ស.រ.អា
.និងសហគមន៍អន្តរជាតិបានព្រមានថា
កម្ពុជាប្រថុយនឹងការមិនអាចត្រូវគេទទួលស្គាល់នីត្យានុកូលភាពរបស់
រដ្ឋាភិបាលថ្មី។
26 មេសា 2013 សុខ ខេមរា
VOA
ក្រុមបាតុករខ្មែរអាមេរិកាំងទាមទារនៅមុខសេតវិមានចង់ឲ្យលោក
ប្រធានាធិបតីស.រ.អា.បារ៉ាក់
អូបាម៉ាដាក់សម្ពាធលើរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន
សែនដើម្បីឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌
ហើយចង់ឲ្យមានការផ្តាច់ជំនួយ បើគ្មានការកែប្រែប្រព័ន្ធបោះឆ្នោត
ដែលអាចធានាបានភាពសេរីនិងយុត្តិធម៌ទេនោះ។
បាតុកម្មមួយថ្ងៃរបស់ពលរដ្ឋខ្មែរអាមេរិកាំងនៅមុខសេតវិមានកាលពី ថ្ងៃពុធ ដើម្បីទាមទារឲ្យលោកប្រធានាធិបតីស.រ.អា.បារាក់ អូបាម៉ាជួយធានាថាប្រព័ន្ធបោះឆ្នោតគ.ជ.ប. នៅកម្ពុជាមានលក្ខណៈសេរីនិងយុត្តិធម៌នោះ បានបញ្ចប់ទៅហើយជាមួយនឹងការដាក់ញត្តិរួមគ្នាមួយ។
អ្នករៀបចំការធ្វើបាតុកម្មម្នាក់គឺលោកទូច វិបុលបានអះអាងប្រាប់វីអូអេនៅមុខសេតវិមាននៅពេលក្រុមបាតុករកំពុង ស្រែកតវ៉ា៖
«យើងបានស្នើសុំឲ្យលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាថា
ប្រសិនបើពុំមានការកែប្រែគ.ជ.ប.នេះទេ
សូមឲ្យប្រកាសលទ្ធផលការបោះឆ្នោតខាងមុខនេះមិនស្របច្បាប់ ហើយទី២
យើងក៏ស្នើសុំឲ្យស.រ.អា.ផ្តាច់ជំនួយខាងផ្នែកយោធាទៅឲ្យប្រទេស
កម្ពុជា។
ដូច្នេះយើងទាមទារឲ្យស.រ.អា.ផ្តាច់ជំនួយមួយចំនួនទៀតដែលពាក់ព័ន្ធ
នឹងការទំនុកបម្រុងដល់រដ្ឋាភិបាលលោកហ៊ុន សែន»។
តំណាងពលរដ្ឋខ្មែរជាង១០០នាក់មករដ្ឋជាច្រើន រួមទាំងម៉ារីលែន វីចីនៀ វ៉ាស៊ីនតោនឌីស៊ី ភែនស៊ីលវិនៀ ញូយ៉ក ញូជឺស៊ី សោតខារ៉ូឡាញណាបានប្រមូលផ្តុំគ្នាលើកបដាស្រែកបំពងសំឡេងតាមរយៈ មាស៊ីនឧគ្ឃោសនៈស័ព្ទនៅមុខសេតវិមានគឺដោយយល់ឃើញថា ប្រព័ន្ធបោះឆ្នោតគឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) សព្វថ្ងៃលំអៀងទៅរកគណបក្សគ្រប់គ្រងប្រទេសដែលដឹកនាំដោយលោកនាយក រដ្ឋមន្ត្រីហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំ។ ក្រុមអ្នកតវ៉ាបានបញ្ជាក់ថា គេត្រូវដូរប្រព័ន្ធនេះទៅតាមការទាមទាររបស់អន្តរជាតិ ជាពិសេសស.រ.អា.និងអ.ស.ប.ដែលចង់ឲ្យមានការដូររចនាសម្ព័ន្ធ និងអនុញ្ញាតឲ្យមេដឹកនាំគណបក្សជំទាស់គឺលោកសម រង្ស៉ីបានចូលទៅកម្ពុជាដោយគ្មានការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីធ្វើទុក្ខមុកម្នេញ ហើយប្រកួតត្រឹមត្រូវជាមួយ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
អ្នកស្រីម៉ារី ជា អាយុ៦១ឆ្នាំ មកពីរដ្ឋវីជីនៀ កាន់បដាតវ៉ាតូចមួយនៅនឹងដៃ និយាយពីការកែទម្រង់ប្រព័ន្ធបោះឆ្នោត។ អ្នកស្រីបានអះអាងថា ការបោះឆ្នោតដែលរៀបចំដោយគ.ជ.ប.ឬ NEC គ្មានធ្វើតាមច្បាប់ទម្លាប់ទេ តែធ្វើដោយគៃបន្លំដើម្បីយកឈ្នះដោយមិនយុត្តិធម៌ និងធ្វើឲ្យប្រជាពលរដ្ឋរស់នៅយ៉ាងវេទនា គ្មានសេរីភាព។
«ដូច្នេះយើងមកថ្ងៃនេះគឺដើម្បីសុំឲ្យលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាឲ្យគាត់ជួយខ្មែរយើងដែលរស់នៅក្នុងរយៈពេល៣០ឆ្នាំ ដែលមានទុក្ខវេទនាអត់ចប់រហូតមកដល់ពេលឥឡូវនេះ ហើយយើងនៅតែវេទនា កាប់សម្លាប់មិនចេះឈប់មិនចេះហើយ។ អ្នកណាមានអំណាចធ្វើអ្វីបានតាមចិត្ត ប្រជាជនរស់វេទនាដូចសត្វ ដូចធាតុ។ សតវត្សទី២១ហើយតែប្រជាជនរស់ដូចសត្វ»។
អ្នកស្រីហ៊ីង សុខុន អាយុ៦៣ឆ្នាំ នៅរដ្ឋម៉ារីឡែន មានកាន់បដាប្រឆាំងនឹងជនជាតិវៀតណាមខុសច្បាប់ដែលអ្នកស្រីអះអាងថា អាចបោះឆ្នោតបានក្នុងប្រទេសកម្ពុជា។ អ្នកស្រីចាត់ទុកថា ជារឿងមិនត្រឹមត្រូវ។
«បើដូច្នេះខ្ញុំមកនេះគឺដើម្បីគាំទ្របាតុកម្មនេះដើម្បីឲ្យមានការ ផ្លាស់ប្តូរគណៈ កម្មាធិការរៀបចំការបោះឆ្នោត ជាពិសេសសំណូមពរឲ្យរដ្ឋាភិបាលស.រ.អា.ដែលមានលោកអូបាម៉ាជា ប្រធានាធិបតី សុំឲ្យជួយជំរុញប្រទេសខ្មែរយើងនេះគឺថា ឲ្យមានការផ្លាស់ប្តូរការរៀបចំនូវការបោះឆ្នោតនៅឆ្នាំ២០១៣ខាងមុខ នេះ»។
ក្រុមអ្នករៀបចំបានអះអាងថា ពួកគេបានដាក់ញតិ្តទៅតាមវិធីជាច្រើនដល់លោកប្រធានាធិបតីអូបាម៉ា ដូចជាតាមរយៈការផ្ញើរសារលិខិត និងសារតាមប្រព័ន្ធអេឡិចត្រូនិចជាដើម។ ហើយក្រុមអ្នករៀបចំទទូចដល់ពលរដ្ឋខ្មែរនៅតាមរដ្ឋ និងប្រទេសទាំងអស់ដែលធ្វើបាតុកម្មដូចគ្នាដាក់ញតិ្តទៅកាន់តំណាង របស់ខ្លួន ដូចជាសភា និងព្រឹទ្ធសភាឲ្យជួយអន្តរាគមន៍ព្រមគ្នាដើម្បីឲ្យគេបានដឹងថា កម្ពុជាកំពុងស្ថិតក្នុងភាពគ្រោះថ្នាក់ មានការគៃបន្លំក្នុងការបោះឆ្នោត។
ការបោះឆ្នោតត្រូវគេគ្រោងនឹងធ្វើនៅថ្ងៃ២៨ខែកក្កដាឆ្នាំ២០១៣។ គូរប្រកួតប្រជែង ដែលគេមើលឃើញថា មានកម្លាំងប្រហាក់ប្រហែលគ្នាគឺលោកសម រង្ស៉ី និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ តែលោកសម រង្ស៉ីត្រូវតុលាការកាត់ទោសកំបាំងមុខឲ្យជាប់ឃុំឃាំងជាង១០ឆ្នាំ មុនការបោះឆ្នោតមកដល់ ហើយគ្មានការសម្របសម្រួលនយោបាយណាមួយកើតឡើងទេទោះជាអន្តរជាតិបាន ចាត់ទុករឿងដកតម្រុយបង្គោលព្រំដែននោះជារឿងនយោបាយ និងមិនមានទោសទណ្ឌជាបទឧក្រិដ្ឋក្តី។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនធ្លាប់បដិសេធថា លោកជាអ្នកប្រើល្បិចកលក្នុងការរារាំងមិនឲ្យលោកសម រង្ស៉ីវិលត្រឡប់មកកម្ពុជា ដោយខ្លាចចាញ់ប្រជាប្រិយភាពរបស់លោកសម រង្ស៉ី។ លោកនាយករដ្ឋមន្ត្រីធ្លាប់បានអះអាងថា លោកមិនខ្លាច លោកសម រង្ស៉ី និងមេដឹកនាំបក្សជំទាស់ដទៃទៀតទេក្នុងការបោះឆ្នោត ដោយលោកសំអាងថា លោកធ្លាប់លោកផ្តួលពួកគេជាច្រើនអាណតិ្តមក ហើយ។
ដូចគ្នាដែរ
ក្រុមប្រជាពលរដ្ឋខ្មែរនៅប្រទេសកម្ពុជានិងប្រទេសផ្សេងៗក្នុងពិភព
លោកបានរៀបចំ ឬគ្រោងនឹងរៀបចំធ្វើបាតុកម្មអហិង្សាជាបន្តបន្ទាប់
ដើម្បីកែទម្រង់ការបោះឆ្នោតនិងទាមទារឲ្យអន្តរជាតិធ្វើអន្តរាគមន៍
ជួយឲ្យលោកសម រង្ស៉ីបានចូលទៅកាន់កម្ពុជាដោយគ្មានការចាប់ចង
ហើយអាចចូលរួមការបោះឆ្នោតបាន។
ស.រ.អា.និងសហគមន៍អន្តរជាតិបានព្រមានថា
កម្ពុជាប្រថុយនឹងការមិនអាចត្រូវគេទទួលស្គាល់នីត្យានុកូលភាពរបស់
រដ្ឋាភិបាលថ្មី ប្រសិនបើមេដឹកនាំគណបក្សជំទាស់គឺលោកសម រង្ស៉ី
ជាប្រធានគណបក្សសង្គ្រោះជាតិត្រូវរារាំងមិនឲ្យចូលរួមប្រកួត
ប្រជែងក្នុងការបោះឆ្នោតសភានៅខែកក្កដាមុខនេះទេ៕
No comments:
Post a Comment