Wednesday, June 6, 2012

បក្ស​ប្រឆាំង​ពីរ​បោះ​ដៃ​រក​កា រ​រួប​រួម​គ្នា​ជា​ថ្មី

Kem+Sokha+on+04June2012+%28PPP%29.png
លោក​ កឹម សុខា ប្រធាន​គណ​បក្ស​សិទ្ធិ​មនុស្ស​ក្នុង​សន្និ​សីទ​ពី​ម្សិល​មិញ​។ រូបថត ចរិយា
Sam+Rainsy+looking+at+doc+%28PPP%29.jpg
លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​នៅ​ប្រទេស​បា​រាំង​​​។ រូបថត Bloomberg
Tuesday, 05 June 2012 14:03
ឃុត សុ​ភ​ច​រិ​យា និង Stuart White
The Phnom Penh Post
ភ្នំពេញៈ គណបក្ស​ប្រឆាំង​ពីរ ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា បាន​បោះ​ដៃ​រក​គ្នា​ជា​ថ្មី​ទៀត ក្នុង​ការ​ច្របាច់​បញ្ចូល​គ្នា ឲ្យ​ក្លាយ​ទៅ​ជា​គណបក្ស​ប្រឆាំង​ធំ​មួយ​ ខណៈ​ដែល​លទ្ធផល​នៃ​ការ​បោះឆ្នោត​ឃុំ សង្កាត់ បាន​បង្ហាញ​ថា គណ​បក្ស​ប្រជា​ជន​កម្ពុជា​កាន់​អំណាច បាន​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី ហើយ​ការ​បែក​ខ្ញែក​គ្នា បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​ខាត​បង់​។​
លោក ​កឹម​ សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ កាល​ពី​ម្សិលមិញ​ថា​ ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​ប្រឆាំង​ទាំង​ពីរ គឺ​ជា​ការ​ចាំបាច់​ ដើម្បី​ប្រជែង​យក​អាសនៈ​សភា ពី​គណបក្ស​ប្រជាជន​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ អាណត្តិទី ៥ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ២៨ ខែ​កក្កដា ​ឆ្នាំ​២០១៣​ ខាង​មុខ​នេះ។ លោក​ កឹម សុខា ​ដែល​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក អាច​នឹង​ទទួល​បាន​ជ័យជម្នះ នៅ​ក្នុង​ឃុំ​ ចំនួន​ ១៨ នោះ​បាន​មាន​ប្រសាសន៍​ថា៖ «ក្រោយ​ពី​លទ្ធផល​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី ៣ ត្រូវ​បាន ​[គ.ជ.ប]​ ប្រកាស​ជា​ផ្លូវ​ការ ខ្ញុំ​នឹង​បោះ​ដៃ​ទៅ​រក​គណបក្ស សម រង្ស៊ី មុន ដើម្បី​ចរចា​បង្រួប​បង្រួម​គ្នា»។ លោក​បាន​បន្ត​ទៀត​ថា៖ «​កន្លង​មក​គណបក្ស​ សម រង្ស៊ី​ តែង​តែ​មើល​ស្រាល​ថា គណបក្ស​សិទ្ធិ​មនុស្ស មិន​អាច​ទៅ​មុខ​រួច​ មិន​អាច​មាន​ការ​គាំទ្រ​ច្រើន​ទេ ដែល​ជាលេស​ មិន​ចង់​រួប​រួម​ជាមួយ​យើង ប៉ុន្តែ​ឥឡូវ​នេះ​ យើង​ឃើញ​ហើយ ​សំឡេង​ប្រហាក់​ប្រហែល​គ្នា»។
ការ​ច្របាច់​គណបក្ស​ប្រឆាំង​ទាំង​ពីរ​បញ្ចូល​គ្នា គឺ​ជា​បំណង​ប្រា​ថ្នា ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ ដែល​មាន​និន្នាការ​មិន​ស្រប​នឹង​រដ្ឋាភិបាល​។
គណ​បក្ស​សម ​រង្ស៊ី ហាក់​ដូច​ជា​បាន​ដើរ​មួយ​ជំហាន​ហើយ ក្នុង​ការ​ឆ្ពោះ​ទៅ​រក​ការ​បង្រួប​បង្រួម​គណ​បក្ស​ប្រឆាំង​ទាំង​ពីរ ដែល​បាន​ជាប់​គាំង បន្ទាប់​ពី​មាន​ការ​ជួប​ចរចា​គ្នា​ជាច្រើន​លើក ចាប់​តាំង​ពី​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០០៨ មក​នោះ។
នៅ​ក្នុង​សេចក្តី​អំពាវនាវ​មួយ ​កាល​ពីម្សិលមិញ គណបក្ស​សមរង្ស៊ី សូម​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ របស់​គណបក្ស​សិទ្ធិ​មនុស្ស រួប​រួម​ជាមួយ​សមាជិក​សមាជិការ ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ គណបក្ស​សមរង្ស៊ី ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​កម្រិត​មូលដ្ឋាន​មួយ​ចំនួន។ សេចក្តី​អំពាវ​នាវ ដែល​ចុះ​ហត្ថលេខា ដោយ​លោក​ គង់ គាំ ប្រធាន​ស្តីទី​គណបក្ស​នេះ ​បាន​លើក​ឡើង​ថា ការ​រួប​រួម​គ្នា​នេះ គឺ​ដើម្បី​«ប្តូរ​មេ​ភូមិ​មួយ​ចំនួន តាម​ឆន្ទៈ​ប្រជា​ពលរដ្ឋ ទប់ស្កាត់​ការ​រឹប​អូស​យក​ដី​ធ្លី​របស់​ប្រជា​ពលរដ្ឋ​ដោយ​ខុស​ច្បាប់​ ការ​លុប​បំបាត់​អំពើ​ពុករលួយ ​នៅ​ថ្នាក់​មូលដ្ឋាន ការ​ ការពារ​ទ្រព្យ​សម្បត្តិ​សាធារណៈ និង​ទប់​ស្កាត់​អំពើ​អយុត្តិធម៌ ដែល​អ្នក​មាន​អំណាច​មួយ​ចំនួន កំពុង​ប្រព្រឹត្ត​លើ​ប្រជាពលរដ្ឋ​។ល។»
នៅ​ពេល​ត្រូវ​បាន​ទាក់​ទង​ តាម​ទូរស័ព្ទ​ ពី​ទីកន្លែង​ដែល​កំពុង​រស់​នៅ​និរទេស​ ក្នុង​ប្រទេស​បារាំង លោក​សម រង្ស៊ី ​បាន​ថ្លែង​ថា លោក​នឹង​មិន​ប្រឆាំង​ទៅ​នឹង​អ្វី​ក៏​ដោយ នៃ​បំណង​ដែល​ចង់​ឲ្យ​អ្នក​ប្រជាធិបតេយ្យ​រួប​រួម​គ្នា​នេះ​ទេ ប៉ុន្តែ​ត្រូវ​តែ​ធ្វើ​ការ​ពិភាក្សា​គ្នា រិះ​រក​វិធី​ល្អ​បំផុត ដើម្បី​សម្រេច​គោលដៅ​នេះ។ ​លោក​ ​បាន​ថ្លែង​ថា៖ «ខ្ញុំ​បាន​វិភាគ​ លទ្ធផល​នៃការ​បោះឆ្នោត ហើយ​វា​មិន​អាក្រក់​ដូច​អ្នក​ខ្លះ​និយាយ​នោះ​ទេ​។ ​ពិត​ណាស់​ តុល្យភាព​នៃ​អំណាច​ ​បាន​ផ្លាស់​ប្តូរ​ទៅ​រក​ក្រុម​ប្រជាធិបតេយ្យ​។ ​វា​មិន​មែន​គ្រាន់​តែ​ថា​ ​គណបក្ស​សម រង្ស៊ី​ឈ្នះ ២២ ឃុំ និង​គណបក្ស​សិទ្ធិ​មនុស្ស​ឈ្នះ​ ១៨​ ឃុំ​ នោះ​ទេ ​វា​គឺថា គណបក្ស​ប្រឆាំង​មាន​សំឡេង​ភាគ​ច្រើន​បំផុត​ ​នៅ​ក្នុង​ឃុំ​ចំនួន​ ១០០»។ លោក​បាន​បន្ត​ថា ​តុល្យភាព​នៃ​អំណាច​ គឺ​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​សំឡេង​ភាគ​ច្រើន​បំផុត ហើយ​សំឡេង​ភាគ​ច្រើន​បំផុត គឺជា​អ្វី​ដែល​អាច​ត្រូវ​បាន​បង្កើត​ឡើង​បាន​។
មេបក្ស​ប្រឆាំង​រូប​នេះ​ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា៖ «យើង​ ត្រូវ​តែ​មាន​និតិវិធី​រឹងមំា​មួយ សម្រាប់​គណបក្ស​​ប្រឆាំង​ធ្វើ​ការ​រួម​គ្នា​។ ​មិន​មែន​រួម​កម្លាំង​គ្នា​ តែ​ជា​មួយ​សម្តី​នោះ​ទេ ប៉ុន្តែ​ត្រូវ​រួម​កម្លាំង​គ្នា ជា​មួយ​នឹង​ឯក​សារ​»។
លោក សម រង្ស៊ី បាន​លើក​ឡើង​ នូវ​ជំហាន​យុទ្ធសាស្ត្រ​ដំបូង​របស់​លោក​ថា​ នៅ ​ក្នុង​ប្រទេស​កម្ពុជា ​មេ​ភូមិ គឺ​ដូច​នឹង​ស្តេច​ត្រាញ់​តូច​មួយ នៅ​ក្នុង​ឃុំ​របស់​ពួក​គេ ​ហើយ​ពួក​គេ​ បាន​ទទួល​រង​ឥទ្ធិពល​យ៉ាង​អាក្រក់ ដើម្បី​បម្រើ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​នេះ ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស ត្រូវ​តែ​រួម​សហការ​គ្នា ដើម្បី​ប្តូរ​មេ​ភូមិ​ទាំង​នេះ​ចេញ​។
លោក​ សម រង្ស៊ី បាន​បន្ត​ទៀត​ថា នេះ​គឺ​ជា​ពេល​វេលា​ត្រឹមត្រូវ ក្នុង​ការ ​ចាប់​ផ្តើម​ធ្វើ​ការងារ​ជាមួយ​គ្នា ​ចាប់​ពី​ថ្នាក់​មូលដ្ឋាន ហើយ​ប្រសិន​បើ​គណបក្ស​ទាំង​ពីរ ​ធ្វើ​ការ​ល្អ​ជា​មួយ​គ្នា​ នៅមូលដ្ឋាន ​នោះ​នឹង​មាន​ជំហាន​ដទៃ​ផ្សេង​ទៀត ​ដែល​នឹង​អាច​ឆ្ពោះ​ទៅ​រក​ការ​រួប​រួម​គ្នា​។
លោក​ សម​ រង្ស៊ី ​ក៏​បាន​ថ្លែង​ផង​ដែរ​ថា លោក​មាន​សេចក្តី​រីករាយ ​ដែល​ឃើញ គណបក្ស​សិទ្ធិមនុស្ស ​បាន​កៅអី​ជំនួស​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​នរោត្តម រណឫទ្ធិ ដែល​មាន​សម្ព័ន្ធ​ភាព​ស្អិត​ល្មួត ​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ លោក​ សម រង្ស៊ី បាន​បញ្ជាក់​ថា ការ​និយាយ​ពី​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​ប្រឆាំង​ទាំង​ពីរ នៅ​ពេល​នេះ​វា​ហាក់​បី​ដូច​ជា​លឿន​ពេក​។
លោក ​ជាម​ យៀប តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ថា លទ្ធផល​បោះ​ឆ្នោត​ឃុំ សង្កាត់​អាណត្តិ​ទីបី​នេះ គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​បាន​ ១៥៩១​ លើ ​១៦៣៣​ ឃុំ​ សង្កាត់​ទូទាំង​ប្រទេស។ លោក​បាន​បន្ថែម​ថា លទ្ធផល​នេះ​ បង្ហាញ​ថា​ ពលរដ្ឋ​កម្ពុជា​ បាន​យល់​ច្បាស់ ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​គណបក្ស​ប្រជាជន​យ៉ាង​ពិត​ប្រាកដ ក្នុងការ​​អភិវឌ្ឍ សេដ្ឋកិច្ច សង្គម និង​ប្រឆាំង​ការ​វិល​ត្រឡប់​ជាថ្មី នៃ​របប​ប្រល័យ​ពូជសាសន៍​ប៉ុល​ពត។ លោក​ថ្លែង​ថា៖«យើង​មាន​គ្រឹះ​តាំង​ពី​មូលដ្ឋាន​ ដ៏​រឹង​មាំ ដូច្នេះ​យើង​មិន​ខ្លាច​រអា គណបក្ស​ណាមួយ​ឡើយ បើទោះ​ជា​គណបក្ស​ទាំង​នោះ ​រួបរួម​គ្នា​តែ​មួយ ហើយ​នៅ​កម្ពុជា​សល់​តែ​គណបក្ស​ពីរ ដូច​នៅ​អាមេរិក​ក្ដី»។
ប៉ុន្តែ​ លោក សម រង្ស៊ី បាន​បញ្ជាក់​ថា អ្នក​ចាញ់​ពិត​ប្រាកដ​នៅ ​ក្នុង​ការ​បោះឆ្នោត​នេះ ​គឺ​គណបក្ស​ប្រជា​ជន​ ដោយ​សម្អាង​ថា​៖​«ពី​ព្រោះ​នៅ​ពេល​គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស​ សម រង្ស៊ី ​រួម​បញ្ចូល​ជា​មួយ​គ្នា ​នឹង​មាន​សំឡេង​ប្រឆាំង​ទៅ​នឹង​មេឃុំ​របស់​គណបក្ស​ប្រជាជន ដោយ​សារ​យើង​នឹង​អាច​ធ្វើ​ឲ្យ​ពួក​គេ​ជាប់​គាំង​បាន​»
អ្នក​វិភាគ​ឯករាជ្យ បាន​និយាយ​ដោយ​មិន​ចំពោះ​ តែ​គណបក្ស​ប្រឆាំង​ទាំង​ពីរ​នេះ​ទេ ដែល​ត្រូវ​តែ​ពិចារណា ពីការ​ច្របាច់​បញ្ចូល​គ្នា​នោះ ​គឺ​សំដៅ​ទៅ​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់ ដែល​មាន​និន្នា​ការ​មិន​ស្រប​នឹង​រដ្ឋាភិបាល​ផង​ដែរ ដែល​ចាំបាច់​ត្រូវ​តែ​ច្របាច់​បញ្ចូល​គ្នា​ ឲ្យ​ក្លាយ​ទៅ​ជា​គណបក្ស​ធំ​មួយ។
លោក​បណ្ឌិត សុខ ​ទូច ​អ្នក​វិភាគ​ឯករាជ្យ បាន​មានប្រសាសន៍​ថា លទ្ធផល​បោះឆ្នោត​ឃុំ សង្កាត់ អាណត្តិទី ៣​ នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ហើយ​ថា គណបក្ស​ប្រឆាំង​ទាំង​អស់​ បាន​ចាញ់ ដែល​ការ​ចាញ់​នេះ មាន​កត្តា​មួយ​ចំនួន ដូច​ជា អ្នក​គាំទ្រ មាន​ការ​ពិបាក​ ក្នុង​ការ​សម្រេច​ចិត្ត ថា​តើ​ត្រូវ​​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រឆាំង​មួយ​ណា​ ចោល​មួយ​ណា? កង្វះ​ធនធាន​ក្នុង​ពេល​ឃោសនា ការ​វាយ​ប្រហារ​ពាក្យ​សម្ដី​លើ​បក្ស​ប្រឆាំង​ដូច​គ្នា…ជាដើម។
លោក​បាន​ថ្លែង​ថា៖ «បើ​សិន​ជា​គណបក្ស​ទាំង​នោះ មាន​គោល​ដៅ​រួម​តែ​មួយ ដើម្បី​ភាព​រីកចម្រើន​របស់​ប្រទេស​ជាតិ និង​ប្រជាជន គឺវា​ល្មម​ដល់​ពេល​ដែល​គណបក្ស​ប្រឆាំង​តូច​ធំ​ទាំង​អស់​ត្រូវ​រួប​រួម​ គ្នា​ហើយ។ តែបើ​ពុំ​នោះ​ទេ គណ​បក្ស​ទាំង​នេះ គ្រាន់​តែ​ជា​អ្នក​ដែល​ជួយ​កំដរ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ប៉ុណ្ណោះ »៕ PS
រាយការណ៍​បន្ថែម សូ វិសាល

No comments: