08 មេសា 2013
VOA Khmer
នៅសល់តែពីរថ្ងៃទៀតតែប៉ុណ្ណោះ
គណបក្សសង្គ្រោះជាតិដែលបង្កើតឡើង ដោយគណបក្សសិទ្ធិមនុស្សនិងគណបក្ស
សម រង្ស៊ី គ្រោងនឹងធ្វើសមាជគណបក្សដែលគេរំពឹងថា
នឹងមានអ្នកគាំទ្រចូលរួមប្រមាណជាង១ម៉ឺននាក់។
ក៏ប៉ុន្តែអ្វីដែលជាការព្រួយបារម្មណ៍របស់គណបក្សសង្គ្រោះជាតិ គឺការ
ស្វែងរកទីតាំងដើម្បីធ្វើសមាជគណបក្ស
ក្រោយពីសាលាក្រុងភ្នំពេញបានបដិសេធមិនផ្តល់ទីកន្លែងមុខវត្តបុទុម
វតីដើម្បីប្រារព្ធពិធី
ដោយបានលើកហេតុផលសន្តិសុខនិងប៉ះពាល់សណ្តាប់ធ្នាប់សារធារណៈ។
លោកអេង ឆៃអ៊ាង
ប្រធានគណៈកម្មការរៀបចំសមាជគណបក្សសង្រ្គោះជាតិបាននិយាយថា
យ៉ាងតិចមានទីតាំងចំនួនបួនកន្លែងផ្សេងទៀតនៅជាយក្រុងភ្នំពេញ
ត្រូវបានអាជ្ញាធរមូលដ្ឋានទៅគំរាម កំហែងម្ចាស់ដីមិនឲ្យជួលឲ្យគណ
បក្សសង្គ្រោះជាតិរៀបចំសមាជ។
លោកបាននិយាយថា
មានទីតាំងខ្លះម្ចាស់ដីបានព្រមព្រៀងជួលរួចហើយតែក្រោយមកបានលុប
ចោលមកវិញ ដោយសារម្ចាស់ដីខ្លាចការគំរាមកំហែងរបស់អាជ្ញាធរ។
លោកមានប្រសាសន៍ថា
នៅទីបំផុតលោកបានរកទីតាំងមួយកន្លែងតាមបណ្តោយផ្លូវជាតិលេខបួន
ចម្ងាយប្រមាណជិត២០គីឡូម៉ែត្រពីជាយទីក្រុងភ្នំពេញដើម្បីធ្វើសមាជ
គណបក្ស។
ក៏ប៉ុន្តែម្ចាស់ដីចុងក្រោយនេះត្រូវបានអាជ្ញាធរមកគំរាមកំហែងមិន
ឲ្យជួលដីឲ្យគណបក្សសង្គ្រោះជាតិធ្វើសមាជ
និងបានទាមទារកិច្ចសន្យាពីម្ចាស់ដី។
«អាហ្នឹងជារូបភាពមួយមិនល្អ ហើយអ្វីដែលអាជ្ញាធរធ្វើបែបហ្នឹងគឺផ្ទុយពីអ្វីដែលលោកនាយករដ្ឋ មន្ត្រីបានលើកឡើង»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃពុធ
បានអំពាវនាវឲ្យគ្រប់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់
ឲ្យជួយសម្រួលដល់គ្រប់គណបក្សនយោបាយទាំងអស់ធ្វើសកម្មភាពរបស់ខ្លួន ទាំងសកម្ម ភាព លើកស្លាកសញ្ញារបស់គណបក្សដើម្បីឲ្យការបោះឆ្នោត
ប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌។
លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បាននិយាយថា
ក្រសួងមហាផ្ទៃគ្មានគោលការណ៍ណែនាំឲ្យអាជ្ញាធរមូលដ្ឋានទៅគំរាម
កំហែងម្ចាស់ដីមិនឲ្យជួលទៅឲ្យគណបក្សនយោបាយធ្វើ សកម្មភាពរបស់
ខ្លួននោះទេ។
លោកបាននិយាយថា
មានតែម្ចាស់ដីនោះជាសមាជិករបស់គណបក្សគ្រប់គ្រងអំណាច
ដែលមិនចូលចិត្តគណបក្សប្រឆាំង ទើបមិនជួលដីឲ្យរៀបចំសមាជ។
«មិនមានគោលការណ៍ទេ។ អាស្រ័យទៅលើម្ចាស់កម្មសិទ្ធិលោកសម្រេចទៅបាទ។
គ្រប់គណបក្ស មិនត្រឹមតែគណបក្សសង្គ្រោះជាតិទេ
គណបក្សណា និងសូម្បីតែគណបក្សប្រជាជនក៏ត្រូវការជួលម្ចាស់ទីតាំង
ដែរ»។
គណបក្សសង្គ្រោះជាតិគ្រោង នឹងរៀបចំសមាជមួយនៅថ្ងៃអាទិត្យខាងមុខ
នេះដើម្បីស្នើសុំសំឡេងគាំទ្របោះឆ្នោតឲ្យលោកសម រង្ស៊ី
ដែលកំពុងនិរទេសខ្លួនឯងនៅក្រៅប្រទេស ធ្វើជាប្រធានគណបក្ស
និងជាបេក្ខភាពនាយករដ្ឋមន្ត្រីហើយលោកកឹម សុខា ជាអនុប្រធានគណបក្ស
និងជាបេក្ខភាពប្រធានរដ្ឋសភាប្រសិនណាបើគណបក្សនេះឈ្នះឆ្នោត។
គណបក្សសង្គ្រោះជាតិ មិនមានអគ្គលេខាធិការគណបក្សទេ
ក៏ប៉ុន្តែមានអគ្គនាយកដ្ឋានបីសម្រាប់ប្រតិបត្តិគណបក្សគឺមាន
អគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកដ្ឋានទំនាក់ទំនងសារធារណៈ
និងអគ្គនាយកដ្ឋានហិរញ្ញវត្ថុ។
គណបក្សសង្គ្រោះជាតិមានក្រុមប្រឹក្សាជាតិគណបក្ស
ព្រមទាំងប្រធានគណៈកម្មាធិការបីគឺប្រធានគណៈកម្មាធិការនាយក
ប្រធានគណៈកម្មាធិការវិនិច្ឆ័យនិងគណៈកម្មាធិការប្រតិបត្តិរបស់
គណបក្ស៕
No comments:
Post a Comment