លោក សុរិយា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា (រូបថតដោយ ពេជ្រ សុធារី)
ថ្ងៃពុធ ទី25 ខែកញ្ញា ឆ្នាំ2013ដោយ៖ ស៊ុន ណារិន
VOD
អ្នករាយការណ៍ពិសេសរបស់
អង្គការសហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី កាលពីថ្ងៃអង្គារ
សម្តែងការសោកស្តាយ ដែលសម័យប្រជុំនៃរដ្ឋសភានៅកម្ពុជា
ត្រូវបានប្រព្រឹត្តទៅដោយមិនមានការចូលរួមពីគណបក្សសង្គ្រោះជាតិ។
លោកសុរិយា ស៊ូប៊ែឌី
ថែ្លងបែបនេះទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជា
ជាតិ ខណៈលោករាយការណ៍ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
លោកមានប្រសាសន៍ថា រដ្ឋសភា ដែលតំណាងឲ្យពលរដ្ឋកម្ពុជាពិតប្រាកដ
គឺមានសារៈសំខាន់ ដោយមានការចូលរួមពីគណបក្សទាំងពីរ
ដែលទទួលបានសំឡេងគាំទ្រជាអាសនៈ។ លោកបញ្ជាក់ថា លោកសោកស្តាយ
ដែលគណបក្សទាំងពីរ មិនបានឯកភាពគ្នា
មុនការប្រជុំសភាកាលពីថ្ងៃទី២៣ខែកញ្ញា និងដំណើរការប្រជុំសភា
ដោយពុំមានការចូលរួមពីគណបក្សប្រឆាំង។ លោកជំរុញឲ្យភាគីទាំងពីរ
បន្តជជែកគ្នា ដោយកុំឲ្យស្ថានភាពតានតឹងបន្តទៀត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
កាលពីថ្ងៃទី២៤ខែកញ្ញា ថ្លែងថា
ការបើកសម័យប្រជុំនៃរដ្ឋសភាលើកដំបូង
មិនមែនធ្វើឡើងក្នុងរូបភាពជាចំណាប់ខ្មាំងរបស់អ្នកណាមួយទេ
តែធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ លោក ហ៊ុន
សែន បញ្ជាក់ថា ការប្រជុំសភានេះ គឺមិនមែនឯកបក្សទេ
គឺដោយសារគណបក្សមួយ មិនចូលរួមប្រជុំ ហើយរដ្ឋសភា
ក៏មិនបានបិទទ្វារសម័យប្រជុំទេ។
គណបក្សសង្គ្រោះជាតិ
ប្រកាសជាផ្លូវការថា សភា ដែលកើតឡើង គឺជាសភាឯកបក្ស
មិនមែនតំណាងឲ្យប្រជាជាតិខ្មែរទាំងមូលទេ។
សេចក្តីថ្លែងការណ៍របស់គណបក្ស ចាត់ទុកការប្រជុំសភានេះ
ផ្ទុយទាំងស្រុងទៅនឹងគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស
ហើយកំពុងនាំប្រទេសទៅកាន់របបផ្តាច់ការសាជាថ្មី។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម
រង្ស៊ី នៅថ្ងៃពុធនេះ ប្រកាសថា គណបក្សសង្គ្រោះជាតិ
មិនទទទួលស្គាល់ការរៀបចំក្បាលម៉ាស៊ីនរដ្ឋសភា និងរដ្ឋាភិបាល
និងអំពាវនាវឲ្យសង្គមអន្តរជាតិ ថ្កោលទោសចំពោះទង្វើទាំងនេះ។
លោកអំពាវនាវឲ្យសហគមន៍អន្តរជាតិ ដែលជាហត្ថលេខីទីក្រុងប៉ារីស
ថ្កោលទោសរដ្ឋាភិបាលកម្ពុជា និងកុំទទួលស្គាល់រដ្ឋាភិបាល
ដែលខុសច្បាប់។ លោកក៏បានអំពាវនាវឲ្យក្រុមហ៊ុនធំៗ
កុំចុះហត្ថលេខាជាមួយរដ្ឋាភិបាលកម្ពុជា ព្រោះរដ្ឋាភិបាល និងសភា
មិនតំណាងឲ្យពលរដ្ឋនោះទេ៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com
No comments:
Post a Comment