Boeung Kak Lake protest: a resident arrested by the cops on 21 April 2011 (Photo: RFA) |
Borei Keila protest: A protesting resident took off her shirt to protest against police violence on peaceful protesters on 01 February 2012 (Photo: Reuters) |
Borei Keila protest: Arrest of mother and her children (Photo: The Phnom Penh Post) |
ដោយ ទីន ហ្សាការីយ៉ា
2012-03-28
Radio Free Asia
ទាក់ទងនឹងបញ្ហានេះ ក្រុមអ្នកធ្វើការទាក់ទងនឹងស្ត្រី បាន ជំរុញឲ្យស្ត្រីចូលរួមនៅក្នុងការងារសង្គមឲ្យបានកាន់តែច្រើនទៀត ពិសេសស្ត្រីត្រូវកសាងទំនុកចិត្តរបស់ខ្លួន និងត្រូវមានជំនឿថា អ្វីដែលខ្លួនកំពុងធ្វើមានសារសំខាន់សម្រាប់ខ្លួនឯង និងសម្រាប់ប្រទេសជាតិ
សាធារណជនសង្កេតឃើញថា ក្នុងរយៈពេលចុងក្រោយនេះ
ស្ត្រីមួយចំនួនហ៊ានចេញមុខតស៊ូមតិខ្លាំងក្លា
ដើម្បីទាមទារសិទ្ធិសេរីភាព
និងសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ពីអាជ្ញាធរមូលដ្ឋាន
ឬពីរដ្ឋាភិបាល ទោះបីជាប្រឈមនឹងបញ្ហាចាប់ខ្លួនក្ដី
ក៏ពួកគាត់មិនរុញរាដែរ។
ការចេញមុខតវ៉ារបស់ស្ត្រីមួយចំនួនអំពីបញ្ហាជម្លោះដីធ្លីនៅ
កម្ពុជា នាពេលបច្ចុប្បន្នជាសក្ខីកម្មមួយបង្ហាញឲ្យឃើញពីសេចក្ដីក្លាហានរបស់ស្ត្រី ក្នុងការបញ្ចេញមតិ និងការទាមទារសិទ្ធិរបស់ខ្លួនក្នុងការស្វែងរកយុត្តិធម៌ក្នុងសង្គម។
ទាក់ទងទៅនឹងបញ្ហានេះ ក្រុមអ្នកវិភាគបានលើកហេតុផលថា ប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុង បរិបថធ្វើឲ្យស្ត្រីទទួលរងនូវផលប៉ះពាល់ខ្លាំងជាងបុរស ដោយសារការបណ្ដេញចេញពីលំនៅឋាន ដូចជានៅសហគមន៍បឹងកក់ និងសហគមន៍បុរីកីឡា និងសហគមន៍ផ្សេងៗទៀត។
នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា អ្នកស្រី រស់ សុភាព
មានប្រសាសន៍ថា ប្រជាពលរដ្ឋគ្រប់រួបមានសិទ្ធិមានជម្រករស់នៅ
ពិសេសស្ត្រីមានតួនាទីសំខាន់ក្នុងការថែទាំផ្ទះសម្បែងរស់នៅ
និងថែបីបាច់កូនចៅរបស់គាត់ ដូច្នេះការបណ្ដេញចេញពីលំនៅឋាន
ស្ត្រីទទួលរងនូវផលប៉ះពាល់ខ្លាំង
ពីព្រោះទីជម្រកដែលតម្រូវការចាំបាច់របស់ពួកគាត់បានបាត់បង់ទៅវិញ។
អ្នកស្រី រស់ សុភាព៖ «មានគ្រោះថ្នាក់ដល់ខ្លួនគាត់
និងកូនគាត់ទៀត បើសិនជាគាត់ទីលំនៅ។
តើអ្នកណាជាអាចការពារសុវត្ថិភាពរបស់គាត់បាន?
អ៊ីចឹងហើយបានជាគាត់ងើបបះបោរធ្វើការតវ៉ា
ខ្ញុំមានការតក់ស្លុតមែនទែន កាលពីពេលថ្មីៗនេះ ពួកគាត់
ស្ត្រីរហូតទៅដល់ដោះអាវចេញ»។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ
ដោយសារតែមានការបណ្ដេញចេញដោយបង្ខំពីលំនៅឋាន
ពីសំណាក់ក្រុមហ៊ុនឯកជនមួយចំនួន ដូចជាក្រុមហ៊ុន ផានអ៊ីម៉ិច (Phanimex) នៅបុរីកីឡា និងក្រុមហ៊ុនស៊ូកាគូ (Shukaku)
អភិវឌ្ឍន៍តំបន់បឹងកក់ធ្វើជាទីក្រុងរណប
ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារនោះហើយ
ដែលជាដើមចមធ្វើឲ្យស្ត្រីមានកំហឹងឈឺចាប់
ហ៊ានងើបប្រឈមនឹងបញ្ហាសព្វបែបយ៉ាងនៅក្នុងការតស៊ូទាមទាររក
ដំណោះស្រាយពីរដ្ឋាភិបាល។
ស្ត្រីរងគ្រោះនៅបុរីកីឡា ឈ្មោះ ឆាយ គីមហ៊ន បានរៀបរាប់ថា
ហេតុផលសំខាន់ដែលពួកគាត់បានចេញមុខតវ៉ាទាមទារផ្ទះសម្បែងនេះ
ពីព្រោះថា ទីជម្រកដែលគាត់ស្នាក់នៅពីមុនដែលធ្លាប់មានភាព
សុខសាន្តក្នុងគ្រួសារនោះ ឥឡូវត្រូវបានបាត់បង់ទៅវិញក្នុងមួយរំពេច
ហើយកូនៗរបស់គាត់រស់នៅរប៉ាត់រប៉ាយគ្មានទីកន្លែងស្នាក់នៅពិតប្រាកដ។
លោកស្រី ឆាយ គីមហ៊ន៖ «ពិបាកខ្លាំងណាស់! ទី១ ផ្ញើកូននឹងគេ
ដើម្បីចេញទៅតស៊ូមតិ ដើម្បីផ្ទះសម្បែង ដើម្បីអនាគតកូន
ណាមួយគ្មានទីជម្រក
ដូចកូនខ្ញុំផ្ទាល់ពីមុនគាត់ធ្លាប់រៀនជាប់លេខ១ លេខ៣
តែឥឡូវគាត់រៀនធ្លាក់ជាងមុន
ព្រោះខ្ញុំគ្មានពេលវេលាសម្រាប់មើលគាត់»។
ទាំងអ្នករងគ្រោះដោយសារការបណ្ដេញចេញពីលំនៅឋាន
និងក្រុមអ្នកវិភាគបានលើកឡើងថា
បញ្ហាដែលបុរសជាស្វាមីមិនចេញមុខតវ៉ាទាមទាររកដំណោះស្រាយពី
អាជ្ញាធរ ក្នុងករណីបណ្ដេញ ចេញពីលំនៅឋាននេះ ពីព្រោះថា បុរស
ជាមេគ្រួសារត្រូវទៅធ្វើការរកលុយ និងជៀសវាងអំពើហិង្សា
ឬការចាប់ខ្លួនពីអាជ្ញាធរ ដោយហេតុថា ក្រុមបុរសចេញហែក្បួនតវ៉ានោះ
ពួកគាត់ងាយនឹងគេចាប់ខ្លួនជាងស្ត្រី។ ផ្ទុយទៅវិញក្រុមស្ត្រីអាចមានការអាណិតអាសូរពីមជ្ឈដ្ឋានទូទៅជាងបុរស ជាពិសេសនៅពេលគេឃើញក្រុមស្ត្រីខ្លះចេញតវ៉ា មានទាំងកូនតូចៗទៅជាមួយផង។
អ្នកស្រី ធីតា ឃិះ ជាប្រធានអង្គការសីលការ
និងជាអគ្គលេខាធិការដ្ឋានគណៈកម្មការលើកស្ទួយស្ត្រី និងវិស័យនយោបាយ។
អ្នកស្រីមានប្រសាសន៍ថា នៅក្នុងសង្គមគ្រួសារនៅពេលមានបញ្ហា
គឺស្ត្រីជាអ្នករងគ្រោះខ្លាំងជាងគេ។
អ្នកស្រី ធីតា ឃិះ បានបញ្ជាក់ថា វាជាបន្ទុកធ្ងន់ធ្ងរមួយទៀត
នៅពេលមានបញ្ហាបណ្ដេញចេញនោះ ពីព្រោះថា
ស្ត្រីទាំងនោះប្រឈមនឹងការប្រើអំពើហិង្សារបស់អាជ្ញាធរមកលើស្ត្រី
បញ្ហាទាំងនេះជារឿងរំលោភសិទ្ធិស្ត្រីធ្ងន់ធ្ងរ ដែលសហគមន៍ជាតិ
និងសហគមន៍អន្តរជាតិមិនអាចទទួលយកបានទេ។
អ្នកស្រី ធីតា ឃិះ៖ «គាត់ត្រូវតែតស៊ូមតិ គាត់មិនមែនដើរកុំឲ្យឮសូរជាយសំពត់អីទៀត រឿងអស់នេះ យើងមិនអាចរស់នៅដោយរបៀបនេះតទៀតទេ យើងត្រូវតែតស៊ូមតិ ដើម្បីខ្លួនយើង ដើម្បីកូនយើង នេះជារឿងស្ត្រីយល់ឃើញ ដូច្នេះយើងត្រូវតែគាំទ្រគាត់បន្ថែមពីលើនេះទៀត។
ក្រុមអ្នកវិភាគបានថ្កោលទោសអាជ្ញាធរមានសមត្ថកិច្ច
ដែលបានប្រើអំពើហិង្សា
ឬការចាប់ខ្លួនក្រុមស្ត្រីរងគ្រោះយកទៅឃុំខ្លួននៅមជ្ឈមណ្ឌលព្រៃ
ស្ពឺកន្លងមក ពីព្រោះស្ត្រីទាំងនោះជាមនុស្សទន់ខ្សោយ។ បញ្ហានេះ
រដ្ឋាភិបាលគួរតែយកចិត្តទុកដាក់ចំពោះស្ត្រី
ដែលជាមាតានៃអនាគតប្រទេសជាតិនោះ»។
កាលពីថ្ងៃ៨ ខែមីនា ឆ្នាំ២០១២
ដែលជាថ្ងៃទិវានារីអន្តរជាតិលើកទី១០១
ក្រុមស្ត្រីដែលជាប្រជាសហគមន៍រងគ្រោះដោយការរំលោភដីធ្លីប្រមាណ
៤០០នាក់ មកពីសហគមន៍បឹងកក់ បុរីកីឡា និងសហគមន៍៣៤៧
បានដើរហែក្បួនអបអរខួបទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា
ដោយពួកគាត់ស្រែកទាមទារឲ្យអាជ្ញាធរបញ្ឈប់ការប្រើអំពើហិង្សាមកលើ
ស្ត្រី ក្នុងពេលតវ៉ារឿងជម្លោះដីធ្លី។
ទាក់ទងទៅនឹងបញ្ហានេះ អ្នកស្រី រស់ សុភាព បានបន្ថែមថា
ដើម្បីជៀសវាងការប្រើអំពើហិង្សាលើស្ត្រីក្នុងពេលតវ៉ា
រដ្ឋាភិបាលដែលជាអ្នកផ្ដល់សិទ្ធិវិនិយោគដីធ្លីឲ្យក្រុមហ៊ុនឯកជន
នោះ មានតួនាទីយ៉ាងសំខាន់ក្នុងការចរចាជាមួយក្រុមហ៊ុន
ដើម្បីដោះស្រាយជួនប្រជាពលរដ្ឋ ដើម្បីស្របទៅនឹងគោលនយោបាយរបស់ខ្លួន
ដែលថា ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរស់រានមានជីវិតដោយសុវត្ថិភាព
រួចផុតពីការភ័យខ្លាច និងមានផ្ទះសម្បែងរស់នៅសមរម្យនោះ។
ក្រុមមន្ត្រីសិទ្ធិមនុស្សបានអត្ថាធិប្បាយថា
ស្ត្រីភាគច្រើនបានចេញមុខតវ៉ាជាមួយអាជ្ញាធរ
ក្នុងការស្វែងរកសិទ្ធិរស់នៅស្របច្បាប់ក្នុងសហគមន៍របស់គាត់។
ប៉ុន្តែការតវ៉ានោះពេលខ្លះត្រូវបានអាជ្ញាធរចាប់ឃុំខ្លួន
ឬខ្លះទៀតត្រូវទទួលរងការបង្ក្រាបយ៉ាងហិង្សាទៅវិញ។
បញ្ហានេះ
ក្រុមមន្ត្រីសិទ្ធិមនុស្សបានអំពាវនាវឲ្យរដ្ឋាភិបាលចាត់វិធានការ
ឲ្យមានប្រសិទ្ធភាព ដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រី
ខណៈដែលកម្ពុជា កំពុងមានតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០១២ នេះ។
អ្នកវិភាគឯករាជ្យ អ្នកស្រី ជា វណ្ណាត បានសង្កត់ធ្ងន់ថា
ប្រទេសក្នុងតំបន់អាស៊ាននឹងធ្វើជាប្រធានអាស៊ានក្នុងរយៈពេល
១០ឆ្នាំម្ដង ហើយពាក្យស្លោករបស់អាស៊ាន គឺអត្តសញ្ញាណតែមួយ
វាសនាអនាគតតែមួយ
ដូច្នេះប្រទេសក្នុងតំបន់អាស៊ានមានតួនាទីសំខាន់ក្នុងការយិតយោង
គ្នាទាំងបញ្ហាសេដ្ឋកិច្ច និងបញ្ហាសិទ្ធិមនុស្ស
ដូចជាករណីសិទ្ធិស្ត្រីជាដើម។ នៅក្នុងកាលៈទេសៈនេះ
កម្ពុជាក៏ត្រូវបង្ហាញអំពីគំរូល្អអំពីការគោរពសិទ្ធិស្ត្រី
ដល់ប្រទេសជាសមាជិករបស់ខ្លួន។
ជាការពិត នៅក្នុងបរិបទកម្ពុជាបច្ចុប្បន្ន
ទោះបីជាមានសន្ទុះកើនឡើងនៃចំនួនស្ត្រី
ហ៊ានងើបតវ៉ាទាមទារសិទ្ធិរបស់ខ្លួនច្រើនជាងពីពេលមុន
និងស្ត្រីខ្លះមានចំណេះដឹងដូចបុរសក្ដី ប៉ុន្តែនៅមានស្ត្រី
មួយចំនួនទៀត ចំណេះដឹង
និងការយល់ដឹងអំពីច្បាប់សង្គមរបស់ពួកគាត់នៅមានកម្រិតនៅឡើយ
ដែលជាកត្តាប្រឈមរបស់ស្ត្រីនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។
ទាក់ទងនឹងបញ្ហានេះ ក្រុមអ្នកធ្វើការទាក់ទងនឹងស្ត្រី បាន
ជំរុញឲ្យស្ត្រីចូលរួមនៅក្នុងការងារសង្គមឲ្យបានកាន់តែច្រើនទៀត
ពិសេសស្ត្រីត្រូវកសាងទំនុកចិត្តរបស់ខ្លួន និងត្រូវមានជំនឿថា
អ្វីដែលខ្លួនកំពុងធ្វើមានសារសំខាន់សម្រាប់ខ្លួនឯង
និងសម្រាប់ប្រទេសជាតិ៕
No comments:
Post a Comment