Friday, April 26, 2013

គជប​បដិសេធ​ចោល​សំណើ​សុំ​កែប្រែ​របស់​បក្ស​ប្រឆាំង​

26 មេសា 2013
ហេង រស្មី
VOA
ភ្នំពេញ៖ រយៈពេល​មួយ​ថ្ងៃ​បន្ទាប់​ពី​បាន​ទទួល​ញត្តិ​របស់​គណបក្ស​សង្គ្រោះជាតិ​ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​បដិសេធ​ថា​នឹង​មិន​ធ្វើ​តាម​ សំណើ​របស់​គណបក្ស​ប្រឆាំង​ទេ​ដោយ​បាន​អះ​អាង​ថា​ខ្លួន​បាន​ធ្វើ​តាម​នីតិ​ វិធី​រួច​រាល់​ហើយ​ក្នុង​ការ​ចុះ​បញ្ជី​ច្បាប់​បោះឆ្នោត។​

កាល​ពី​ថ្ងៃ​ពុធ​ម្សិលម៉ិញ​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹកនាំ​ធ្វើ​ បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​ទាមទារ​ឱ្យ​ធ្វើ​ការ​កែទម្រង់​គជប​ និង​បាន​ដាក់​ញត្តិ​ជូន​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ចំនួន​បួន​ ចំណុច​ធំៗ។​

នៅ​ក្នុង​ញត្តិ​មួយ​ច្បាប់​ដែល​ដាក់​ចំណង​ជើង​ថា «សុឆន្ទៈ​មហាជន​ចំពោះគណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត»​បាន​ទាមទារ​ ឱ្យ​សើរើ​ឡើង​វិញនូវ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដែល​គជប​បាន​ធ្វើ​ហើយ​ត្រូវ​បាន​ អង្គការ​NDI និង​ Comfrel​រក​ឃើញ​ថា​មាន​កំហុស​យ៉ាង​ធ្ងន់​ធ្ងរ​ ការ​បំប៉ោង​និង​ការលុប​ឈ្មោះ​អ្នក​បោះឆ្នោត​អណត្តិ​ទី​៥​នេះ។​

ញត្តិ​ដដែល​ក៏​បាន​គាំទ្រ​យ៉ាងពេញ​ទំហឹង​នូវ​អនុសាសន៍​របស់​អ្នក​រាយការណ៍​ ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅកម្ពុជា​ កាលពីឆ្នាំ​២០១២​ជុំវិញ​ការ​បោះ​ឆ្នោត​អណត្តិ​ទី​៥​ដែល​ទាមទារ​ឱ្យ​កែទម្រង់ ​គជប​ ដើម្បី​ឱ្យ​ការ​បោះ​ឆ្នោត​មួយ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​និង​យុត្តិ​ធម៌។​

លោក​ទេព នីថា​អគ្គលេខាធិការ​នៃ​គជប​បាន​និយាយ​ថា​ចំណុច​ដែល​ទាមទារ​ឱ្យ​គជប​យក​ អនុសាសន៍របស់​លោក​សុរិយា ប្រាសាទ​ស៊ូប៊ែ​ឌី​ គឺ​គជប​បាន​ឆ្លើយតប​នឹង​បញ្ហាទាំង​អស់​នេះ​ហើយ​ចំណែក​ឯ​ការទាមទារ​ឱ្យ​ សើរើចុះ​បញ្ជី​បោះឆ្នោត​ឡើង​វិញ​គ្មាន​ច្បាប់​ណា​ដែល​តម្រូវ​ឱ្យ គជប​សើរើ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដែល​ផ្តល់​សុពលភាព​ហើយ​នោះ​ទេ។​
 
លោក​បាន​បន្ថែម​ថា៖
«គជប​នឹង​ខិតខំ​បន្ត​អនុវត្ត​ការងារ​របស់​ខ្លួន​ទៅ​តាម​ច្បាប់​ទៅ​តាម​បទ​ បញ្ជា​នីតិវិធី​ដើម្បី​ជំរុញ​ឱ្យ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ប្រព្រឹត្ត​ទៅ​ កាន់តែ​ល្អប្រសើរ​និង​តាម​ប្រតិទិន​ដែល​បាន​គ្រោង​ទុក»។​

លោក​កឹម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ដឹកនាំ​អ្នក​គាំទ្រ​ជាង​១០០០​នាក់​ មក​តវ៉ា​បាន​ប្រកាស​ថា​លោក​ទុក​រយៈពេល​មួយ​សប្តាហ៍​ដើម្បី​ឱ្យ​គជប​ដោះ​ ស្រាយ។​

លោក​កឹម សុខា​បាន​ប្រាប់​VOA​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក្នុង​ពេល​ដែល​ លោក​កំពុងធ្វើ​ដំណើរ​ទៅ​ខេត្ត​បាត់​ដំបង​ថា​បើ​គជប​មិន​ដោះ​ស្រាយ​ក្នុង​រយៈ ​ពេល​មួយ​សប្តាហ៍​ទេ​នោះ​គណបក្ស​សង្គ្រោះជាតិ​នឹង​ដឹក​នាំធ្វើ​មហា​បាតុកម្ម ​រហូត​ដល់​មាន​ដំណោះ​ស្រាយ។​

«​សុំឱ្យ​គាំទ្រនូវ​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ​និង​កា​រក​ឃើញ​របស់​ NDI ​ហើយ​នឹង​Comfrel​ហើយ​ប្រសិន​ណាបើ​គជប​មិន​ធ្វើ​គឺយើង​នៅ​បន្ត​ធ្វើ​ បាតុកម្ម​តទៅទៀត​ហើយ​នឹង​ឈាន​រហូត​ដល់​មហា​បាតុកម្ម​ដ៏ធំ​រហូត​ដល់​មុន​ បោះឆ្នោត​ហើយ​បើ​បោះឆ្នោត​នៅតែ​របៀប​អញ្ចឹង​ក៏បោះ​ឆ្នោត​យើង​នឹង​ធ្វើ​ចលនា​ ធំ»។​

អង្គការ​ឃ្លាំមើល​ដំណើរ​ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​អង្គការ​ និកហ្វិក​ វិទ្យាស្ថាន​ជាតិ​ប្រជា​ធិបតេយ្យ​ដែល​ហៅកាត់​ថា​ NDI​ កាលពី​ខែមេសា​បាន​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ធ្វើ​សវនកម្ម​បញ្ជី​ឈ្មោះ​ អ្នក​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១២​នេះ​ថា​ បាន​ធ្លាក់ចុះ​នៃ​គុណភាព​ មិន​ពេញ​លេញ​ ភាព​ត្រឹមត្រូវ​ និង​សុពល​ភាព​ចាប់​តាំង​ពីឆ្នាំ​២០០៨​មក។​ 

នៅ​ក្នុង​របាយ​ការណ៍​សង្ខេប​ដែល​បាន​ចេញ​ផ្សាយ​ អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​បាន​រក​ឃើញ​ថា​ ការ​ធ្លាក់​ចុះ​នូវ​អត្រា​ចុះ​ឈ្មោះ​ចាប់​ពីឆ្នាំ​២០០៨​ គឺ​មាន​ចំនួន​អ្នក​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ មានត្រឹមតែ​៨២,៩%​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ ហើយ​កាលពី​ឆ្នាំ​២០០៨​មាន​រហូត​ដល់​៨៧,៩%។​
 
ការ​រក​ឃើញនេះ​បាន​បង្ហាញ​នូវភាព​ខុសគ្នា​ជាមួយ​នឹង​ស្ថិតិ​ដែល​បាន​ផ្តល់​ ដោយ​គ.ជ.ប.​ដែល​ថា ​មាន​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រហូត​ដល់​ទៅ​១០១,៧%​នៃ​ចំនួន​អ្នក​ដែល ​មាន​សិទ្ធិ​បោះឆ្នោត​សរុប៕

No comments: