2011-12-01
RFA
ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៦៤ ក្នុងចំណោមប្រទេស១៨៣ ទាក់ទងទៅនឹងអំពើពុករលួយដែលមានពិន្ទុ ២.១ ក្នុងពិន្ទុសរុប ១០ពិន្ទុ នៅឆ្នាំ២០១១។ នេះបើតាមការវាយតម្លៃរបស់អង្គការតម្លាភាពអន្តរជាតិ (Transparency International)។
របាយការណ៍នេះត្រូវបានគេចែកផ្សាយស្របគ្នា ថ្ងៃទី១ ធ្នូ នៅទូទាំងប្រទេសចំនួន ១៨៣ ដែលបានធ្វើការស្រាវជ្រាវដោយក្រុមបច្ចេកទេសនៃអង្គការតម្លាភាព អន្តរជាតិទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ដែលបានប្រមូលព័ត៌មានពីប្រជាពលរដ្ឋ និងអ្នកជំនាញខាងវិភាគ ទាក់ទងអភិបាលកិច្ច និងអំពើពុករលួយ។
ក្នុងចំណោមប្រទេស ១៨៣ ទាក់ទងទៅនឹងអំពើពុករលួយនោះ ប្រទេសនូវែលហ្សេឡង់ (New Zealand) បានជាប់ចំណាត់ថ្នាក់លេខមួយ ដែលមានភាពស្អាតស្អំ គឺបានពិន្ទុ ៩.៥ លើពិន្ទុសរុបចំនួន១០។ ប្រទេសកម្ពុជា បានពិន្ទុ ២.១ ប្រទេសថៃ បានពិន្ទុ ៣.៤ វៀតណាម ២.៩ និងប្រទេសដែលមានស្ថានភាពអំពើពុករលួយអាក្រក់ជាងគេបំផុតនោះ គឺប្រទេសកូរ៉េខាងជើង បានពិន្ទុ ១។
នៅក្នុងសន្និសីទកាសែតស្ដីពីសន្ទស្សន៍នៃការយល់ឃើញពីអំពើ ពុករលួយឆ្នាំ២០១១ ថ្ងៃទី១ ធ្នូ នៅរាជធានីភ្នំពេញ អ្នកតំណាងអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានមានប្រសាសន៍ថា អំពើពុករលួយដែលកើតខ្លាំងជាងគេ គឺនៅស្ថាប័នតុលាការ ជាប់ចំណាត់ថ្នាក់លេខ១។ ក្រៅពីនោះអំពើពុករលួយនៅមាននៅស្ថាប័នប៉ូលិសនគរបាល និងវិស័យសាធារណៈផ្សេងៗទៀត។
លោក ព្រាប កុល៖ «ការសិក្សាស្ទាបស្ទង់មតិ ហើយប្រជាពលរដ្ឋគាត់ឲ្យពិន្ទុ គឺថា ស្ថាប័នហ្នឹងហើយដែលមានកម្រិតអំពើពុករលួយច្រើនជាងគេ។ មូលហេតុវាមានច្រើន ព្រោះអីយើងទាំងអស់គ្នា យើងមិនចាំបាច់គិតច្រើន យើងនិយាយថា តុលាការ កាត់ក្ដីរកយុត្តិធម៌ យុត្តិធម៌ជារឿងអ្វីដែលប្រជាពលរដ្ឋចង់បានរាល់ថ្ងៃនោះ មានយុត្តិធម៌ដោយមិនមានការលាយឡំជាមួយលុយកាក់សូកប៉ាន់។ ចៅក្រម និងមេធាវីហ្នឹង ហើយអ្នកក្រីក្រនោះ ធ្លាប់ឈ្នះក្ដីប៉ុន្មានករណីហើយ ទោះបីគាត់ត្រូវក៏ដោយ យើងមើលទាំងអស់ហ្នឹងវាជាចំណែកមួយដែលយើងវិភាគថា ហេតុអីបានជាប្រជាពលរដ្ឋយល់ឃើញអ៊ីចឹង»។
ប៉ុន្តែរបាយការណ៍នេះ ត្រូវបានមន្ត្រីយុត្តិធម៌ថ្លែងបដិសេធ។
ឆ្លើយតបទៅរបាយការណ៍ដែលថា បញ្ហាអំពើពុករលួយបានកើតមាននៅស្ថាប័នតុលាការច្រើនជាងគេនោះ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក កែ សាខន បានរិះគន់ថា លោកមិនឯកភាពជាមួយរបាយការណ៍នេះទេ ពីព្រោះការចោទប្រកាន់នេះពុំមានភស្តុតាងបញ្ជាក់ច្បាស់លាស់។ លោកថា ប្រព័ន្ធយុត្តិធម៌កម្ពុជា បច្ចុប្បន្នកំពុងមានការកែទម្រង់ ស្របពេលដែលកម្ពុជា មានអង្គភាពប្រឆាំងអំពើពុករលួយ។
លោក កែ សាខន៖ ការលើកឡើងរបស់គេវាចឹងហើយ ប៉ុន្តែទន្ទឹមនឹងវាអត់មានអ្វីគួរឲ្យកត់សម្គាល់។
អ្នកស្រី ខែ សុណង៖ មានប្រព្រឹត្តដែរប៉ុន្តែយើងអត់ចាប់បាន ឬយ៉ាងម៉េចលោក?
លោក កែ សាខន៖ ទេអារឿងប្រព្រឹត្តៗ ខ្ញុំមិនហ៊ានសន្និដ្ឋានទេ វាអត់មានភស្តុតាងអ្វីគ្រប់គ្រាន់ គេចេះតែថា ចេះតែចោទ ចេះតែលើកប្រយោលៗ។
លោក ព្រាប កុល បានបញ្ជាក់ថា ប្រភពវាយតម្លៃនៃកម្ពុជា ជាប់ចំណាត់ថ្នាក់ក្នុងរឿងពុករលួយនេះ មានប្រភពចំនួន ១០ ដោយក្នុងនោះ មានដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក បានលើកឡើងពីតម្រូវការឲ្យធ្វើលទ្ធកម្មនៃការដេញថ្លៃ ប្រព័ន្ធគ្រប់គ្រងធនធានសាធារណៈ និងហានិភ័យ ដែលនាំឲ្យមានអំពើពុករលួយ។
របាយការណ៍ដដែលបានបញ្ជាក់ថា នៅឆ្នាំ២០១០ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១៥៤ ទាក់ទងទៅនឹងអំពើពុករលួយ។ របាយការណ៍នេះ បានចេញផ្សាយតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនការប្រារព្ធទិវាពិភពលោកប្រឆាំងអំពើពុករលួយនៅថ្ងៃទី៩ ខែធ្នូ៕
No comments:
Post a Comment