Friday, December 2, 2011

លោក នួន ជា ថា​វៀតណាម​នៅតែ​គ្រប់គ្រង​ប្រទេស​កម្ពុជា

ដោយ កែវ និមល
2011-12-01
RFA

លោក នួន ជា អតីត​អនុ​ប្រធាន​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​ជា​អតីត​ប្រធាន​រដ្ឋ​សភា​កម្ពុជា​ប្រជាធិបតេយ្យ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​២២ វិច្ឆិកា ក្នុង​សារណា​ការពារ​ខ្លួន​នៅ​សាលាក្ដី​ខ្មែរ​ក្រហម​ថា ប្រទេស​កម្ពុជា​មាន​បញ្ហា​ដោយសារ​វៀតណាម​មាន​មហិច្ឆតា​លេប​យក​ប្រទេស​ កម្ពុជា។

ថ្លែង​នៅ​ក្នុង​សវនាការ​នៃ​តុលាការ​​ខ្មែរ​ក្រហម​នៅ​ពេល​ថ្មីៗនេះ លោក នួន ជា បាន​បង្ហើប​ថា វៀតណាម​មាន​បំណង​ត្រួតត្រា​ប្រទេស​កម្ពុជា​ជា​យូរ​មក​ហើយ។ ការ​ចង់​ត្រួតត្រា​ប្រទេស​កម្ពុជា​របស់​អ្នក​ដឹក​នាំ​វៀតណាម​នេះ មាន​តាំង​ពី​បក្ស​កុម្មុយនិស្ត​កម្ពុជា​ទើប​តែ​កើត​មាន រហូត​ដល់​បក្ស​កុម្មុយនិស្ត​កម្ពុជា​បាន​ទទួល​ជ័យ​ជម្នះ​ត្រួតត្រា​ប្រទេស និង​ចុង​ក្រោយ​រលាយ​ទៅ​វិញ។

ក្នុង​សម័យ​តស៊ូ​បដិវត្តន៍ បក្ស​កុម្មុយនិស្ត​វៀតណាម​មាន​បង្កប់​មនុស្ស​របស់​គេ​នៅ​គ្រប់​កន្លែង​នៅ​ ប្រទេស​កម្ពុជា ហើយ​បាន​បណ្ដុះ​បណ្ដាល​ជន​កម្ពុជា​មួយ​ចំនួន​ឲ្យ​ស្រឡាញ់​គោរព​វៀតណាម និង​បម្រើ​ផល​ប្រយោជន៍​របស់​ប្រទេស​វៀតណាម។

លោក នួន ជា បាន​លើក​ឡើង​ថា អ្នក​ដឹក​នាំ​ប្រទេស​វៀតណាម មាន​មូលហេតុ​ជា​ច្រើន​ក្នុង​ការ​ចង់​កាន់​កាប់​គ្រប់គ្រង​ប្រទេស​កម្ពុជា និង​ឡាវ នៅ​ក្នុង​សហព័ន្ធ​ឥណ្ឌូចិន។

ជា​បន្ត​មក​ទៀត​ក្នុង​ពេល​ប្រយុទ្ធ​ដណ្ដើម​កាន់​កាប់​ក្រុង​ភ្នំពេញ ក្នុង​ឆ្នាំ​១៩៧៥ ពី​របប​លោក​សេនា​ប្រមុខ លន់ នល់ លោក នួន ជា បាន​រៀបរាប់​ថា អ្នក​ដឹក​នាំ​វៀតណាម បាន​និយាយ​ចំអក​ឲ្យ​អ្នក​ដឹក​នាំ​បក្ស​កុម្មុយនិស្ត​កម្ពុជា ថា​មិន​មាន​សមត្ថភាព​ក្នុង​ការ​វាយ​យក​ក្រុង​ភ្នំពេញ និង​ត្រូវ​តែ​មាន​ចំណង​មិត្តភាព​ជា​មួយ​វៀតណាម និង​ចូល​រួម​ក្នុង​សហព័ន្ធ​ឥណ្ឌូចិន ដែល​មាន​ប្រទេស​វៀតណាម​ជា​អ្នក​ដឹក​នាំ។

ក្រោយ​ពេល​បក្ស​កុម្មុយនិស្ត​កម្ពុជា​បាន​គ្រប់គ្រង​ប្រទេស​ក្នុង​ខែ​ មេសា ឆ្នាំ​១៩៧៥ បង្កើត​របប​កម្ពុជា​ប្រជាធិបតេយ្យ។ លោក នួន ជា បាន​ឲ្យ​ដឹង​ថា មាន​ការ​ចរចា​តឹងតែង​ជា​មួយ​វៀតណាម លើ​បញ្ហា​ព្រំដែន និង​បញ្ហា​ជា​ច្រើន​ទៀត។ តែ​អ្នក​ដឹក​នាំ​វៀតណាម មិន​បាន​ទទួល​យល់​ព្រម​តាម​ការ​លើក​ឡើង​របស់​អ្នក​ដឹក​នាំ​របប​កម្ពុជា​ ប្រជាធិបតេយ្យ​ឡើយ។

តាម​លោក នួន ជា អនុ​ប្រធាន​បក្ស​កុម្មុយនិស្ត​កម្ពុជា លោក​បាន​ឲ្យ​ដឹង​ថា ក្រោយ​ឆ្នាំ​១៩៧៥ អ្នក​ដឹក​នាំ​វៀតណាម​បាន​បង្ក​បញ្ហា​ជា​ច្រើន​ជា​មួយ​របប​កម្ពុជា​ ប្រជាធិបតេយ្យ ដោយ​មាន​ការ​វាយ​ប្រយុទ្ធ​រវាង​កង​ទ័ព​ប្រទេស​ទាំង​២ តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ និង​មាន​ការ​លូក​ដៃ​របស់​វៀតណាម​ក្នុង​ការ​ធ្វើ​រដ្ឋ​ប្រហារ​ផ្ដួល​រំលំ​របប ​កម្ពុជា​ប្រជាធិបតេយ្យ​ទៀត​ផង តែ​លោក​មិន​បាន​បញ្ជាក់​អំពី​ពេល​វេលា​ច្បាស់​លាស់​ទេ។

លោក នួន ជា បាន​លើក​ឡើង​ថា វៀតណាម​ក្រៅ​ពី​បង្កប់​មនុស្ស​របស់​ខ្លួន​នៅ​ក្នុង​បក្ស ក្នុង​ជួរ​កម្មាភិបាល​គ្រប់​ជាន់​ថ្នាក់​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ អ្នក​ដឹក​នាំ​វៀតណាម​បាន​បង្កប់​មនុស្ស​របស់​គេ​នៅ​ក្នុង​កង​ទ័ព ហើយ​ជំរុញ​ឲ្យ​អសកម្ម​ក្នុង​ការ​ប្រយុទ្ធ និង​មាន​ការ​រត់​ចោល​ជួរ​ចេញ​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ។

មក​ទល់​បច្ចុប្បន្ន លោក នួន ជា បាន​អះអាង​ថា អ្នក​ដឹក​នាំ​ប្រទេស​វៀតណាម នៅ​តែ​តាម​ដាន​គ្រប់គ្រង​ប្រទេស​តាម​រយៈ​សមាគម​អាណិកជន​វៀតណាម​នៅ​កម្ពុជា​ ទៀត​ផង។

ការ​លើក​ឡើង​របស់​លោក នួន ជា ជា​សាធារណៈ​បាន​បង្ហាញ​នូវ​ហេតុ​ការណ៍​មួយ​ចំនួន​ដែល​កើត​ឡើង​នៅ​ក្នុង​របប​ កម្ពុជា​ប្រជាធិបតេយ្យ និង​បំពេញ​ចន្លោះ​ប្រហោង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​អំពី​ហេតុ​ការណ៍​ទាំង​អស់​ នោះ។ ជា​មួយ​នោះ​ដែរ លោក នួន ជា ចង់​បង្ហាញ​ថា វិបត្តិ​កើត​មាន​នៅ​ប្រទេស​កម្ពុជា​ដោយ​សារ​ប្រទេស​វៀតណាម។ បញ្ហា​ទាំង​នោះ​រួម​ទាំង​ការ​សម្លាប់​រង្គាល​ប្រជា​ពល​រដ្ឋ​ខ្មែរ​ក្នុង​របប ​កម្ពុជា​ប្រជាធិបតេយ្យ​ផង​ដែរ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ​បាន​មាន​ប្រសាសន៍​ថា លោក​បាន​យល់​ដឹង​ថែម​ទៀត​តាម​រយៈ​ការ​លើក​ឡើង​នោះ។ លោក​បាន​មាន​ប្រសាសន៍​ថា បើ​សិន​ជា​ការ​លើក​ឡើង​នោះ​ជា​ការ​ពិត វា​ជា​មេ​រៀន​ឲ្យ​អ្នក​ដឹក​នាំ​កម្ពុជា មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្វី​ដែល​កើត​ឡើង​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ក្នុង​ពេល​កន្លង​មក។

ចំពោះ​បញ្ហា​សមាគម​អាណិកជន​វៀតណាម​នៅ​កម្ពុជា លោក បណ្ឌិត ឡៅ ម៉ុងហៃ បាន​មាន​ប្រសាសន៍​ថា វា​ពិត​ជា​មាន​ការ​ទាក់ទង​រវាង​សមាគម​នោះ​ជា​មួយ​បក្ស​កុម្មុយនិស្ត​វៀតណាម។ តែ​ត្រង់​ថា ទំនាក់​ទំនង​កម្រិត​ណា​នោះ លោក​មិន​បាន​ដឹង​ជាក់​លាក់​ទេ។

ចំពោះ លោក ឡាត់ គី ដែល​ជា​អ្នក​តាម​ដាន​សាលាក្ដី​ខ្មែរ​ក្រហម​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស ​ឈ្មោះ​អាដហុក (Adhoc)។ លោក​បាន​មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​លោក នួន ជា ទាក់​ទង​ជា​មួយ​ប្រទេស​វៀតណាម និង​អ្នក​ដឹក​នាំ​វៀតណាម​នោះ គ្រាន់​តែ​ជា​លេស​ដើម្បី​គេច​ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ​ក្នុង​នាម​គាត់​ជា​ អតីត​អ្នក​ដឹក​នាំ​ជាន់​ខ្ពស់​ក្នុង​របប​ខ្មែរ​ក្រហម​ប៉ុណ្ណោះ។

លោក ឡាត់ គី បាន​ទទួល​ស្គាល់​ថា ការ​លើក​ឡើង​នោះ​មាន​ការ​ពិត​ខ្លះ​ទាក់​ទង​បញ្ហា​សមាគម​អាណិកជន​វៀតណាម​នៅ​ កម្ពុជា។ តែ​លោក​មិន​ជឿ​ថា គ្រប់​ការ​ប៉ុនប៉ង​របស់​បក្ស​កុម្មុយនិស្ត​វៀតណាម សុទ្ធ​តែ​បាន​ទទួល​ជោគជ័យ​នោះ​ទេ។

លោក ឡៅ ម៉ុងហៃ មិន​បាន​ឯកភាព​ចំពោះ​មតិ​លើក​ឡើង​ថា ការ​លើក​ឡើង​របស់​លោក នួន ជា ជា​ការ​គេច​ការ​ទទួល​ខុស​ត្រូវ​នោះ​ទេ។

មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ និង​មន្ត្រី​ស្ថាន​ទូត​វៀតណាម​នៅ​កម្ពុជា មិន​អាច​ទាក់​ទង​សុំ​មតិ​អត្ថាធិប្បាយ​ទាក់​ទង​ការ​លើក​ឡើង​របស់​លោក នួន ជា នោះ​បាន​ទេ។

ការ​លើក​ឡើង​របស់​លោក នួន ជា នោះ នៅ​ក្នុង​ពេល​គាត់​ថ្លែង​ការ​ពារ​ខ្លួន​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​២២ វិច្ឆិកា កន្លង​ទៅ។ លោក នួន ជា បាន​សន្យា​ថា គាត់​នឹង​ឆ្លើយ​បំភ្លឺ​ថែម​ទៀត​នៅ​ពេល​ណា​សហ​ព្រះ​រាជ​អាជ្ញា​សាលាក្ដី​ ខ្មែរ​ក្រហម​ចោទ​សួរ​គាត់​បន្ថែម​នៅ​ពេល​ខាង​មុខ។ លោក នួន ជា ជា​ជន​ជាប់​ចោទ​មួយ​រូប​ក្នុង​ចំណោម​ជន​ជាប់​ចោទ​មេ​ខ្មែរ​ក្រហម ៤​រូប ក្នុង​សំណុំ​រឿង​០០២ ក្នុង​ការ​ទទួល​ខុស​ត្រូវ​ក្នុង​របរ​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត កាន់​អំណាច​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជិត ២​លាន​ស្លាប់៕

No comments: