Tuesday, August 2, 2011

លោក កឹម សុខា៖ បក្ស​សិទ្ធិ​មនុស្ស​គឺ​ជា​គូ​ប្រជែង​របស់​បក្ស​ប្រជាជន

ដោយ ដែន អយុធ្យា
2011-07-30

មេដឹកនាំ​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ថា មាន​តែ​គណបក្ស​សិទ្ធិ​មនុស្ស​​មួយ​​​ប៉ុណ្ណោះ​ដែល​មាន​កម្លាំង​ប្រកួត​ ប្រជែង​ត​ទល់​​ជាមួយ​​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឈាន​ដល់​ការ​ផ្លាស់ប្ដូរ​របប​ដឹក​នាំ​តាម​បែប​ផ្ដាច់ការ​នៅ​កម្ពុជា ឆ្ពោះ​ទៅ​រក​ការ​ដឹក​នាំ​តាម​បែប​ប្រជាធិបតេយ្យ និង​មាន​ការ​គោរព​សិទ្ធិ​មនុស្ស។

RFA/Den Ayuthyea

៣០-កក្កដា-២០១១៖ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា ថ្លែង​នៅ​ក្នុង​ការ​បើក​សន្និបាត​ក្រុមប្រឹក្សា​ជាតិ​លើក​ទី​២ នៅ​ទីស្នាក់ការ​គណបក្ស នា​រាជធានី​ភ្នំពេញ។

ថ្លែង​នៅ​ក្នុង​សន្និបាត​ក្រុមប្រឹក្សា​ជាតិ​លើក​ទី​២ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១១ លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស បាន​ប្រកាស​នៅ​​ចំពោះ​មុខ​សកម្មជន​គាំទ្រ​រាប់​រយ​នាក់​ក្នុង​ពិធី​ជួប​ជុំ​ នា​ទីស្នាក់ការ​កណ្ដាល បក្ស​សិទ្ធិ​មនុស្ស​ប្រចាំ​ទីក្រុង​ភ្នំពេញ ថា គណបក្ស​នេះ​នឹង​ទទួល​បាន​ជ័យ​ជម្នះ​ពី​ការ​បោះឆ្នោត​ឃុំ​សង្កាត់ និង​សកល​នា​​ឆ្នាំ​២០១២ និង ឆ្នាំ​២០១៣ ខាង​មុខ។

លោក កឹម សុខា បាន​អះអាង​ថា សព្វថ្ងៃ​គណបក្ស​ខ្លួន​មាន​ពលរដ្ឋ​ច្រើន​លើសលប់​នៅ​ទូទាំង ២៤​ខេត្ត​ក្រុង​នៅ​ទូទាំង​ប្រទេស​កម្ពុជា បាន​​គាំទ្រ​ចាប់​ពី​ថ្នាក់​មូលដ្ឋាន​រហូត​ដល់​ដល់​ថ្នាក់​ជាតិ​ក្នុង​នោះ ក៏​មាន​សកម្មជន​គណបក្ស សម រង្ស៊ី, ហ្វ៊ុនស៊ិនប៉ិច, នរោត្តម រណឫទ្ធិ និង​​​បក្ស​ប្រជាជន​កម្ពុជា មក​ចូល​រួម​ផង​ដែរ។

លោក កឹម សុខា បាន​ឲ្យ​ដឹង​ពី​ផែនការ​នយោបាយ​របស់​បក្ស​ខ្លួន​សម្រាប់​អនុវត្ត​រយៈ​ពេល ២​ឆ្នាំ​ខាង​មុខ​ក្រោម​ចំណង​ជើង​ថា "ដំណើរ​ឆ្ពោះ​ទៅ​មូលដ្ឋាន​ដើម្បី​សិទ្ធិ​មនុស្ស និង​ការ​ផ្លាស់ប្ដូរ" ដើម្បី​ឈ្នះ​រាល់​គ្រប់​អាណត្តិ​បោះ​ឆ្នោត​ដូច្នេះ ៖ «គណបក្ស​កាន់​អំណាច ​សព្វថ្ងៃ​នេះ​មាន​បញ្ហា​ច្រើន​ណាស់ ជា​ពិសេស​ទំនាស់​ដីធ្លី​ក្នុង​មូលដ្ឋាន​បញ្ហា​ពុករលួយ​បញ្ហា​ទំនិញ​ឡើង​ថ្លៃ បញ្ហា​ការ​គំរាម​កំហែង​គណបក្ស​កាន់​អំណាច​ដោះស្រាយ​មិន​បាន​ទេ ហើយ​បញ្ហា​ប្រជាពលរដ្ឋ​ព្រួយ​បារម្ភ​ពី​អន្តោប្រវេសន៍​ខុស​ច្បាប់​ហ្នឹង​ជា​ ការ​មួយ​ដែល​យើង​មាន​សង្ឃឹម។ ម្យ៉ាង​ទៀត​ដោយសារ​ឃើញ​គណបក្ស​ដទៃ ដូចជា​គណបក្ស សម រង្ស៊ី គណបក្ស នរោត្តម រណឫទ្ធិ ជា​ដើម គឺ​មាន​ការ​បែកបាក់​គ្នា​ខ្លាំង​ណាស់។ អ៊ីចឹង​ហើយ​ក្ដី​សង្ឃឹម​នេះ គឺ​យើង​នឹង​ប្រមូល​យក​ខ្មែរ​អ្នក​ស្នេហា​ជាតិ​ទាំង​អស់ ដែល​ធ្លាប់​បោះ​ឆ្នោត​ឲ្យ​គណបក្ស សម រង្ស៊ី គណបក្ស​ហ៊ុនស៊ិនប៉ិច និង រណឫទ្ធិ ដែល​អស់​សង្ឃឹម​ជាមួយ​គេ​ហ្នឹង​មក​ជុំ​គ្នា​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស​ វិញ»

ជ័យជម្នះ​ដែល​លោក កឹម សុខា មាន​ជំនឿ​ឈ្នះ​ការ​បោះឆ្នោត​ឃុំ-​សង្កាត់ និង​សកល​នា​ឆ្នាំ​២០១២ និង ២០១៣ ខាង​មុខ ដោយ​​លោក​យល់​ឃើញ​ថា រដ្ឋាភិបាល​ដឹកនាំ​ប្រទេស​សព្វថ្ងៃ​មិន​អាច​ដោះស្រាយ​បញ្ហា​ជាតិ​សំខាន់ៗ ដូចជា​បញ្ហា​បូរណភាព​ទឹកដី, បទ​​ល្មើស​ព្រៃឈើ​ទំនាស់​ដីធ្លី និង​អំពើ​ពុករលួយ​ជាដើម។

មិន​មែន​តែ​បក្ស​សិទ្ធិ​មនុស្ស​ទេ បាន​អះអាង​ពី​ការ​ឈ្នះ​ឆ្នោត ចំណែក​ថ្នាក់​ដឹកនាំ​គណបក្ស សម រង្ស៊ី ក៏​បាន​លើក​ឡើង​ដូច​គ្នា​នេះ​ដែរ។ លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី បាន​ថ្លែង​ថា គណបក្ស​ខ្លួន​នឹង​មាន​ជំនឿ​លើ​ការ​បោះ​​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ ​សង្កាត់ នា​ឆ្នាំ​២០១២ និង​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៣ ខាង​មុខ ប្រសិន​បើ​ស្ថាប័ន​​​​គណៈកម្មាធិការ​ជាតិ​រៀប​ចំបោះ​ឆ្នោត ហៅ​កាត់ គ.ជ.ប. មាន​ភាព​ឯករាជ្យ និង​មិន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​កាន់​អំណាច​ទេ​នោះ។

លោក យឹម សុវណ្ណ បន្ថែម ៖ «ប្រាកដ​ជា​ឈ្នះ ព្រោះ​កន្លង​មក​ហ្នឹង​មាន​ការ​លំបាក ប៉ុន្តែ​គណបក្ស សម រង្ស៊ី នៅ​កើន​សំឡេង​ពី​អាណត្តិ​មួយ​ទៅ​អាណត្តិ​មួយ ក៏​ប៉ុន្តែ​បើ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ហើយ​យើង​អាច​នឹង​ទទួល​បាន​ឱកាស​ក្នុង​ការ​ផ្សព្វផ្សាយ​សារ​នយោបាយ​របស់​យើង​ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ជាតិ ដែល​សព្វ​ថ្ងៃ​នេះ​គ្រប់គ្រង​ដោយ​គណបក្ស​កាន់​អំណាច​ដោយ​គ្មាន​ការ​ គំរាមកំហែង គ្មាន​ការ​ទិញ​សន្លឹក​ឆ្នោត ហើយ គ.ជ.ប. គឺ​ពិត​ជា​ស្ថាប័ន​ជាតិ​ពិត​ប្រាកដ​មិន​បម្រើ​ឲ្យ​គណបក្ស​ប្រជាជន​នោះ យើង​នឹង​ទទួល​បាន​ជ័យ​ជម្នះ»

ទោះ​យ៉ាង​ណា មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​កម្ពុជា បាន​ថ្លែង​ថា គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី នឹង​មិន​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ និង​សកល​នា​ឆ្នាំ​២០១២ និង ២០១៣ ខាង​មុខ​នោះ​ទេ បើ​បក្ស​ទាំង​ពីរ​មិន​ធ្វើ​ការ​បង្រួប​បង្រួម​គ្នា​ទេ​នោះ។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ មាន​ប្រសាសន៍​ដោយ​គ្មាន​ជំនឿ​ថា បក្ស​សិទ្ធិ​មនុស្ស និង​បក្ស សម រង្ស៊ី អាច​យក​ជ័យ​ជម្នះ​លើ​បក្ស​ប្រជាជន​កម្ពុជា ក្នុង​អាណត្តិ​បោះ​ឆ្នោត​ឃុំ​សង្កាត់ ឬ​សកល​បាន​ទេ បើ​បក្ស​ប្រជាធិបតេយ្យ​ទាំង​ពីរ​មិន​រួប​រួម​គ្នា ហើយ​បន្ត​ហែកហួរ​គ្នា​ទៀត​នោះ។

លោក រ៉ុង ឈុន បន្ថែម ៖ «ការ​ឆ្ពោះ​ទៅ​កាន់​អំណាច​បាន​ទាល់​តែ​មាន​ការ ​ប្រមូល​ផ្ដុំ​គ្នា ហើយ​បើ​នៅ​បែក​គ្នា​អ៊ីចឹង​មិន​អាច​ឆ្ពោះ​ទៅ​ធ្វើ​ការ​កាន់​អំណាច​បាន​ទេ ហើយ​គោលការណ៍​ដែល​ឆ្ពោះ​ទៅ​កាន់​អំណាច ទៅ​កាន់​ការ​ផ្លាស់ប្ដូរ​ដែល​អាច​ជួយ​សង្គម​បាន អ្នក​នៅ​ក្រៅ​រដ្ឋាភិបាល​ហ្នឹង​ត្រូវ​ធ្វើ​ម៉េច​ត្រូវ​ប្រមូល​ផ្ដុំ​គ្នា ហើយ​បើ​មិន​ប្រមូល​ផ្ដុំ​គ្នា​ទេ យើង​មើល​ឃើញ​ថា គោលនយោបាយ​របស់​ខ្លួន ដែល​គណបក្ស​បាន​ដាក់​ចេញ​ល្អៗ​ហ្នឹង មិន​អាច​អនុវត្ត​គោលនយោបាយ​ហ្នឹង​បាន​ទេ បើ​សិន​ជា​មិន​បាន​កាន់​អំណាច​នោះ»

​​លោក ជាម យៀប មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា គណបក្ស​ប្រជាជន​នឹង​បន្ត​ឈ្នះ​ឆ្នោត​នៅ​គ្រប់​អាណត្តិ ព្រោះ​​​គណបក្ស​នេះ​មាន​គោលនយោបាយ​ច្បាស់លាស់ និង​យល់​ដឹង​ពី​សុខទុក្ខ​ពលរដ្ឋ ព្រម​ទាំង​បាន​ដឹកនាំ​ប្រទេស​ឈាន​ទៅ​រក​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ពី ១​អាណត្តិ​ទៅ ១​អាណត្តិ។

បន្ថែម​លើស​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​បន្ត​ឈ្នះ​ឆ្នោត ហើយ​រូប​លោក​​​​នឹង​នៅ​បន្ត​ដឹកនាំ​ប្រទេស ព្រោះ​មាន​ការ​គាំទ្រ​ទាំង​ក្នុង​ជួរ​បក្ស និង​មាន​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​នៅ​ទូទាំង​ប្រទេស​កម្ពុជា ទៀត​នោះ។

លោក ហ៊ុន សែន ឲ្យ​ដឹង​ដូច្នេះ ៖ «ជោគជ័យ​របស់​គណបក្ស​ប្រជាជន​មាន​តម្លៃ​ណាស់ ដោយសារ​ពួក​អ្នក​ឯង​ជេរ បើ​ពួក​អ្នក​ឯង​មិន​ជេរ​មិន​សូវ​មាន​តម្លៃ​ទេ លទ្ធផល​ដែល​បាន​មក​ងាយ​ពេក»

ទោះ​យ៉ាង​នេះ​ក្ដី ​លោក កឹម សុខា បាន​ថ្លែង​ថា មាន​តែ​គណបក្ស​សិទ្ធិ​មនុស្ស​តែ ១​គត់​​នៅ​កម្ពុជា ដែល​អាច​ប្រជែង​​ជាមួយ​គណបក្ស​​ប្រជាជន​កម្ពុជា ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​ឈាន​ ដល់​ការ​ដឹកនាំ​ប្រទេស​តាម​បែប​ប្រជាធិបតេយ្យ និង​មាន​ការ​គោរព​សិទ្ធិ​មនុស្ស។

លោក កឹម សុខា បន្ថែម ៖ «គណបក្ស​សិទ្ធិ​មនុស្ស​យល់​ឃើញ​ថា គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ​ចាក់គ្រឹះ​នៅ​មូលដ្ឋាន ដូច្នេះ​ហើយ​សូម​ប្រមូល​ផ្ដុំ​អារម្មណ៍​ទាំង​អស់​ត្រូវ​គិតគូរ​ពី​មូលដ្ឋាន ហើយ​ផ្ដើម​ដំបូង​ដើម្បី​អី? គឺ​ដើម្បី​ធ្វើ​ម៉េច​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ចូល​រួម​ការ​បោះ​ ឆ្នោត ដូច​ជា​អាច​ទៅ​ចុះ​ឈ្មោះ​បាន​ទៅ​បោះ​ឆ្នោត​បាន​ដោយ​សេរី។ ព្រោះ​កន្លង​មក​យើង​ឃើញ​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន គឺ​ពិបាក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ហើយ​បាត់​ឈ្មោះ​ច្រើន​ណាស់។ អ៊ីចឹង​ហើយ​ធ្វើ​​ម៉េច​ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ការ​ បោះ​ឆ្នោត»

​ការ​អះអាង​ពី​ជ័យ​ជម្នះ​នៅ​ពេល​ខាង​មុខ​របស់​គណបក្ស​សិទ្ធិ​មនុស្ស បាន​លើក​ឡើង​ដោយ​លោក កឹម សុខា នៅ​ក្នុង​សន្និបាត​ក្រុមប្រឹក្សា​ជាតិ​លើក​ទី​២ របស់​គណបក្ស​សិទ្ធិ​មនុស្ស នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស នា​ទីក្រុង​ភ្នំពេញ កាល​​ពី​ថ្ងៃ​សៅរ៍ ទី​៣០ ខែ​កក្កដា គឺ​រិះរក​យុទ្ធសាស្ត្រ​ឈ្នះ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១២ និង​ការ​បោះ​ឆ្នោត​សកល​នៅ​ឆ្នាំ​២០១៣៕

No comments: