Sunday, July 15, 2012

លោក​ម៉ម ​សូណង់ដូ​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ទាក់ទង​បញ្ហា​ដីធ្លី​

លោក ម៉ម​ សូណង់ដូ​ប្រធានសមាគម​អ្នកប្រជាធិបតេយ្យ​និង​ជានាយក​វិទ្យុ​សំបុក​ឃ្មុំ FM 105 MHz​ នៅព្រលានយន្តហោះភ្នំពេញ​នាពេលត្រឡប់មកកម្ពុជាវិញ
លោក ម៉ម​ សូណង់ដូ​ប្រធានសមាគម​អ្នកប្រជាធិបតេយ្យ​និង​ជានាយក​វិទ្យុ​សំបុក​ឃ្មុំ FM 105 MHz​ នៅព្រលានយន្តហោះភ្នំពេញ​នាពេលត្រឡប់មកកម្ពុជាវិញ. RFI/Siv Channa

ថ្ងៃ អាទិត្យ 15 កក្កដា 2012
ដោយ ប៉ែន បូណា
RFI
លោក​ម៉មសូណង់ដូ​ប្រធាន​​សមាគម​​អ្នក​ ប្រជាធិបតេយ្យ​និង​​ជា​នា​យក​​វិទ្យុ​​សំបុក​​ឃ្មុំ​FM ​105​ MHz​ ត្រូវ​បាន​​សមត្ថកិច្ច​​ចាប់​ខ្លួន​​បញ្ជូន​ទៅ​​ក្រសួង​មហាផ្ទៃ​​ហើយ​​នៅ​​ ព្រឹក​ថ្ងៃ​អាទិត្យ​​នេះ។​ការ​ចាប់​ខ្លួន​​នេះ​​បាន​ធ្វើ​​ឡើង​​តាម​​ដីកា​​ របស់​​តុលាការ​ខេត្ត​​ក្រចេះ​​ក្រោម​​បទ​ចោទ​ប្រកាន់​​ចំនួន​៤​ករណី​​ទាក់ទង ​​នឹង​​ការ​​ញុះញង់​​ប្រជាពលរដ្ឋ​​ឲ្យ​​កាន់​​អាវុធ​​ខុសច្បាប់​និង​​ ប្រឆាំង​​អាជ្ញាធរ​​ស្រប​ច្បាប់។​ អង្គការ​​ការពារ​​សិទ្ធិ​មនុស្ស​​បាន​​ហៅ​​ការ​ចាប់​ខ្លួន​​នេះ​ ​ថា​​ជា​ ការ​​រំលោភ​​សិទ្ធិ​មនុស្ស​​ធ្ងន់​ធ្ងរ​និង​​អំពាវនាវ​​ឲ្យ​​សមត្ថកិច្ច​​ ដោះលែង​​លោក​ ម៉ម ​សូណង់ដូ​ឲ្យ​​មាន​​សេរីភាព​​ឡើង​វិញ។
ក្នុង​កម្លាំង​​ប៉ូលិស​​ក្រសួង​មហាផ្ទៃ​​​រាប់​សិប​​នាក់​​បាន​​ចុះ​ទៅ​​ ចាប់​ខ្លួន​​លោក​​ម៉ម​ សូណង់ដូ​នៅ​​ព្រឹក​​ថ្ងៃ​អាទិត្យ​​នេះ​ ក្នុង​​គេហដ្ឋាន​​របស់​លោក​​នៅ​ក្នុង​​សង្កាត់​​​បឹងទំពុន​ខណ្ឌ​មានជ័យ​​ រាជធានី​​ភ្នំពេញ។​ ក្រុមប៉ូលិស​បានបង្ហាញ​ដីកាចាប់ខ្លួន​ដែល​ចេញ​ដោយ​សាលាដំបូង​ខេត្តក្រចេះ​ ចុះ​ថ្ងៃទី២ខែកក្កដា​ឆ្នាំ២០១២ ។

យោងតាម​ដីកាចាប់ខ្លួន​នោះ លោក ម៉ម សូណង់ដូ ត្រូវបាន​ចោទប្រកាន់​ពីបទ​ល្មើស​ទាក់ទង​នឹង​ការ​ផ្តួ​ម​ផ្តើមគំនិត​ប្រឆាំង​ អ្នករាជការ​សាធារណៈ, បទ​ធ្វើ​កុបកម្ម​ជ្រៀតជ្រែក​ខុសច្បាប់​ទៅ​នឹង​​ការបំពេញ​មុខងារសាធារណៈ​របស់ ​អាជ្ញាធរ, បទ​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់​អាវុធ​ខុស​ច្បាប់​និងបទ​ប្រឆាំង​អាជ្ញាធរ​ ស្របច្បាប់។ បន្ទាប់ពី​ការចាប់ខ្លួន លោក ម៉ម សូណង់ដូ ត្រូវបាន​បញ្ជូនទៅ​អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ​ដើម្បី​កសាង​ សំណុំរឿង​បញ្ជូនទៅ​តុលាការ។

ការចាប់ខ្លួន​លោក ម៉ម សូណង់ដូ នៅពេលនេះ​គឺជា​ប់​ពាក់​ព​ន្ធ័​នឹង​បញ្ហាដីធ្លី​នៅ​ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ រហូតដល់​រដ្ឋាភិបាល​ប្រើ​កម្លាំង​បង្ក្រាប កាលពី​ថ្ងៃទី១៦ ខែ​ឧសភា ឆ្នាំ២០១២ ​កន្លងទៅ។ រដ្ឋាភិបាល​បាន​ហៅ​ករណី​នោះ​ថា​ជា​ចលនា​ចាប់ដី​ខុសច្បាប់​ដែលមាន​មេខ្លោង​នៅ ​ពី​ក្រោយខ្នង​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​បង្កើត​តំបន់អប្បគមន៍។

ព្រឹត្តិការណ៍​បង្ក្រាប​នោះបាន​នាំ​ឲ្យ​ក្មេងស្រី​ម្នាក់​ស្លាប់ និង​មនុស្ស​ជាច្រើន​នាក់​ត្រូវបាន​ចាប់​ខ្លួន។ មនុស្ស​យ៉ាងហោចណាស់៥នាក់​ ផ្សេងទៀត​ក្នុងនោះ​មានឈ្មោះ​ប៊ុន រដ្ឋាដែលជា​សមាជិក​​​សមាគម​អ្នកប្រជាធិបតេយ្យ​របស់​លោកម៉មសូណង់ដូត្រូវបាន​ គេ​ចាត់ទុកជា​មេ​ខ្លោង​​ដែល​ត្រូវ​តាម​ចាប់ខ្លួន។

ក្រោយមកលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែនបានប្រកាស​ជា​សាធារណៈ​ថាជាមេខ្លោង​នៅ​ពី​ក្រោយ​​​ខ្នង​ធំ​បំផុត​ក្នុង​ រឿងនេះ​គឺប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យដែល​គេ​ស្គាល់​ថា​គឺ លោក​ ​ម៉ម សូណង់ដូ ។ ប៉ុន្តែ លោក​ម៉ម សូណង់ដូដែល​កាលណោះ​កំពុងស្ថិត​នៅឯ​សហ​រដ្ឋ​អាមេរិក​បាន​បដិសេធ​ ការចោទប្រកាន់​នេះ។ លោក​បាន​វិលត្រឡប់​មកដល់​ភ្នំពេញ​វិញ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ ប្រឈមមុខ​នឹង​បញ្ហា​នេះ។

លោក ចាន់ សូ​វ៉េ​តមន្ត្រី​អ្នកស៊ើប​អង្កេត​សិទ្ធិមនុស្ស​របស់​សមាគម អាដហុក បាន​ហៅ​ការ​ចាប់​ខ្លួន​​លោក ម៉ម សូណង់ដូ ថា​ជាការ​រំ​លោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរនិង​ជាការ​គំរាមកំហែង​អ្នក​ប្រជា​ ធិបតេយ្យ។ លោក​អះអាងថា មុននឹង​ចាប់ខ្លួន​អាជ្ញាធរ​ត្រូវ​ស៊ើបអង្កេត​ឲ្យ​បានច្បាស់​លាស់។ បើតាម​លោក ចាន់ សូ​វ៉េ​ត ក្រុម​អង្គការសិទ្ធិមនុស្ស​បាន​ផ្តល់​មេធាវី​ម្នាក់​គឺ លោក​មេធាវី សុក សំអឿន នាយក​គម្រោង​ការពារ​សិទ្ធិ​កម្ពុជា( CDP) ដើម្បី​ការពារ​លោក ម៉ម សូណង់ដូ។

លោក បាន​​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដោះលែង​លោក​ម៉ម សូណង់ដូ ឲ្យ​មាន​សេរីភាព​ឡើងវិញ។ ក្រុម​អង្គការ​សិទ្ធិមនុស្ស​គ្រោង​ជួបប្រជុំគ្នា​នៅ​ថ្ងៃស្អែក និង​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ទាក់ទង​នឹង​​ការចាប់ខ្លួន​លោក ម៉ម សូណង់ដូ ផងដែរ៕


No comments: