ស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ នៅតាមបណ្ដាខេត្តជាច្រើនកន្លែង ត្រូវបានជនមិនស្គាល់មុខលួចវាយបំផ្លាញចោល។ មន្ត្រីគណបក្ស សង្គ្រោះជាតិ អះអាងថា មូលហេតុនៃការលួចបំផ្លាញស្លាកគណបក្សសង្គ្រោះជាតិ នេះ កើតចេញមកពីការញុះញង់របស់អាជ្ញាធរមូលដ្ឋានដែលជាមន្ត្រីរបស់ គណបក្សប្រជាជនកម្ពុជា។
ដោយ សួន សុផលមុន្នី
RFA
RFA
គណបក្សសង្គ្រោះជាតិ អះអាងថា ស្លាកគណបក្សរបស់ខ្លួនចំនួន ៤ផ្ទាំង
នៅក្នុងស្រុកចំនួន៤ ក្នុងខេត្តបាត់ដំបង
ត្រូវគេលួចវាយបំផ្លាញចោលជាបន្តបន្ទាប់។
សកម្មភាពនៃការវាយបំផ្លាញនេះ បានកើតមានក្រោយពេលដែលគណបក្ស សម
រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
រួបរួមគ្នាបង្កើតជាគណបក្សសង្គ្រោះជាតិ តែមួយ។
សមាជិកក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តបាត់ដំបង លោក ជា
ជីវ ថ្លែងនៅថ្ងៃទី៦ ខែឧសភា ថា ស្លាកគណបក្សទាំង៤ នោះ
មាននៅស្រុកបាណន់ ស្រុកសង្កែ ស្រុករុក្ខគិរី និងស្រុកសំពៅលូន។
លោកបញ្ជាក់ថា នៅស្រុកចំនួនពីរ គណបក្សសង្គ្រោះជាតិ
ពុំអាចវែករកមុខជនប្រព្រឹត្តិឃើញនោះទេ
ប៉ុន្តែនៅស្រុកចំនួនពីរទៀត
អ្នកប្រព្រឹត្តិគឺជាម្ចាស់កម្មសិទ្ធិអចលនទ្រព្យ។
លោក ជា ជីវ៖ «ស្រុកបាណន់ ហើយនិងស្រុករុក្ខគិរី
អត្តសញ្ញាណជនដែលបំផ្លាញហ្នឹង អត់បានទេ។ រីឯនៅស្រុកសង្កែ
ហើយនិងស្រុកសំពៅលូន អ្នកដែលបានបំផ្លាញ
គឺជាម្ចាស់ដីដែលលើកស្លាកសញ្ញារបស់យើងហ្នឹង។
មូលហេតុនៃការបំផ្លាញស្លាកសញ្ញាយើងហ្នឹង
គឺមានការញុះញង់ពីអាជ្ញាធរមូលដ្ឋានដែលមាននិន្នាការទៅគណបក្សកាន់
អំណាច ដូចជានៅឃុំកំពង់ព្រៀង និងស្រុកសំពៅលូន ហ្នឹង
អាជ្ញាធរមូលដ្ឋានបានម្ចាស់ផ្ទះម្ចាស់ដីហ្នឹងដកស្លាកសញ្ញារបស់
យើង»។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម លោក វ៉ា គឹមហេង
ថ្លែងថា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៣ នេះ ជនមិនស្គាល់មុខបានដក
និងយកដុំថ្មវាយបំផ្លាញស្លាកគណបក្សសង្គ្រោះជាតិ មួយ នៅភូមិឡឥដ្ឋ
សង្កាត់ថ្មគោល ក្រុងកំពង់ចាម។ ហើយករណីនេះ គណបក្សសង្គ្រោះជាតិ
បានប្ដឹងទៅអាជ្ញាធរមូលដ្ឋានឲ្យតាមចាប់ជនប្រព្រឹត្តិយកមក
ផ្ដន្ទាទោសតាមច្បាប់។ មន្ត្រីគណបក្សសង្គ្រោះជាតិ
សុំឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់
ត្រូវអនុវត្តទៅតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ដើម្បីបង្កលក្ខណៈងាយស្រួលដល់គ្រប់គណបក្សនយោបាយ
ទាំងការលើកស្លាកគណបក្ស និងការជួបប្រជុំជាមួយសកម្មជនរបស់គណបក្ស៖ «អាជ្ញាធរ
មូលដ្ឋានយើងធ្វើក្នុងនាមប្រយោជន៍ប្រជាពលរដ្ឋ
ហើយគ្រប់គណបក្សនយោបាយធ្វើឲ្យមានភាពស្មើគ្នា
កុំគណបក្សកាន់អំណាចយើងបង្កលក្ខណៈងាយស្រួល
សូម្បីពេលខ្លះលើកស្លាក មិនចាំបាច់ជូនដំណឹងផង គាត់ដាក់ដោយឯង
ដល់ពេលគណបក្សជំទាស់ ឬក៏គណបក្សតូចៗគាត់ស្នើសុំជូនដំណឹង
អាជ្ញាធរមូលដ្ឋានមិនព្រមឲ្យគាត់ធ្វើ អាហ្នឹងភាពផ្ទុយគ្នា»។
មន្ត្រីសមាគមអាដហុក (Adhoc) ប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី
កត់សម្គាល់ថា
ចាប់តាំងពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
ឆ្នាំ២០១២ កន្លងទៅ ការបំផ្លាញស្លាកគណបក្សនយោបាយមានការថយចុះ។
ករណីជនមិនស្គាល់មុខវាយបំផ្លាញស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ នេះ
សមាគមអាដហុក ស្នើឲ្យអាជ្ញាធរមូលដ្ឋានរកមុខជនប្រព្រឹត្តិឲ្យឃើញ
ដើម្បីឆ្លើយតបទៅនឹងអ្វីមួយដែលគេហៅថា
ភូមិឃុំមានសុវត្ថិភាពរបស់រដ្ឋាភិបាល៖ «ពីព្រោះអានេះវាពាក់ព័ន្ធ
ទៅដល់បញ្ហាភូមិឃុំមានសុវត្ថិភាព ភូមិឃុំមានសុវត្ថិភាពហ្នឹង
បានន័យថា អត់មានប្រសិទ្ធភាពទេ
ព្រោះនៅក្នុងភូមិឃុំហ្នឹងអាចមានជនមិនស្គាល់មុខធ្វើសកម្មភាព
បំផ្លាញស្លាកគណបក្ស
អ៊ីចឹងវាអាចធ្វើឲ្យប៉ះពាល់ទៅសន្តិសុខនៅក្នុងភូមិឃុំ»។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បញ្ជាក់ថា
រហូតមកពេលនេះមានស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ ជាង១០
នៅតាមខេត្តក្រុងទូទាំងប្រទេសកម្ពុជា
ត្រូវជនមិនស្គាល់វាយបំផ្លាញ។
គណបក្សនយោបាយមានច្បាប់អនុញ្ញាតពីក្រសួងមហាផ្ទៃ
ក្នុងការលើកស្លាកសញ្ញាគណបក្ស។
អាជ្ញាធរមូលដ្ឋានដែលលំអៀងទៅរកគណបក្សកាន់អំណាច
មិនដែលចាប់ជនប្រព្រឹត្តិបានឡើយ។ បញ្ហានេះ
នឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធិប្រជាធិបតេយ្យ
និងដំណើរការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា៕
No comments:
Post a Comment