សមាជិក
គណបក្សសង្គ្រោះជាតិចូលរួមធ្វើមហាបាតុកម្មអហិង្សាដើម្បីកែទម្រង់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាទីលានប្រជាធិបតេយ្យ
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៣
មន្ត្រី
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)
បានទទួលយកញត្តិរបស់គណបក្សសង្គ្រោះជាតិ
នៅពេលដែលគណបក្សនេះបានប្រមូលផ្តុំសមាជិកធ្វើមហាបាតុកម្មនៅទីលាន
ប្រជាធិបតេយ្យ ព្រឹកថ្ងៃពុធ ទី២៤ ខែមេសា។
ប៉ុន្តែមេដឹកនាំគណបក្សដដែលនេះបានព្រមានដឹកនាំមហាបាតុកម្ម
ទ្រង់ទ្រាយធំបន្តទៀត បើសិនស្ថាប័ន គ.ជ.ប
មិនបានឆ្លើយតបសំណើរបស់ខ្លួននោះ។
មហាបាតុកម្ម
អហិង្សារបស់គណបក្សសង្គ្រោះជាតិ
រៀបចំនៅទីលានប្រជាធិបតេយ្យក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ
មានមនុស្សចូលរួមប្រមាណ បីពាន់នាក់
បានរំសាយទៅវិញភ្លាមៗក្រោយតំណាងគណៈកម្មាធិការជាតិរៀបចំការ
បោះឆ្នោត មកទទួលញត្តិដល់ទីកន្លែងប្រារព្ធពិធី នាវេលាម៉ោងជាង
១០ព្រឹក។
លោក កឹម សុខា
អនុប្រធានគណបក្សសង្គ្រោះជាតិ បានឲ្យដឹងក្នុងពិធីជួបជុំថា
គោលបំណងប្រមូលផ្តុំសមាជិកគាំទ្រ ដើម្បីទាមទារឲ្យស្ថាប័ន គ.ជ.ប
ទទួលយកអនុសាសន៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ
ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ឆ្នាំ២០១២
ជុំវិញការកែទម្រង់បោះឆ្នោតអាណត្តិទី៥ ឆ្នាំ២០១៣
ទាមទារឲ្យសើរើឡើងវិញបញ្ជីឈ្មោះអ្នកបោះឆ្នោតដែល គ.ជ.ប បានធ្វើ
ហើយត្រូវអង្គការអិនឌីអាយ (NDI) និងខុមហ្វ្រែល (Comfrel)
រកឃើញថាមានកំហុសបំប៉ោងឈ្មោះ និងបាត់ឈ្មោះអ្នកបោះឆ្នោត។
លោក កឹម សុខា
បានព្រមានក្នុងពិធីប្រមូលផ្តុំថានឹងដឹកនាំមហាបាតុកម្មទ្រង់ទ្រាយ
ធំបន្តទៀតនាថ្ងៃខាងមុខ បើស្ថាប័ន គ.ជ.ប មិនឆ្លើយតប
ឬមិនអនុវត្តតាមការទាមទាររបស់ខ្លួននោះ៖ «បើ គ.ជ.ប
និងរាជរដ្ឋាភិបាលនៅតែយកបញ្ជីឈ្មោះបោះឆ្នោតខុសនេះទៅប្រើប្រាស់
ដោយគ្មានការកែលំអទេនោះ គឺមានន័យថា
ជាការប៉ុនប៉ងមួយយ៉ាងច្បាស់ដល់ការរំលោភដល់សិទ្ធិអ្នកបោះឆ្នោតផង
និងជាការងាកចេញពីដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស
ដែលនាំប្រទេសកម្ពុជា វិលទៅរកអស្ថិរភាពនយោបាយសេដ្ឋកិច្ច
និងសង្គមកិច្ចវិញជាមិនខាន»។
No comments:
Post a Comment