Wednesday, March 27, 2013

លោក សម រង្ស៊ី៖ មិន​ចូលរួម​ការ​បោះឆ្នោត​គឺ​ចំណេញ​ជាង

2013-03-26
ដោយ យន់ សាមៀន
RFA
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​អង្គារ មាន​ប្រសាសន៍​ថា អវត្តមាន​លោក​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ នឹង​ផ្តល់​ផល​ប្រយោជន៍​ច្រើន​សម្រាប់​គណបក្ស និង​ការ​ផ្លាស់​ប្ដូរ​សង្គម។ នេះ ជា​លើក​ទី​មួយ​ហើយ​ដែល​លោក សម រង្ស៊ី ទទួល​ស្គាល់​ថា ឱកាស​ចូលរួម​ការ​បោះឆ្នោត​នៅ​កម្ពុជា មាន​លក្ខណៈ​ចង្អៀត។
លោក សម រង្ស៊ី អះអាង​ថា យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ​ចុង​ក្រោយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក​នឹង​មិន​វិល​ត្រឡប់​មក​កម្ពុជា ដើម្បី​ចូលរួម​ការ​បោះឆ្នោត ដើម្បី​ឲ្យ​សហគមន៍​អន្តរជាតិ​កុំ​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត និង​រដ្ឋាភិបាល​ថ្មី។
លោក សម រង្ស៊ី៖ «បើ​អត់​មាន​រូប​ខ្ញុំ ការ​បោះឆ្នោត​គ្មាន​តម្លៃ។ គ្មាន​នរណា​ទទួល​លទ្ធផល​នៃ​ការ​បោះឆ្នោត​បែប​នេះ ហើយ​ក៏​គ្មាន​នរណា​ទទួល​ស្គាល់​រដ្ឋាភិបាល​ណា​ដែល​ចេញ​មក​ពី​ការ​បោះឆ្នោត​ បែប​នេះ។ ពេល​នោះ ប្រទេស​កម្ពុជា នឹង​ឈាន​ចូល​ស្ថានការណ៍ ពីព្រោះ​អស់​មាន​រដ្ឋាភិបាល​ស្រប​ច្បាប់»
ការ​បង្ហាញ​ជំហរ​ចុង​ក្រោយ​របស់​លោក សម រង្ស៊ី ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​បិទ​គ្រប់​ច្រក​ផ្សះផ្សា​នយោបាយ អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី អាច​ចូលរួម​ការ​បោះឆ្នោត​បាន។
លោក សម រង្ស៊ី បន្ត​ថា ស្ថានការណ៍​បច្ចុប្បន្ន កំពុង​ផ្លាស់​ប្ដូរ​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ចំណេញ​នយោបាយ និង​ការ​គាំទ្រ​ពី​សហគមន៍ ទោះ​បី​មាន​វត្តមាន ឬ​អវត្តមាន​របស់​លោក​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ខាង​មុខ​ក៏ដោយ។
លោក សម រង្ស៊ី៖ «បើ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ គ.ជ.ប គេ​លួច​បន្លំ​សន្លឹក​ឆ្នោត មិន​ឲ្យ​ខ្ញុំ​ចូលរួម ក៏​នឹង​មាន​ការ​ផ្លាស់​ប្ដូរ ពីព្រោះ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​អាច​ធ្វើ​ការ​បាន​ទេ នឹង​ដួល​រលំ​ក៏​មាន​ការ​ផ្លាស់​ប្ដូរ​ដែរ»
ដំណឹង​ចុង​ក្រោយ​របស់​លោក សម រង្ស៊ី ធ្វើ​ឡើង​នៅ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​ដើរ​ប្រាប់​សហគមន៍​អន្តរជាតិ​ថា វត្តមាន​លោក សម រង្ស៊ី មិន​សំខាន់​សម្រាប់​ការ​បោះឆ្នោត។
លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស កាល​ពី​ថ្ងៃ​អង្គារ បាន​ប្រាប់​អ្នកស្រី ភិននី រីឆាត (Penny Richards) ឯកអគ្គរាជទូត​ប្រទេស​អូស្ត្រាលី ថា ការ​បោះឆ្នោត​សកល​នៅ​ខែ​កក្កដា ខាង​មុខ​នេះ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌ បើ​ទោះ​បី​ជា​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​ចូលរួម​ការ​បោះឆ្នោត​បាន​ក៏ដោយ។
លោក សម រង្ស៊ី កំពុង​តែ​រស់នៅ​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង តាំង​ពី​ចុង​ឆ្នាំ​២០០៩ ក្រោយ​ពេល​តុលាការ​ផ្ដន្ទាទោស​ឲ្យ​លោក​ជាប់​ពន្ធនាគារ​ចំនួន ១២​ឆ្នាំ។
អ្នក​វិភាគ​ធ្លាប់​លើក​ឡើង​ថា បើ​លោក សម រង្ស៊ី ត្រឡប់​ចូល​កម្ពុជា នៅ​នាទី​ចុង​ក្រោយ​មែន លោក​ក៏​នឹង​មាន​ពេលវេលា​តិចតួច​សម្រាប់​រៀបចំ​យុទ្ធសាស្ត្រ​ធ្វើ​យុទ្ធនាការ ​ឃោសនា​រក​សំឡេង​ឆ្នោត​ណាស់ ហើយ​នៅ​ពេល​នោះ ការ​ចូលរួម​របស់​លោក សម រង្ស៊ី អាច​ផ្តល់​ភាព​ស្រប​ច្បាប់​មួយ​ផ្នែក​ដល់​ការ​បោះឆ្នោត​ដែល​គេ​ឯង​តែង​ចោទ​ ថា ចាត់​ចែង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នោះ៕

No comments: