Tuesday, March 12, 2013

លោក កឹម សុខា សន្យា​តម្លើង​ប្រាក់ខែ​កម្មករ ១៥០ ដុល្លារ​ក្នុង​មួយខែ

ក្នុង​ពិធី​ជួបជុំ​ជាមួយ​កម្មករ​កាត់ដេរ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​រួបរួម​ជាមួយ​លោក​សម​រង្ស៊ី បាន​ប្រកាស​សន្យា​តម្លើង​ប្រាក់ខែ​កម្មករ​រហូត​ដល់ ១៥០ ដុល្លារ ប្រាក់ខែ​មន្ត្រីរាជការ ១ លាន​រៀល ដែល​ស្មើ​នឹង ២៥០ ដុល្លារ ហើយ​និង​ផ្តល់​ប្រាក់ខែ​ដល់​មនុស្ស​ចាស់ៗ ចាប់​ពី​អាយុ ៦៥ ឆ្នាំ​ឡើង ចំនួន ៤ ម៉ឺន​រៀល ក្នុង​មួយ​ខែ​។ សេចក្តីប្រកាស​របស់​លោក កឹម សុខា​ដូច្នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​កិច្ចប្រជុំ​ចរចា​តម្លើង​ប្រាក់ខែ​កម្មករ​កាត់ដេរ​នឹង​ធ្វើ​ឡើង​ជា​ ថ្មី​ម្តង​ទៀត នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​១១​មីនា​ស្អែក​។​
ថ្ងៃ អាទិត្យ 10 មីនា 2013
ដោយ លី ម៉េងហួរ
RFI
នៅ​ថ្ងៃ​ទី​២៨ កក្កដា​ខាង​មុខ ជា​ថ្ងៃ​បោះឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ និង​នាយក​រដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ថ្មី​។ ដើម្បី​ទទួល​បាន​សន្លឹកឆ្នោត​ពី​កម្មករ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​សម្ព័ន្ធមិត្ត​នឹង​លោក​សម​ រង្ស៊ី បាន​ប្រកាស​ថា បើ​សិន​ជា​គណបក្ស​សង្គ្រោះជាតិ​ឈ្នះ​ការ​បោះឆ្នោត ហើយ​ដឹកនាំ​រដ្ឋាភិបាល​នោះ កម្មករ​កាត់ដេរ​នឹង​ទទួលបាន​ប្រាក់ខែ ១៥០ ដុល្លារ ខណៈ​ដែល​កម្មករ​កាត់​ដេរ​សព្វថ្ងៃ​ទទួល​បាន​ត្រឹមតែ ៦១ ដុល្លារ​។ រីឯ​ប្រាក់ខែ​មន្ត្រី​រាជការ គ្រូបង្រៀន និង​ប៉ូលិស​ទាហាន​ជាដើម​នឹង​ទទួល​បាន ១ លាន​រៀល ឬ ២៥០ ដុល្លារ​។ រដ្ឋាភិបាល​របស់​គណបក្ស​សង្គ្រោះជាតិ​ក៏​នឹង​ផ្តល់​ប្រាក់ខែ​ដល់​មនុស្ស​ ចាស់ ៤​ម៉ឺន​រៀល​ផងដែរ។​
ក្នុង​កិច្ចប្រជុំ​ជាមួយ​ក្រុម​កម្មករ​កាត់​ដេរ​ដឹកនាំ​ដោយ​លោក រ៉ុង ឈុន នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ នៅ​ជាយ​ទីក្រុង​ភ្នំពេញ ក្រៅពី​លោក កឹម សុខា ក៏​មាន​ការ​ចូលរួម​ពី​លោកស្រី មូរ សុខ​ហួរ និង​លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រ និង​ជា​ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី។ លោក កឹម សុខា បាន​លើក​សរសើរ​យ៉ាងច្រើន​ពី​វីរភាព​របស់​លោក សម រង្ស៊ី ព្រមទាំង​ប្រកាស​ថា បើ​សិន​ជា​គណបក្សសង្គ្រោះ​ជាតិ​ឈ្នះ​បោះឆ្នោត​នៅ​ខែ​កក្កដា នោះ​លោក​សម​រង្ស៊ី​ដែល​កំពុង​និរទេស រស់​នៅ​ក្រៅប្រទេស ដើម្បី​គេច​ពី​ការផ្តន្ទាទោស នឹង​ឡើង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី ហើយ​ខ្លួន​លោក​ផ្ទាល់​នឹង​ធ្វើ​ជា​ប្រធាន​រដ្ឋសភា​ដើម្បី​ត្រួតពិនិត្យ​ ការងារ​របស់​រដ្ឋាភិបាល​ឲ្យ​មាន​តុល្យភាព​អំណាច​។
ការ​សន្យា​របស់​គណបក្សប្រឆាំង​លើ​ការ​តម្លើង​ប្រាក់ខែ​មន្ត្រីរាជការ គ្រូបង្រៀន ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​ចំអក​ឲ្យ ដោយ​ថា ជា​ការ​សន្យា​ខ្យល់ មិន​អាច​ធ្វើ​បាន​ទេ​។ តាម​លោក​នាយក​រដ្ឋមន្ត្រី រដ្ឋាភិបាល​កម្ពុជា​មាន​លទ្ធភាព​ត្រឹមតែ​តម្លើង​ប្រាក់ខែ​មន្ត្រីរាជការ ២០% ក្នុង​មួយ​ឆ្នាំ​ប៉ុណ្ណោះ បើ​សិន​ជា​តម្លើង​ប្រាក់ខែ​ច្រើន​ពី​នេះ នោះ​រដ្ឋាភិបាល​នឹង​ជួប​វិបត្តិ​ថវិកា ដូច​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​ជា​មិនខាន​។
និយាយ​ពី​ប្រាក់ខែ​កម្មករ​កាត់ដេរ​វិញ កិច្ចប្រជុំ​ត្រីភាគី រវាង​រាជរដ្ឋាភិបាល សហជីព​កម្មករ និង​ថៅកែ​រោងចក្រ នឹង​ជួប​ចរចា​ជាថ្មី​ម្តងទៀត នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​១១ ខែ​មីនា ឆ្នាំ​២០១៣​។ កិច្ចប្រជុំ​ចរចា​តម្លើង​ប្រាក់ខែ​កម្មករ​នៅ​ថ្ងៃ​ចន្ទ នៅ​ក្រសួង​សង្គមកិច្ច​នឹង​ធ្វើ​ឡើង បន្ទាប់​ពី​កិច្ចចរចា​ជា​បន្តបន្ទាប់​បាន​ជាប់គាំង កាលពី​ចុងខែ​កុម្ភៈ​។ ចុងក្រោយ​នេះ ភាគី​ថៅកែ​រោងចក្រ​កាត់ដេរ​បាន​ព្រមព្រៀង​តម្លើង​ប្រាក់ខែ​កម្មករ ពី ៦១ ដុល្លារ ទៅ​ត្រឹម​តែ ៧៥ ដុល្លារ​ប៉ុណ្ណោះ។ រីឯ​ភាគី​សហជីព​កម្មករ​កាត់ដេរ​បាន​បញ្ចុះ​ការទាមទារ​តម្លើង​ប្រាក់ខែ​ កម្មករ​ជាង ៦ សែន​នាក់ ពី ១២០ ដុល្លារ មក​នៅត្រឹម ៩១ ដុល្លារ៕

No comments: