Thursday, May 9, 2013

គណបក្ស​សង្គ្រោះជាតិ​កំពុង​ពិចារណា​បេក្ខភាព​លោក​ សម​ រង្ស៊ី​

លោក​សម រង្ស៊ី​ ធ្លាប់​ឈរ​ឈ្មោះ​លេខរៀង​ទី​មួយ​នៅ​មណ្ឌល​កំពង់ចាម​
លោក​សម រង្ស៊ី​ ធ្លាប់​ឈរ​ឈ្មោះ​លេខរៀង​ទី​មួយ​នៅ​មណ្ឌល​កំពង់ចាម​ (© សុវណ្ណារ៉ា)
គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​មិន​ទាន់​បាន​ ចុះ​ឈ្មោះ​គណបក្ស និង​បញ្ជី​ឈ្មោះ​បេក្ខភាព​តំណាងរាស្ត្រ ​ទៅ​គណៈកម្មាធិការជាតិ​រៀបចំការ បោះឆ្នោត​នៅឡើយ​រហូត​ដល់ពេលនេះ។ អ្នកនាំពាក្យ​គណបក្ស​នេះ លោក​យ៉ែម ប៉ុញ្ញឬទ្ធិ​ បាន​ប្រាប់អោយដឹងថា គណបក្ស​លោក​កំពុង​ពិចារណា​ថា ត្រូវ​ដាក់ ឬមិនត្រូវ​ដាក់​​បេក្ខភាព​លោក​ សម រង្ស៊ី​ ចូល​ក្នុង​បញ្ជី​បេក្ខជន​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះជាតិ។ ហើយ​ថា​បើ​ត្រូវ​ដាក់បេក្ខភាព​មែននោះ លោក​សម រង្ស៊ី​ ដែល​ធ្លាប់តែ​ឈរ​ឈ្មោះ​លេខរៀង​ទី​មួយ​នៅ​មណ្ឌល​កំពង់ចាម​នោះ ម្តងនេះ​នឹង​ឈឈ្មោះ​នៅ​មណ្ឌល​កណ្តាល​វិញ។
ថ្ងៃ ពុធ 08 ឧសភា 2013
ដោយ លាង ដឺលុច
RFI
មូលហេតុ​មួយ​នៃ​ភាព​យឺតយ៉ាវ​នៃ​ការ​ចុះ​ឈ្មោះ​គណបក្សសង្គ្រោះជាតិ​ និង​បញ្ជីឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​របស់​គណបក្ស​នេះ ​នៅ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោតនោះ គឺ​ការ​ពិចារណា​របស់​គណបក្ស​លើ​លទ្ធភាព​នៃ​ការ​ដាក់​បេក្ខភាព​លោក ​សម រង្ស៊ី​។ នេះ​បើតាម​ការ​អះអាង​របស់​លោក​យ៉ែម ប៉ុញ្ញឬទ្ធិ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ។ អ្នកនាំពាក្យ​រូប​នេះ​បន្តថា ប្រសិនបើ​គណបក្ស​សម្រេច​ថា​នឹង​ដាក់បេក្ខភាព​លោក​សម រង្ស៊ី​ មែននោះ លោក​សម រង្ស៊ី ​នឹង​ត្រូវ​ឈរ​ឈ្មោះ​លេខ​រៀងទីមួយ​ នៅ​មណ្ឌលខេត្ត​កណ្តាល ខុសពីការ​បោះឆ្នោត​មុនៗ​ដែល​លោក​សម រង្ស៊ី​ បាន​ឈរ​នៅ​មណ្ឌល​កំពង់ចាម។
ដោយធ្វើអត្ថាធិប្បាយ​យោងទៅលើបេក្ខភាព​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ដែល​ឈ​រ​ឈ្មោះ​នៅ​មណ្ឌល​កណ្តាលនោះ លោកយ៉ែម ប៉ុញ្ញឬទ្ធិ ពន្យល់ថា​ លោក​សម រង្ស៊ី ​ត្រូវឈរ​​ឈ្មោះ​នៅ​មណ្ឌល​ណាដែល​មាន​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ដូចគ្នា។

ការ​ឈរឈ្មោះ​នៅ​មណ្ឌល​ណា​នោះ វា​មិន​សំខាន់​ឡើយ។ បញ្ហានៅ​ត្រង់​ថា លោក​សម រង្ស៊ី​ បានក្លាយ​ជា​ជន​ដែល​មាន​ពិរុទ្ធ​ដែល​ច្បាប់​មិន​អនុញ្ញាត​អោយ​ឈរ​​ឈ្មោះជា​ បេក្ខជន​តំណាងរាស្ត្រ ឡើយ​។

ការ​យឺតយ៉ាវ​នៃ​ការ​ចុះ​ឈ្មោះ​គណបក្ស​​ និង​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ របស់​គណបក្ស​សង្គ្រោះជាតិ ​បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ចំអក​របស់​លោក​នាយក​រដ្ឋមន្ត្រី ​កាលពីពេល​ថ្មីៗនេះ។​ បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​និយាយថា គណបក្ស​សង្គ្រោះជាតិ ដែល កើត​ឡើង​ដោយការ​បញ្ចូលគ្នារវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​នោះ ​កំពុងតែ​មាន​បញ្ហា​ប្រទាញប្រទង់​បេក្ខភាព​ឈរ​ឈ្មោះ។
គេ​នៅ​តែ​មិនទាន់ដឹងថា តើ​គណបក្ស​ប្រឆាំង​មួយ​នេះ​នឹង​ដាក់​សំណើ​សុំ​ចុះ​ឈ្មោះ​ទៅ​គ.ជ.ប. នៅ​ពេល​ណា​នៅឡើយ​ទេ។

គួរ​រម្លឹក​ថា ក្នុង​ចំណោម​គណបក្ស​នយោបាយ​ចំនួន​៥​ដែល​បាន​ស្នើ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ និង​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​នោះ រហូតដល់​ពេលនេះ​ មាន​គណបក្ស​នយោបាយ​ចំនួន​៣​ហើយដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ប្រកាស​ទទួលស្គាល់​ជាផ្លូវ​ការ និ​ងអនុញ្ញាត​អោយ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ។ គណបក្ស​ទាំង៣​រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា​ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ។ ចំពោះ​គណបក្ស​២​ទៀត គឺ​ហ៊្វុនស៊ីនប៉ិច និង សាធារណរដ្ឋ​ប្រជាធិបតេយ្យ ​គ.ជ.ប.​កំពុង​តែ​បន្ត​ពិនិត្យ។

បើយោងតាម​ប្រសាសន៍​របស់អគ្គលេខាធិការ​​គ.ជ.ប.​ លោក​ទេព​ នីថា ​នៅ​ថ្ងៃ​នេះ គណបក្ស​នយោបាយ​ដែល​នឹង​ប្រកួត​ប្រជែង​ក្នុង​ពេល​ខាង​មុខ​នោះ​ទំនង​ជា​មាន​ មិន​លើស​ពី​៦​ឬ៧​គណបក្ស ឡើយ។ លោកទេព នីថា ​បន្ត​ថា ដោយ​មិន​និយាយ​អំពី​គណបក្ស​សង្គ្រោះជាតិ​ វា​អាច​មាន​គណបក្ស​ខ្មែរឈប់ក្រ​មួយទៀត ដែល​អាច​សុំ​ចុះឈ្មោះ​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​ដែរ៕

No comments: