2012-03-29
សកម្មជនការពារព្រៃឡង់ជាង ២០០នាក់
ដែលបានធ្វើដំណើរក្នុងយុទ្ធនាការព្រៃឡង់ ដើម្បីល្បាត ការពារ
និងទប់ស្កាត់បទល្មើសព្រៃឈើ
បានរកឃើញឈើអាររាប់រយរាប់ពាន់ម៉ែត្រត្រីគុណជាភស្តុតាងនៃ
ឧក្រិដ្ឋកម្មព្រៃឈើ នៅតំបន់ព្រៃឡង់។
ក្រុមប្រជាសហគមន៍បានសម្រុកចូលរោងម៉ាស៊ីនអារឈើមួយកន្លែង ហើយបានប៉ះទង្គិចជាមួយប៉ូលិសដែលយាមនៅទីនោះ។
ការប៉ះទង្គិចពាក្យសម្ដីគ្នាយ៉ាងតានតឹង
ដោយមានការរុញច្រានគ្នាផង
បានកើតឡើងមួយសន្ទុះធំរវាងប្រជាសហគមន៍ព្រៃឡង់
និងកងកម្លាំងការពាររោងម៉ាស៊ីនអារឈើមួយកន្លែង
ស្ថិតក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៨ ខែមីនា
ឆ្នាំ២០១២។
ការប៉ះទង្គិចគ្នាបានកើតឡើងខណៈដែលប្រជាសហគមន៍ព្រៃឡង់ចំនួន
ជាង ២០០នាក់ មកពីខេត្តកំពង់ធំ ក្រចេះ ព្រះវិហារ និងស្ទឹងត្រែង
ប៉ុនប៉ងចូលទៅពិនិត្យរោងម៉ាស៊ីនអារឈើ សេង សារ៉ាវុធ
និងទាមទារឲ្យមានការបង្ហាញ
ថាតើក្រុមហ៊ុនមួយនេះមានអាជ្ញាប័ណ្ណសម្រាប់ដំណើរការអាជីវកម្មដែរ
ឬទេ៖ «ខ្ញុំមិនប្រឆាំងអីនឹងរដ្ឋាភិបាលទេ។
ប្រសិនបើណាមានអាជ្ញាប័ណ្ណហើយនោះ ខ្ញុំអត់មានប្រឆាំង
ប៉ុន្តែសូមអំពាវនាវថា
ច្បោះជ័រត្រូវតែមានការសងដល់ប្រជាពលរដ្ឋវិញ»។
ទោះយ៉ាងណា
ប្រជាសហគមន៍ត្រូវបានគេអនុញ្ញាតឲ្យចូលទៅក្នុងបរិវេណរោងម៉ាស៊ីន
អារឈើ សេង សារ៉ាវុធ
បន្ទាប់ពីមានអន្តរាគមន៍ពីសំណាក់មន្ត្រីសិទ្ធិមនុស្សអង្គការ
សហប្រជាជាតិ និងមន្ត្រីអាជ្ញាធរខេត្តកំពង់ធំ។
មុនពេលចូលទៅក្នុងបរិវេណរោងម៉ាស៊ីនអារឈើ សេង សារ៉ាវុធ
អភិបាលស្រុកសណ្ដាន់ លោក ស៊ឹម វណ្ណា អានប្រកាសលេខ ៣៣១
របស់ក្រសួងកសិកម្ម ស្ដីពីការអនុញ្ញាតឲ្យឈ្មោះ សេង សារ៉ាវុធ
បង្កើតរោងម៉ាស៊ីនអារ-កែច្នៃ និងផលិតគ្រឿងសង្ហារិម៖ «យោងតាម
សំណើរបស់ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើ សម្រេច
ប្រការ ១ អនុញ្ញាតឲ្យ លោក សេង សារ៉ាវុធ
ពន្យារសុពលភាពរោងម៉ាស៊ីនអារ-កែច្នៃ
និងផលិតគ្រឿងសង្ហារិមបណ្ដោះអាសន្នមួយកន្លែង
ដែលមានទីតាំងស្ថិតនៅក្នុងឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ
សម្រាប់រយៈពេល ១ឆ្នាំ ដោយគិតចាប់ពីថ្ងៃចេញប្រកាស។ នេះនែ៎!
ថ្ងៃចេញប្រកាសគឺថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១១។ ១ឆ្នាំទេ
វាទល់នឹងថ្ងៃទី២៧ ឧសភា ឆ្នាំ២០១២»។
បន្ទាប់ពីបានស្ដាប់ការអាន
ក្រុមប្រជាសហគមន៍មួយចំនួនទទួលស្គាល់ថា រោងម៉ាស៊ីនអារឈើ សេង
សារ៉ាវុធ មានការអនុញ្ញាតសម្រាប់ដំណើរការអាជីវកម្ម។
ទោះយ៉ាងនេះក្ដី នាយកអង្គការការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី
អះអាងថា
មានភាពមិនប្រក្រតីទាក់ទិននឹងអាជ្ញាប័ណ្ណសម្រាប់រោងម៉ាស៊ីនអារឈើ
សេង សារ៉ាវុធ៖ «តែបើឯកសារទាំងនោះស្របច្បាប់វិញ គ្មានបងប្អូនណា
កុំថាដល់ចូលរោងចក្រ តែទៅអែបរោងចក្រក៏អត់បានដែរ។ បាទ!
នេះជាបទពិសោធន៍របស់ខ្ញុំ! ហើយដល់អ៊ីចឹង ខ្ញុំជឿថា
គាត់ត្រូវតែរត់គេចហើយ។ គាត់រត់គេចហើយ
គាត់ត្រូវយកអាជ្ញាធរមូលដ្ឋានមកបិទបាំងមុខគាត់ហើយ»។
ក្រោយពីបានទស្សនារោងម៉ាស៊ីនអារឈើ សេង សារ៉ាវុធ
ដែលមានរ៉ៃសម្រាប់អារច្រៀកឈើតែគ្មានម៉ាស៊ីន ឡានដឹកឈើ
គំនរឈើហ៊ុបធំៗ គំនរក្ដារបន្ទះដែលគេទើបតែអារថ្មីៗ
និងគំនរអាចម៍រណារជាច្រើន ពួកគាត់យល់ថា
ទីនោះហើយជាកន្លែងដែលស្រូបយកឈើពីតំបន់ព្រៃឡង់
និងជាទីអវសាននៃដើមឈើទាលដែលជាច្បោះជ័រទឹករាប់តំណរបស់ពួក
គាត់។
អនុប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សនៃសមាគមអាដហុក លោក ចាន់
សុវ៉េត ថ្លែងថា ប្រជាសហគមន៍បានសម្រេចគោលដៅរបស់ពួកគាត់
តែពួកគាត់មិនបានទទួលលទ្ធផលជាវិជ្ជមានក្នុងការទប់ស្កាត់
ឧក្រិដ្ឋកម្មព្រៃឈើនៅតំបន់ព្រៃឡង់ឡើយ៖ «ដោយសារថា
អាជ្ញាធររដ្ឋាភិបាល ជាពិសេសអាជ្ញាធរខេត្តកំពង់ធំនេះ
គឺមិនមានអ្នកណាម្នាក់ចេញមុខមកធ្វើការអះអាង និងធានាថា
ទប់ស្កាត់ បទល្មើសព្រៃឈើ នៅក្នុងព្រៃឡង់នេះទេ»។
ការសម្រេចចិត្តចូលរោងម៉ាស៊ីនអារឈើត្រូវបានធ្វើឡើងនៅថ្ងៃទី
៥ នៃយុទ្ធនាការ ៥ថ្ងៃ ក្នុងដំណើរល្បាត ការពារ
និងទប់ស្កាត់បទល្មើសព្រៃឈើ នៅតំបន់ព្រៃឡង់
របស់ប្រជាសហគមន៍ព្រៃឡង់ ដែលបានដុតកម្ទេចឈើអារខុសច្បាប់ជាង
៣០០ម៉ែត្រត្រីគុណ និងប្រមូលបានភស្តុតាងមួយចំនួនទៀត៕
No comments:
Post a Comment