ដោយ វិជ័យ អានន្ទ
RFA
លោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ
និងជាប្រធានវិទ្យុសំបុកឃ្មុំ FM 105 មេហ្គាហឺត្ស
ត្រូវបានកម្លាំងប៉ូលិសចាប់ខ្លួននៅថ្ងៃទី១៥ កក្កដា
វេលាម៉ោងប្រមាណ ៩ព្រឹក។
លោកស្រី ឌិន ផាណារ៉ា ភរិយាលោក ម៉ម សូណង់ដូ ឲ្យដឹងថា
កងកំលាំងសមត្ថកិច្ចប្រមាណ ២០នាក់ ស្លៀកពាក់ស៊ីវិល
និងឯកសណ្ឋានប៉ូលិស បានចូលស្ថានីយវិទ្យុសំបុកឃ្មុំ
ស្ថិតក្នុងភូមិត្នោតជ្រំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ហើយចាប់ខ្លួនស្វាមីរបស់លោកស្រី។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ ខៀវ សុភ័គ
ឲ្យដឹងនៅថ្ងៃទី១៥ កក្កដា ថា លោក ម៉ម សូណង់ដូ
ត្រូវសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោងជិត ៩ព្រឹក ថ្ងៃទី១៥ កក្កដា
តាមរយៈដីកាចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ លោក
ចុក ងួន។
លោក ខៀវ សុភ័គ ឲ្យដឹងបន្តថា ការចាប់ខ្លួនលោក ម៉ម សូណង់ដូ នេះ
គឺចោទពីបទល្មើសចំនួន ៤ គឺទី១
ផ្ដួចផ្ដើមគំនិតប្រឆាំងអ្នករាជការសាធារណៈ ទី២ ធ្វើកុបកម្ម ទី៣
ជ្រៀតជ្រែកខុសច្បាប់នៅក្នុងការបំពេញមុខងារសាធារណៈ និងទី៤
ញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធប្រឆាំងនឹងអាជ្ញាធរស្របច្បាប់។
ឆ្លើយតបនឹងការចោទប្រកាន់នេះដែរ លោកស្រី ឌិន ផាណារ៉ា អះអាងថា
ស្វាមីរបស់លោកស្រីមិនបានប្រព្រឹត្តល្មើសដូចការចោទប្រកាន់របស់
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ នោះទេ។ លោកស្រីលើកឡើងថា
ប្រសិនបើតុលាការមានភាពឯករាជ្យ លោកស្រីគិតថា
ស្វាមីរបស់លោកស្រីនឹងគ្មានទោសពៃរ៍អ្វីឡើង។ តែទោះយ៉ាងក៏ដោយ
លោកស្រីបញ្ជាក់ថា លោកស្រីរកមេធាវីបានហើយ នៅថ្ងៃទី១៥ កក្កដា នេះ
ដើម្បីជួយការពារក្ដីស្វាមីរបស់លោកស្រី។
ចំណែកលោក សុក សំអឿន មេធាវីការពារក្ដីរបស់លោក ម៉ម សូណង់ដូ
មានប្រសាសន៍ថា លោកយល់ព្រមធ្វើមេធាវីការពារក្ដីរបស់លោក ម៉ម
សូណង់ដូ នោះហើយ តែភ្លាមៗនេះ លោកមិនទាន់បានពិនិត្យមើលសំណុំរឿង
និងបានទទួលដីកាចោទប្រកាន់នោះនៅឡើយ
ដូច្នេះភ្លាមៗនេះលោកមិនទាន់អាចនិយាយអ្វីបានទេ។
ទាក់ទងនឹងការចាប់ខ្លួននេះដែរ
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ លោក ចុក ងួន អះអាងថា
លោកជាអ្នកចេញដីកាចាប់ខ្លួននោះមែន
ប៉ុន្តែរឿងក្ដីនេះបានផ្ទេរមកតុលាការរាជធានីភ្នំពេញហើយ
ដូច្នេះរឿងក្ដីនេះមិនស្ថិតក្រោមយុត្តាធិការរបស់សាលាដំបូងខេត្ត
ក្រចេះ ចាត់ចែងទៀតនោះទេ។
ទោះយ៉ាងណា អនុប្រធានផ្នែកអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក
(Adhoc) លោក ចាន់ សុវ៉េត អំពាវនាវ
និងសុំឲ្យរដ្ឋាភិបាលបញ្ជាក់ឲ្យបានច្បាស់ពីមូលហេតុនៃការចាប់
ខ្លួនលោក ម៉ម សូណង់ដូ។ លោកថ្លែងបន្តថា
ទង្វើរបស់រដ្ឋាភិបាលទាក់ទងនឹងការបញ្ជាឲ្យមានការចាប់ខ្លួន
ប្រធានសមាគមអ្នកប្រជាធិបតេយ្យនេះវាមិនបានធ្វើឲ្យរដ្ឋាភិបាលទទួល
ផលចំណេញនោះទេ ផ្ទុយទៅវិញវាជាការបង្ហាញមជ្ឈដ្ឋានជាតិ
និងអន្តរជាតិឃើញយ៉ាងច្បាស់ថា លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា
កំពុងដើរថយក្រោយ។
លោក ម៉ម សូណង់ដូ បានវិលមកពីប្រទេសអាមេរិក និងស្វីស
ចូលមកកម្ពុជាវិញ កាលពីថ្ងៃទី១២ កក្កដា កន្លងទៅនេះ។ នៅថ្ងៃទី១៤
កក្កដា លោកបានចូលរួមខួបលើកទី២
នៃការបង្កើតសមាគមអ្នកប្រជាធិបតេយ្យ ហើយលោកបានថ្លែងថា
លោកមិនខ្លាចការចង់ចាប់ខ្លួនលោកពីសំណាក់អាជ្ញាធរឡើយ។
កាលពីថ្ងៃទី២៦ មិថុនា កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានប្រកាសថា
អាជ្ញាធរត្រូវតែចាប់ខ្លួនប្រធានសមាគមអ្នកប្រជាធិបតេយ្យដែលជា
មេខ្លោងក្នុងសកម្មភាពបង្កើតចលនាចាប់ដីដោយខុសច្បាប់នៅឃុំ
កំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ លោក ហ៊ុន សែន បាននិយាយថា
ប្រធានសមាគមនោះ
ជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់កុមារីមួយរូបក្នុងពេលកង
កំលាំងប្រដាប់អាវុធរដ្ឋាភិបាល
ទៅបង្ក្រាបសកម្មភាពចាប់ដីខុសច្បាប់នៅខេត្តក្រចេះនោះ៕
No comments:
Post a Comment