ប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា (RFA/Den Ayuthyea)
ដោយ ដែន អយុធ្យា
មេដឹកនាំគណបក្សសិទ្ធិមនុស្ស បានចោទអាជ្ញាធរបក្សប្រជាជន
និងសមត្ថកិច្ចមូលដ្ឋានស្រុកអង្គរបុរី ខេត្តតាកែវ
ថាបានរំខានដល់វេទិកាសំណេះសំណាលសមាជិកគាំទ្របក្សរបស់ខ្លួន។
ប៉ុន្តែការចោទប្រកាន់ ត្រូវអាជ្ញាធរមូលដ្ឋាននេះច្រានចោល។
លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស មានប្រសាសន៍ថា
បក្សខ្លួនចង់ឲ្យធ្វើការផ្លាស់ប្ដូរថ្នាក់ដឹកនាំប្រទេសតាមរយៈការ
បោះឆ្នោត មិនមែនធ្វើបដិវត្តន៍ទេ។
ដូច្នេះលោកស្នើឲ្យអាជ្ញាធររដ្ឋាភិបាល និងបក្សកាន់អំណាច
កុំរំខានសកម្មភាពជួបជុំសមាជិកគាំទ្របក្សរបស់ខ្លួនតាមមូលដ្ឋានត
ទៅទៀត។
លោកថ្លែងដូច្នេះ
បន្ទាប់ពីវេទិកាជួបជុំសមាជិកគាំទ្របក្សសិទ្ធិមនុស្ស
នៅព្រឹកថ្ងៃពុធ ទី២៨ ខែមីនា នាឃុំព្រែកផ្ទោល ស្រុកអង្គបុរី
ខេត្តតាកែវ ត្រូវរំខានដោយចាក់ធុងបាស់ និងមីក្រូ
ពីសំណាក់សមាជិកគណបក្សប្រជាជន និងរំខានពីសមត្ថកិច្ចមូលដ្ឋាន។
លោក កឹម សុខា បន្ថែម៖ «ចរន្តរបស់ប្រជាពលរដ្ឋសព្វថ្ងៃហ្នឹង
គឺមានពីរ គឺចង់ផ្លាស់ប្ដូរតាមការបោះឆ្នោត
និងតាមរយៈការធ្វើបដិវត្តន៍។
តែគណបក្សសិទ្ធិមនុស្សជ្រើសរើសតាមការបោះឆ្នោត អ៊ីចឹងបើអាជ្ញាធរ
បើគណបក្សប្រជាជនមករំខានមិនចង់ឲ្យបោះឆ្នោត មានន័យថា
ចង់ឲ្យយើងបះបោរ។ សូមឲ្យរដ្ឋាភិបាលពិចារណា
និងស្នើឲ្យផ្ដន្ទាទោសទោសអ្នកប្រព្រឹត្ត
ពិសេសអាជ្ញាធរមូលដ្ឋានផ្ទាល់តែម្ដង»។
បន្ថែមលើនេះ លោក កឹម សុខា បានស្នើទៅគណបក្សកាន់អំណាច
និងអាជ្ញាធររដ្ឋាភិបាលត្រូវមានវិធានការ
ឬផ្ដន្ទាទោសចំពោះអ្នកប្រព្រឹត្តកំហុសឆ្គងរំខានដល់សកម្មភាពរបស់
គណបក្សនយោបាយ
ដើម្បីជំរុញឲ្យការបោះឆ្នោតប្រព្រឹត្តទៅមានលក្ខណៈសេរី ត្រឹមត្រូវ
និងយុត្តិធម៌។
លោក ណុប ឌល ជាមេឃុំព្រែកផ្ទោល ស្ថិតក្នុងស្រុកអង្គរបុរី
ខេត្តតាកែវ។ លោកបានបញ្ជាក់ថា ការចាក់ធុងបាស និងមីក្រូនៅមូលដ្ឋាន
គឺជាពិធីជួបជុំសប្បាយក្រោយពិធីភ្ជាប់ពាក្យរបស់ពលរដ្ឋក្នុង
មូលដ្ឋាន ហើយថា
ពិធីនេះម្ចាស់កម្មវិធីបានជូនដំណឹងមកអាជ្ញាធរបានត្រឹមត្រូវ៖ «ភ្ជាប់ពាក្យហើយ ប្រគល់លុយហើយ គេនាំគ្នារាំលេង គឺកូនក្រមុំគេតែម្នាក់»។
ទាក់ទងបញ្ហានេះ
មន្ត្រីសង្គមស៊ីវិលធ្វើការពាក់ព័ន្ធការងារបោះឆ្នោតមួយចំនួន
បានរកឃើញថា សកម្មភាពចុះមូលដ្ឋានរបស់មន្ត្រីបក្សប្រឆាំង
ពិតជាមានការរំខានពីអាជ្ញាធររដ្ឋាភិបាលតាមមូលដ្ឋានមួយចំនួនពិត
មែន។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល បានថ្លែងថា
អ្វីដែលសង្គមស៊ីវិលចង់បាន គឺចង់ឲ្យគ្រប់បក្សនយោបាយ
ទាំងបក្សក្នុងរដ្ឋាភិបាល និងបក្សប្រឆាំង
អាចធ្វើសកម្មភាពនយោបាយតាមមូលដ្ឋានបានដោយគ្មានការរំខានពី
អាជ្ញាធរ ទើបការបោះឆ្នោតមានលក្ខណៈត្រឹមត្រូវ។
លោក ទេព នីថា ជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
(គ.ជ.ប.)។ លោកបានថ្លែងថា ស្ថិតក្នុងកាលៈទេសៈនេះ គឺមិនទាន់ដល់ពេល
គ.ជ.ប. ត្រួតពិនិត្យលើសកម្មភាពចុះមូលដ្ឋាន
ឬសកម្មភាពឃោសនាបោះឆ្នោតរបស់បក្សនយោបាយទេ។
លោកមិនចាត់ទុករូបភាពចាក់ធុងបាស ឬមីក្រូ ថាជាការខុសច្បាប់ទេ
វាជាយុទ្ធសាស្ត្រទាក់ទាញប្រជាប្រិយភាពគាំទ្រគណបក្សនីមួយៗប៉ុណ្ណោះ។
លោកបន្តថា
គ្រប់គណបក្សនយោបាយមានសិទ្ធិចុះធ្វើសកម្មភាពតាមមូលដ្ឋាន
តាមរូបភាពផ្សេងៗគ្នា
ដើម្បីទាក់ទាញប្រជាប្រិយភាពរៀងៗខ្លួនមុនការបោះឆ្នោតចូលមកដល់៖ «ការ
បោះឆ្នោតវាមានការប្រកួតប្រជែងអ៊ីចឹងហើយ រវាងគណបក្សនិងគណបក្ស។
ហើយគណបក្សនយោបាយមានសិទ្ធិស្មើគ្នាក្នុងការធ្វើសកម្មភាពផ្អែកទៅ
លើច្បាប់ស្ដីពីគណបក្សនយោបាយ។ ក្នុងដំណាក់កាលនេះ
គឺជាការគ្រប់គ្រងអាស្រ័យលើអាជ្ញាធរមូលដ្ឋាន។
អ៊ីចឹងគណបក្សដែលធ្វើសកម្មភាពជាសាធារណៈនៅមូលដ្ឋានត្រូវសុំ
ឬជូនព័ត៌មានទៅអាជ្ញាធរអំពីការធ្វើសកម្មភាពរបស់គាត់ដោយឡែកបើ
គាត់ធ្វើ»។
ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៣
ចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី៣ ខែមិថុនា ឆ្នាំ២០១២។
មានគណបក្សនយោបាយចំនួន ១០ បានឈរឈ្មោះ
និងបញ្ជូនបេក្ខជនចូលរួមបោះឆ្នោត ដោយមានបេក្ខជនសរុបចំនួន
១១ម៉ឺននាក់។ ចំណែកការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥
ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣៕
No comments:
Post a Comment