Monday, 11 March 2013
មាស សុខជា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ក្នុងការថ្លែងទៅកាន់កម្មករប្រហែល៥០០នាក់ កាលពីម្សិលមិញ នៅក្នុងខណ្ឌពោធិ៍សែនជ័យ
រាជធានីភ្នំពេញ មេដឹកនាំគណបក្សប្រឆាំងបានសន្យាជាមួយកម្មករថា
ខ្លួននឹងចុះចេញពីអំណាច
បើសិនមិនអាចបង្កើនប្រាក់បៀវត្សរ៍ដល់កម្មករឲ្យបាន១៥០ដុល្លារ
និងមន្ត្រីរាជការឲ្យបាន២៥០ដុល្លារ ក្នុង១ខែទេ។
លោក កឹម សុខា
ប្រធានគណបក្សសិទ្ធិមនុស្សនិងជាអនុប្រធានគណបក្សសង្គ្រោះជាតិ កម្ពុជា
ថ្លែងនៅក្នុងវេទិកាកម្មករក្នុងខណ្ឌពោធិ៍សែនជ័យ នៅខាងលិចរាជធានីភ្នំពេញថា
មេដឹកនាំគណបក្សប្រឆាំងមិនធ្វើការសន្យាដូច លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ដោយកាត់ក្បាល បើសិនខ្លួនមិនអាចដំឡើងប្រាក់បៀវត្សរ៍ដល់កម្មករនិងមន្ត្រី
រាជការ និងកម្លាំងប្រដាប់អាវុធនោះទេ ប៉ុន្តែ មេដឹកនាំគណបក្សប្រឆាំង
ពេញចិត្តនឹងចុះចេញពីអំណាចបើសិនធ្វើមិនបានតាមការសន្យារបស់ ខ្លួន។
លោក កឹម សុខា បានមានប្រសាសន៍ថា៖ «លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសន្យាថា
លោកនឹងកាត់កលោក បើសិនលោកមិនអាចការពារព្រៃឈើពីការកាប់បំផ្លាញបានទេ។
ខ្ញុំមិនហ៊ានសន្យាកាត់កខ្ញុំទេ ខ្ញុំគ្រាន់តែសន្យាថា ខ្ញុំនឹងចុះចេញពីអំណាច
ប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត
ដឹកនាំរដ្ឋាភិបាលមិនអាចដំឡើងប្រាក់បៀវត្សរ៍ដល់កម្មករទេនោះ ។
បើសិនគណបក្សសង្គ្រោះជាតិដឹកនាំរដ្ឋាភិបាល ប្រាក់បៀវត្សរ៍១៥០ដុល្លារ
នឹងត្រូវដំឡើងឲ្យបាន១០០ភាគរយ»។
ជាង នេះទៀត លោក កឹម សុខា
ថ្លែងចំអកទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានរដ្ឋសភាលោក ហេង សំរិន ថា
បុគ្គលទាំងពីរនេះពុំមានលក្ខណៈសមរម្យ
ក្នុងការដឹកនាំប្រទេសឡើយនិងធ្វើការរិះគន់ថា លោក ហ៊ុន សែន និងលោក ហេង សំរិន
មានការអប់រំកម្រិតទាប។
លោក កឹម សុខា ប្រាប់កម្មករថា៖ «លោក ហ៊ុន
សែន កុំថាឡើយ គាត់មានកម្រិតស្មើនឹងលោក សម រង្ស៊ី
សូម្បីត្រឹមតែជាសិស្សរបស់លោក សម រង្ស៊ី ក៏មិនអាចស្មើផង ព្រោះសិស្ស សម
រង្ស៊ី យ៉ាងហោច ក៏បានបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យដែរ»។
លោកបានបន្ថែម ថា ចំពោះប្រធានរដ្ឋសភា
លោកត្រូវបានតែងតាំងជាបេក្ខភាពប្រធានសភាសម្រាប់អាណត្តិទី៥នេះ ហើយថា
លោកមានលក្ខណៈសមរម្យជាងប្រធានសភាលោក ហេង សំរិន ដោយថ្លែងថា
លោកបានទទួលការអប់រំខ្ពស់ជាងលោក ហេង សំរិន ដែរ។
ទោះយ៉ាងណា
សមាជិកសភាជាន់ខ្ពស់គណបក្សកាន់អំណាចលោក ជាម យៀប បានហៅពាក្យសម្ដីលោក កឹម សុខា
ថា ជាវប្បធម៌កុហករបស់គណបក្សប្រឆាំង
ដើម្បីស្វែងរកសន្លឹកឆ្នោតពីប្រជាពលរដ្ឋនិងអះអាងថា
ផ្អែកតាមបទពិសោធយូរអង្វែងរបស់លោក ហ៊ុន សែន និងលោក ហេង សំរិន
ក្នុងការដឹកនាំប្រទេស លោក សម រង្ស៊ី និងលោក កឹម សុខា
មិនអាចប្រកួតប្រជែងជាមួយលោក ហ៊ុន សែន និងលោក ហេង សំរិន ឡើយ។
លោក ជាម យៀប បានថ្លែងថា៖ «លោក កឹម សុខា មិនដឹងខ្យល់អីទេ អ្វីដែលគាត់និយាយព្រោះតែគាត់ចង់ឈ្នះឆ្នោតប៉ុណ្ណោះ។
ទោះយ៉ាងណា គាត់មិនអាចឈ្នះគណបក្សប្រជាជនកម្ពុជាបានឡើយ។ បើសិនលោក កឹម សុខា
កាន់តំណែងរបស់សម្ដេច ហេង សំរិន ហើយលោក សម រង្ស៊ី កាន់តំណែងរបស់សម្ដេច ហ៊ុន
សែន សូម្បីតែការងារមួយចំរៀកក៏មិនអាចធ្វើបានដែរ»។
លោក អះអាងថា
មូលហេតុដែលលោកអះអាងយ៉ាងនេះពីព្រោះលោក ហ៊ុន សែន និងលោក ហេង សំរិន
មានបទពិសោធពេញលេញក្នុងការដឹកនាំប្រទេស៣០ឆ្នាំកន្លងមកហើយ ចំណែកលោក សម រង្ស៊ី
និងលោក កឹម សុខា មិនដែលមានបទពិសោធក្នុងការដឹកនាំប្រទេសជាតិនៅឡើយទេ៕ PN
No comments:
Post a Comment