Friday, September 20, 2013

វិភាគ៖ ​ពហិការ​ចូលប្រជុំ​រដ្ឋ​សភា​របស់​គណបក្សប្រឆាំង​មាន​ផល​វិជ្ជមាន និង​អវិជ្ជមាន​អ្វីខ្លះ​?​

ថ្នាក់ដឹក​នាំគណបក្សសង្គ្រោះជាតិ ធ្វើ​សន្និសីទ​នៅថ្ងៃទី​២០​កញ្ញា (រូបថត តាំង វីដា)
ថ្ងៃសុក្រ ទី20 ខែកញ្ញា ឆ្នាំ2013
ដោយ៖​ ដួង សុខា
VOD
គណបក្សប្រឆាំង កាលពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា បាន​ប្រកាស​ពី​ជំហរ​របស់​​ខ្លួន​ថា​ នឹង​មិន​ចូលរួម​សម័យប្រជុំ​លើកដំបូង​នៃ​រដ្ឋសភា នីតិកាល​ទី​៥ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៣ ខែ​កញ្ញា តាម​ព្រះរាជសារ​​អញ្ជើញ​របស់​ព្រះមហាក្សត្រ​​ទ្បើយ ដរាបណា​​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត មិន​ត្រូវបាន​ដោះ​ស្រាយ ដើម្បី​ផ្តល់​យុត្តិធម៌​​​ជូន​ម្ចាស់ឆ្នោត​។​
​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ជំហរ​បែបនេះ បន្ទាប់​ពី​កិច្ចចរចា​​ទ្វេភាគី កាលពី​ថ្ងៃ​​ទី​១៦ និង​ទី​១៧ ខែ​​កញ្ញា រវាង​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​វិមាន​រដ្ឋ​សភា មិន​អាច​ដោះស្រាយ​បញ្ហា​បោះឆ្នោត​ ឲ្យបាន​ជាក់លាក់ ។
គណបក្ស​ទាំង​ពីរ​ ដែល​ឈ្នះ​អាសនៈ​រដ្ឋសភា បាន​ព្រមព្រៀង​គ្នា ធ្វើកំណែទម្រង់​ស្ថាប័ន​​ជាតិ មាន​ដូចជា​​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​​​កាត់ គ​.​ជ​.​ប ប៉ុន្តែ​មិន​បាន​បង្ហាញ​អ្វី​ជាក់លាក់​ជា​លាយលក្ខណ៍អក្សរ​ចំពោះ​កំណែទម្រង់ គ​.​ជ​.​ប​។ ម្យ៉ាងទៀត ការទាមទារ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ឲ្យ​បង្កើត​គណៈកម្មកា​រឯក​រាជ្យ​មួយ ​ស៊ើបអង្កេត​ពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ត្រូវបាន​គណបក្ស​កាន់អំណាច​ច្រានចោល ដោយ​ខ្លួន គិត​ថា​ការទាមទារ​នេះ​ហួស​ពី​ក្របខណ្ឌ​ច្បាប់​ហើយ​។ ការបង្ហាញ​ជំហរ​បែបនេះ ក៏​ធ្វើ​ទ្បើង បន្ទាប់​ពីព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បដិសេធ​សំណើ​របស់​តំណាងរាស្ត្រ​ជាប់ឆ្នោត​ទាំង​៥៥​រូប ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទូលថ្វាយ​ព្រះអង្គ​ឲ្យ​លើក​ពេល​ បើក​​សម័យប្រជុំ​ដំបូង​នៃ​រដ្ឋសភា​។  
​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់ និ​កហ្វិច (Nicfec) លោក ហង្ស ពុទ្ធា វិភាគ​ថា ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​គោរព​តាម​ឆន្ទៈ​ពលរដ្ឋ​ជិត​៣​លាន​នាក់ ​ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​នេះ ដែល​ចង់បាន​យុត្តិធម៌​ ចំពោះ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ​៖ “​ គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រុញ​​បញ្ហា​​នេះ ឲ្យ​​មិន​​ប៉ះ​​ទៅ​​ព្រះមហាក្សត្រ​ទេ ប៉ុន្តែ​​អាច​រុញ​ប្រជារាស្ត្រ​ទៅ​ប៉ះ​នឹង​ព្រះមហាក្សត្រ​វិញ បើ​គាត់​មិន​​ចូល​​ គណបក្ស​​សង្គ្រោះ​ជាតិ គាត់​ទទួលបាន​​ផលប្រយោជន៍ ទី​មួយ​គឺ​អ្នកគាំទ្រ​​របស់គាត់​នៅតែ​បន្ត​ការគាំទ្រ ហើយ​អាច​មាន​អ្នកគាំទ្រ​បន្ថែមទៀត ហើយ​ផលប្រយោជន៍​មួយទៀត​គឺ​គាត់​នៅ​រក្សា​បាន​​នូវ​អ្វី​ដែល​ជា​កិត្តិយស​​ និង​សេចក្តីថ្លែងការណ៍ នូវ​ពាក្យ​សម្តី​របស់​គាត់ ដែល​​បាន​ចែង​រួចហើយ នៅ​មុន​ពេល​ឃោសនា និង​ពេល​ក្រោយ​ទទួលបាន​សន្លឹកឆ្នោត​”​។​
​លោក​គិតថា ចាប់ពីពេលនេះ រហូត​ដល់​ថ្ងៃ​ប្រជុំ​រដ្ឋសភា​លើក​ដំបូង ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ផ្លាស់ប្តូរ​ជំហរ​របស់​ខ្លួន គណបក្ស​មាន​តែ​បន្ត​ធ្វើ​មហា​បាតុកម្ម​ទៀត ដើម្បី​ទាមទារ​ឲ្យមាន​តម្លាភាព​ចំពោះ​បញ្ហា​បោះឆ្នោត​។ ដោយ​ទ្បែក ពាក់ព័ន្ធ​នឹង​គណបក្ស​កាន់​អំណាច​ដែល​ប្រកាស​ចូល​ប្រជុំ​រដ្ឋសភា​តែ​ឯង​នោះ លោក ហង្ស ពុទ្ធា យល់ថា គណបក្ស​នេះ​នឹង​ទទួលរង​ការចោទប្រកាន់​ថា​មិន​គិត​ពី​បញ្ហា​ប្រទេសជាតិ ដោយ​គិតតែ​ប្រយោជន៍​ខ្លួន​ឯង ហើយ​​​អាច​ធ្វើឲ្យ​ព្រះមហាក្សត្រ បាត់បង់​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ​។ ម្យ៉ាងទៀត សហគមន៍​អន្តរជាតិ នឹង​ចាត់ទុក រដ្ឋាភិបាល​ដែល​​ត្រូវ​​បង្កើត​ទ្បើង ថា​ជា​រដ្ឋាភិបាល​មិន​ស្របច្បាប់​ ​៖ “​សហគមន៍​អន្តរជាតិ​គេ​មើល​មក​ថា រដ្ឋាភិបាល​កម្ពុជា​​ដែល​កើត​មក​នេះ គឺជា​រដ្ឋាភិបាល ពុំ​ស្រប​តាម​ច្បាប់​ពេញលេញ​ទេ អញ្ជឹង​​ទំនាក់ទំនង​ជាមួយ​ស​ហគ​មន៍​​អន្តរជាតិ គេ​មិន​គោរព គេ​មិន​យកចិត្តទុក​ដាក់​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ហើយ​វិនិយោទុន​បរទេស ហើយក៏​អាច​មិន​យកចិត្តទុកដាក់​និង​រដ្ឋាភិបាល ក្នុង​ការ​បន្ថែម​​ទុន ឬ​ក៏​​ដាក់​ទុន​​នៅ​​កម្ពុជា​​ដែរ​”​។​
ទោះយ៉ាងណា លោក​អំពាវនាវ​ឲ្យ​អ្នកនយោបាយ ​កុំ​យក​ពលរដ្ឋ​ធ្វើជា​ឧបករណ៍​នយោបាយ​របស់ខ្លួន​។​
​សម្រាប់​អ្នកវិភាគ​នយោបាយ លោក សុខ ទូច ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ពហិការ​ចូល​ប្រជុំ​រដ្ឋសភា បង្ហាញថា ឯកភាព​ជាតិ​មិន​ទាន់​មាន​នោះ​ទេ​។ លោក អះអាងថា ការប្រជុំ​តែ​ឯក​បក្ស​ក៏​ផ្ទុយ​នឹង​មាត្រា​៧៦​នៃ​រដ្ឋធម្មនុញ្ញ ដែល​ចែង​ថា រដ្ឋសភា​មាន​សមាជិក​ជា​តំណាងរាស្ត្រ​យ៉ាងតិច ១២០​រូប​។ ការប្រជុំ​រដ្ឋសភា​តែ​ឯក​បក្ស​ក៏​ផ្ទុយ​នឹង​មាត្រា​៥១​ថ្មី​នៃ​ រដ្ឋធម្មនុញ្ញ ដែល​ចែង​ថា ព្រះរាជាណាចក្រ​កម្ពុជា​អនុវត្ត​នយោបាយ​ប្រជាធិបតេយ្យ សេរី​ពុហ​បក្ស​។ លោកក៏​យល់ឃើញថា ព្រះមហាក្សត្រ​កំពុង​ទទួល​សម្ពាធ​នយោបាយ ខណៈ​គណបក្សប្រឆាំង​ពហិការ​ចូលប្រជុំ​៖ “​មកដល់​ចំណុច​នេះ គឺ​សម្ពាធ​នយោបាយ សម្រាប់​ព្រះ​អង្គ​​ធ្ងន់ ដែល​ធ្វើឲ្យ​ព្រះអង្គ​លំបាក​ព្រះទ័យ ក្នុង​ការសម្រេច​ចិត្ត ថា​តើ​នៅពេល​ដែល​គណបក្ស​សង្គ្រោះ​​ជាតិ បដិសេធ​មិន​ចូលរួម​ប្រជុំ មានន័យ​ថា មិន​ឯកភាព​ជាតិ​រួចទៅហើយ​។ ការ​ប្រជុំ​លើក​​ដំបូង​​នៅក្នុង​សភា ហើយ​បើ​មាន​ផ្ទុះ​បាតុកម្ម​បង្ហូរ​ឈាម​ណាមួយ កើតមានឡើង នោះ​ហើយ​ជា​ការចូលរួម​ចំណែក​​​មួយ​ដែរ​។ ម៉េច​បាន​ចូលរួមចំណែក​? ព្រោះ​ជាតិ​មិន​ទាន់​ឯកភាព​ផង ម៉េច​​ឲ្យ​អ្នកនយោបាយ ដោះស្រាយ​ទៅ​”​។​
​លោកបន្តថា ព្រះមហាក្សត្រ គួរ​ទុកឲ្យ​អ្នកនយោបាយ​បន្ត​ដោះស្រាយ​បញ្ហា​ជាតិ​ឲ្យ​ចប់​សិន ដើម្បី​ឲ្យមាន​ឯកភាព​ជាតិ មុន​នឹង​ព្រះអង្គ​យាង​ជា​ព្រះ​រាជា​ធិបតី​​ភាព ​ក្នុង​​ការបើក​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ដំបូង​។​
​ចំណែក អ្នកវិភាគ​នយោបាយ លោកស្រី ជា វណ្ណាត យល់ថា ពហិការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប៉ះទង្គិច​ជាមួយ​ស្ថាប័ន​ព្រះមហាក្សត្រ និង​ពលរដ្ឋ​​​មួយចំនួន​ ក្នុង​ចំណោម​ពលរដ្ឋ​ជិត​៣​លាន​នាក់ ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រឆាំ​ង ប៉ុន្តែ​គោរព​ព្រះមហាក្សត្រ​ ៖ "គណបក្សសង្គ្រោះជាតិ​លោក​ប្រកែក​ថា លោក​មិន​ចូលរួម​ទេ ដូច​ជា​លោក​ប្រកែកជាមួយ​​ព្រះមហា​ក្សត្រ ថាលោក​មិន​ស្តាប់​​ព្រះ​មហា​ក្សត្រ​ទេ របៀប​អញ្ចឹង ហើយ​នេះ​ខ្ញុំ​យល់​ឃើញ​ថា​ កាល​ណា​​មាន​​ជំហរ​​អញ្ចឹង ជំហរ​ហ្នឹង​​អាច​ប៉ះ​ពាល់​ដល់​ប្រ​ជា​ពលរដ្ឋ ដែលគាំ​ទ្រ​គណបក្សសង្គ្រោះជាតិ​ដែរ ក៏​ប៉ុន្តែ​សុទ្ធ​តែ​ជា​អ្នកគោរព​បូជា​ព្រះ​មហា​ក្សត្រ"។​
លោកស្រីគិតថា ការព្រួយបារម្ភ​ថា គណបក្ស​សង្គ្រោះ​ជាតិ​​អាច​ចាញ់ល្បិច​​គណបក្ស​ប្រជាជន​កម្ពុជា​ នៅពេល​អនាគត​ដូច​គណបក្ស​ហ៊្វុន​​ស៊ិនប៉ិច ប្រសិន​​បើ​គណបក្ស​នេះ​ចូល​ប្រជុំ​នោះ គឺ​មិន​អាច​កើតមាន​ទេ ពីព្រោះ​​គណបក្សប្រឆាំង​ធ្លាប់​ឆ្លងកាត់​ បទពិសោធន៍​នយោបាយ​ច្រើន​ហើយ​ ៖ "ទស្សនៈ​របស់​​ខ្ញុំ ខ្ញុំ​ថា​គួរ​តែ​អញ្ជើញទៅ ចំណេញជាង​មិន​ចូល ហើយ​កុំ​ឲ្យ​ភ័យ​ថា ខ្លាច​ចាញ់​បោក ខ្លាច​ចាញ់កល ខ្លាច​ចាញ់​ល្បិច ខ្ញុំ​ថា​មិន​គួរ​ទេ ​ពី​ព្រោះ​​ប្រជា​ពលរដ្ឋ​ទេ លោក​ជា​អ្នក​សម្រេច ប្រជា​ពលរដ្ឋ​​ទេ ដែល​លោក​​​តាម​មើល​អ្ន​ក​នយោ​បាយ"។
ទោះយ៉ាងណា ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា ពហិការ​របស់​ខ្លួន គឺ​ស្រប​ទៅតាម​ឆន្ទៈ​របស់​ពលរដ្ឋ​ ដែល​ជា​ម្ចាស់​ឆ្នោត​ទៅវិញ​ទេ ដែល​ចង់ឲ្យ​មាន​យុត្តិធម៌ នៅក្នុង​ការបោះឆ្នោត​។ ហេតុដូចនេះ​ហើយ ទើប​គណបក្ស​ទូលថ្វាយ​ព្រះមហាក្សត្រឲ្យ​លើក​ពេល​កោះប្រជុំ​រដ្ឋ​សភា​៕
សូមសរសេរមកកាន់លោក ​ដួង សុខា តាមរយៈ duong_sokha@vodhotnews.com

No comments: