Thursday, March 21, 2013

សង្គម​ ស៊ីវិល បង្ហាញ​លទ្ធផល​នៃ​ការធ្វើ​សវនកម្ម​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត

(ថ្ងៃទី 21 មីនា 2013, ម៉ោង 09:32:AM)
ដោយ: លី សិលា
CEN
ភ្នំពេញ: គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និ​កហ្វិច រួម​ជាមួយ​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់ CAS និង​វិទ្យាស្ថាន​ជាតិសម្រាប់​កិច្ចការ​អន្តរជាតិ NDI បាន​ធ្វើ​បទ​បង្ហាញ​ពី​លទ្ធផល​នៃ​ការធ្វើ​សវនកម្ម​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ឆ្នាំ​២០១២ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​មីនា ឆ្នាំ​២០១៣ នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា ក្នុង​រាជធានី​ភ្នំពេញ​។​

​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ដំណើរការ​បោះឆ្នោត និង​ជា​ការកំណត់​សិទ្ធិ​បោះឆ្នោត​។

លទ្ធផល ​នៃ​ការធ្វើ​សវនកម្មលើ​បញ្ជី​ឈ្មោះ​បោះឆ្នោត ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ទាំង​បី សម្តែង​ការ​ព្រួយ​បារម្ភ អំពី​គុណភាព​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត និង​សិទ្ធិ​អ្នក​បោះ​ឆ្នោត ព្រមទាំង​ការ​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត ដោយ​មិន​ត្រឹម​ត្រូវ ជាដើម។

សេចក្តីប្រកាសលើកឡើង ​ថា សវនកម្មនៃបញ្ជីឈ្មោះអ្នកបោះឆ្នោត VRA នៃ​បញ្ជី​ឈ្មោះ​​អ្នក​បោះ​ឆ្នោត ឆ្នាំ២០១២ បានបង្ហាញនូវការធ្លាក់ចុះ នៃគុណភាព​នៃ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត ចាប់ពីឆ្នាំ២០០៨។

លទ្ធផលនៃសវនកម្មបញ្ជីឈ្មោះអ្នកបោះឆ្នោត បង្ហាញថា អ្នកមានសិទ្ធិបោះឆ្នោត ៨២,៩% បានចុះឈ្មោះបោះឆ្នោត។ ក្នុងនោះ អ្នកមានឈ្មោះបោះឆ្នោត ត្រឹមតែ ៦៣,៦% ប៉ុណ្ណោះ ដែលរស់នៅទីកន្លែង ដែលពួកគេបានចុះឈ្មោះ។ ចំណែក ១០,៤% មានឈ្មោះក្នុងបញ្ជីបោះឆ្នោត តែរកមនុស្សមិនឃើញ។ រីឯ​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត ចំនួន ៩,៤% ក្នុងបញ្ជីលុបឈ្មោះ គឺ​ត្រូវ​បាន​លុប​ចេញ មិនត្រឹមត្រូវ។

លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត និកហ្វិច បានឲ្យដឹង​ថា ​​ការធ្វើ​សវនកម្ម​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ឆ្នាំ​២០១២ ត្រូវបានសម្ភាសន៍​លើអ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត អាយុចាប់ពី ១៨ ដល់ ៤៥ ឆ្នាំ ចំនួន ៤.៨៩៣ នាក់ ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​​ចៃដន្យ នៅ ៤១៤ ឃុំ ក្នុង ៩ ខេត្ត។

លោក ហង្ស ពុទ្ធា បានលើកឡើងថា "យើងរកឃើញថា អ្នកបោះឆ្នោត​ជាង ១០% គឺ​មាន​តែ​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត តែ​គ្មាន​មនុស្ស​ពិត​ទេ។ យើងក៏មាន​ការ​ព្រួយ​បារម្ភ ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​កំរិត​​នៃ​ភាព​ត្រឹម​ត្រូវ និង​សុពលភាព​នៃ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត និង​លទ្ធភាព​សម្រាប់​អ្នក​បោះឆ្នោត ក្នុង​ការ​ប្រើ​ប្រាស់​សិទ្ធិ​បោះ​ឆ្នោត​របស់​ពួក​គាត់ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខែ​កក្កដា​ខាង​មុខ​នេះ"។

​សេចក្តីប្រកាស​ បង្ហាញថា សវនកម្ម​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ដែល​អង្គការ​សង្គម​ស៊ីវិល​ទាំងបីបាន​ធ្វើ​នោះ មាន​សំណាក​ពីរ ក្នុងនោះ មាន​សំណាក​ពី​បញ្ជី​ទៅ​មនុស្ស ដោយ​អង្គការ និ​កហ្វិច បាន​ធ្វើ​ការជ្រើសរើស​ឈ្មោះ​អ្នក​បោះឆ្នោត​ពី​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត និង​ធ្វើ​ការទំនាក់ទំនង​ទៅ​អ្នកបោះឆ្នោត​ទាំងនោះ ដើម្បី​ធ្វើ​ការត្រួត​ពិនិត្យទៅលើ​ភាពត្រឹមត្រូវនៃ​បញ្ជី​ឈ្មោះ​ អ្នកបោះឆ្នោត​។ ចំណែក​សំណាក​មួយទៀត គឺ​ពី​មនុស្ស​ទៅ​បញ្ជី ដោយ​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត ត្រូវបាន​ជ្រើសរើស​ពី​សហគមន៍ និង​ពី​ឯកសារ​ចុះឈ្មោះ​បោះឆ្នោតសម្រាប់​ធ្វើ​ការប្រៀបធៀប​ទៅ​នឹង​បញ្ជី​ ឈ្មោះ​អ្នកបោះឆ្នោត ដើម្បី​រកឲ្យឃើញ​នូវ​សមាមាត្រនៃ​ការចុះឈ្មោះ​អ្នកបោះឆ្នោត​។​

​សូម​ រម្លឹកថា បញ្ជី​បោះឆ្នោត ប្រចាំឆ្នាំ​២០១២ ដែល​គ​.​ជ​.​ប​. បាន​ប្រកាស​ជា​ផ្លូវការ មាន​អ្នកបោះឆ្នោត​សរុប ៩.៦៧៥.៤៥៣ នាក់​។ បញ្ជី​ឈ្មោះ​បោះឆ្នោត​នេះ ត្រូវ​ប្រើប្រាស់ សម្រាប់​ការបោះឆ្នោត​ជាតិ នា​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣៕​

No comments: