ថ្ងៃទី 8 មីនា 2012
ដោយ: មុន្នីរ័ត្ន
CEN
ភ្នំពេញ: ប្រជាពលរដ្ឋសហគមន៍បឹងកក់ បុរីកីឡា អតីតប្រជាពលរដ្ឋបឹងកក់ និងសហគមន៍៣៤៧ ប្រមាណជិត ៣០០នាក់ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១២ ដែលជាទិវាសិទ្ធិនារីអន្តរជាតិខួប ១០១ឆ្នាំ បានធ្វើការប្រមូលផ្តុំគ្នានៅក្នុងបឹងកក់ រួចនាំគ្នាដើរហែក្បួនចេញមកតាមមហាវិថីមុនីវង្ស កាត់មុខសាលារាជធានីភ្នំពេញ រួចបត់ទៅតាមសាកលវិទ្យាល័យជាតិគ្រប់គ្រង កាត់មុខស្ថានទូតសហរដ្ឋអាមេរិក និងមានបំណងហែតាមមហាវិថីនរោត្តម ឆ្ពោះទៅកាន់វិមានឯករាជ្យ ប៉ុន្តែត្រូវបានកម្លាំងអាជ្ញាធរ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌដូនពេញ ធ្វើការរារាំងមិនឲ្យហែនោះទេ ពីព្រោះខ្លាចប្រជាពលរដ្ឋហែទៅកាន់ភូមិគ្រឹះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរវិមានឯករាជ្យ ទើបធ្វើឲ្យមានការប៉ះទង្គិចពាក្យសម្តីគ្នារវាងប្រជាពលរដ្ឋ និងអាជ្ញាធរ ប៉ុន្តែមិនមានការប្រើអំពើហិង្សាដាក់គ្នានោះទេ។
បន្ទាប់ពីអាជ្ញាធរហាមឃាត់មិនឲ្យហែរក្បួនតាមមហាវិថីនរោត្តម ប្រជាពលរដ្ឋបានបង្វែរទិសដៅហែតាមវត្តភ្នំ រួចបត់តាមបណ្តោយផ្លូវ២៤៧ ឆ្ពោះទៅកាន់គល់ស្ពានជ្រោយចង្វារ កាត់ស្ថានទូតអង់គ្លេស រួចបត់ទៅប្រមូលផ្តុំនៅស្ថានទូតបារាំងមួយសន្ទុះ ទើបបន្តដំណើរទៅផ្លូវទំនប់ទួលគោក រួចបត់ចូលក្នុងតំបន់បឹងកក់វិញ។
ការហែរក្បួនរបស់ប្រជាពលរដ្ឋ គឺមានការកាន់ទង់ជាតិប្រទេសកម្ពុជា ទង់សាសនា និងផ្ទាំងរូបភាពដែលអាជ្ញាធរវាយបង្ក្រាបទៅលើស្ត្រីនៅតំបន់បឹងកក់ នៅក្នុងការតវ៉ាទាមទារឲ្យមានដំណោះស្រាយដីធ្លីជាមួយក្រុមហ៊ុន ស៊ូកា គូអ៊ីន នាពេលកន្លងមក និងមានផ្ទាំងបដាទាមទារឲ្យបញ្ឈប់ការប្រើអំពើហិង្សាលើស្ត្រី ការសុំឲ្យសម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវ ជួយអន្តរាគមន៍ដល់ពួកគាត់ និងទាមទារឲ្យក្រុមហ៊ុនផានអ៊ីម៉ិច សាងសង់អគារឲ្យបានគ្រប់ចំនួន ១០អគារ រួមទាំងពាក្យស្លោកមួយចំនួនផ្សេងទៀត ហើយក៏ស្រែកទាមទារឲ្យមានការគោរពស្ត្រីផងដែរ។
អ្នកស្រី ទេព វន្នី បាននិយាយឲ្យដឹងថា នៅថ្ងៃទី៨មីនា គឺទិវានារីអន្តរជាតិខួបលើកទី១០១ ពួកគាត់ជាស្ត្រីបឹងកក់ ក៏ដូចជាស្ត្រីនៅសហគមន៍បុរីកីឡា សហគមន៍៣៤៧ និងអតីតអ្នកបឹងកក់ដែលចាកចេញ បានប្រារព្ធពិធីនេះឡើង ដើម្បីទាមទារឲ្យមានការគោរពសិទ្ធិស្ត្រី ពីព្រោះកន្លងមក ជាក់ស្តែងនៅសហគមន៍បឹងកក់ ស្ត្រីមិនមានការគោរពសិទ្ធិពីស្ថាប័នណាមួយទេ ត្រូវបានកងកម្លាំងប្រដាប់អាវុធយកដំណោះស្រាយការប្រើអំពើហិង្សាមក ធ្វើបាបប្រជាពលរដ្ឋ និងយកប្រព័ន្ធតុលាការមកគាបសង្កត់លើស្ត្រីទៀត រហូតមិនឲ្យបញ្ចេញមតិតវ៉ាការពារផ្ទះ និងសិទ្ធិរស់នៅ ត្រង់នេះហើយដែលជាការគាបសង្កត់មួយយ៉ាងធ្ងន់ធ្ងរ សម្រាប់ពួកគាត់ជាស្ត្រីភេទ មិនអាចទទួលយកបានទេ។
អ្នកស្រី វន្នី បានបន្តថា “បញ្ឈប់ការប្រើអំពើហិង្សាគ្រប់រូបភាពមកលើស្ត្រី ពីព្រោះការប្រើអំពើហិង្សាវាធ្វើឲ្យយើងឈឺចាប់ ប៉ះពាល់នឹងអារម្មណ៍ផ្លូវចិត្តផងដែរ ហើយមិនចង់ឲ្យមានការប្រើអំពើហិង្សាលើស្ត្រីដទៃទៀត នៅតាមសហគមន៍ផ្សេងចាប់ពីថ្ងៃនេះតទៅ ហើយក៏សូមអំពាវនាវទៅដល់លោកជំទាវបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាស្ត្រីដ៏ឆ្នើមនៅក្នុងព្រះរាជាណាចក្រកម្ពុជា សុំឲ្យគាត់អន្តរាគមន៍ជាបន្ទាន់ ទៅមន្ត្រីដែលពុករលួយមួយក្តាប់តូច ប្រើប្រាស់កងកម្លាំងប្រដាប់អាវុធខុសច្បាប់ ខុសតួនាទី ប្រព្រឹត្តអំពើពុលរលួយចង់បានដីប្រជាពលរដ្ឋ ប្រើអំពើហិង្សាមកលើស្ត្រីស្លូតត្រង់តស៊ូមតិដោយអហិង្សា និងសុំឲ្យបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការសម្រាប់ជាខ្នងបង្អែក មន្ត្រីពុករលួយ”។
ចំណែកលោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ នៃអង្គការលីកាដូ ដែលបានតាមឃ្លាំមើលសកម្មភាពប្រជាពលរដ្ឋ បានឲ្យដឹងថា ការដើរហែក្បួនរបស់ប្រជាពលរដ្ឋដែលជាស្ត្រីនៅថ្ងៃទី៨ ខែមីនា គឺជាសារចាប់ផ្តើមផ្ញើទៅរាជរដ្ឋាភិបាល។ ជាពិសេសនៅឆ្នាំនេះ ប្រទេសកម្ពុជាយើងធ្វើជាប្រធានអាស៊ាន ហើយនេះគឺជាសារដ៏សំខាន់ណាស់ សម្រាប់ផ្ញើទៅសហគមន៍អន្តរជាតិ ក៏ដូចជារដ្ឋាភិបាលដែរ ឲ្យបានដឹងថា ស្ត្រីនៅកម្ពុជាចាប់ផ្តើមយល់ដឹងច្រើនពីសិទ្ធិសេរីភាព ក៏ដូចជាសិទ្ធិអំណាចរបស់ពួកគាត់។
លោក អំ សំអាត បានបន្តថា “នេះគឺជាសារមួយនៅក្នុងការទាមទារងើបឡើង ហើយដើម្បីចាកផុតពីអំពើហិង្សាទាំងឡាយទៅលើស្ត្រី ជាពិសេសទាក់ទងទៅនឹងការបណ្តេញចេញ អំពើហិង្សា ឬក៏ការបៀតបៀន ឬក៏ការរំលោភសេពសន្ថវៈ ទៅលើស្ត្រីទាំងឡាយនៅក្នុងប្រទេសកម្ពុជាយើងនេះ ហើយនេះក៏ជាជំហានកម្លាំងចិត្តស្ត្រីដ៏មោះមុត ដែលចាប់ផ្តើមចេញពីទឹកចិត្តដ៏ក្លាហានរបស់ពួកគាត់ ដើម្បីទាមទារ និងផ្ញើសារទៅដល់រាជរដ្ឋាភិបាល ឲ្យមានការលើកស្ទួយ និងការគោរពនូវសិទ្ធិស្ត្រីថែមទៀត”។
សូមជម្រាបថា ការដើរហែក្បួនរបស់ក្រុមស្ត្រីនៅបឹងកក់ និងបុរីកីឡា អតីតប្រជាពលរដ្ឋបឹងកក់ និងសហគមន៍៣៤៧ នាព្រឹកមិញនេះ គឺមានការតាមឃ្លាំមើលពីសំណាក់មន្ត្រីអង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាល ហើយក៏មានការតាមឃ្លាំមើលពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចផងដែរ ទាំងស៊ីវិល ទាំងឯកសណ្ឋាន៕
No comments:
Post a Comment