លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបថត កែវ រតនៈ)
ថ្ងៃច័ន្ទ ទី22 មេសា ឆ្នាំ2013ដោយ ស៊ុន ណារិន
VOD
សហរដ្ឋអាមេរិក
បានចេញរបាយការណ៍សិទ្ធិមនុស្សរបស់ខ្លួនមួយសម្រាប់ឆ្នាំ
២០១២ ដោយបានរិះគន់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថា
កំពុងតែគ្រប់គ្រងអំណាចស្នូលទាំងបីរបស់ប្រទេស
គឺនីតិប្រតិបត្តិ នីតិបញ្ញត្តិ និងអំណាចតុលាការ។
សហរដ្ឋអាមេរិក លើកឡើងបែបនេះនៅក្នុងរបាយការណ៍
ជាឯកសារផ្លូវការដំបូង
ដែលចេញផ្សាយដោយការិយាល័យប្រជាធិបតេយ្យអាមេរិក
ផ្នែកសិទ្ធិមនុស្ស និងការងារ នៃក្រសួងការបរទេស
កាលពីសប្តាហ៍មុន។
របាយការណ៍នេះ
ធ្វើឡើងបន្ទាប់ពីមានការរិះគន់ជាបន្តបន្ទាប់លើបញ្ហា
សិទ្ធិមនុសនៅកម្ពុជា និងបន្ទាប់ពីដំណើរទស្សនកិច្ច
មកកម្ពុជារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូប៉ាម៉ា
កាលចុងឆ្នាំ២០១២។
របាយការណ៍កម្រាស់៣៣ទំព័រ ជាភាសាអង់គ្លេស ឲ្យដឹងថា
គណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រងអង្គទាំងបីនៃរដ្ឋាភិបាល
និងស្ថាប័នជាតិផ្សេងទៀត
ដែលអំណាចជាច្រើនស្ថិតនៅក្នុងដៃលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
របាយការណ៍ បានរិះគន់កំសោយប្រព័ន្ធយុត្តិធម៌នៅកម្ពុជា
ដែលមិនបាផ្តល់ដំណើរការយុត្តិធម៌ដល់ប្រជាជន
តុលាការខ្វះធនធានមនុស្ស ធនធានហិរញ្ញវត្ថុ
ដែលនាំឲ្យមានការប្រព្រឹត្ត អំពើពុករលួយ
និងស្ថិតក្រោមគំនាបនយោបាយ។ របាយការណ៍បន្តថា រដ្ឋាភិបាល
បានលូកដៃទៅក្នុងសេរីភាពនៃការប្រមូលផ្តុំ
ការប្រើហិង្សារបស់អាជ្ញាធរលើប្រជាពលរដ្ឋ
ឆ្មាំពន្ធនាគារ ប្រើហិង្សាលើអ្នកជាប់ឃុំ
និងបញ្ហានិទណ្ឌភាពក្នុងប្រទេស នៅតែមាន។
VOD មិនទាន់អាចទាក់ទងមន្ត្រីរដ្ឋាភិបាល ដើម្បីអធិប្បាយលើការលើកឡើងនេះ បាននៅឡើយទេ។
កន្លងទៅ មានការរិះគន់ថា អំណាចដឹកនាំទាំងអស់នៅក្នុងប្រទេសកម្ពុជា
គឺស្ថិតក្នុងដៃរបស់នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន
រហូតដល់មានការលើកឡើងថា នាយករដ្ឋមន្ត្រីកម្ពុជា
ដឹកនាំបែបបុគ្គលនិយម និងផ្តាច់ការ៕
No comments:
Post a Comment