Thursday, March 28, 2013

បទ​វិភាគ៖ លោក ឈូក បណ្ឌិត នឹង​មិន​ជាប់​គុក

សាលា​ដំបូង​ខែត្រ​ស្វាយរៀង មិន​ទាន់​កំណត់​ពេល​វេលា​បើក​សវនាការ​សំណុំ​រឿង​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត នៅ​ឡើយ​ទេ បន្ទាប់​ពី​សាលា​ឧទ្ធរណ៍​បាន​បញ្ជូន​សំណុំ​រឿង​ដ៏​ចម្រូងចម្រាស​នេះ​ឲ្យ​ទៅ​ សាលា​ដំបូង​ខែត្រ បើក​សវនាការ​ជំនុំ​ជម្រះ​នោះ។
2013-03-28
ដោយ ទីន ហ្សាការីយ៉ា
RFA
សំណុំ​រឿង​លោក ឈូក បណ្ឌិត ជា​ជន​សង្ស័យ​បាន​បាញ់​រះ​ទៅ​លើ​ហ្វូង​កូដករ​របស់​កម្មករ​កាល​ពី​ឆ្នាំ​២០១២ នោះ បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ ហើយ​ក៏​ជា​សំណុំ​រឿង​ដែល​គេ​ពិបាក​នឹង​ជឿ​ណាស់​ថា តុលាការ​នឹង​ចាត់​វិធានការ​តាម​ច្បាប់ ដើម្បី​ផ្ដន្ទាទោស​លោក ឈូក បណ្ឌិត ឲ្យ​ជាប់​គុក​នោះ។
លោក ទីន ហ្សាការីយ៉ា មាន​បទ​វិភាគ​រឿង​នេះ តាម​ការ​សាកសួរ​របស់​អ្នកស្រី សុ ជីវី៖
សុ ជីវី៖ តើ​មូលហេតុ​អ្វី​បាន​ជា​លោក ឈូក បណ្ឌិត មិន​ជាប់​គុក?

ទីន ហ្សាការីយ៉ា៖ បាទ! តាម​មើល​ទៅ​លោក ឈូក បណ្ឌិត តុលាការ​នឹង​មិន​ផ្ដន្ទាទោស​លោក​ឲ្យ​ជាប់​គុក​នោះ​ទេ ទោះ​បី​លោក ឈូក បណ្ឌិត ជា​ជនសង្ស័យ​តែ​ម្នាក់​គត់​នៃ​ការ​បាញ់​ប្រហារ​ទៅ​លើ​កម្មករ​ក្ដី តែ​លោក​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ ផ្លាស់​ទៅ​ឲ្យ​មាន​តួនាទី​នៅ​សាលា​ខែត្រ​ជំនួស​តួនាទី​ចាស់​ជា​អភិបាល​ក្រុង ​បាវិត។ នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​ថា លោក​ជា​មនុស្ស​ដ៏​មាន​ឥទ្ធិពល​ម្នាក់ ហើយ​តុលាការ​ទំនង​ជា​មិន​អាច​បំពេញ​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ឯករាជ្យ​ ក្នុង​ការ​កាត់​ទោស​លោក ឈូក បណ្ឌិត នោះ​ទេ។
ជាង​នេះ​ទៅ​ទៀត​នោះ ក្រោយ​ពី​កម្មការិនី​រោងចក្រ​កៅវ៉េ (Kaoway) ទាំង​បី​នាក់​រង​របួស​ដោយសារ​គ្រាប់​កាំភ្លើង​មាន​ឈ្មោះ កែវ នា អ៊ុន ចិន្តា និង នុត សាខន ក្នុង​ចំណោម​អ្នក​ទាំង​៣ គឺមាន អ្នក​យក​លុយ​ទៅ​ឲ្យ​ឈ្មោះ អ៊ុន ចិន្ដា នៅ​មន្ទីរពេទ្យ​ចំនួន ៥០០​ដុល្លារ នៅ​ខណៈ​នាង​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ ហើយ​គេ​ប្រាប់​ថា លុយ​នេះ​ជា​អំណោយ​របស់​អ្នកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន និង​ជា​ថ្នូរ​សុំ​ឲ្យ អ៊ុន ចិន្តា កុំ​ប្ដឹង​លោក ឈូក បណ្ឌិត ទៅ​តុលាការ។
តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី កម្មការិនី​រង​របួស​ទាំង​បី​នាក់ នៅ​តែ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ ហើយ​នៅ​ដំណាក់កាល​ដំបូង​សាលា​ដំបូង​ខែត្រ​ស្វាយរៀង​ហ្នឹង បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​លោក ឈូក បណ្ឌិត បាញ់​កម្មករ​ដោយ​ចោទ​ប្រកាន់​លោក ឈូក បណ្ឌិត ពី​បទ​បង្ករ​បួស​ស្នាម​ដោយ​អចេតនា។ តែ​ក្រោយ​មក តុលាការ​បែរ​ជា​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​នេះ​ទៅ​វិញ។
តុលាការ​បាន​ចោទ​ប្រកាន់​មន្ត្រី​នគរបាល​មួយ​រូប​ជំនួស​លោក ឈូក បណ្ឌិត ទាក់ទង​នឹង​ករណី​បាញ់​កម្មករ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២។ ម្យ៉ាង​ទៀត ប្រសិន​បើ​លោក ឈូក បណ្ឌិត គ្មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​មន្រ្តី​មាន​អំណាច​ធំ​នៅ​ពី​ក្រោយ​ខ្នង ​ទេ​នោះ រឿង​នេះ​ទំនង​ជា​តុលាការ​ចាប់​ខ្លួន​លោក​ដាក់​ពន្ធនាគារ​តាំង​ដើម​ទី​មក​ ម្ល៉េះ។
សុ ជីវី៖ តើ​ភស្តុតាង​អ្វី​ខ្លះ​ដែល​បញ្ជាក់​ថា លោក ឈូក បណ្ឌិត ជា​ជន​ជាប់​ចោទ​ក្នុង​ករណី​បាញ់​រះ​កម្មការិនី​នៃ​រោងចក្រ​កៅវ៉េ នៅ​ក្រុង​បាវិត កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ នោះ?
ទីន ហ្សាការីយ៉ា៖ បាទ! បន្ទាប់​ពី​ផ្ទុះ​អាវុធ​ត្រូវ​កម្មករ​ទាំង​បី​នាក់​ភ្លាមៗ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង និង​ជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា លោក ឈូក បណ្ឌិត ជា​ជន​សង្ស័យ​តែ​ម្នាក់​គត់​ក្នុង​ការ​បាញ់​ប្រហារ​កម្មករ​ទាំង​នោះ។ បញ្ហា​នេះ ខ្ញុំ​គិត​ថា ជា​រឿង​ល្អ​មួយ​ដែល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចង្អុលមុខ​ជនសង្ស័យ​លើ​ករណី​បាញ់​ប្រហារ​នេះ ក៏​ប៉ុន្តែ​បញ្ហា​សំខាន់​នៅ​ត្រង់​ថា រឿង​នេះ​វា​ហាក់​ដូចជា​ការ​ចង្អុល​មុខ​ជនសង្ស័យ​នេះ​គ្មាន​ន័យ​ទៅ​វិញ ពីព្រោះ​ថា ជន​សង្ស័យ​នៅ​ក្រៅ​សំណាញ់​ច្បាប់​នៅ​ឡើយ​អស់​រយៈពេល​ជាង ១​ឆ្នាំ​មក​នេះ។
ទោះ​បី​ជា​លោក ឈូក បណ្ឌិត ខ្លួន​ឯង​ធ្លាប់​បាន​ឆ្លើយ​នៅ​ក្នុង​ដំណាក់កាល​សាកសួរ​នៅ​ខែត្រ​ស្វាយរៀង កាល​ពី​ឆ្នាំ​២០១២ នោះ​ថា លោក​ជា​អ្នក​ធ្វើ​ឲ្យ​ផ្ទុះ​អាវុធ​ត្រូវ​កម្មករ ហើយ​នៅ​ក្នុង​សភា​សាកសួរ​របស់​សាលាឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី​២៧ និង​ថ្ងៃ​ទី​២៨ កុម្ភៈ នោះ លោក ឈូក បណ្ឌិត បាន​ប្រាប់​ទៀត​ថា អាវុធ​ដែល​ផ្ទុះ​ត្រូវ​កម្មករ​នោះ ជា​អាវុធ​របស់​លោក ថ្វីត្បិត​តែ​លោក​ដោះសា​ថា លោក​គ្មាន​ចេតនា​នោះ​ទេ។
លើស​ពី​នេះ​ទៀត ទោះ​ជា​លោក ឈូក បណ្ឌិត បាន​ព្យាយាម​ឆ្លើយ​ថា លោក​បាន​បំផ្ទុះ​អាវុធ​គ្មាន​ចេតនា​ក្ដី តែ​សាក្សី​ជា​មន្ត្រី​នគរបាល​ពីរ​រូប បាន​មក​ឆ្លើយ​នៅ​ក្នុង​សវនាការ​នៃ​សាលាឧទ្ធរណ៍​ថា លោក ឈូក បណ្ឌិត ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ធ្វើ​ឲ្យ​ផ្ទុះ​អាវុធ​ត្រូវ​កម្មករ បន្ទាប់​ពី​លោក​បាន​ចេញ​ពី​រថយន្ត​ទំនើប​របស់​លោក ហើយ​បាញ់​ប្រហារ​ទៅ​លើ​ហ្វូង​កូដកម្ម​ដោយ​មិន​រើស​មុខ។
ការ​ចង្អុល​បង្ហាញ​របស់​សាក្សី​អាច​នាំ​ឲ្យ​គេ​ជឿ​ថា សកម្មភាព​នោះ​មាន​ចេតនា​ដ៏​ច្បាស់​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​កម្មករ​របួស បើ​ទោះ​ជា​មិន​សម្លាប់​អ្នក​ដែល​ធ្វើ​ការ​តវ៉ា​ទាំង​នោះ​ក្ដី។ ប្រសិន​បើ​លោក ឈូក បណ្ឌិត មាន​ឥរិយាបថ​បែប​នេះ តុលាការ​ត្រូវ​តែ​ផ្ដន្ទាទោស​ឲ្យ​សម​នឹង​កំហុស​របស់​គាត់ ហើយ​តាម​ផ្លូវ​ច្បាប់ សកម្មភាព​បែប​នេះ​គេ​ត្រូវ​តែ​ចោទ​ប្រកាន់​ពី​បទ​ប៉ុនប៉ង​មនុស្ស​ឃាត។
យ៉ាង​ណា​មិញ សភា​សាលាឧទ្ធរណ៍​បាន​ចោទ​ប្រកាន់​លោក ឈូក បណ្ឌិត ឡើង​វិញ ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា​តាម​ក្រម​ព្រហ្មទណ្ឌ​មាត្រា ២៣៦ ឆ្នាំ​២០០៩ គឺ​ជន​សង្ស័យ នឹង​ត្រូវ​ជាប់​ទោស​ពី ៦ ខែ​ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល​ទៅ ៤​លាន​រៀល។ តែ​រឿង​នេះ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ខ្ញុំ​យល់​ថា សាលាដំបូង​ខែត្រ​ស្វាយរៀង ទី​មួយ អាច​នឹង​ពន្យារ​ពេល​ការ​កាត់​ក្តី​លោក ឈូក បណ្ឌិត រហូត​ដល់​ក្រោយ​បោះ​ឆ្នោត ហើយ​ទី​ពីរ នៅ​ក្នុង​សវនាការ​កាត់​ក្ដី​នោះ តុលាការ​ក៏​ប្រហែល​ជា​ពិបាក​នឹង​វិនិច្ឆ័យ​រឿង​ក្ដី​របស់​លោក ឈូក បណ្ឌិត អោយ​ជាប់​ទោស​ណាស់។
សុ ជីវី៖ តើ​ហេតុផល​អ្វី​ខ្លះ​ដែល​ថា សាលាដំបូង​ខែត្រ​ស្វាយរៀង នឹង​កាត់​ឲ្យ​លោក ឈូក បណ្ឌិត មិន​ជាប់​ទោស​នោះ?
ទីន ហ្សាការីយ៉ា៖ រឿង​នេះ​ទំនង​ជា​សាលា​ដំបូង​ខែត្រ​ស្វាយរៀង នឹង​បើក​សវនាការ​នៅ​ក្រោយ​ពេល​បោះ​ឆ្នោត នៅ​ខែ​កក្កដា ខាង​មុខ។ ការ​ធ្វើ​ដូច្នេះ គឺ​ប្រហែល​ជា​គេ​ជៀសវាង​នូវ​ការ​ជះ​ឥទ្ធិពល​ដល់​សន្លឹក​ឆ្នោត​របស់​គណបក្ស​ គ្រប់គ្រង​អំណាច​បច្ចុប្បន្ន។ មួយ​វិញ​ទៀត ការ​ធ្វើ​ដូច្នេះ​ដើម្បី​ជៀស​វាង​កុំ​ឲ្យ​មាន​ក្រុម​សហជីព​ដឹកនាំ​ក្រុម​ កម្មករ​ធ្វើ​បាតុកម្ម ដែល​ធ្វើ​ឲ្យ​មាន​ភាព​ល្អក់​កករ​កាន់​តែ​ខ្លាំង​នៅ​មុន​ពេល​បោះ​ឆ្នោត។ ក៏​ប៉ុន្តែ​បើ​សិន​ជា​តុលាការ​យក​សំណុំ​រឿង​ដ៏​ចម្រូងចម្រាស​នេះ​មក​ជំនុំ​ ជម្រះ​ក្ដី​នៅ​មុន​ពេល​បោះ​ឆ្នោត តាម​មើល​ទៅ​រឿង​នេះ​តុលាការ​នឹង​កាត់​ឲ្យ​លោក ឈូក បណ្ឌិត ជាប់​គុក ដើម្បី​ជា​ការ​បំពេញ​ចិត្ត​ដល់​កម្មករ និង​ជា​ការ​បង្ហាញ​ថា តុលាការ​ឯករាជ្យ និង​ផ្ដល់​យុត្តិធម៌​ជូន​ជន​រង​គ្រោះ។
ទោះ​ជា​យ៉ាង​នេះ​ក្ដី សំណុំ​រឿង​នេះ​ទំនង​ជា​សាលាដំបូង​ខែត្រ​ស្វាយរៀង នឹង​កាត់​ទោស​ឲ្យ​លោក ឈូក បណ្ឌិត ជាប់​ទោស តែ​ចំនួន​ទោស​នោះ​ប្រហែល​ជា​គេ​នឹង​ត្រូវ​ព្យួរ​ទោស​ទាំង​អស់ ពោល​គឺ​លោក ឈូក បណ្ឌិត មិន​ជាប់​គុក​នោះ​ទេ ដោយ​ហេតុ​ថា ករណី​នេះ​តុលាការ​បាន​ត្រឹម​តែ​ចោទ​ប្រកាន់​លោក ឈូក បណ្ឌិត ពី​បទ​មជ្ឈិម​ស្រាល​បំផុត អំពី​ការ​បង្ក​របួស​ស្នាម​ដោយ​អចេតនា​នោះ៕

No comments: