Tuesday, August 2, 2011

កឹម​ សុខា រិះ​គន់​សម​ រង្ស៊ី​ ដែល​ថា​ នឹង​អំពាវនាវ​ឲ្យ​មាន​បដិវត្តន៍​ផ្កា​ម្លិះ​ផ្តួល​CPP

Monday, 01 August 2011
មាស សុខជា
The Phnom Penh Post Khmer

ភ្នំពេញៈ ​​ប្រធាន​គណ​​បក្ស​សិទ្ធិ​មនុស្ស​​បាន​រិះ​គន់​ប្រធាន​គណ​បក្ស​សម​រង្ស៊ី​ ​ដែល​ប្រកាស​ថា ​នឹង​​ប្រើ​បដិវត្តន៍​ផ្កា​ម្លិះ ​ដើម្បី​បំផុស​ឲ្យ​ប្រ​ជា​ជន​​ផ្តួល​រំ​លំ​​រដ្ឋា​ភិបាល​លោក​នាយក​រដ្ឋ​ មន្រ្តី​ ហ៊ុន សែន ​ប្រសិន​បើ​ការ​បោះ​ឆ្នោត​សកល​លើក​ក្រោយ​មិន​ត្រឹម​ត្រូវ ​និង​គ្មាន​ភាព​យុត្តិ​ធម៌​។

ថ្លែង​ទៅ​កាន់​សមាជិក​៥០០​នាក់ ក្នុង​ការ​ជួប​ជុំ​ក្រុម​ប្រឹក្សា​ថ្នាក់​ជាតិ​លើក​ទី​២ ​​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា លោក កឹ​ម សុខា​ ប្រធាន​គណ​បក្ស​សិទ្ធិ​មនុស្ស មាន​ប្រសាសន៍​ថា​៖ «បដិវត្តន៍​ផ្កា​ ម្លិះ​មិន​ជា​ការ​ល្អ​សម្រាប់​ប្រជា​ជន​ឡើយ និង​ថា ​បើ​ទោះ​ជា​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​មិន​ត្រឹម​ត្រូវ​និង​យុត្តិ​ធម៌​ ក៏ដោយ លោក​នឹង​មិន​បំផុស​ឲ្យ​ប្រជាជន​ធ្វើ​បដិវត្តន៍​ប្រឆាំង​រដ្ឋា​ភិបាល​ បច្ចុប្បន្ន​ឡើយ។ លោក​អះ​អាង​ថា ​បដិវត្តន៍​ប្រឆាំង​រដ្ឋាភិបាល​នឹង​ធ្វើ​ឲ្យ​ប្រជាជន​បាត់​បង់​ជីវិត។

លោក​ កឹម សុខា​ បាន​បន្ថែម​ថា​៖ ​«​យើង​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​តាម​រយៈ​ការ​បោះ​ឆ្នោត​ ប៉ុន្តែ​ បើ​ការ​បោះ​ឆ្នោះ​គ្មាន​យុត្តិធម៌​នោះ​មេ​ដឹក​នាំ​គណ​​បក្ស​សិទ្ធិ​មនុស្ស​ នឹង​មិន​នៅ​ស្ងៀម​ឡើយ យើង​ហ៊ាន​លះ​បង់​»។

លោក កឹម​ សុខា​ បាន​ថ្លែង​ថា៖​ «​យើង​គឺ​ជា​គណ​បក្ស​ប្រឆាំង​ ដែល​ខុស​ពី​គណ​បក្ស​ប្រឆាំង​មួយ​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​ប្រ​ជា​ពល​ រដ្ឋ​រួច​ហើយ​ រត់​យក​រួច​ខ្លួន​បាត់​»។

ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ឆ្នាំ​ ២០១២ លោក កឹម សុខា បាន​លើក​ឡើង​ថា ​ប្រសិន​បើ​គណ​បក្ស​សិទ្ធិ​មនុស្ស​​ឈ្នះ​ការ​បោះ​ឆ្នោ​ឃុំ​-សង្កាត់​ ហើយ​ស​កម្ម​ជន​របស់​គណ​បក្ស​នេះ​ក្លាយ​ជា​មេ​ឃុំ គណ​បក្ស​សិទ្ធិ​មនុស្ស​នឹង​រៀប​ចំ​ឲ្យ​មាន​ឡាន​ពេទ្យ​ក្នុង​ឃុំ​ ដើម្បី​បម្រើ​សេវា​កម្ម​ជូន​​ពល​រដ្ឋ​ និង​សន្យា​ថា ប្រសិន​បើ​មេ​ឃុំ​គណ​បក្ស​សិទ្ធិ​មនុស្ស​ណា​ប្រព្រឹត្ត​ពុក​រលួយ គណ​បក្ស​នឹង​ដូរ​ប្រ​ធាន​​នោះ​ចេ​ញ​ភ្លាម​។

លោក យឹម សុវ​ណ្ណ អ្នក​នាំ​ពាក្យ​របស់​គណ​បក្ស​សម​រង្ស៊ី ​មាន​ប្រសាសន៍​ថា គណ​បក្ស​សម ​រង្ស៊ី មិន​នាំ​ប្រ​ជា​ជន​ទៅ​រក​ស្លាប់ ដោយ​ការ​ធ្វើ​បវដិវត្តន៍​នោះ​ទេ ដោយ​​អះ​អាង​ថា ​ឧប្បត្តិ​ហេតុ​ដែល​បាន​កើត​ឡើង​ពី​មុន​វា​កើត​ឡើង​ដោយ​សារ​តែ​សុច្ឆន្ទៈ​ របស់​​ប្រ​ជា​ពល​រដ្ឋ​ ព្រោះ​តែ​ពួក​គាត់​មិន​អាច​ទ្រាំ​រស់​នៅ​ក្រោម​ការ​គាប​សង្កត់​និង​ភាព​ អយុត្តិ​ធម៌​។

ជា​មួយ​គ្នា​ដែរ​លោក​កឹម សុខា មាន​ប្រសាសន៍​ថា មេ​ដឹក​នាំ​បក្ស​​កាន់​អំណាច​ ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ គួរ​តែ​មើល​ប្រទេស​វៀត​ណាម​ដែល​ជា​មេ​កើយ​របស់​ខ្លួន គេ​ដូរ​មេ​ដឹក​នាំ​ខ្លះ​ហើយ។ លោក​បាន​បន្ថែម​ទៀត​ថា​ ​ការ​ផ្លាស់​ប្តូរ​​ជា​ច្បាប់​ធម្មជាតិ ព្រោះ​​គ្មាន​នរណា​ម្នាក់​ អាច​នៅ​កាន់​អំណាច​មួយ​ជីវិត​នោះ​ទេ។

លោក​បាន​បន្ត​ទៀត​ថា​៖ ​«​ប្រសិន​បើ​មើល​មិន​ឆ្ងាយ​ទេ​ គណបក្ស​កាន់​អំណាច​គួរ​តែ​មើល​ប្រទេស​ដែល​ជា​ចៅហ្វាយ​នាយ​របស់​ខ្លួន​​ ដែល​បាន​​ដូរ​ប្រធានា​ធិបតី​របស់​គេ​។ ខ្ញុំ​ហ៊ាន​ភ្នាល់​ដាក់​ ជីវិត​ប្រសិន​បើ​អង្គ​ការ​សហ​ប្រជា​ជាតិ​មក​រៀប​ចំ​ការ​បោះ ឆ្នោត​ក៏​ដោយ​ គណ​បក្ស​ប្រឆាំង​នឹង​នៅ​តែ​ចាញ់​ឆ្នោត​»។

លោក កឹម សុខា បាន​ទទួល​ស្គាល់​ថា គណ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ​បាន​ធ្វើ​ឲ្យ​មាន​ចំណុច​វិជ្ជ​មាន​មួយ​ចំនួន​ជូន​ជាតិ​ ដូច​ជា​ ការ​ពារ​ទឹក​ដី​ពី​ការ​ឈ្លាន​ពាន​របស់​ប្រទេស​ថៃ​ ​និង​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​មួយ​ចំនួន​ ប៉ុន្តែ​ បញ្ហា​សំខាន់​ដែល​ជា​អាយុ​ជីវិត​របស់​ប្រជា​ពល​រដ្ឋ​គណ​បក្ស​កាន់​អំណាច​មិន ​អាច​ដោះស្រាយ​បាន​ឡើយ​។ លោក​​អះ​អាង​ថា​៖​«​ប្រជាជន​នៅ​តែ​​ក្រ។ អ្នក​មាន​និង​អ្នក​ក្រនៅ​មាន​គម្លាត​ដាច់​ពី​គ្នា​ឆ្ងាយ​»។

លោក ជាម យៀប តំណាង​រាស្រ្ត​គណ​បក្ស​ប្រជាជន​កម្ពុជា (CPP)បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​លោក​ កឹម​ សុខា​និង​លើក​សំ​អាង​ថា ​​កម្ពុជា​មិន​​ស្ថិត​ក្រោម​អាណា​និគម​របស់​ ប្រទេស​វៀត​ណាម​ទេ​ ហើយ​ លោក ហ៊ុន សែន បាន​ជាប់​ឆ្នោត​ជា​នាយក​រដ្ឋ​មន្រ្តី​តាម​រយៈ​សន្លឹក​ឆ្នោត​ប្រជា​ពល​រដ្ឋ​ និង​គាំទ្រ​ដោយ​រដ្ឋ​ធម្មនុញ្ញ៕ ​KS

No comments: