VOA
ភ្នំពេញ៖
កាសែតរបស់អូស្ត្រាលីមួយរាយការណ៍ថាលោកនាយករដ្ឋមន្ត្រីហ៊ុន
សែនមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយមួយរបស់ក្រុមហ៊ុនរ៉ែ
អូស្ត្រាលីដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតលើការសូកប៉ាន់ដល់
រដ្ឋាភិបាលកម្ពុជាក្នុងទឹកប្រាក់ចំនួន៣,៥លានដុល្លារសហរដ្ឋ
អាមេរិក។
ប៉ុន្តែមន្រ្តីកម្ពុជាបញ្ជាក់ថាមិនមានបណ្តឹងណាត្រូវបានគេដាក់
មកនៅឡើយទេ។
លោកឱម
យិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលបាននិយាយនៅ
ថ្ងៃអង្គារនេះថាអង្គភាពរបស់លោកមិនទាន់បានទទួលពាក្យបណ្តឹង
ណាមួយពាក់ព័ន្ធនឹងការចោទប្រកាន់ថាលោកនាយករដ្ឋមន្ត្រីហ៊ុន
សែនមានពាក់ព័ន្ធនឹងប្រាក់សំណូកចំនួន៣,៥លានដុល្លារជាថ្នូរនឹង
ការផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនរុករករ៉ែបុកស៊ីតកាលពីឆ្នាំ២០០៦នៅ
ឡើយទេ។
ឆ្លើយតបទៅនឹងវីអូអេសំឡេងសហរដ្ឋអាមេរិកដែលបានសួរថាតើអង្គភាព
ប្រឆាំងអំពើពុករលួយមានការស៊ើបអង្កេតដែរឬទេនៅពេលដែលអត្ថបទរបស់
ប្រទេសអូស្រ្តាលីបានចោទប្រកាន់ថាលោកនាយករដ្ឋមន្ត្រីហ៊ុន
សែនពាក់ព័ន្ធនឹងប្រាក់សំណូកចំនួន៣,៥លានដុល្លារសហរដ្ឋអាមេរិកនោះ
លោកឧិម យិនទៀងបាននិយាយយ៉ាងដូច្នេះថា៖
«អូនអ្នកចេញមុខប្តឹងមកខ្ញុំឬពីណាជាអ្នកចេញមុខប្តឹងដើម្បីខ្ញុំស៊ើបអង្កេតនោះ»។
កាសែតរបស់ប្រទេសអូស្តា្រលីមួយឈ្មោះThe
Ageបានចេញផ្សាយនៅក្នុងអត្ថបទរបស់ខ្លួនមួយនៅថ្ងៃទី២៦ខែមិនាថា
កិច្ចចរចារុករករ៉ែមួយរបស់ក្រុមហ៊ុនBHP Billiton
កំពុងរងការចោទប្រកាន់ពីបទសូកប៉ាន់នៅក្នុងកិច្ចព្រមព្រៀងមួយ
ដែលធ្វើអធិបតីភាពដោយលោកហ៊ុន សែន បុរសខ្លាំងរបស់កម្ពុជា។
នេះបើតាមទូរសារការទូតមួយដែលកាសែតនេះបានប្រើប្រាស់ជាប្រភព។
លោកឱម យិនទៀងបាននិយាយថាលោកមិនទាន់បានទទួលព័ត៌មាននេះនៅឡើយទេ។
កាសែតThe Ageបានរាយការណ៍ថា
ប៉ូលិសសហព័ន្ធអូស្រ្តាលីនិងក្រសួងយុត្តិធម៌អាមេរិកកំពុងផ្តោតការ
ស៊ើបអង្កេតក្រុមហ៊ុនBHP Billiton
ទាក់ទងនឹងករណីនៃការព្យាយាមរុករករ៉ែបុកស៊ីតមិនបានសម្រេចនៅ
ប្រទេសកម្ពុជានិងករណីមួយទៀតរបស់ក្រុមហ៊ុននេះទាក់ទងនឹងកម្មវិធី
បដិសណ្ឋារកិច្ចរបស់ខ្លួនដល់ក្រុមមន្ត្រីចិនកាលពីការប្រកួតកីឡា
អូឡាំពិកឆ្នាំ២០០៨។
ទូរសារការទូតជាច្រើនដែលThe Age
ទទួលបានហើយដែលមានមួយចំនួនត្រូវបានកំណត់ថា«រសើប»និង«សម្ងាត់»
បង្ហាញពីការពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាលើកដំបូងរបស់លោកនាយក
រដ្ឋមន្ត្រី ហ៊ុន
សែនក្នុងកិច្ចចរចាឆ្នាំ២០០៦ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនBHP
ដែលនាំឱ្យគាត់និយាយប្រាប់ដល់ក្រុមដែលបានចូលជួបជាលក្ខណៈឯកជន
មួយថាលោកនឹងផ្តល់ឱ្យ «ក្រុមហ៊ុនBHPនូវដី១លានហិកតា»
ប៉ុន្មានសប្តាហ៍មុនពេលកិច្ចព្រមព្រាងត្រូវបានចុះហត្ថលេខា និង
«អាចជាការវិនិយោគលើកលែងពន្ធមួយ»។
ទូរសារការទូតទាំងនោះក៏បានបង្ហាញឱ្យដឹងពីវិធីដែលក្រុមហ៊ុនBHP
បានបញ្ឈប់រាល់ការរុករករ៉ែនៅកម្ពុជាត្រឹមប៉ុន្មានខែប៉ុណ្ណោះ
បន្ទាប់ពីអង្គការក្រៅរដ្ឋាភិបាលមួយបានចេញផ្សាយរបាយការណ៍មួយកាល
ពីឆ្នាំ២០០៩ដែលបានគូសបង្ហាញពីការបង់ប្រាក់របស់ក្រុមហ៊ុនចំនួន
៣,៥លានដុល្លារអាមេរិកឱ្យក្រសួងរដ្ឋាភិបាលកម្ពុជានានានិងការ
បារម្ភថាជាការចំណាយមួយដែលមិនអាចរកអ្នកទទួលខុសត្រូវឃើញ។
ការបង់ប្រាក់នេះត្រូវបានរៀបរាប់ដោយអ្នកនយោបាយកម្ពុជាម្នាក់
ក្នុងរបាយការណ៍របស់អង្គការGlobal Witness ថាជា«លុយទឹកតែ»
ដែលជាប្រយោគមួយប្រើនៅពេលខ្លះនៅអាស៊ីដើម្បីពណ៌នាពីការស៊ី
សំណូក។
កាសែតដដែលបានបញ្ជាក់ថាពុំមានភស្តុតាងដែលបានបញ្ជាក់ថាមានចំណែក
ណាមួយនៃលុយនេះត្រូវបានផ្តល់ទៅលោកហ៊ុន សែន
ឬក៏មន្ត្រីក្រោមឱវាទរបស់លោកទេ
ហើយលោកបានបដិសេធរបាយការណ៍ដែលថាក្រុមហ៊ុនBHPបានពាក់ព័ន្ធនឹង
ការសូកប៉ាន់នៅប្រទេសកម្ពុជាដែរ។
លោក ព្រាប
កុលនាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាបាននិយាយថាលោកមិនបានដឹង
លម្អិតពាក់ព័ន្ធនឹងដំណើររឿងនេះទេគឺគ្រាន់តែដឹងតាមទំព័រ
សារព័ត៌មានតែប៉ុណ្ណោះក៏ប៉ុន្តែលោកបាននិយាយថាបញ្ហាផ្តល់អាជ្ញា
បណ្ណដល់ក្រុមហ៊ុនធំៗនៅកម្ពុជាមិនសូវមានតម្លាភាពទេក្នុងពេល
កន្លងមក។
«យើងមានសំណួរជាច្រើនទាក់ទឹននឹងនីតិវិធីនៃការជ្រើសរើសក្រុមហ៊ុន
ក្នុងការផ្តល់សិទ្ធិនិងធ្វើការសម្រេចចិត្តផ្តល់អាជ្ញាបណ្ណ។
យើងមិនមានការដេញថ្លៃឬក៏ការប្រកាសឱ្យមានការចូលរួមពីដៃគូ
ប្រកួតប្រជែងផ្សេងៗអញ្ចឹងវាជាការខ្វះនូវតម្លាភាពនៅក្នុងដំណើរ
ការធ្វើកិច្ចការងារហ្នឹងដែលយើងពិបាកក្នុងការដឹងពីព័ត៌មានឱ្យ
បានស៊ីជម្រៅ»។
កាលពីឆ្នាំ២០១២សារព័ត៌មានThe Ageដដែលបានចុះផ្សាយថាលោកឧកញ៉ា
ហ៊ុន តូក្មួយប្រុសលោកនាយករដ្ឋមន្ត្រីហ៊ុន
សែនជាប់ពាក់ព័ន្ធនឹងសកម្មភាពលាងលុយកខ្វក់និងរត់ពន្ធថ្នាំញៀនទៅ
កាន់ប្រទេសអូស្តា្រលី។
លោកឧកញ៉ា ហ៊ុន តូធ្លាប់បានបដិសេធចំពោះការចោទប្រកាន់នេះហើយបានព្រមានថានឹងប្តឹងសារព័ត៌មានThe Age៕
No comments:
Post a Comment