ដោយ សេក បណ្ឌិត
RFA
ថ្ងៃកំណត់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ
សម្រាប់អាណត្តិទី៥ ឆ្នាំ២០១៣ នេះ មិនទាន់ចូលជាធរមាននៅឡើយទេ
ប៉ុន្តែសកម្មភាពនេះហាក់កំពុងដើរលឿនជាងពេលដែលកំណត់ដោយច្បាប់ទៅ
ហើយ។
ក្នុងដំណាក់កាលនេះ អ្នកវិភាគបញ្ហាសង្គម
និងក្រុមនិស្សិតមួយចំនួន បានកត់សម្គាល់ឃើញថា
បក្សនយោបាយកំពុងតែសកម្មក្នុងការផ្សព្វផ្សាយគោលនយោបាយរបស់ខ្លួន
ក្នុងបរិយាកាសមួយស្ងប់ស្ងាត់ និងអហិង្សា។
«សំឡេងឃោសនារបស់បក្សនយោបាយ»
ក្រុមនិស្សិត និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលសង្កេតឃើញថា
នៅឆ្នាំ២០១៣ នេះ
សកម្មភាពឃោសនាបោះឆ្នោតហាក់មានសញ្ញាណមួយល្អជាងឆ្នាំបោះឆ្នោតកន្លង
ទៅ ឬនៅអាណត្តិមុនៗ។
និស្សិតមួយចំនួននៅទីក្រុងភ្នំពេញ
ដែលមានការសង្កេតលើកិច្ចការបោះឆ្នោត បានយល់ឃើញថា
មេដឹកនាំនៃបក្សនយោបាយសំខាន់ៗដែលត្រូវប្រកួតប្រជែងនៅក្នុង
អាណត្តិទី៥ ឆ្នាំ២០១៣ នេះ
មានការយល់ដឹងច្រើនពីក្រមសីលធម៌ជាអ្នកនយោបាយ
ដែលគួរឲ្យចាប់អារម្មណ៍ និងគួរឲ្យគោរព។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺតាមប្រព័ន្ធផ្សព្វផ្សាយក្តី
តាមវេទិកាសាធារណៈក្តី
ពួកគេពុំសូវឮមេដឹកនាំគណបក្សប្រើពាក្យអសុរោះប្រមាថមើលងាយគ្នា
ទៅវិញទៅមក ដើម្បីប្រជាប្រិយភាពខ្លួនឯង
ឬបង្ហាញពីអំណាចរបស់ខ្លួននោះទេ។
ពួកគេចង់ឲ្យមានស្ថានភាពបែបនេះបន្តកើតមានរហូតដល់ចុងបញ្ចប់នៃយុទ្ធនាការនេះ។
ចំណែកលោក កែម ឡី អ្នកវិភាគឯករាជ្យ
និងជាអ្នកស្រាវជ្រាវលើការអភិវឌ្ឍសង្គមវិញ ក៏យល់ឃើញដែរថា
ការចាប់ផ្ដើមនៃយុទ្ធនាការឃោសនាបោះឆ្នោតនាពេលនេះ
ទោះហាក់បីដូចជានាំគ្នាដើរលឿនជាងច្បាប់កំណត់ក្តី
ក៏ធ្វើឡើងជាចំហទូលំទូលាយជាងពេលមុន។
ចំពោះនីតិវិធីយុទ្ធសាស្ត្រវិញ ហាក់មានការជឿនលឿន
និងមានភាពទាក់ទាញជាងមុន ចំណែកសារនយោបាយវិញ ក៏មានភាពច្បាស់លាស់
អាចនឹងអនុវត្តទៅបាន បើសិនជាគណបក្សណាមួយឈ្នះឆ្នោត។
លោកបន្តថា ការផ្លាស់ប្ដូរនេះ អ្នកនយោបាយអាចបត់បែនតាមគោលគំនិត និងតម្រូវការរបស់ម្ចាស់ឆ្នោតសំខាន់។
ម្ចាស់ឆ្នោតភាគច្រើន បានចាប់ផ្ដើមប្រើភាពវៃឆ្លាតរបស់ខ្លួន
មុននឹងសម្រេចចិត្ត
ដោយពឹងផ្អែកលើគោលនយោបាយច្បាស់លាស់របស់បក្សនយោបាយ
ជាងការអួតអាងដោយប្រើពាក្យអសុរោះ និងការគំរាមកំហែងជាដើមនោះ។
លោកបណ្ឌិត ហង្ស ពុទ្ធា នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត្យ
និងយុត្តិធម៌ ដើម្បីបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា
និកហ្វិច (Nicfec)។ លោកសង្កេតឃើញដែរថា ក្នុងអាណត្តិថ្មីនេះ
អ្នកនយោបាយមានចរិតចាស់ទុំច្រើន ប៉ុន្តែស្ថិតក្នុងអន្តរកាលនៅឡើយ។
លោកថា
មន្ត្រីបក្សនយោបាយគួរតែត្រួតពិនិត្យលើក្រមសីលធម៌របស់ខ្លួន
មុនចេញយុទ្ធនាការឃោសនាបោះឆ្នោត
ដើម្បីបង្ហាញនូវសេចក្តីថ្លៃថ្នូររបស់ខ្លួនមកទាក់ទាញទឹកចិត្ត
ប្រជាពលរដ្ឋ ប្រសើរជាងការប្រើអំពើហិង្សាគំរាមកំហែងដៃគូរបស់ខ្លួន។
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)
ធ្លាប់បានប្រកាសឲ្យដឹងថា សកម្មភាពរបស់បក្សនយោបាយសព្វថ្ងៃនេះ
ពុំទាន់មានសកម្មភាពណាមួយចាត់ទុកថាខុសនឹងច្បាប់បោះឆ្នោតនោះនៅ
ឡើយទេ។ កាលបរិច្ឆេទនៃពេលវេលាឃោសនាបោះឆ្នោតជាផ្លូវការ
គឺចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២៦ ខែកក្កដា។
ការបិទផ្សាយបញ្ជីបោះឆ្នោត និងបញ្ជីទីតាំងនៅការិយាល័យបោះឆ្នោត
និងនៅគណៈកម្មការឃុំសង្កាត់ ធ្វើនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣។
ចំណែកកាលបរិច្ឆេទនៃការបោះឆ្នោត ការរាប់សន្លឹកឆ្នោត
និងការបិទផ្សាយលទ្ធផលបឋមនៅការិយាល័យបោះឆ្នោតសម្រាប់ការបោះឆ្នោត
ជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ នឹងចាប់ផ្ដើមនៅថ្ងៃទី២៨
ខែកក្កដា ឆ្នាំ២០១៣៕
No comments:
Post a Comment