នៅព្រឹកថ្ងៃអង្គារនេះ សមាជិកព្រឹទ្ធសភាម្នាក់ និងថ្នាក់ដឹកនាំតាមស្រុកនានា របស់គណបក្សសមរង្ស៊ី ប្រចាំខេត្តកំពង់ចាម ចំនួន ៩ រូប ផ្សេងទៀត បានប្រកាសចូលរួមជាមួយគណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា។ អ្នកនយោបាយ ទាំង ១០ រូបនោះ ទើបតែត្រូវបានគណបក្សសមរង្ស៊ី សម្រេចលុបឈ្មោះ ចេញពីបញ្ជីគណបក្ស កាលពីថ្ងៃទី៧តុលា។ គណបក្សសមរង្ស៊ី ចាត់ទុកថា នេះជាយុទ្ធសាស្ត្រថ្មី ដែលគណបក្សកាន់អំណាច ប្រើប្រាស់ ដើម្បីបំបែកសម្លេងគណបក្សប្រឆាំងនៅកម្ពុជា។
សមាជិកគណបក្សសមរង្ស៊ីទាំង ១០ រូបនោះ ត្រូវបាន លោក ម៉ៅ មុនីវណ្ណ អនុប្រធានគណបក្សសិទ្ធិមនុស្ស ទទួលស្វាគម។ ក្នុងចំណោមថ្នាក់ដឹកនាំគណបក្សសមរង្ស៊ីទាំង១០ រូប ដែលបានបង្ហាញមុខ ក្នុងសន្និសីទអ្នកកាសែត នៅព្រឹកថ្ងៃទី១១តុលា ឆ្នាំ២០១១ មិនមានលោក តុ វ៉ាន់ចាន់ សមាជិករដ្ឋសភាគណបក្សសមរង្ស៊ី ដែលទើបតែលុបឈ្មោះឡើយ។ ថ្នាក់ដឹកនាំទាំង ១០ រូបនោះ រួមមាន លោក វ៉ាន់ ស៊ីវឿន សមាជិកព្រឹទ្ធសភា និងជាអនុប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម របស់គណបក្សសមរង្ស៊ី ព្រមទាំងប្រធានគណបក្សសមរង្ស៊ី ប្រចាំស្រុកជាច្រើន នៅខេត្តកំពង់ចាម។
លោក ម៉ៅ មុនីវណ្ណ អនុប្រធានគណបក្សសិទ្ធិមនុស្ស និងជាអតីតប្រធានគណបក្សសមរង្ស៊ី ប្រចាំខេត្តកំពង់ចាម បានហៅការសម្រេចចិត្តចូលមកក្នុងគណបក្សសិទ្ធិមនុស្សរបស់ថ្នាក់ដឹកនាំ គណបក្សសមរង្ស៊ីពេលនេះ ថាធ្វើឡើង តាមឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលបានជំរុញឲ្យគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សរួមគ្នា ដើម្បីក្លាយជាចលនាប្រជាធិបតេយ្យមួយដ៏ធំ ឲ្យមានការផ្លាស់ប្តូរមេដឹកនាំទៅអនាគត ឲ្យបានជោគជ័យ។
ថ្នាក់ដឹកនាំគណបក្សសមរង្ស៊ីទាំង ១០ រូប ដែលបានចូលរួមក្នុងគណបក្សសិទ្ធិមនុស្ស បានចេញសេចក្តីថ្លែងការណ៍ រួមគ្នា ដោយរិះគន់ចំពោះនយោបាយរបស់គណបក្សសមរង្ស៊ី ហើយថា គណបក្សសមរង្ស៊ី ដែលតាំងខ្លួនជាគណបក្សប្រជាធិបតេយ្យពេលនេះ ក្លាយជាគណបក្សផ្តាច់ការ និងបម្រើតែផលប្រយោជន៍ថ្នាក់ដឹកនាំ ២-៣ គ្រួសារប៉ុណ្ណោះ។
ក៏ប៉ុន្តែលោក គឹមសួរ ភិរិទ្ធ អ្នកនាំពាក្យរងរបស់គណបក្សសមរង្ស៊ី មើលមិនឃើញ ចលនាបង្រួបបង្រួមរបស់គណបក្សសិទ្ធិមនុស្សទេ តែលោកចាត់ទុកការចាកចេញពីគណបក្សសមរង្ស៊ី ទៅចូលរួមជាមួយគណបក្សសិទ្ធិមនុស្សពេលនេះ ថាជាយុទ្ធសាស្ត្ររបស់គណបក្សកាន់អំណាច ដើម្បីជួយឲ្យគណបក្សសិទ្ធិមនុស្ស ទាញយកប្រជាប្រិយភាពពីគណបក្សសមរង្ស៊ីប៉ុណ្ណោះ។
កាលពីថ្ងៃទី៧តុលា ឆ្នាំ២០១១ គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសមរង្ស៊ី បានសម្រេចលុបឈ្មោះ លោក វ៉ាន់ ស៊ីវឿន សមាជិកព្រឹទ្ធសភា និងលោក តុ វ៉ាន់ចាន់ សមាជិករដ្ឋសភា ចេញពីបញ្ជីគណបក្សសមរង្ស៊ី ព្រមទាំងសមាជិកគណបក្សសមរង្ស៊ីជាច្រើននាក់ផ្សេងទៀត នៅខេត្តកំពង់ចាម ដែលបានមកចូលរួមជាមួយគណបក្សសិទ្ធិមនុស្ស នៅថ្ងៃអង្គារនេះ។
ក្រោយពីចាកចេញពីគណបក្សសមរង្ស៊ី ទៅចូលរួមនយោបាយជាមួយគណបក្សសិទ្ធិមនុស្ស កាលពីថ្ងៃទី២៣មីនា ឆ្នាំ២០១១ លោក ម៉ៅ មុនីវណ្ណ បានដឹកនាំសកម្មជនថ្នាក់ខេត្តកំពង់ចាម និងខេត្តពោធិ៍សាត់របស់គណបក្សសមរង្ស៊ី សរុបប្រមាណជាង ២០ នាក់ ចេញពីគណបក្សសមរង្ស៊ី ទៅចូលរួមនយោបាយជាបន្តបន្ទាប់ជាមួយគណបក្សសិទ្ធិមនុស្សរបស់លោក កឹមសុខា៕