លោក សម រង្ស៊ី មេបក្សសង្គ្រោះជាតិ។
រូបថត Bloomberg និង លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន។ រូបថត ហេង ជីវ័ន
Thursday, 02 May 2013 ប៉ែន សុជីវន្ត
The Phnom Penh Post
កាលនៅពីតូចខ្ញុំអង្គុយមើលចាស់ៗលេងអុក
និងសូមសរសើរគាត់
ក្នុងការគិតពិចារណាមុននឹងការសម្រេចចិត្តដើរមួយជំហានៗ។
រហូតមកដល់អាយុជាង៤០ទៅហើយ
ខ្ញុំនៅតែទទួលស្គាល់ថា ខ្លួនឯងមិនអាចលេងបានល្អ
ដូចចាស់ៗពីជំនាន់មុនទេ អ៊ីចឹងហើយ បានជាខ្ញុំតែងតែលេងធ្វើចាញ់រហូត
ដើម្បីរៀនពីអ្នកពូកែៗ ដទៃទៀតហើយរហូតមកដល់ពេលនេះនៅតែរៀនមិនចេះអស់។
កាលពីប៉ុន្មានឆ្នាំមុន គឺមានការប្រកួតអុកថ្នាក់ជាតិហើយខ្ញុំអង្គុយមើលឡើងភ្លេចបាយ ភ្លេចទឹកដោយលាន់មាត់ កោតសរសើរពីយុទ្ធសាស្រ្តរបស់អ្នកលេងថ្នាក់ជាតិទាំងនោះខ្លាំងណាស់ ។ ក្នុងល្បែងនេះ
គឺលេងលើក្តារបន្ទះដែលមាន ៦៤ ក្រឡាហើយអ្នកលេងមានតែពីរនាក់ទេ
គឺភាគច្រើនម្ខាងកាន់កូនពណ៌ស និងម្ខាងទៀតកាន់កូនពណ៌ខ្មៅ។
កូនអុកគឺមាន១៦ ក្នុងនោះគឺមាន ត្រី
៨ សេះ ២ ទូក២ គោល២ នាង១ និងស្តេច(អង្គ)១ ហើយត្រី
គឺត្រូវបានគេរៀបឲ្យនៅជួរមុខ
ក្រៅពីនេះ គឺនៅជួរក្រោយជាមួយស្តេច។
អ្នកលេងមានវិធីច្រើនផ្សេងៗគ្នា អ្នកខ្លះដើរត្រីទៅមុខកូននាងមុន
ដើម្បីឲ្យកូននាងអាចឡើងបាន ហើយបានបោះសេះឡើង
តែអ្នកខ្លះ គឺបោះសេះឡើងតែម្តង។ តែទោះជាយ៉ាងណា
ត្រីនៅតែចាត់ទុកថា ជាកូនដែលមិនសូវសំខាន់សម្រាប់អ្នកលេងមួយចំនួនធំ ហើយចុងក្រោយគឺទុកតែ២ ឬ បី
ដេញសម្លាប់ គូបដិបក្ខ។ តាមតែជំនាញរៀងៗខ្លួន
ដែលអ្នកខ្លះពូកែសេះគឺគេទុកសេះ ដើម្បីសម្លាប់
ហើយអ្នកខ្លះទៀត គឺគេទុកត្រី៣ ឬហៅថា ត្រីទឹម។
តែអ្នកពូកែលេង
គឺទុកកូនសំខាន់ៗ ទៅតាមកាលៈទេសៈ។ ជាធម្មតាកូនដែលគេទុក
គឺគេមិនដើរមុនដំបូងទេ គឺដើរក្នុងឱកាសដែលត្រូវដើរ
ហើយដើរមករកស្តេចតែម្តង។ គ្រាន់តែឮគេនិយាយតៗគ្នាថា
យុទ្ធសាស្រ្តអ្នកលេងដែលល្អបំផុត គឺការពារមិនឲ្យទូក
ឬសេះ របស់សត្រូវ ចូលមកទីលានខាងក្នុងរបស់ខ្លួន
ហើយការពារត្រីមិនឲ្យឡើងមកបក។
ប្រិយមិត្តដឹងទេ មានអ្នកពូកែលេងអុកពីរនាក់ដែលលេងតាំងពីឆ្នាំ
១៩៩៨ រហូតមកដល់ឥឡូវ
នៅតែមិនទាន់ដឹងឈ្នះចាញ់ គឺរុញទៅ រុញមក ដេញទៅ
ដេញមក
ហើយពេលខ្លះ ខ្ញុំខំតាមដាន រហូត ដាច់បាយដាច់ទឹកក៏មាន។
មុននេះបន្តិច
ម្នាក់ដែលពូកែលេង និងល្បីជាងគេ គឺលេង ១ ទល់ ២។
មានន័យថា
គាត់លេង លើក្តារពីរ ក្នុងពេលតែមួយ គឺគាត់ម្នាក់ឯង
ប្រកួតជាមួយអ្នកលេងពីរនាក់ផ្សេងគ្នាក្នុងពេលតែមួយ។ តែគួរឲ្យស្តាយ ដៃគូម្ខាងទៀត បានចុះចាញ់យ៉ាងអាម៉ាស់មុខហើយលើកទង់ជ័យស ថាឈប់លេងអុកជារៀងរហូត។
ឥឡូវនៅសល់តែមួយទល់មួយ គឺសម្តេច តេជោ
ហ៊ុន
សែននិងឯកឧត្តមសម រង្ស៊ី។
ក្នុងរូបភាពខាងក្រៅ
សម្តេចហ៊ុន សែន លេងបានល្អនិងមានប្រៀបជាង
ឯកឧត្តម
សម រង្ស៊ី តែតាមពិតបែរជាបន្សល់ទុកនូវចន្លោះប្រហោងជាច្រើន ក្នុងយុទ្ធសាស្រ្តរបស់ខ្លួន។
មើលទៅសម្តេចបានមើលស្រាលឯកឧត្តម សម រង្ស៊ីពេកហើយ។
អ្វីដែលយើងគ្រប់គ្នាមើលឃើញពីយុទ្ធសាស្រ្ត របស់
សម្តេច
ហ៊ុន សែន គឺវាយប្រហារមុន បានការពារជាក្រោយ ឬថា ពង្រីកមុន ពង្រឹងក្រោយ។ ជាក់ស្តែង ដូចជា
សម្តេចបានវាយរុលទៅមុខ និងសម្ញែងឫទ្ធិ
នៅជួរមុខយ៉ាងខ្លាំង តែបែរជាបន្សល់ទុក
នូវចំណុចខ្សោយជាច្រើនកន្លែងជាពិសេស
គឺស្តេច (អង្គ) តែម្តង មានការការពារដែលមិនមានភាពរឹងមាំធ្វើឲ្យត្រីបកនិងសេះរបស់ឯក ឧត្តមសម រង្ស៊ី ឡើងសន្សឹមៗ
ជិតដល់ស្តេចរៀបតែនឹងអុកទៅហើយ។ ពេលនេះ
ស្តេច(អង្គ)របស់សម្តេចហ៊ុន
សែន កំពុងតែជិតអស់ក្រឡាដើរហើយ នៅរង់ចាំតែកូនមួយ
ឬពីរទៀតរបស់ ឯកឧត្តមសម រង្ស៊ី ឡើងមក គឺសង្គ្រប់យកតែម្តង។
តែថ្មីៗនេះ សម្តេច ហ៊ុន សែន ហាក់បីដូចជាបានដឹងខ្លួនជាមុន
ហើយខំការពារយ៉ាងមុតមាំ ដោយប្រើគ្រប់យុទ្ធសាស្រ្ត
មិនឲ្យកូនអុក របស់ ឯកឧត្តម សម រង្ស៊ី ចុះមកថែមទៀតទេទោះត្រូវអស់គោល
អស់សេះអស់ទូកក៏ដោយ ហើយថែមលើនេះទៀត គឺកំពុងតែរកវិធីកម្ចាត់កូនដែលកំពុងតែកៀកស្តេច របស់សម្តេចចោលដែរ។
ចំណែកឯ
ឯកឧត្តម សម រង្ស៊ី វិញ ក៏បានដឹងថា សម្តេចហ៊ុនសែន ដឹងខ្លួន និងយល់ពីយុទ្ធសាស្រ្តរបស់ខ្លួនក៏បង្កើនយុទ្ធសាស្រ្តបន្លំនិង ឆ្ពិនភ្នែក ជន្លឆ្វេង វាយស្តាំ
ដោយប្រើប្រាស់ កូនអុករបស់ខ្លួនផ្សេងៗទៀត
វាយលុកចំណុចខ្សោយ ដើម្បីឲ្យសម្តេចដកកូនមកជួយចំណុចខ្សោយ តែតាមពិតគឺដើម្បីបំបែកចំណុចខ្លាំង ថែមទាំងឡើងកូនសំខាន់ៗទៅកាន់តែកៀកស្តេចរបស់
សម្តេច ហ៊ុន សែនដើម្បីសម្លាប់តែម្តង។
ថ្មីៗនេះ
ត្រីបករបស់ឯកឧត្ដមសម រង្ស៊ី ឡើងបានច្រើនគួរសម
ដោយបន្លំដៃគូបដិបក្ខរបស់ខ្លួនថា កំពុងតែវាយប្រហារចំណុចសំខាន់ៗរបស់សម្តេច
ហ៊ុន សែន តែតាមពិតគឺកំពុងបង្វែរទិសដៅ ទៅរកស្តេចដែលកំពុងតែជិតអស់ក្រឡាដើរឯណោះទេ។ ជាការធ្វេសប្រហែសមួយគឺថា សម្តេច
ហ៊ុន សែន កំពុងតែប្រើវិធីយកត្រីសម្លាប់ត្រីយកសេះសម្លាប់សេះ
យកទូក សម្លាប់ទូក ឬថា
លូកដៃកាត់ដៃ លូកជើងកាត់ជើង។ វិធីនេះត្រូវចិត្ត
ត្រូវថ្លើម
ឯកឧត្តម សម រង្ស៊ី ជាខ្លាំង ធ្វើឲ្យឯកឧត្តមជន្លកាន់តែខ្លាំងពិតជាគ្រោះថ្នាក់ខ្លាំងណាស់។ នេះមកពីសម្តេច
ឆេវឆាវពេកគឺធ្វើការសម្រេចចិត្តក្នុងពេលកំពុងតែភ័យនិងកំពុងតែ ខឹង។
តាមយុទ្ធសាស្រ្តសង្រ្គាម
របស់ ស៊ុន ជឺ គឺត្រូវគេចចេញពីចំណុចខ្លាំងរបស់សត្រូវហើយវាយប្រហារចំណុចខ្សោយ របស់សត្រូវ។ យុទ្ធសាស្រ្តរបស់សម្តេច
ហ៊ុន សែន គឺកំពុងបង្ហាញចំណុចខ្សោយដល់
គូសត្រូវរបស់ខ្លួន។ ចំណុចខ្សោយរបស់សម្តេច
ហ៊ុន សែន កាន់តែបង្ហាញច្បាស់ឡើងៗ ហើយបាននិងកំពុងតែត្រូវបានត្រីបក
របស់ ឯកឧត្តម សម រង្ស៊ី វាយប្រហារយ៉ាងទាន់ពេលវេលា។
អ្វីដែលគេឃើញកាន់តែច្បាស់ គឺសម្តេច បានបង្ហាញភាពភ័យខ្លាច
ដោយ យកគោល យកសេះ យកទូក ដែលកំពុងតែការពារស្តេច(អង្គ)
ទៅទប់ការវាយប្រហារនេះទៅវិញ។ ចំណុចនេះសម្តេច
ហ៊ុន សែន កំពុងតែបើកចំហមុខស្តេចរបស់ខ្លួន
ឲ្យទូករបស់គេ
ដែលរង់ចាំនៅទីនោះជាយូរណាស់មកហើយ ដោយរង់ចាំតែឱកាសវាយប្រហារប៉ុណ្ណោះ។
ឥឡូវសម្តេច ហ៊ុន សែន បានស៊ីកូនត្រីដែលនៅរារាំងធ្វើជារបងការពារ ស្តេច(អង្គ)របស់សម្តេចដែលតាមពិត
កូនត្រីនោះជានុយរបស់គេទេ។ ឥឡូវគឺធ្លាយ
ពីរច្រកហើយ គឺច្រកមុខស្តេច និងខាងឆ្វេងស្តេច។
អ្នកលេងអុកពូកែគឺយកកូនរបស់សត្រូវធ្វើជារបងការពារស្តេច ហើយនៅពីក្រោយ គឺត្រៀមគោលមួយ
និងសេះមួយចាំជួយទប់។ គេរៀបការពារសិន
មុននឹងវាយប្រហារ តែសម្តេចហ៊ុន សែនវាយប្រហារមុន
បានមករៀបទ័ពការពារស្តេចជាក្រោយ។
ពិតជាគ្រោះថ្នាក់ណាស់។ សូមកុំភ្លេចថា
ការបោះឆ្នោតឈ្នះឬចាញ់នៅខែកក្កដាខាងមុខនេះ
មិនមែនជាចុងបញ្ចប់នៃល្បែងនេះទេ។
ឯកឧត្តម សម រង្ស៊ី អុកបញ្ឆោតឬដេញបញ្ឆោត
តែមិនមែនជាចំណុចរបស់ឯកឧត្តមសម រង្ស៊ី
ចង់បានទេ។
សម្តេចហ៊ុន
សែនក៏បានដឹងដែរ ថា ឯកឧត្តម សម រង្ស៊ី នឹងចំណាយគោលមួយនេះ(លទ្ធផលនៃការបោះឆ្នោត ២០១៣)ដើម្បីឡើងត្រីយកត្រីបក និងឡើងកូនផ្សេងៗទៀតមកក្បែរស្តេចរបស់សម្តេច
ហ៊ុន សែន។ ត្រូវចាំថា ចុងបញ្ចប់នៃល្បែងនេះគឺអ្នកចាញ់
និងអស់សិទិ្ធឡើងសង្វៀនបន្តទៀត ដូចជាករណីសម្តេចក្រុមព្រះអ៊ីចឹងហើយអ្នកដែលឈ្នះ នឹងត្រូវប្រកួតជាមួយអ្នកថ្មីទៀត។
ចំណុចខ្សោយរបស់
សម្តេច ហ៊ុន សែន គឺមានជាក់ស្តែងដូចជាការដែលសម្តេចមិនឲ្យឯកឧត្តមសម រង្ស៊ីចូលស្រុកគឺសម្តេចចាញ់បោកឯកឧត្តម
សមរង្ស៊ីតែម្តង។ សម្តេច ហ៊ុន
សែន ខ្លូនឯង ក៏ដឹងដែរថា ឯកឧត្តមសមរង្ស៊ីមិនចង់ចូលស្រុកប៉ុន្មានទេព្រោះនៅក្នុងស្រុកគឺ មានគ្រោះថ្នាក់គ្រប់ជំហាន។
តែបើគង់តែចេញ គឺត្រូវវាយប្រហារចំណុចខ្សោយមួយសិន
ឬថា គង់តែចេញ ក៏ត្រូវតែចេញឲ្យមានហេតុផល
ឬស្របកាលៈទេសៈ។ វិធីនេះហៅថា យកឆ្ងាយ
បង្ក្រាបជិត ឬបោះសន្ទូចរំលងភ្នំ។ វិធីនេះ គឺមានយូរហើយ ហើយកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងសម័យបច្ចេកវិទ្យាកាន់តែជឿនលឿន។
តែទោះជាយ៉ាងណា បើ សម្តេច ហ៊ុន
សែន ដកឃ្លា យកពេលមកគិត ពិភាក្សាជាមួយ អ្នកប្រាជ្ញ
នៅជុំវិញខ្លួន
កុំស្តាប់តែអ្នក បញ្ចើចបញ្ចើ សម្តេច នឹងអាចរក
វិធីទប់ទល់បាន។
សុភាសិតខ្មែរមួយពោលថា មិត្តដែលល្អគឺជាអ្នកដែលនិយាយអាក្រក់ពីយើង នៅចំពោះមុខយើងហើយនិយាយល្អពីយើងពេលនៅពីក្រោយយើង។
វិធីសាស្រ្តមួយក្នុងចំណោមវិធីជាច្រើន
ដែលអាចស្តារស្ថានភាពបាន គឺរកវិធីសម្លាប់ត្រីបកឲ្យអស់
ហើយទាញគោល មកដេញសេះដែលគាបស្តេចជាប់។
វិធីនេះ ហៅថាវិធីកាត់បេះដូងជូនម្តាយ។
ខ្ញុំមិនហ៊ាននិយាយថា
នរណាជាតួអង្គស្តេច(អង្គ) នរណាជាតួអង្គគោល
នរណាជាតួអង្គសេះ នរណាជាតួអង្គត្រី នរណាជាតួអង្គទូក
នោះទេ។ តែខ្ញុំជឿជាក់ថា ក្នុងនាមជាអ្នកលេង
ខ្លួនឯង
គឺដឹងច្បាស់ណាស់ ជាពិសេស ខ្ញុំបាទល្បីថា សម្តេច ហ៊ុន
សែនជាកំពូលអ្នកលេងអុកលេខមួយ
នៅស្រុកខ្មែរ។ ជាឧទាហរណ៍ជាក់ស្តែងមួយ
ហើយសម្តេច ហ៊ុន សែន ក៏បានដឹងច្បាស់ហើយដែរ
ថា
អ្នកដែលនៅជុំវិញខ្លួនសម្តេច គឺគាំទ្រសម្តេច តែសម្បកខាងក្រៅទេ តែកាលៈទេសៈមកដល់
គឺគេប្រែក្រឡះភ្លាម។ ទាំងនេះ គឺមកពីសម្តេចជំរុញឲ្យពួកគេធ្វើដូច្នេះ
នេះហើយ ជាត្រីបកមួយ ក្នុងចំណោមត្រីបកជាច្រើន
របស់ ឯកឧត្តម សម រង្ស៊ី កំពុងតែប្រើ ហើយសម្តេច
ក៏ដឹងដែរ។ យើងទាំងអស់គ្នា នឹងរង់ចាំមើល
ការប្រកួតមួយនេះ
តើលទ្ធផលទៅជាយ៉ាងណា?
បើប្រិយមិត្តគាំទ្រខ្ញុំបាទនឹងសរសេរការវិភាគនយោបាយតាមរបៀប
អ្នកលេងអុកនេះទៅទៀត នៅពេលមានការវិវឌ្ឍអ្វីមួយ។
ជាចុងបញ្ចប់
ខ្ញុំបាទគ្រាន់តែជាអ្នកវិភាគ ដែលចេញពីគំនិត និង
ចំណេះដឹងស្តួចស្តើងតែប៉ុណ្ណោះ
ហើយខ្ញុំបាទ រង់ចាំទទួលជានិច្ចនូវការណែនាំពីរៀមច្បង
និង ប្រិយមិត្ត៕
ពីខ្ញុំបាទ
ប៉ែន សុជីវន្ត នៅខេត្ត រតនគិរី
No comments:
Post a Comment