Friday, April 26, 2013

ខួប​១​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​សកម្មជន​ការពារ​ព្រៃឈើ​លោក ឈុត វុទ្ធី

 លោក ឈុត វុទ្ធី ត្រូវ​ប៉េអឹម​បាញ់​សម្លាប់​ក្នុង​រថយន្ត នៅ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី ២៦ មេសា ឆ្នាំ ២០១២។ (Provided photo)

ក្រុម​គ្រួសារ​សកម្មជន​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី ដែល​ត្រូវ​បាន​ឆ្មាំ​ក្រុមហ៊ុន​សម្បទាន​ព្រៃឈើ​បាញ់​សម្លាប់ នៅ​ពេល​លោក​កំពុង​ស៊ើប​អង្កេត​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ​២០១២ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បន្ត​ស្វែង​រក​ឃាតក​ពិត​មក​ផ្ដន្ទាទោស​តាម​ផ្លូវ ​ច្បាប់។
ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ពេល​ដែល​ក្រុម​គ្រួសារ​លោក ឈុត វុទ្ធី គ្រោង​រៀបចំ​ពិធី​បុណ្យ​ខួប​មួយ​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក ឈុត វុទ្ធី។ លោក ឆើយ ឧត្តមរស្មី កូន​ប្រុស​សកម្មជន​ដីធ្លី​លោក ឈុត វុទ្ធី មាន​ប្រសាសន៍​ថា តុលាការ​នៅ​មិន​ទាន់​ផ្តល់​យុត្តិធម៌​ឲ្យ​ក្រុម​គ្រួសារ​របស់​លោក​នៅ​ឡើយ​ ទេ៖ ‌«បាទ! វា​ដូចជា​អត់​មាន​ភាព​យុត្តិធម៌​សោះ ព្រោះ​ឥឡូវ​ហ្នឹង ឃាតក​ហ្នឹង​មិន​ដឹង​ជា​ត្រូវ​ជា​នរណា​គេ អីចឹង​ខ្ញុំ​ចង់​សំណូមពរ​ទៅ​ខាង​រដ្ឋាភិបាល​ហ្នឹង​បើក​សំណុំ​រឿង​ហ្នឹង​ សាឡើងវិញ​អីចឹង​ណាស់ ធ្វើ​អីចឹង​អត់​កើត​ទេ ព្រោះ​ថា​ក្នុង​នាម​គាត់​ជា​សកម្មជន​ការពារ​ព្រៃឈើ​មួយ​ស្លាប់​គ្មាន​ន័យ​ គ្មាន​អីចឹង»
លោក​បន្ត​ថា បុណ្យ​ខួប ១​ឆ្នាំ​នោះ នឹង​ធ្វើ​ឡើង​នៅ​ទី​កន្លែង​ដែល​លោក ឈុត វុទ្ធី ត្រូវ​បាន​បាញ់​សម្លាប់។ លោក ឆើយ ឧត្តមរស្មី បន្ត​ថា បច្ចុប្បន្ន​លោក​បាន​ក្លាយ​ជា​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ដើម្បី​បន្ត​ការងារ​របស់​ឪពុក​លោក។ ប៉ុន្តែ​លោក​កំពុង​ជួប​ប្រទះ​បញ្ហា​ថវិកា​សម្រាប់​ដំណើរ​ការ​អង្គការ​នេះ។ លោក​សំណូមពរ​ឲ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ ផ្តល់​ថវិកា​ជួយ​ដល់​អង្គការ​របស់​លោក ដើម្បី​ជួយ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា៕

No comments: