Monday, April 22, 2013

អន្តរជាតិ​​ចេញ​របាយការណ៍​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

០៩-មករា-២០១១: អ្នក​ភូមិ​បឹងកក់ តវ៉ា​នៅ​ទីលាន​សេរីភាព នៅ​ថ្ងៃ​បញ្ចប់ បន្ទាប់​ពី​ពួកគេ​បាន​តវ៉ា​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​កន្លង​មក មិន​មាន​ដំណោះស្រាយ។ RFA/Tin Zakariya
របាយការណ៍​សិទ្ធិ​មនុស្ស​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​ អាមេរិក និង​ស្ថាប័ន​ស្រាវជ្រាវ​ឯករាជ្យ​ប្រទេស​អង់គ្លេស The Economist Intelligence Unite បាន​រក​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា មិន​បាន​ប្រឹងប្រែង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សិទ្ធិ​មនុស្ស ការ​គោរព​ច្បាប់ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​ឡើយ​ទេ។
ដោយ ទីន ហ្សាការីយ៉ា
2013-04-21
RFA
កិត្តិនាម​របស់​ប្រទេស​កម្ពុជា មិន​បាន​ល្អ​ឡើយ​នៅ​ក្នុង​របាយការណ៍​ទាក់ទង​ការ​គោរព​សិទ្ធិ​មនុស្ស​របស់​ ស្ថាប័ន​ស្រាវជ្រាវ​ឯករាជ្យ​មួយ​របស់​អង់គ្លេស ឈ្មោះ​ថា The Economist Intelligence Unite និង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។
នៅ​ក្នុង​របាយការណ៍​ស្ថាប័ន​ស្រាវជ្រាវ​ឯករាជ្យ​មួយ​របស់​អង់គ្លេស ឈ្មោះ ថា The Economist Intelligence Unite បាន​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា ស្ថិត​នៅ​លេខ ១០០ ក្នុង​ចំណោម​ប្រទេស​ចំនួន ១៦៧ ដែល​ដំណើរ​ការ​ប្រជាធិបតេយ្យ​មិន​បាន​វិវត្តន៍​ទៅ​មុខ​នៅ​ក្នុង​ឆ្នាំ​២០១២ គឺ​មាន​បញ្ហា​ជា​ច្រើន។ បញ្ហា​ទាំង​នោះ រួម​មាន បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស ដោយ​ការ​ផ្លាស់ទី​លំនៅ​របស់​ប្រជាពលរដ្ឋ​គ្មាន​ផ្ដល់​សំណង​សមរម្យ ការ​រៀបចំ​ការ​បោះ​ឆ្នោត​មិន​ឯករាជ្យ ការ​រំខាន ឬ​ការ​គំរាម​កំហែង​ដល់​គណបក្ស​នយោបាយ និង​ការ​ចូល​រួម​បោះ​ឆ្នោត​របស់​ប្រជាពលរដ្ឋ​មិន​បាន​ពេញលេញ​ជា​ដើម។
ចំពោះ​ប្រទេស​ជិត​ខាង​កម្ពុជា​វិញ មាន​ប្រទេស​ថៃ ជាប់​ចំណាត់​ថ្នាក់​លេខ ៥៨ និង​ប្រទេស​វៀតណាម ជាប់​ចំណាត់​ថ្នាក់​លេខ ១៤៤ ប្រទេស​ភូមា ស្ថិត​នៅ​លេខ ១៥៥ និង​ឡាវ ជាប់​ចំណាត់​លេខ ១៥៦ ក្នុង​ចំណោម​ប្រទេស​ទាំង ១៦៧ នៅ​លើ​សាកល​លោក។
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ បាន​ទទួល​ស្គាល់​ថា ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា មិន​បាន​ឆ្ពោះ​ទៅ​មុខ​ទេ។ លោក​បញ្ជាក់​ថា ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅ​មាន​បញ្ហា​ចោទ​សំខាន់​នោះ គឺ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) មិន​ទាន់​ឯករាជ្យ និង​ការ​ចូលរួម​បោះ​ឆ្នោត​របស់​ប្រជាពលរដ្ឋ​មិន​ទាន់​បាន​ពេញ​លេញ។
នៅ​ក្នុង​របាយការណ៍​ដដែល​បាន​សរសេរ​ពី​ចំណាត់​ថ្នាក់​ប្រទេស​ទាំង​នេះ ផ្ដោត​លើ​បញ្ហា​សំខាន់ៗ រួម​មាន ដំណើរ​ការ​បោះ​ឆ្នោត តួនាទី​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដឹកនាំ​ប្រទេស ការ​ចូល​រួម​របស់​គណបក្ស​នយោបាយ និង​សេរីភាព​ចូល​រួម​របស់​អង្គការ​សង្គម​ស៊ីវិល ស្ថិត​នៅ​ក្នុង​ភាព​រឹតត្បិត​នៅ​ឡើយ នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទាំង​នោះ។
បន្ថែម​ពី​លើ​បញ្ហា​នេះ គណៈកម្មាធិការ​អព្យាក្រឹត​និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា លោក​បណ្ឌិត ហង្ស ពុទ្ធា បាន​សង្កត់​ធ្ងន់​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា ស្ថិត​នៅ​ក្នុង​ដំណាក់កាល​អន្តរកាល ពោល​គឺ​មាន​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​សង្គម ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដំណើរ​ការ​ប្រជាធិបតេយ្យ ដូចជា​ការ​រំលោភ​សិទ្ធិ​មនុស្ស តាម​រយៈ​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ដោយ​បង្ខំ ប្រព័ន្ធ​តុលាការ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មិន​ឯករាជ្យ ។ល។
ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​នេះ មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា បាន​ឆ្លង​កាត់​ប្រវត្តិសាស្ត្រ​ប្រជាធិបតេយ្យ​ជា​ច្រើន​ដំណាក់កាល ក្នុង​នោះ​មាន​ការ​ផ្សះផ្សា​ជាតិ ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ និង​ការ​ផ្ដល់​សិទ្ធិ​ពេញលេញ​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត ជា​អ្នក​សម្រេច​នៅ​ពេល​បោះ​ឆ្នោត។ លោក ផៃ ស៊ីផាន បញ្ជាក់​ថា ការ​យក​ប្រទេស​កម្ពុជា ទៅ​ប្រៀបធៀប​ជាមួយ​ដទៃ​ទៀត​នោះ វា​មិន​យុត្តិធម៌​សម្រាប់​កម្ពុជា នោះ​ទេ។
របាយការណ៍​នេះ​បាន​រក​ឃើញ​ថា ក្នុង​ចំណោម​ប្រទេស​ទាំង ១៦៧ នោះ មាន​តែ​ប្រទេស​ចំនួន ២៥ ប៉ុណ្ណោះ ដែល​អនុវត្ត​របប​ប្រជាធិបតេយ្យ​បាន​ពេញលេញ ហើយ​ប្រទេស​ដែល​ជាប់​ចំណាត់​ល្អ​បំផុត​នោះ គឺ​ប្រទេស​ន័រវេ (Norway) និង​ប្រទេស​ស៊ុយអែត (Sweden) ជាដើម។ ក្រៅ​ពី​នេះ មាន​ប្រទេស​ខ្លះ​ដំណើរ​ការ​ប្រជាធិបតេយ្យ​ដើរ​ថយ​ក្រោយ ប្រទេស​ខ្លះ​ទៀត ប្រជាធិបតេយ្យ​បែប​កូន​កាត់ ពោល​គឺ​ពាក់​កណ្ដាល​ផ្ដាច់ការ ពាក់​កណ្ដាល​ប្រជាធិបតេយ្យ ហើយ​ប្រទេស​ដែល​ប្រើ​របប​ផ្ដាច់​ការ​បំផុត​ក្នុង​ចំណោម​ប្រទេស​ទាំង ១៦៧ នេះ គឺ​ប្រទេស​កូរ៉េ​ខាង​ជើង (North Korea)។
ស្រដៀង​គ្នា​នេះ​ដែរ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក លោក ចន ឃើរី (John Kerry) កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា បាន​ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១២ ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក។ ដោយ​ឡែក​សម្រាប់​ប្រទេស​កម្ពុជា​វិញ ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក បាន​សរសេរ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា កំពុង​ជួប​នូវ​វិបត្តិ​ធ្ងន់ធ្ងរ​នៅ​ឡើយ។
នៅ​ក្នុង​របាយការណ៍​ជាង ៣០​ទំព័រ​នោះ បាន​សរសេរ​ជា​ច្រើន​ចំណុច​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា រួម​មាន​ការ​ចាប់​ខ្លួន និង​ការ​ឃុំ​ខ្លួន​ដោយ​រំលោភ​បំពាន ការ​បាញ់​សម្លាប់​ដោយ​មន្រ្តី​នគរបាល សន្តិសុខ ការ​ធ្វើ​ទារុណកម្ម ឬ​ការ​ដាក់​ទណ្ឌកម្ម ស្ថានភាព​ពន្ធនាគារ និង​មណ្ឌល​ឃុំ​ខ្លួន ការ​បោះ​ឆ្នោត និង​ការ​ចូល​រួម​ក្នុង​ឆាក​នយោបាយ ការ​បដិសេធ​ការ​ជំនុំជម្រះ​ក្ដី​ជា​សាធារណៈ​ដោយ​យុត្តិធម៌ និង​បញ្ហា​ផ្សេងៗ​ទៀត។
របាយការណ៍​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ដដែល​នេះ បាន​សង្កត់​ធ្ងន់​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ពង្រឹង​ការ​គ្រប់គ្រង​លើ​ផ្នែក​ទាំង​បី​នៃ​ស្ថាប័ន​រដ្ឋាភិបាល និង​ស្ថាប័ន​ជាតិ​ផ្សេងៗ​ទៀត ដោយ​អំណាច​ភាគ​ច្រើន​បំផុត​ប្រមូល​ផ្ដុំ​នៅ​ក្នុង​ដៃ​របស់​លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​កង​កម្លាំង​សន្តិសុខ​ស្ថិត​នៅ​ក្រោម​ចំណុះ​របស់​អាជ្ញាធរ​ស៊ីវិល។
ប្រព័ន្ធ​តុលាការ​ទន់​ខ្សោយ ពេល​ខ្លះ​ខកខាន​ពុំ​បាន​ផ្ដល់​ការ​កាត់​ក្ដី​តាម​ដំណើរ​ការ​ត្រឹមត្រូវ និង​យុត្តិធម៌​នោះ គឺ​ជា​បញ្ហា​សិទ្ធិ​មនុស្ស​នាំ​មុខ​គេ​មួយ តុលាការ​ខ្វះខាត​ធនធាន​មនុស្ស និង​ហិរញ្ញវត្ថុ ព្រម​ទាំង​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​អំពើ​ពុករលួយ និង​នយោបាយ។ ម្យ៉ាង​ទៀត បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស កើត​ចេញ​មក​ពី​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល ក្នុង​នោះ​ក៏​បាន​ផ្ដល់​ដី​ឲ្យ​មន្ត្រី​របស់​គណបក្ស​កាន់​អំណាច​ដែរ។
ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ លោក ផៃ ស៊ីផាន បាន​ហៅ​របាយការណ៍​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក នេះ​ថា ជា​របាយការណ៍​មួយ​ឆ្លុះ​បញ្ចាំង​ពី​សម័យ​អតីតកាល​របស់​កម្ពុជា ប៉ុណ្ណោះ​ទេ។ លោក ផៃ ស៊ី ផាន អះអាង​ថា រដ្ឋាភិបាល​បាន​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​របស់​ប្រព័ន្ធ​យុត្តិធម៌ តាម​រយៈ​ការ​បង្កើត​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​ការ​បណ្ដុះបណ្ដាល​ហ្វឹកហ្វឺន​ចៅក្រម​ជាដើម។ម្យ៉ាង​ទៀត ចៅក្រម ឬ​ព្រះរាជអាជ្ញា​មួយ​ចំនួន ត្រូវ​បាន​ចាប់​ខ្លួន ដោយសារ​ប្រព្រឹត្ត​ខុស​វិជ្ជាជីវៈ​របស់​ខ្លួន។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ នៅ​ក្នុង​របាយការណ៍​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក បាន​លើក​ពី​ការ​បាញ់​សម្លាប់​មនុស្ស​នៅ​ក្រៅ​ប្រព័ន្ធ​ច្បាប់ ក្នុង​នោះ​មាន​សមាជិក​កងកម្លាំង​សន្តិសុខ បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​តាម​អំពើ​ចិត្ត។ ឧទាហរណ៍​ដូចជា​ករណី​បាញ់​សម្លាប់​សកម្មជន​ការពារ​ព្រៃ​ឈើ លោក ឈុត វុទ្ធី និង​មន្ត្រី​កងរាជអាវុធហត្ថ​នៅ​ខែត្រ​កោះកុង កាល​ពី​ថ្ងៃ​ទី​២៦ មេសា ឆ្នាំ​២០១២។
មន្ត្រី​នគរបាល​បាន​បាញ់​កុមារី ហេង ចន្ថា កាល​ពី​ថ្ងៃ​ទី​១៦ ឧសភា ឆ្នាំ​២០១២ នៅ​ពេល​កម្លាំង​រដ្ឋាភិបាល​បាន​ចុះ​ប្រតិបត្តិការ​នៅ​​ឃុំ​កំពង់ដំរី ខែត្រ​ក្រចេះ ដោយ​ចោទ​ប្រកាន់​ប្រជាពលរដ្ឋ​ថា​ធ្វើ​អបគមន៍។ ករណី​បាញ់​សម្លាប់​ឈ្មោះ ឡេង រិន ដែល​ដឹកនាំ​ដោយ​លោក គីម រឹទ្ធ នៅ​ពេល​នោះ លោក​ជាអធិការ​នគរបាល​ស្ដីទី​ស្រុក​សំឡូត ខែត្រ​បាត់ដំបង។ ករណី​នេះ​ទាំង​នេះ រហូត​មក​ពេល​នេះ ជន​ដៃដល់​មិន​ត្រូវ​បាន​តុលាការ​ចាប់​យក​មក​ផ្ដន្ទាទោស​នៅ​ឡើយ។
ម្យ៉ាង​វិញ​ទៀត ទោះ​បី​ជា​រដ្ឋធម្មនុញ្ញ​បាន​ផ្ដល់​សិទ្ធិ​ដល់​ប្រជាពលរដ្ឋ ដើម្បី​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​របស់​ខ្លួន​ដោយ​សន្តិវិធី ហើយ​ជា​ទូទៅ​ប្រជាពលរដ្ឋ​ប្រើប្រាស់​សិទ្ធិ​នេះ ក្នុង​ការ​អនុវត្ត​ជាក់ស្ដែង តាម​រយៈ​ការ​បោះ​ឆ្នោត​ជា​ទៀត​ទាត់​ផ្អែក​តាម​គោលការណ៍​ជា​សកល​ក្ដី ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា ជា​រឿយៗ ប្រជាពលរដ្ឋ​តែងតែ​ទទួល​រង​នូវ​ការ​គំរាមកំហែង​ពី​សកម្មជន​គណបក្ស​កាន់​ អំណាច​នៅ​ពេល​បោះ​ឆ្នោត។
អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​លើក​ឡើង​ថា ប្រជាធិបតេយ្យ​នៅ​ទន់​ជ្រាយ​របស់​កម្ពុជា​នេះ បាន​កើត​មាន​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​សង្គម ដូចជា​បក្សពួក​និយម អំពើ​ពុករលួយ គ្មាន​ទោសពៃរ៍​របស់​អ្នក​មាន​អំណាច ដែល​គេ​អាច​ប្រព្រឹត្ត​ល្មើស​ផ្សេងៗ​នៅ​ក្នុង​សង្គម។
នៅ​ក្នុង​របាយការណ៍​ក៏​បាន​និយាយ​សិទ្ធិ​សេរីភាព​ប្រមូល​ផ្ដុំ ដែល​យោង​លើ​រដ្ឋធម្មនុញ្ញ​មាន​ចែង​អំពី​សេរីភាព​ប្រមូល​ផ្ដុំ​ដោយ​សន្តិវិធី ប៉ុន្តែ​ជា​រឿយៗ រដ្ឋាភិបាល​មិន​អនុវត្ត​សិទ្ធិ​នេះ​ទេ នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្ដែង។ ជា​រឿយៗ​មន្ត្រី​រដ្ឋាភិបាល​តែងតែ​បដិសេធ​មិន​ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស​ ធ្វើ​ការ​ប្រមូល​ផ្ដុំ និង​ក្រុម​គណបក្ស​នយោបាយ​ធ្វើ​បាតុកម្ម​អហិង្សា​នោះ​ឡើយ ក្រោម​ហេតុផល​រក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​ទីក្រុង។ ទាក់ទង​នឹង​បញ្ហា​នេះ ក្រុម​អ្នក​វិភាគ​រង់ចាំ​មើល​បន្ត​ទៀត​ថា តើ​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹង​ដឹកនាំ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​២៤ មេសា ដើម្បី​ឲ្យ គ.ជ.ប ទទួល​យក​សំណើ​របស់​ខ្លួន​ក្នុង​ការ​កំណែ​ទម្រង់ គ.ជ.ប នោះ​បាន​ដែរ​យ៉ាង​ណា?
 
 

No comments: