Friday, April 26, 2013

ភាពរសើប​នៃ​ចលនា​បាតុកម្ម​នៅ​ក្នុង​សង្គម​កម្ពុជា

 លោកស្រី មូរ សុខហួរ ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី២៤ មេសា ២០១៣ © Reuters
គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ដឹកនាំ​បាតុកម្ម​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​ដើម្បី​ ទាមទារ​ឲ្យ​គណៈកម្មាធិការ​​ជាតិ​រៀបចំ​ការបោះឆ្នោត​ កែសម្រួល​បញ្ជី ឈ្មោះ​ អ្នកបោះឆ្នោត។ ទោះបីជា​បាតុកម្ម​នេះ​បាន​ប្រព្រឹត្ត​ទៅដោយ​គ្មាន​ការប្រឈមមុខ​ដាក់គ្នា​ តឹងតែង​ខ្លាំង​ក៏ដោយ ក៏​ភាព​នៅតែ​បង្ហាញឡើង យ៉ាងច្បាស់​ជុំវិញ​ការដើរ​ដង្ហែ​ក្បួន​តាម​ដងផ្លូវ។ ខណៈ ដែល​បាតុករ​ចង់តែ​ដើរ​សម្តែង​មតិ​តាម​ដងផ្លូវ អាជ្ញាធរ​បានអនុញ្ញាត ឲ្យ​ក្រុមបាតុករ​ជួបជុំគ្នា​តែ​នៅនឹងកន្លែង ប៉ុណ្ណោះ។ តើ​ហេតុអ្វី​បានជា​បាតុកម្ម​នៅតែ​ជា​រឿង​រសើប​សម្រាប់​សង្គម​កម្ពុជា?
ពុធ 24 មេសា 2013
ដោយ ប៉ែន បូណា
RFI
ក៏ដូចជា​សព្វដង​ដែរ អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ធ្វើបាតុកម្ម​សម្តែង​មតិ​នៅនឹងកន្លែង តែ​មិន​អនុញ្ញាត​ឲ្យ​ដង្ហែ​ក្បួន​តាមផ្លូវ​សាធារណៈ​ទេ ក្រោម​ហេតុផល​ថា ក្បួន​ដង្ហែ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ។ ប៉ុន្តែ អ្នករៀបចំ​បាតុកម្ម​មិន​ថា បក្សប្រឆាំង សហជីព ឫ​សហគមន៍​ផ្សេងទៀត​ទេ តែង​ប្រាថ្នា​ចង់​ដង្ហែ​ក្បួន​តាម​ដងផ្លូវ​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​ទម្ងន់ ​នៃ​ការទាមទារ​របស់​ពួកគេ​ក្នុង​ការដាក់​សម្ពាធ​ទៅលើ​រដ្ឋាភិបាល។

ជាការ​ពិតណាស់ ក្នុងសង្គម​ប្រជាធិបតេយ្យ ការជួបជុំ​ធ្វើបាតុកម្ម​អហិង្សា​ដើម្បី​សម្តែង​មតិ​ស្តីពី​បញ្ហា​អ្វីមួយ​ គឺជា​សិទ្ធិ​មូលដ្ឋាន​ដ៏​សំខាន់​របស់​ប្រជាពលរដ្ឋ​គ្រប់គ្នា។ សិទ្ធិ​នេះ​ទៀតសោត​ត្រូវតែ​ទទួលបាន​ការគោរព​និង​យកចិត្តទុកដាក់។ នេះ​ជា​ទ្រឹស្តី ប៉ុន្តែ ក្នុងការ​អនុវត្ត​ជាក់ស្តែង ទោះបីជា​លទ្ធិប្រជាធិបតេយ្យ​បានចាប់កំណើត​តាំងពី​ឆ្នាំ១៩៩៣មក​ក៏ដោយ ក៏​សេរីភាព​ក្នុងការ​ជួបជុំ​ដង្ហែ​ក្បួន​បាតុកម្ម​នៅតាម​ដងផ្លូវ​នៅតែ​ជា​ បញ្ហា​ដ៏​រសើប​មួយ​ដែល​រដ្ឋាភិបាល​ប្រយ័ត្នប្រយែង​យ៉ាងខ្លាំង​ដដែល។

មាន​មូលហេតុ​ច្រើនយ៉ាង​ដែល​អាច​លើក​យកមក​ពន្យល់​ពី​ភាព​រសើប​នៃ​ចលនា​ បាតុកម្ម​នៅក្នុង​សង្គម​កម្ពុជា។ មូលហេតុ​ចម្បង​ជាងគេ​គឺ វប្បធម៌​ប្រជា​ធិ​បេ​តយ្យ​នៅ​មិនទាន់​ត្រូវបាន​បញ្ជ្រាប​ចូលក្នុង​ខ្លួន​ ពលរដ្ឋ​ខ្មែរ​នៅឡើយ ជាពិសេស​ក្នុងចំណោម​អាជ្ញាធរ​រដ្ឋាភិបាល​តែម្តង។ ក្នុង​បរិបទ​នេះ រូបភាព​បាតុកម្ម​នៅតែ​ជា​ស្រមោល​អពមង្គល​ដែល​តាម​លង​អារម្មណ៍​អ្នកដឹកនាំ​ ឲ្យ​ភ័យខ្លាច​ជា​ដរាប។ ភ័យខ្លាច​ពីព្រោះ​តែ​ប្រវត្តិសាស្ត្រ​បានបង្ហាញ​ថា បាតុកម្ម​មហាជន​គឺជា​សញ្ញា​មិនល្អ​ឡើយ​សម្រាប់​និរន្តរភាព​របស់​រដ្ឋាភិបាល។

មូលហេតុ​សំខាន់​មួយទៀត​ដែល​មិនអាច​មើលរំលង​បាន​នោះ​គឺ​ផលប្រយោជន៍​នយោបាយ​ ដែល​បង្កប់​នៅ​ពីក្រោយ​ចលនា​បាតុកម្ម។ ជាការ​ពិត ទោះ​តិច​ឬ​ច្រើន បាតុកម្ម​តែងតែ​ផ្តល់​ប្រយោជន៍​ដល់​អ្នកនយោបាយ​ប្រឆាំង នេះ​ជា​ធម្មជាតិ​នៃ​បាតុកម្ម។ ហេតុដូច្នេះ​ហើយ​បានជា​នៅ​កម្ពុជា ការប្រើប្រាស់​រូបភាព​បា​តុ​កម្ម​ដើម្បី​បម្រើ​ផលប្រយោជន៍​នយោបាយ​បានក្លាយ​ ជា​រឿង​ពេញនិយម​មួយ។ បាតុកម្ម​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅថ្ងៃនេះ​ក៏​មិនអាច​ កាត់ផ្តាច់​បាន​ពី​ការស្វែងរក​ប្រយោជន៍​សម្រាប់​បក្សប្រឆាំង​នោះដែរ។

នៅពេលដែល​បក្សនយោបាយ​ចេញមុខ​ដឹកនាំ​បាតុកម្ម​បែបនេះ បាតុកម្ម​នឹង​កាន់តែ​ក្លាយជា​រឿង​ដ៏​រសើប​ថែមទៀត ជាពិសេស​នៅពេលដែល​ការបោះឆ្នោត​កាន់តែ​ខិតចូល​មកដល់។ នេះ​ជា​ហេតុផល​ដែល​អាជ្ញាធរ​ប្រយ័ត្នប្រយែង​ចំពោះ​ក្បួន​ដង្ហែ​បាតុកម្ម​ នៅតាម​ដងផ្លូវ។ ដូច្នេះ ការលើក​បញ្ហា​ចរាចរណ៍​មក​សំអាង​ត្រូវគេ​មើលឃើញថា វា​អាចជា​លេស​ច្រើនជាង​ការពិត។

តាមពិត ការ​សម្លឹងមើល​ក្នុង​ផ្លូវ​អាក្រក់​ពេក​ចំពោះ​បាតុកម្ម​គួរតែ​ក្លាយជា​រឿង​ អតីតកាល​ទៅហើយ​សម្រាប់​ប្រទេស​កម្ពុជា ពីព្រោះ​កម្ពុជា​ក្នុង​សត​វត​ស្រ៍​ទី២១នេះ ខុសពី​កម្ពុជា​កាលពី​សតវត្សរ៍​មុន។ ខុសគ្នា​នៅត្រង់ថា បច្ចុប្បន្ន ប្រទេស​នេះ​កំពុង​កសាង​វប្បធម៌​ប្រជាធិបតេយ្យ។ ប្រជាធិបតេយ្យ និង​បាតុកម្ម ប្រៀបបាន​ទៅនឹង​អណ្តាត​និង​ធ្មេញ​ដែល​មិនអាច​កាត់ផ្តាច់​ពីគ្នា​បានឡើយ។

ដូច្នេះ ដើម្បី​ឲ្យ​បាតុកម្ម​លែង​ក្លាយជា​រឿង​រសើប​សម្រាប់​សង្គម​ខ្មែរ ទាល់តែ​គ្រប់គ្នា​ព្យាយាម​បន្សាំ​ខ្លួន​ទៅនឹង​វប្បធម៌​ប្រជាធិបតេយ្យ។ ក្នុងន័យនេះ អ្នករៀបចំ​បាតុកម្ម​គួរតែ​ធ្វើឡើង​ក្នុង​ក្របខណ្ឌ​ប្រជាធិបតេយ្យ​និង​ ប្រកបដោយ​ការទទួលខុសត្រូវ ដោយ​មិនត្រូវ​បង្កប់​មហិច្ឆតា​អ្វី​ផ្សេង​នៅ​ពីក្រោយ​ខ្នង​ឡើយ។

រីឯ​អាជ្ញាធរ​រដ្ឋាភិបាល​វិញ​ក៏​មិនត្រូវ​ចាត់ទុក​អ្នកធ្វើ​បាតុកម្ម​ថា​ជា​ គ្រោះថ្នាក់​ដែរ។ ផ្ទុយទៅវិញ រដ្ឋាភិបាល គួរតែ​លើកយក​បញ្ហា​ដែល​ពលរដ្ឋ​ទាមទារ​មក​ដោះស្រាយ​ឲ្យ​អស់​លទ្ធភាព​ប្រកបដោយ ​ការទទួលខុសត្រូវ។ ពាក្យ​ថា«ទទួលខុសត្រូវ» នេះហើយ​ដែលជា​គន្លឹះ​កាត់បន្ថយ​ភាព​រសើប​របស់​បាតុកម្ម ពោលគឺ នៅពេលដែល​បាតុកម្ម​ត្រូវបាន​រៀបចំឡើង​ប្រកបដោយ​ការទទួលខុសត្រូវ រីឯ​អាជ្ញាធរ​រដ្ឋាភិបាល​ក៏មាន​ការទទួលខុសត្រូវ បញ្ហា​ជាច្រើន​ក្នុងសង្គម​នឹង​អាច​ដោះស្រាយបាន​ជាមិនខាន។ ពេលនោះ បាតុកម្ម​លែង​ជា​អ្វីដែល​គួរ​ឲ្យ​ភ័យខ្លាច​ទៀតឡើយ៕

No comments: