Friday, December 2, 2011

អំពើ​ពុករលួយ​ក្នុង​សង្គម​ខ្មែរ​រីក​រាលដាល​ដល់​យុវវ័យ​និង​កុមារ

រូបថត​ថ្ងៃ​ទី​២៦ មិថុនា ២០១១៖ សិស្សានុសិស្ស​នៅ​ជនបទ​ខេត្ត​កំពង់ធំ (Tin Zakariya)


ដោយ កែវពេជ្រ មេត្តា
2011-12-01
RFA

ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ ឬ​ស៊ី​សំណូក​សូក​ប៉ាន់​នៅ​ក្នុង​សង្គម​ខ្មែរ​សព្វថ្ងៃ កំពុង​តែ​ក្លាយ​ទៅ​ជា​វប្បធម៌​អាក្រក់​មួយ និង​បាន​ជ្រាប​ចូល​ជ្រៅ​ទៅ​ក្នុង​ស្រទាប់​យុវវ័យ និង​កុមារ​តូចៗ​មួយ​ចំនួន​នៅ​តាម​សាលារៀន។

សុភា​សិត​ខ្មែរ​មួយ​អន្លើ​នោះ​បាន​ពោល​ថា «កុមារ​ជា​ទំពាំង​ស្នង​ឫស្សី ឬ​ជា​សសរ​ទ្រូង​ប្រទេស​ជាតិ»។ ពាក្យ​នេះ​ចង់​សំដៅ​ថា កុមារ​គ្រប់​រូប​ទាន់​ខ្លួន​នៅ​វ័យ​ក្មេង​ត្រូវ​តែ​ប្រឹង​ប្រែង​រៀន​សូត្រ​ យក​ចំណេះ​វិជ្ជា​ឲ្យ​បាន​ខ្ពង់ខ្ពស់ ពីព្រោះ​ថា បើ​មាន​ចំណេះ​វិជ្ជា​នៅ​ក្នុង​ខ្លួន​បាន​ល្អ​ប្រសើរ ដល់​ពេល​ខ្លួន​ធំ​ពេញ​វ័យ​ឡើង ពេល​នោះ​គេ​អាច​យក​ចំណេះ​ដឹង​នេះ​ទៅ​ធ្វើ​ការងារ​ជួយ​ដោះស្រាយ​កិច្ចការ និង​ស្ថាបនា​សង្គម​ជាតិ​របស់​ខ្លួន​ឲ្យ​មាន​ភាព​សំបូរ​សប្បាយ​ចម្រើន​រុង​ រឿង​បាន។

ចំពោះ​សុភាសិត​នេះ បើ​គេ​យក​មក​ឆ្លុះ​បញ្ចាំង​ទៅ​លើ​សង្គម​ខ្មែរ​បច្ចុប្បន្ន​នោះ គេ​បាន​ឃើញ​ថា កុមារ ឬ​យុវវ័យ​ខ្មែរ​មួយ​ចំនួន​នោះ គេ​មិន​អាច​ក្លាយ​ជា​ទំពាំង​ស្នង​ឫស្សី ឬ​ក៏​ធ្វើ​ជា​សសរ​ទ្រូង​ប្រទេស​ជាតិ​បាន​ទេ ផ្ទុយ​ទៅ​វិញ កុមារ និង​យុវវ័យ​ទាំង​នោះ កំពុង​តែ​ធ្លាក់​ខ្លួន​ទៅ​ក្នុង​អំពើ​អបាយមុខ​ផ្សេងៗ មាន​ដូច​ជា​ប្រព្រឹត្ត​គ្រឿង​ញៀន ខ្ជិល​ច្រអូស មិន​ចង់​រៀន​សូត្រ និង​គេចវេះ​សាលារៀន ។ល។

ក្រៅ​ពី​នេះ​ទៀត មាន​កុមារ និង​យុវវ័យ​ខ្លះ បាន​ចូល​សាលារៀន​ដែរ ប៉ុន្តែ​ការ​ទៅ​រៀន​នោះ មិន​ប្រាកដ​ប្រជា​ទេ ពីព្រោះ​គេ​ច្រើន​ពឹង​ផ្អែក​ទៅ​លើ​ការ​សូកប៉ាន់​លុយ​កាក់​ទៅ​ឲ្យ​គ្រូ ហើយ​គេ​រំពឹង​ថា អាច​បាន​ឡើង​ថ្នាក់ និង​បាន​ពិន្ទុ​ល្អ​ថែម​ទៀត។

នូវ​រាល់​បញ្ហា​ទាំង​អស់​នេះ តើ​នៅ​ក្នុង​សង្គម​ខ្មែរ​ទាំង​មូល គេ​អាច​ស្ដី​បន្ទោស​ទៅ​លើ​នរណា ហើយ​អ្នក​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ?

មាន​មតិ​ជា​ច្រើន​បាន​លើក​ឡើង​ពី​បញ្ហា​នេះ ដែល​អ្នក​ទាំង​នោះ​ជា​គ្រូ​បង្រៀន ជា​មាតាបិតា​សិស្ស ជា​មន្ត្រី​រាជការ​របស់​រដ្ឋាភិបាល និង​ជា​សិស្សានុសិស្ស។

មាតាបិតា​សិស្ស​មួយ​ចំនួន​នោះ​បាន​ឲ្យ​ដឹង​ថា ការ​ប្រព្រឹត្ត​អំពើ​សូក​ប៉ាន់ អំពើ​ពុករលួយ​នោះ កំពុង​ជ្រាប​ចូល​ជ្រៅ​ក្នុង​ស្រទាប់​កុមារ ឬ​យុវវ័យ ហើយ​បញ្ហា​នេះ​ក៏​ដោយសារ​ឪពុក​ម្ដាយ​ខ្លះ ពិសេស​អ្នក​ដែល​មាន​ធនធាន​ច្រើន​តែ​បណ្ដែត​បណ្ដោយ​កូន​ចៅ​របស់​ខ្លួន​ឲ្យ​ ដើរ​លេង និង​ចាយ​វាយ​លុយ​កាក់​ខ្ជះខ្ជាយ ដោយ ​មិន​បាន​តាម​ដាន​ការ​សិក្សា​របស់​កូន​ឲ្យ​បាន​ជាប់​លាប់​ទេ។

ការ​ព្រងើយ​កន្តើយ​នោះ ពីព្រោះ​តែ​គេ​គិត​ថា មក​ពី​ជាប់​រវល់​នឹង​មុខ​របរ​រក​ស៊ី ឬ​មួយ​ទៀត​គេ​គិត​ថា សម័យ​ឥឡូវ​ឲ្យ​តែ​មាន​លុយ​កាក់​យក​ទៅ​សូក​ប៉ាន់​គ្រូ គឺ​កូន​របស់​គេ​នឹង​បាន​ឡើង​ថ្នាក់ ឬ​ក៏​អាច​ប្រឡង​ជាប់​ហើយ។

បុរស​ឪពុក​ម្ដាយ​សិស្ស​មួយ​រូប​នៅ​ខេត្ត​បាត់ដំបង ឈ្មោះ សុខុម បាន​មាន​ប្រសាសន៍​ថា ដោយសារ​តែ​អាង​ទៅ​លើ​ទឹក​ប្រាក់​របស់​ឪពុក​ម្ដាយ​ក្នុង​ការ​សូក​ប៉ាន់​គ្រូ បាន​ធ្វើ​ឲ្យ​ក្មេងៗ​សិស្ស​សាលា​នៅ​ក្នុង​តំបន់​របស់​គាត់​មួយ​ចំនួន​នោះ មិន​សូវ​ប្រឹងប្រែង​ខ្វាយខ្វល់​រៀន​សូត្រ​ប៉ុន្មាន​ឡើយ៖ «សូក​លុយ​គ្រូ​ ពី ៣០.០០០ ទៅ ៥០.០០០​រៀល។ ដូច​កូន​ខ្ញុំ​វា​រៀន​ថ្នាក់​ទី​៩ ហ្នឹង អត់​បាន​សូក​លុយ​ធ្លាក់។ អា​នេះ​ជា​វប្បធម៌​មួយ​ដ៏​អាក្រក់ ទទួល​សំណូក​សូកប៉ាន់។ ធ្វើ​របៀប​ហ្នឹង​ដូច​បង្ហាត់​ក្មេង​ឲ្យ​ចេះ​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាំង​ ពី​នៅ​ក្នុង​ថ្នាក់​រៀន។ ដល់​ពេល​វា​ប្រឡង​បាន​ធ្វើ​ជា​មន្ត្រី​រាជការ​អី វា​នឹង​ចេះ​ទទួល​សំណូក​សូក​ប៉ាន់ រៀន​ពុករលួយ សូក​ប៉ាន់​ជា​បន្តបន្ទាប់ រហូត​ធ្វើ​ឲ្យ​វប្បធម៌​ហ្នឹង​រីក​ដុះដាល​ឡើង​ពេញ​សង្គម​ខ្មែរ​ទៅ​អនាគត។ អ៊ីចឹង​ទៅ​ចេះ​តែ​បារម្ភ​ដែរ»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ អ្នក​ខ្លះ​ទៀត​បាន​បញ្ជាក់​ថា គឺ​អាច​មក​ពី​កុមារ ឬ​យុវវ័យ​សិស្សានុសិស្ស មិន​មាន​កំណើត​ខ្លួន​ឯង ពីព្រោះ​ថា គ្រូ​បង្រៀន​ខ្លះ​នោះ​គេ​ក៏​បាន​ប្រឹងប្រែង​បង្ហាត់​បង្រៀន​សិស្ស ហើយ​ឪពុក​ម្ដាយ​ខ្លះ​នោះ​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​អប់រំ​កូន​ចៅ​ឲ្យ​ ប្រឹងប្រែង​រៀន​សូត្រ​ដែរ ប៉ុន្តែ​កូន​ដែល​បម្រុង​តែ​ដើរ​ខុស​គន្លង​នោះ នៅ​តែ​មិន​ស្ដាប់។

បុរស​មួយ​រូប​ឈ្មោះ យស សយ ជា​មន្ត្រី​រាជការ​ចូល​និវត្តន៍​នៅ​ទីក្រុង​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ធម្មតា​មនុស្ស​កើត​មក​តែងតែ​មាន​ចរិត​មារយាទ​ខុសៗ​គ្នា ដូច្នេះ​មិន​អាច​បន្ទោស​ទៅ​លើ​ក្មេង​ទាំង​ស្រុង​បាន​ទេ៖ «វា​ដោយ​កូនៗ​ ដែរ​ទេ។ កាល​ណា​កូន​ហ្នឹង​វា​មើល​សមត្ថភាព វា​ថា រៀន​មិន​បាន រៀន​មិន​កើត វា​ក៏​មើល​ទៅ​តាម​ឪពុក​ម្ដាយ​វា​មាន​លុយ​មាន​កាក់​ទៅ គិត​សូក​គ្រូ ចាយ​វាយ​នឹង​គ្រូ ចាយ​វាយ​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​កម្មវិធី​សិក្សា​អី​អ៊ីចឹង​ទៅ វា​ទៅ​ជា​ជំរុញ​កូន​ឲ្យ​ទៅ​ជា​អ៊ីចឹង។ ប៉ុន្តែ​ថា បើ​កូន​គេ​ជា​អ្នក​រៀន​ទាន់ ស្ដាប់​គ្រូ ហ្នឹង​បាន​រៀន​ទៅ​កើត រៀន​ពូកែ ក៏​វា​មិន​បាច់​ទៅ​សូក​មិន​បាច់​ទៅ​ប៉ាន់​គ្រូ​អី​ណា​ទៀត​ទេ»

អ្នក​ខ្លះ​ទៀត​បាន​លើក​ឡើង​ថា បញ្ហា​នេះ​ក៏​មក​ពី​កត្តា​សង្គម​ទាំង​មូល​ដែល​បាន​សាបព្រោះ​បណ្ដុះ​គំនិត​ ក្មេង​ឲ្យ​ចេះ​ប្រព្រឹត្ត​អំពើ​ពុករលួយ គឺ​ទាំង​សង្គម​គ្រួសារ ឪពុក​ម្ដាយ សង្គម​គ្រូ​បង្រៀន និង​រដ្ឋាភិបាល​ជា​ប្រមុខ​ប្រទេស​ជាដើម។

ការ​មិន​សូវ​ប្រឹង​ខ្នះខ្នែង ហើយ​បណ្ដែត​បណ្ដោយ​ឲ្យ​មាន​ការ​សូក​ប៉ាន់​ប្រាក់កាស​នៅ​ក្នុង​សាលារៀន​ សព្វថ្ងៃ​នេះ បាន​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​កុមារ​សិស្សានុសិស្ស រហូត​ដល់​ធ្វើ​ឲ្យ​កុមារ​មួយ​ចំនួន​នោះ​គិត​ថា គេ​នឹង​យក​គំរូ​តាម​គ្នា គឺ​មិន​បាច់​ប្រឹងប្រែង​រៀន​សូត្រ​អ្វី​ទេ ចាំ​ដល់​ពេល​ប្រឡង​យក​លុយ​ទៅ​ឲ្យ​គ្រូ​ទៅ​បាន​ហើយ។

ក្នុង​ចំណោម​កុមារ​ទាំង​នោះ កុមារី​មួយ​រូប​សុំ​មិន​ប្រាប់​ឈ្មោះ និង​រៀន​នៅ​សាលារៀន​មួយ​នៅ​ទីក្រុង​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ពេល​ប្រឡង​ម្ដងៗ គឺ​នាង​សូក​លុយ​គ្រូ​ពី ៥០០ ទៅ ១.០០០​រៀល ពិសេស​គឺ​មុខវិជ្ជា​ខ្មែរ និង​គណិតវិទ្យា ហើយ​ក្រោយ​ពេល​ប្រឡង​រួច នាង​ឃើញ​លទ្ធផល​ថា នាង​បាន​ជាប់​ពិន្ទុ​ល្អ។

ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​សូកប៉ាន់​គ្រូ​ដើម្បី​បាន​ពិន្ទុ ឬ​បាន​ប្រឡង​ជាប់​ដោយ​មិន​ចាំបាច់​រៀន​សូត្រ​នោះ មាន​កុមារ​ខ្លះ​ក៏​មិន​ពេញ​ចិត្ត​នឹង​អំពើ​សូកប៉ាន់​នេះ​ដែរ ពិសេស​កុមារ​ដែល​ខិតខំ​រៀន​សូត្រ និង​កុមារ​ក្រីក្រ​ដែល​មិន​មាន​ប្រាក់​បង់​ឲ្យ​គ្រូ។

កុមារី​មួយ​រូប​ឈ្មោះ មុនី រៀន​នៅ​អនុវិទ្យាល័យ​មួយ​នៅ​ទីក្រុង​ភ្នំពេញ បាន​និយាយ​ពី​បញ្ហា​នេះ​ថា នៅ​ក្នុង​ថ្នាក់រៀន​របស់​នាង​មាន​សិស្ស​ខ្លះ​រៀន​ខ្សោយ ឬ​មិន​សូវ​ចូល​រៀន​ទេ ប៉ុន្តែ​គេ​មាន​លុយ​សូក​គ្រូ គេ​អាច​បាន​ពិន្ទុ​លើស​នាង​ដែល​ខំ​ប្រឹង​រៀន​រាល់​ថ្ងៃ៖ «អារម្មណ៍​គិត​ ថា សោកស្ដាយ​ពិន្ទុ ហើយ​ខឹង​ដែរ។ ខឹង​ថា ខំ​ប្រឹង​រៀន​ដែរ ប៉ុន្តែ​នៅ​តែ​ពិន្ទុ​ចាញ់​គេ ដោយសារ​គេ​បាន​បង់​លុយ ហើយ​យើង​អ្នក​អត់​លុយ យើង​អត់​មាន​លុយ​បង់​ដូច​គេ»

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​មាន​ប្រសាសន៍​ថា លោក​ទទួល​ស្គាល់​ថា គ្រូបង្រៀន​មួយ​ចំនួន​នៅ​ក្នុង​សង្គម​ខ្មែរ​សព្វថ្ងៃ​កំពុងតែ​បង្រៀន​ដល់​ កុមារ និង​យុវវ័យ ឲ្យ​ចេះ​មេរៀន​ផ្ដល់​សំណូក​ដោយ​មិន​ដឹង​ខ្លួន ដែល​បញ្ហា​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ជាតិ​ខ្មែរ​ប្រឈម​មុខ​ទៅ​នឹង​គ្រោះថ្នាក់​ នៅ​ក្នុង​វិស័យ​សិក្សា​អប់រំ។

លោក​បាន​បន្ត​ថា វិធី​លុបបំបាត់​វប្បធម៌​សូក​ប៉ាន់​លុយ​គ្រូ​នេះ គឺ​លោក​ធ្លាប់​បាន​លើក​ឡើង​ជា​ញឹកញយ​ហើយ គឺ​រាជរដ្ឋាភិបាល​ធ្វើ​យ៉ាង​ណា​ជួយ​ដំឡើង​ប្រាក់​បៀវត្សរ៍​គ្រូបង្រៀន​ឲ្យ​ បាន​សមស្រប​ទៅ​នឹង​ទំនិញ​ទីផ្សារ ពីព្រោះ​ប្រាក់​ខែ​គ្រូ​សព្វថ្ងៃ​នេះ​មិន​អាច​ផ្គត់ផ្គង់​ជីវភាព​បាន ទើប​នាំ​ឲ្យ​មាន​គំនិត​ឲ្យ​សិស្ស​ផ្ដល់​ប្រាក់​សំណូក។

លោក រ៉ុង ឈុន៖ «គាត់​បាន​បៀវត្សរ៍​កម្រិត​បឋម​គិត​ជា​មធ្យម ៥០​ដុល្លារ (២០​ម៉ឺន​រៀល) ហើយ​នៅ​អនុវិទ្យាល័យ​គិត​ជា​មធ្យម ៣០​ម៉ឺន​រៀល ហើយ​នៅ​វិទ្យាល័យ​គិត​ជា​មធ្យម​ប្រមាណ​ជា ៤០​ម៉ឺន​អី​ហ្នឹង។ គាត់​អត់​អាច​រស់​បាន​ទេ គាត់​រស់​បាន​ក្នុង​អំឡុង​តែ​ពេល ១០​ថ្ងៃ​ប៉ុណ្ណឹង​ទេ បើ​យើង​គិត​តែ​បៀវត្សរ៍​របស់​គាត់»

លោក​បាន​បន្ត​ថា បើ​រាជរដ្ឋាភិបាល​នៅ​តែ​ព្រងើយ​កន្តើយ​មិន​រូតរះ​ជួយ​ដោះស្រាយ​បញ្ហា​ ប្រាក់បៀវត្សរ៍​គ្រូបង្រៀន​អាច​ចិញ្ចឹម​ជីវិត​បាន​ទេ នោះ​ការ​ទទួល​សំណូក​សូក​ប៉ាន់​របស់​គ្រូ និង​ការ​ផ្ដល់​សំណូក​ពី​សិស្សានុសិស្ស កុមារា​កុមារី យុវជន​យុវតី ក៏​មិន​អាច​លុបបំបាត់​បាន​ឡើយ ហើយ​រឹង​រឹតតែ​ចាក់​ឫស​ជ្រៅ​ទៅ​ក្នុង​សន្ដាន​ចិត្ត​របស់​គេ​ក្នុង​ការ​ ប្រព្រឹត្ត​អំពើ​ពុករលួយ​នេះ៕

No comments: