លោក សម រង្ស៊ី
ប្រធានគណបក្សសង្គ្រោះជាតិ។ រូបថត Bloomberg
Wednesday, 08 May
2013 ប៉ែន សុជីវន្ត
The Phnom Penh Post
ក្នុងអត្ថបទទីមួយរបស់ខ្ញុំគឺបានទទួលការស្វាគមន៍ផង និងការរិះគន់ផង
ពីប្រិយមិត្តអ្នកអាន ដែល ពិតជាគួរឲ្យមានមោទនភាពមែន។
ខ្ញុំឮថា មានប្រតិកម្មពីសម្តេចនាយករដ្ឋមន្ត្រី
ពីស្រុក មេមត់ ខេត្តកំពង់ចាម តែគួរឲ្យស្តាយ
ខ្ញុំបាទមិនបានស្តាប់នូវប្រតិកម្មរបស់សម្តេច។
សូមអរគុណសម្តេចហ៊ុន
សែន ដែលបានចំណាយពេលអានអត្ថបទរបស់ខ្ញុំបាទ
ដែលធ្វើឲ្យខ្ញុំបាទមានមោទនភាព
ជាពន់ពេក។ ខ្ញុំចង់បន្តពីអត្ថបទមុនបន្តិច ដោយនិយាយសង្កត់ធ្ងន់ទៅលើក្រឡាអុក
ដែលអ្នកនយោបាយពីរនាក់(សម្តេច ហ៊ុន
សែន និងឯកឧត្តម សម រង្ស៊ី) បានចង ហើយជំហានដែលត្រូវដើរបន្ទាប់។ ខ្ញុំនៅតែគិត
ដូចដែលបានបរិយាយក្នុងអត្ថបទមុនរបស់ខ្ញុំ គឺថា
ឯកឧត្តម
សម រង្ស៊ី មិនទាន់ចង់ចូលស្រុកទេ បើកាលៈទេសៈមិនចាំបាច់ ហើយលោក ក៏ដឹងដែរថា សម្តេច ហ៊ុន
សែននឹងមិនឲ្យលោក ចូលស្រុកមុនពេលបោះឆ្នោត២០១៣នេះដែរ។
ដូច្នេះហើយ
មុននឹងលោក សម្រេចចាកចេញពីស្រុកខ្មែរកាលពីឆ្នាំ
២០០៩
គឺលោកបានកំណត់បេក្ខភាពជំនួសលោក រួចជាស្រេចហើយ។ តាមពិត បើមើលពីការវិវត្តនៃស្ថានការណ៍
គឺថា ឯកឧត្តម កឹម សុខា និង ឯកឧត្តម សម រង្ស៊ី
បានព្រមព្រៀង រៀបក្បួននេះទុកជាមុនរួចស្រេចហើយ
ហើយការដែលពន្យារពេលនៃការច្របាច់បញ្ចូលគ្នា
ដោយយកលេស ពីបញ្ហានេះ
បញ្ហានោះ គឺគ្រាន់តែយុទ្ធវិធីបំភាន់ភ្នែក សម្តេច ហ៊ុន
សែន
មួយប៉ុណ្ណោះ។ ជាពិសេស គឺ ឯកឧត្តម សម រង្ស៊ី
ចង់បង្ហាញដល់សាធារណជនថា
សម្តេច ហ៊ុន សែន ជាអ្នកដែលមិនចង់ ឲ្យពួកគេរួបរួមគ្នាដើម្បីកេងចំណេញនយោបាយ។
ពេលនោះ បើសម្តេច ហ៊ុន សែន
មិនបញ្ចេញខ្សែអាត់ សំឡេង រវាង ឯក ឧត្តម កឹម សុខា និង សម្តេច នោះប្រហែលជាចំណេញជាង។
ក្នុងខ្សែអាត់សំឡេងនោះ គ្មានពាក្យពេចន៍ណាដែលធ្វើឲ្យគេដាក់ការសង្ស័យលើឯកឧត្តម
កឹម សុខាទេ តែឯកឧត្តម
សម សង្ស៊ី ចេះតែធ្វើខឹង ច្រឡោតតោតតូង ហើយធ្វើជាចោទ
ឯកឧត្តម កឹម សុខា ថាជាគណបក្សចំណុះឲ្យសម្តេច ហ៊ុន សែន។
តែតាមពិត
គឺជាវិធីសាស្រ្ត ជន្លឆ្វេង វ៉ៃស្តាំ តែប៉ុណ្ណោះ។
វិធីនេះបានជោគជ័យដោយបានបន្លំ
ភ្នែក សម្តេច ហ៊ុន សែន រហូតបានបង្កើតគណបក្សរួមគ្នាមួយបាន
នៅចុងឆ្នាំ២០១២។
នេះជាផែនការមួយ
របស់ឯកឧត្តម សម រង្ស៊ី ក្នុងការផ្លាស់ប្តូរឈ្មោះគណបក្ស
ដែលដាក់ឈ្មោះខ្លួនឯង ដោយកាលៈទេសៈបង្ខំកាលពីពេលនោះ
ឲ្យទៅជាគណបក្សមួយដែលអាចទាក់ទាញ អ្នកនយោបាយផ្សេងៗឲ្យមកចូលរួម
ជាពិសេស គឺអ្នកនយោបាយ ពីគណបក្ស ហ៊្វុនស៊ីនប៉ិច
និងអតីត គណបក្សរបស់ លោកតា សឺន សាន ដែលអ្នកនយោបាយទាំងនេះ
កំពុងតែតែលតោល បង្ខំចិត្តធ្វើជាមនុស្សគ
មនុស្សថ្លង់ជ្រកក្រោមគណបក្សប្រជាជន
និងគណបក្ស ហ៊្វុនស៊ីនប៉ិចសព្វថ្ងៃ ហើយអ្នកខ្លះក៏សុខចិត្តអង្គុយទំនេរផឹកកាហ្វេ រង់ចាំម្ចាស់ដែលខ្លួនអាចមានឱកាសបញ្ចេញសមត្ថភាពសាជាថ្មី ជាក់ស្តែង ដូចជា ព្រះអង្គម្ចាស់
ធម្មិកោ ឯកឧត្តម ប៉ែន សុវណ្ណ ហើយក៏មានអ្នកប្រាជ្ញនយោបាយ
និងសេដ្ឋកិច្ចជាច្រើនទៀត កំពុងតែលាក់ខ្លួនក្រោមស្លាកអង្គការសង្គមស៊ីវិល
ឬ ក៏ចេញឈ្មោះដែរ តែត្រឹមតែ
ជាអ្នកវិភាគនយោបាយ ឬសេដ្ឋកិច្ចឯករាជ្យតែប៉ុណ្ណោះ។
ពីព្រោះ
ឯកឧត្តម សម រង្ស៊ី ដឹងខ្លួនឯង ច្បាស់ថា ទោះបីជាខ្លួនឈ្នះឆ្នោត
ដឹកនាំប្រទេសឥឡូវនេះ ក៏មិនមានធនធានមនុស្សគ្រប់គ្រាន់ដែរ
គឺមានតែក្បាលម៉ាស៊ីនដឹកនាំ ដែលមិនដល់១០០
នាក់ផង ដែលការដឹកនាំប្រទេសមួយ យ៉ាងហោចណាស់
ក៏តម្រូវឲ្យមានធនធានមនុស្សគ្រប់គ្រាន់
ចាប់ពីថ្នាក់ ស្រុក រហូតដល់ថ្នាក់
រដ្ឋមន្ត្រី ដែលសរុបទៅក៏ជាង ១ ម៉ឺននាក់ដែរ។ ១
ម៉ឺននាក់នេះ
គឺគិតតែពីបញ្ញវន្ត ក្នុងកៅអី ជាអ្នកដឹកនាំប៉ុណ្ណោះ។
បើមិនអាចប្រមូលធនធានមនុស្សទាំងនោះបានទេ
ការឈ្នះ ឆ្នោត ២០១៨ នឹងក្លាយទៅជាការយកដុំថ្មទម្លាក់លើជើងខ្លួនឯងមិនខាន។
ដូច្នេះ យុទ្ធសាស្រ្តរបស់ឯកឧត្តម
សម រង្ស៊ី គឺធ្វើម៉េចឡើងកូនអុករបស់ខ្លួនឲ្យប្រកៀកនឹងគណបក្ស
ប្រជាជន បន្ទាប់ពីបោះឆ្នោត
២០១៣ នេះ ដើម្បីបើកផ្លូវ(ផ្តល់ជាសញ្ញា
ឬជាក្តីសង្ឃឹម) ដល់កូនអុក(ធនធានមនុស្ស)របស់ខ្លួនដទៃទៀតដែលកំពុងតែរៀបជើងព្រួល ចូលរួមជាកម្លាំងវាយផ្តាច់ព្រ័ត្រ ក្នុងការបោះឆ្នោតផ្តាច់ព្រ័ត្រនៅឆ្នាំ
២០១៨។
បើសិនជាអ្វីដែលខ្ញុំនិយាយខាងលើវាជាការពិត
ឯកឧត្តម សម រង្ស៊ី ពិតជាមនុស្សដែលមានក្រសែភ្នែកវែងឆ្ងាយណាស់
ហើយក៏មានន័យថា ឯក ឧត្តម សម រង្ស៊ី
បានសម្លឹងឃើញក្រឡាអុកមួយនេះ ១០ ទៅ ២០
ជំហានមុនទៅហើយ។
លើសពីនេះទៅទៀត បើខ្ញុំគិតមិនខុសទេ
វិបត្តិដីធ្លី
(ករណីអ្នកភូមិ បឹងកក់ អ្នកភូមិ បុរីកីឡា។ល។)
បញ្ហាអំពើពុករលួយ
បញ្ហាការកាប់បំផ្លាញព្រៃឈើ បញ្ហាអសន្តិសុខសង្គម
បញ្ហាប្រាក់បៀវត្សរ៍របស់
កម្មករ មន្ត្រីរាជការ ភាពអត់ការងារធ្វើរបស់យុវជនខ្មែរ វិបត្តិព្រំដែនជាមួយប្រទេសជិតខាង
គឺឯកឧត្តម សម រង្ស៊ីបានប្រមើលមើលឃើញតាំងពីឆ្នាំ
ដែល ឯកឧត្តម បានបង្កើត គណបក្សជាតិខ្មែរថា
នឹងជាវិបត្តិមួយដែល គណបក្សប្រជាជនរបស់ សម្តេច
ហ៊ុន
សែន មិនអាចរ៉ាប់រងបាន ហើយវានឹងក្លាយទៅជាដុំថ្មដែលធ្លាក់លើជើងសម្តេចនៅថ្ងៃណាមួយ មិនខាន។ ជាក់ស្តែង
រហូតមកដល់ពេលនេះ មិនទាន់ឃើញ គណបក្សប្រជាជន
ដោះស្រាយចំណុចណាមួយឲ្យចេញជាដុំកំភួននៅឡើយទេ។
សម្រាប់
សម្តេចហ៊ុន សែន ក្រៅពីរកវិធីរំដោះស្តេច (អង្គ)
ចេញពីការឡោមព័ទ្ធ
ដោយកូន(អុក) ខ្លួនឯង ដែលចងពីអតីតកាល (ភាពចាក់ស្រេះនៃគ្រួសារនិយម
និងបក្ខពួកនិយម ភាពរង្គោះរង្គើនៅក្នុងបក្ស
ការឡោមព័ទ្ធដោយអ្នកបញ្ចើចបញ្ចើ ដែលមិនស្មោះត្រង់
ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន) សម្តេច ត្រូវចងក្រឡា
ដើម្បីឡើងត្រីបករបស់ខ្លួន
ត្រៀមជំនួសកូនត្រីចាស់ៗ ដែលប្រើការលែងកើត
ហើយពោរពេញដោយរឿងអាស្រូវ។ ជាក់ស្តែងដូចជាការបង្កើតយុវជន
ស្ម័គ្រចិត្ត ក្នុងការចុះជួយវាស់ដីជូនប្រជាពលរដ្ឋ ការដាក់ឈ្មោះបេក្ខភាពក្មេងជំនាន់ក្រោយ ដែលជាកូនថ្នាក់ដឹកនាំរបស់គណបក្សប្រជាជន ក៏ដូចជាកូនផ្ទាល់ខ្លួនរបស់សម្តេច ការបញ្ចូលអង្គរក្សផ្ទាល់ខ្លួនជាកងទ័ពស្របច្បាប់របស់ជាតិជាដើម។
ជាក់ស្តែងណាស់
ខ្ញុំធ្លាប់ឮគេនិយាយថា សម្តេច លេងអុកមិនឲ្យចាញ់គេទេ
តែបើដឹងថា ក្រឡាប្រុងនឹងចាញ់ គឺសម្តេចនឹងគំរាម
ហើយយុទ្ធសាស្រ្តចុងក្រោយ គឺត្រូវលេងឲ្យស្មើ។
ក្នុងរឿងសាមកុក
ស៊ឺ ម៉ាអ៊ី ដែលជាមេទ័ពខ្លាំងរបស់ ព្រះអង្គម្ចាស់
ឆាវភី
កូនឧបរាជឆាវឆាវនិយាយថា«ក្នុងប្រតិបត្តិការសឹក
បើមានសមត្ថភាព វាយលុក គឺវាយលុក
បើមិនអាច គឺត្រូវការពារ បើការពារមិនបានគឺត្រូវដកថយ
បើដកថយមិនកើត គឺត្រូវចុះចាញ់»។ ក្នុងករណីនេះសម្តេច ហ៊ុន
សែនបានរៀបជើងព្រួលក្នុងករណីចាញ់ គឺត្រូវតែឲ្យស្មើ
ដូចជាឆ្នាំ ១៩៩៣ ជាដើម គឺយ៉ាងហោចណាស់ក៏បានត្រឹមនាយករដ្ឋមន្ត្រីទី២
ដែរ។
មើលទៅ
សម្តេច ហ៊ុន សែន បានមើលឃើញពីចំណុចខ្សោយរបស់លោកហើយ
ហើយបន្ទាប់ពីឈ្នះឆ្នោតក្នុងឆ្នាំ
២០១៣ នេះ បើខ្ញុំទាយមិនខុសទេ គឺសម្តេច
នឹងបោសសម្អាតចោល នូវកូនត្រីសម្អុយជាច្រើន ដែល ឡោមព័ទ្ធ សម្តេច ស្ទើរតែដកដង្ហើមមិនរួច
ចំណែកឯកូន(កូនអុក)ចាស់ៗ ដែលប្រើមិនកើតច្បាស់ជាដាក់ឲ្យគេស៊ី
ដើម្បីយកផ្លូវដើរមិនខាន។ ជាក់ស្តែងដូចជា
អ្នកអត្ថាធិប្បាយលើកជើងខុសរឿង នៅតាមទូរទស្សន៍មួយចំនួន
មន្ត្រីណា ដែលមានរឿងអាស្រូវច្រើន ឧកញ៉ាទុច្ចរិតមួយចំនួន។ល។
និង។ល។ ព្រោះ មានតែវិធីនេះទេ ដែលអាចទទួលបានការគាំទ្រពីប្រជារាស្រ្តមកវិញ។ ក្រៅពីនេះគឺនៅធ្វើវិសោធនកម្មច្បាប់មួយចំនួន ដើម្បីការពារខ្លួនក្រោយពេលអស់ពីអំណាចទៅ។
ម្យ៉ាងវិញទៀត
បើខ្ញុំទាយមិនខុសទេ សម្តេច នឹងមិនចេញមុខច្រើនទេ
ក្នុងឆ្នាំ ២០១៤ ទៅ ២០១៨។ សម្តេច និងប្រើត្រីបក
របស់សម្តេច ជំនួសវិញ ក្នុងការដោះស្រាយវិបត្តនានា
ហើយនៅឆ្នាំ
២០១៨ សម្តេចក៏ប្រហែលជាមិនចេញមកប្រកួតជាមួយឯកឧត្តម សម រង្ស៊ីដោយផ្ទាល់ដែរ។
តែការដោះក្រឡា ដែលបានចងពីអតីតកាលពិតជាស្មុគស្មាញណាស់ ហើយជាការងាររែកពន់មួយដ៏ធ្ងន់ធ្ងរ។
មិនដឹងថា សម្តេច ហ៊ុន សែន ហ៊ាន
ឬមិនហ៊ាន។ តែកូនចៅ របស់ សម្តេច ហាក់បីដូចជាដឹងចិត្តទៅហើយ គឺ សម្តេចមិនហ៊ានធ្វើទេ។
ក្រៅពីរៀបចំក្រឡាការពារ
និងប្រយុទ្ធខាងលើ សម្តេច ហ៊ុន សែន នឹងប្រើយុទ្ធសាស្រ្ត
បំបែកបំបាក់ ដើម្បីគ្រប់គ្រង រវាងឯកឧត្តម សម
រង្ស៊ី
និងឯក ឧត្តម កឹម សុខា ហើយឯកឧត្តមទាំងពីរនាក់ក៏កំពុងតែព្រឺព្រួចនៅចំណុចនេះខ្លាំង ណាស់ដែរ។
ដូច្នេះតើក្រឡារបស់ឯកឧត្តម សម រង្ស៊ី និង សម្តេច ហ៊ុន
សែនសម្រាប់ឆ្នាំ
២០១៨ ដែលជាវគ្គ ផ្តាច់ព្រ័ត្រ តើនរណាមានប្រៀបជាង ?
ជាថ្មីម្តងទៀត និងជាចុងបញ្ចប់នៃអត្ថបទនេះខ្ញុំបាទគ្រាន់តែជាអ្នកវិភាគ ដែលចេញពីគំនិត
និងមានចំណេះដឹងស្តួចស្តើងតែប៉ុណ្ណោះ
ហើយខ្ញុំបាទរង់ចាំទទួលជានិច្ច
នូវការណែនាំពីរៀមច្បង និងប្រិយមិត្ត៕
ដោយ ប៉ែន សុជីវន្ត ពីរតនគិរី
No comments:
Post a Comment