ពលរដ្ឋខ្មែរធ្វើបាតុកម្មនៅខាងមុខអគារសភាតំណាងរាស្ត្រ
អាមេរិកាំង នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា
ឆ្នាំ២០១៣។
RFA/Yun Samean
តំណាងរាស្ត្រ និងព្រឹទ្ធសភាសហរដ្ឋអាមេរិក បានធ្វើសេចក្តីព្រាងសេចក្តីសម្រេចចិត្តពីរផ្សងគ្នា ទាមទារឲ្យក្រសួងការបរទេស និងទីភ្នាក់ងារផ្តល់ជំនួយសហរដ្ឋអាមេរិក ពិចារណាកាត់ជំនួយដោយ ផ្ទាល់ទៅរដ្ឋាភិបាលកម្ពុជា ប្រសិនបើលទ្ធផលបោះឆ្នោតនៅកម្ពុជា មិនបានឆ្លុះបញ្ចាំងឆន្ទៈរបស់ពលរដ្ឋ។
2013-09-20
ដោយ យន់ សាមៀន
RFA
ការព្រាងសេចក្តីសម្រេចចិត្តនេះ
ធ្វើឡើងស្របពេលដែលពលរដ្ឋខ្មែរនៅកម្ពុជា និងនៅបរទេស
កំពុងទាមទារឲ្យរដ្ឋាភិបាលកម្ពុជា
ដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត មុនពេលបង្កើតរដ្ឋសភា
និងរដ្ឋាភិបាល។
តំណាងរាស្ត្រសហរដ្ឋអាមេរិក ដ៏មានឥទ្ធិពលចំនួនពីរនាក់
ប្រកាសគាំទ្រឲ្យមានការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត
ថ្ងៃទី២៨ ខែកក្កដា។ ជំហររបស់តំណាងរាស្ត្រទាំងពីរនាក់
ធ្វើឡើងនៅពេលពលរដ្ឋខ្មែរ-អាមេរិកាំង និងកាណាដា ប្រមាណ ៥០០នាក់
កាលពីថ្ងៃពុធ ទី១៨ កញ្ញា
បានតវ៉ានៅមុខវិមានសភាតំណាងរាស្ត្រអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន
(Washington) ទាមទារឲ្យដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត
និងដាក់សេចក្តីព្រាងសេចក្តីសម្រេចចិត្តចំនួនពីរ
ដើម្បីឲ្យរដ្ឋាភិបាលអាមេរិក អាចដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលកម្ពុជា
ប្រសិនបើលទ្ធផលបោះឆ្នោតមិនអាចជឿជាក់បាន។
តំណាងរាស្ត្រសហរដ្ឋអាមេរិក លោក ស្ទីវ ឆាបុត្រ (Steve Chabot)
កាលពីថ្ងៃពុធ
មានប្រសាសន៍ទៅកាន់ក្រុមបាតុករនៅមុខវិមានសភាតំណាងរាស្ត្រ ខេបភីថល
ហីល (Capital Hill) ថា លោកគាំទ្រការទាមទាររបស់បាតុកររាប់ម៉ឺននាក់
ដែលបានធ្វើមហាបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យ
នារាជធានីភ្នំពេញ និងនៅតាមបណ្ដាប្រទេសមួយចំនួនទៀត។ លោកស្នើឲ្យ
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីចាំផ្ទះ
ត្រូវតែយល់ព្រមបង្កើតនូវគណៈកម្មការមួយស៊ើបអង្កេតភាពមិន
ប្រក្រតី។ លោក ស្ទីវ ឆាបុត្រ បន្តថា បាតុកម្មនៅកម្ពុជា
និងនៅសហរដ្ឋអាមេរិក ជាសញ្ញារួមដែលឲ្យ លោក ហ៊ុន សែន ពិចារណា
ប្រសិនបើលោកជាមនុស្សឆ្លាត។
លោក ស្ទីវ ឆាបុត្រ៖ «ការជួបជុំនៅថ្ងៃនេះ
ជាការជួបជុំដែលមិនធ្លាប់មានពីមុនមក។
យើងកំពុងឈរនៅពីមុខអគារតំណាងរាស្ត្រសហរដ្ឋអាមេរិក
ធ្វើឲ្យយើងនឹកឃើញអ្វីៗទាំងអស់
ពិសេសលទ្ធិប្រជាធិបតេយ្យក៏ពិតប្រាកដ សេរីភាព និងឱកាស។ ដូច្នោះហើយ លោក
ហ៊ុន សែន ត្រូវពិចារណាប្រសិនបើជាគាត់ឆ្លាត។ ពលរដ្ឋកម្ពុជា
ទទួលរងគ្រោះគ្រប់គ្រាន់ចំពោះការដឹកនាំរបៀបផ្តាច់ការរបស់ លោក
ហ៊ុន សែន និងបន្តរំលោភសិទ្ធិមនុស្ស
សូម្បីតែសិទ្ធិជាមូលដ្ឋានក៏ដោយ។ ពលរដ្ឋកម្ពុជា
គួរតែទទួលបានភាពល្អប្រសើរជាងនេះ
ហើយនៅពេលនេះជាពេលវេលាសមស្របមួយ
ដើម្បីបញ្ចប់របបដឹកនាំដោយខុសច្បាប់របស់ លោក ហ៊ុន សែន
ទៅលើពលរដ្ឋកម្ពុជា»។
សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់សមាជិករដ្ឋសភា លេខ៣១០
សរសេរថា រដ្ឋាភិបាលកម្ពុជា
ត្រូវតែគោរពទៅតាមអនុសាសន៍អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ
និងការទាមទាររបស់គណបក្សសង្គ្រោះជាតិ។
ប្រសិនបើរដ្ឋាភិបាលមិនអនុវត្តតាមអនុសាសន៍ទាំងនោះទេ
គឺស្នើឲ្យទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក
និងក្រសួងការបរទេស បញ្ឈប់ការគាំទ្រការបោះឆ្នោតនៅកម្ពុជា។
សេចក្តីព្រាងបន្តថា ប្រសិនបើរដ្ឋមន្ត្រីការបរទេសអាមេរិក
ចាត់ទុកការបោះឆ្នោតនេះមិនអាចជឿជាក់បាននោះ
លទ្ធផលបោះឆ្នោតនោះត្រូវចាត់ទុកថា
ផ្ទុយទៅនឹងឆន្ទៈរបស់អ្នកបោះឆ្នោត ហើយរដ្ឋាភិបាលកម្ពុជា
នឹងគ្មានភាពស្របច្បាប់
ដើម្បីទទួលជំនួយដោយផ្ទាល់ពីសហរដ្ឋអាមេរិក។
ចំណែកតំណាងរាស្ត្រអាមេរិក លោក ដាណា រូរ៉ាបាខឺ (Dana Rohrabacher)
ជាអ្នករិះគន់លោកនាយករដ្ឋមន្ត្រីរយៈពេលជាយូរឆ្នាំមកហើយនោះ
ក៏បានសម្ដែងការគាំទ្របាតុករ ដោយបានផ្ញើសារដ៏សំខាន់មួយទៅ លោក
ហ៊ុន សែន ថា ត្រូវចុះចេញពីតំណែង៖ «ពលរដ្ឋមកទីនេះ
ដើម្បីបង្ហាញឲ្យសហរដ្ឋអាមេរិក
ដឹងអំពើការតស៊ូដើម្បីសេរីភាពនៅលើពិភពលោក។
វីរបុរសមានច្រើននៅក្នុងពិភពលោកនេះ
ដែលកំពុងតស៊ូប្រឆាំងនឹងអំពើកំណាច សង្កត់សង្កិន ភាពអយុត្តិធម៌
និងអំពើពុករលួយ។
វិបត្តិអាក្រក់ទាំងនោះកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជា
ជាជាងប្រទេសណាផ្សេងទៀត ដែលមានរបបមួយក្តោបក្ដាប់អំណាចរយៈពេលយូរ
ហើយនៅពេលនេះ ជាពេលដែល លោក ហ៊ុន សែន ត្រូវតែទៅ!»។
បញ្ហានយោបាយនៅកម្ពុជា
កំពុងបន្តជាប់គាំងដោយសារតែគណបក្សសង្គ្រោះជាតិ
និងគណបក្សប្រជាជនកម្ពុជា
បរាជ័យក្នុងការចរចាបង្កើតគណៈកម្មការឯករាជ្យមួយ
ដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត។
មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន
មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា
មិនបានចាប់អារម្មណ៍ទៅនឹងសេចក្តីថ្លែងការណ៍របស់តំណាងរាស្ត្រ
សហរដ្ឋអាមេរិក ឡើយ។ លោកបន្តថា ជំនួយសហរដ្ឋអាមេរិក
មិនអាចគាបសង្កត់រដ្ឋាភិបាលកម្ពុជា បានឡើយ៖ «ជំនួយគឺជាឆន្ទៈ
របស់អ្នកម្ចាស់ជំនួយ ដូច្នេះ
ម្ចាស់ជំនួយហ្នឹងមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង
ក្នុងការផ្ដល់ឬមិនផ្ដល់
ដូច្នេះជោគវាសនាខ្មែរគឺមិនស្ថិតនៅក្រោមគំនាបនៃជំនួយទេ
គឺស្ថិតនូវអ្វីដែលជាសេរីភាពឯករាជ្យ
ហើយភាពអព្យាក្រឹតរបស់កម្ពុជា»។
ក្នុងសេចក្តីព្រាងសេចក្តីសម្រេចចិត្តសមាជិកព្រឹទ្ធសភា លោក លិនស៊ី
ក្រាហាម (Lindsey Graham) ឲ្យដឹងថា
ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក
បានផ្តល់ប្រាក់ជំនួយដល់ប្រទេសកម្ពុជា ជាង ១.២០០លានដុល្លារ
ក្នុងវិស័យសេដ្ឋកិច្ច និងយោធា ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១១។
សេចក្តីព្រាងក៏បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា
ទទួលខុសត្រូវចំពោះជំនួយទាំងនោះ។ ហើយប្រសិនបើរដ្ឋាភិបាលអាមេរិក
គិតថា ការបោះឆ្នោតមិនអាចជឿជាក់បាននោះ កម្ពុជា
មិនគួរមានសិទ្ធិទទួលបានជំនួយយោធា ប៉ូលិស
និងជំនួយផ្សេងៗទៀតពីសហរដ្ឋអាមេរិក ជាបន្តទៅទៀតឡើយ។ សភា
និងព្រឹទ្ធសភាអាមេរិក
នឹងពិនិត្យអនុម័តសេចក្តីព្រាងទាំងពីរនៅពេលខាងមុខ៕
No comments:
Post a Comment