្រើន​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ពុធ ថា ការ​ចាប់​ខ្លួន​ក្រុម​តំណាង​រាស្ត្រ​របស់​បក្ស​ជំទាស់​ទាំង​នេះ មិន​មែន​ជា​ឧបសគ្គ​ដល់​ដំណើរ​ការ​ចរចា​នយោបាយ​ឡើយ ហើយ​ថា ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា ពួក​គេ​គ្មាន​កំហុស​នោះ ច្បាប់​នឹង​ដោះ​លែង​ពួក​គេ។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ក្រុម​តំណាង​រាស្ត្រ​បក្ស​ជំទាស់​ដែល​សមត្ថកិច្ច​របស់ លោក ហ៊ុន សែន ចាប់​ខ្លួន​នោះ គឺ​គ្មាន​ភស្តុតាង​ណា​មួយ ដែល​អាច​បញ្ជាក់​ថា ពួក​គេ​ជា​អ្នក​បញ្ជា ឬ​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ហិង្សា​នេះ​ឡើយ៖ «ភស្តុតាង ​ដើម្បី​ចោទ​ប្រកាន់​ក្រុម​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច គឺ​សូន្យ​តែ​ម្តង។ ពួក​គេ​មិន​អាច​ទទួល​ខុស​ត្រូវ​ខាង​ផ្លូវ​ច្បាប់ ក្នុង​ហេតុការណ៍​នេះ​ទេ។ ការ​ចាប់​ខ្លួន​ក្រុម​តំណាង​រាស្ត្រ​ទាំង​នេះ គឺ​គ្រាន់​ជា​ការ​ប៉ុនប៉ង​មួយ​ទៀត​របស់​រដ្ឋាភិបាល ដែល​ប្រើប្រាស់​ឱកាស​នេះ ដើម្បី​បង្ក​ភាព​លំបាក​បន្ថែម​ទៀត​ដល់​ក្រុម​ប្រឆាំង​ប៉ុណ្ណោះ។ រដ្ឋាភិបាល​ត្រូវ​បញ្ចប់​ការ​រារាំង​សិទ្ធិ​ក្នុង​ការ​ជួប​ប្រជុំ និង​ការ​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ ហើយ​បើក​សេរីភាព​ឲ្យ​ពលរដ្ឋ​ឈរ​បញ្ចេញ​មតិ​តាម​ចិត្ត​ចង់។ រដ្ឋាភិបាល​គួរ​ចាប់​ខ្លួន​ក្រុម​គាំទ្រ​បក្ស​ប្រឆាំង និង​កម្លាំង​សន្តិសុខ ដែល​ប្រើ​អំពើ​ហិង្សា​ដាក់​គ្នា​នោះ​វិញ»
សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កក្កដា បាន​ចាប់​ខ្លួន​ក្រុម​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ចំនួន ៥​នាក់ រួម​មាន អ្នកស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ លោក កែវ ភីរម្យ លោក រៀល ខេមរិន្ទ្រ និង​ជំនួយ​ការ អ្នកស្រី មូរ សុខហួរ លោក អឿ ណារិទ្ធ ក្រោយ​ពី​មាន​ការ​ផ្ទុះ​អំពើ​ហិង្សា​រវាង​ក្រុម​អ្នក​គាំទ្រ​បក្ស​ប្រឆាំង និង​កង​កម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ក្នុង​បាតុកម្ម​មួយ ទាមទារ​ឲ្យ​រដ្ឋាភិបាល​របស់ លោក ហ៊ុន សែន បើក​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ឲ្យ​ពលរដ្ឋ​សម្ដែង​មតិ។
ពីរ​ថ្ងៃ​ក្រោយ​មក សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ​បាន​ចុះ​ចាប់​ខ្លួន​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ​ពីរ​នាក់​ទៀត រួម​មាន លោក នុត រំដួល និង លោក ឡុង រី ខណៈ​តំណាង​រាស្ត្រ​ទាំង​នេះ​កំពុង​អង្គុយ​រង់ចាំ​ផ្លូវ​សមត្ថកិច្ច​ទៅ​ចាប់​ ខ្លួន​ដល់​ផ្ទះ​នោះ។
រហូត​មក​ទល់​ពេល​នេះ រដ្ឋាភិបាល​កំពុង​តាម​ចាប់​ខ្លួន​មនុស្ស​ចំនួន ២៥​នាក់​ទៀត ដែល​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​អ្នក​ គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ និង​កម្លាំង​សន្តិសុខ​របស់​សាលា​ក្រុង​ភ្នំពេញ។
មេធាវី​របស់​ក្រុម​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ លោក សំ សុខគង់ ឲ្យ​ដឹង​ថា ក្រុម​តំណាង​រាស្ត្រ​ទាំង​នេះ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ និង​កុប្បកម្ម​ប្រឆាំង​មន្ត្រី​សាធារណៈ ដែល​អាច​ជាប់​ពន្ធនាគារ​ពី ១០​ឆ្នាំ ដល់ ២០​ឆ្នាំ។
គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ី ដែល​មាន​មូលដ្ឋាន​ក្នុង​ក្រុង​ហុងកុង (Hong Kong) អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) រួម​និង​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ជាង​២០ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន ដោះ​លែង​ក្រុម​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ជា​បន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ ហើយ​ទម្លាក់​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ គេ​នៅ​មិន​ទាន់​ឃើញ​បណ្ដា​ប្រទេស​មហា​អំណាច​លោក​សេរី ប្រតិកម្ម​ចំពោះ​ការ​ចាប់​ខ្លួន​ក្រុម​តំណាង​រាស្ត្រ​របស់​បក្ស​សង្គ្រោះ​ ជាតិ ទាំង​នេះ​នៅ​ឡើយ​ទេ៕

No comments: