ក្បួនហែញត្តិរបស់គណបក្សសង្គ្រោះជាតិ
តាមបណ្ដោយផ្លូវសុធារស ម្ដុំបូឌីន រាជធានីភ្នំពេញ
ឆ្ពោះទៅដាក់នៅតាមស្ថានទូតបរទេសមួយចំនួន នៅថ្ងៃទី២៥ ខែតុលា
ឆ្នាំ២០១៣។ RFA/Mom Sophon
2013-10-29 ដោយ ទីន ហ្សាការីយ៉ា
RFA
បាតុកម្មជាជម្រើសចុងក្រោយរបស់គណបក្សសង្គ្រោះជាតិ ទាក់ទង នឹងការទាមទារលទ្ធផលបោះឆ្នោត ដែលគណបក្សនេះចោទប្រកាន់ ថា មានភាពមិនប្រក្រតីជាច្រើនអំពីការបោះឆ្នោតកាលពីថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ នោះ។
ការធ្វើមហាបាតុកម្មកន្លងមកនេះ
ក្រុមបាតុករមួយចំនួនបានបង្ហាញថា
អ្វីដែលពួកគាត់មកចូលរួមធ្វើបាតុកម្ម
មិនមែនមកគាំទ្រគណបក្សសង្គ្រោះជាតិ ប៉ុណ្ណោះទេ
អ្វីដែលពួកគាត់ចង់បាន គឺធ្វើឲ្យសង្គមមានការផ្លាស់ប្ដូរ
ប្រជាពលរដ្ឋមានជីវភាពធូរធារដូចប្រជាពលរដ្ឋរស់នៅក្នុងប្រទេសនៅ
តំបន់អាស៊ានមួយចំនួនទៀត។
បញ្ហាអយុត្តិធម៌កើតមាននៅក្នុងសង្គម និងភាពក្រីក្រ
ជាមូលហេតុដ៏សំខាន់ធ្វើឲ្យប្រជាពលរដ្ឋនៅតាមជនបទ
មានផ្នត់គំនិតចង់ឲ្យមានការផ្លាស់ប្ដូររបៀបដឹកនាំប្រទេសរបស់
រដ្ឋាភិបាលថ្មី
ដែលធានានូវការរីកចម្រើនជីវភាពរបស់ពួកគាត់យ៉ាងពិតប្រាកដ។
ការមកចូលរួមធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋនៅទីលានប្រជាធិបតេយ្យ
កាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ តុលា របស់គណបក្សសង្គ្រោះជាតិ នោះ
គឺក្រៅពីទាមទារយកយុត្តិធម៌លទ្ធផលបោះឆ្នោតនោះ
គឺពួកគាត់ទាមទារចង់ឲ្យមានការផ្លាស់ប្ដូររបៀបគ្រប់គ្រង
ដោយចង់បានប្រទេសកម្ពុជា ប្រកាន់យករបបប្រជាធិបតេយ្យពិតប្រាកដ។
ស្ត្រីវ័យចំណាស់ជាង ៧០ឆ្នាំ ឈ្មោះ យាយ កែ បានរៀបរាប់ថា
ទោះបីជារូបគាត់មានវ័យចំណាស់ទៅហើយក្ដី
ប៉ុន្តែកម្លាំងអ្នកស្រីនៅរឹងមាំដដែល
ដើម្បីមកចូលរួមធ្វើបាតុកម្មអហិង្សានេះ។ អ្នកស្រីបញ្ជាក់ថា
អ្វីដែលធ្វើឲ្យគាត់មានចិត្តតស៊ូលក់ស្រូវ
ដើម្បីយកលុយធ្វើសោហ៊ុយមកទីក្រុងភ្នំពេញ
ក្នុងគោលបំណងទាមទារឲ្យមានរដ្ឋាភិបាលធានានូវជីវភាពប្រជាពលរដ្ឋ
មានជីវភាពធូរធារប្រហាក់ប្រហែលគ្នា។
អ្នកស្រីបន្ថែមថា សង្គមបច្ចុប្បន្ននេះ មានការរឹតត្បិត
មិនបើកសិទ្ធិសេរីភាពជូនប្រជាពលរដ្ឋទេ
ហើយអ្វីដែលគាត់ខំទាមទារនោះ
ទោះបីជាអាយុគាត់មិនទាន់បានឃើញសង្គមមានការផ្លាស់ប្ដូរក្ដី
ប៉ុន្តែគាត់សង្ឃឹមថា ការផ្លាស់ប្ដូរនេះសម្រាប់កូនចៅជំនាន់ក្រោយ។
បាតុករជាច្រើនទៀត បានលើកឡើងប្រហាក់ប្រហែលគ្នាថា
បញ្ហាចម្បងដែលពួកគាត់មកចូលរួមធ្វើបាតុកម្មនេះ
ដោយសារពួកគាត់មិនមានជំនឿទៅលើការសន្យារបស់រដ្ឋាភិបាលថ្មី
ដែលបង្កើតឡើងដោយឯកបក្ស
ថានឹងធ្វើកំណែទម្រង់ស៊ីជម្រៅមានប្រសិទ្ធភាពនោះឡើយ ដោយហេតុថា
ក្រៅពីបញ្ហាជីវភាពដែលពួកគាត់ប្រឈមនោះ
គឺពួកគាត់ប្រឈមនឹងបញ្ហាជាច្រើនទៀត រួមមាន ការបណ្ដេញចេញពីដីធ្លី
តុលាការមិនឯករាជ្យ ការគាបសង្កត់ពីអាជ្ញាធរមូលដ្ឋាន។ល។
ស្ត្រីជនជាតិចាម មួយរូបមកពីស្រុកឈ្នួល ខេត្តក្រចេះ
បានមកសម្ដែងពីការឈឺចាប់
ដែលក្រុមហ៊ុនឯកជនបានរឹបអូសយកដីចម្ការរបស់គាត់
និងបណ្ដេញពួកគាត់ចេញពីដីចម្ការ។
គាត់បាននិយាយនៅលើវេទិកាធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ
នៅថ្ងៃទី២៥ តុលា ដែលជាថ្ងៃចុងក្រោយនោះថា
អ្វីដែលគាត់នាំគ្នាមកធ្វើបាតុកម្មនេះ
ដោយសារតែការឈឺចាប់ពីការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរ
ដែលពួកគាត់ជាប្រជាពលរដ្ឋរស់នៅក្នុងសង្គមគ្មានការពារដោយច្បាប់។
ទោះបីជាយ៉ាងនេះក្ដី
គណបក្សជាប់ឆ្នោតទាំងពីរកំពុងរកវិធីសាស្ត្ររៀងៗខ្លួន
ដើម្បីជួបចរចាជាថ្មីម្ដងទៀត
ដើម្បីរកដំណោះស្រាយនយោបាយសមស្របមួយដែលអាចទទួលយកបានទាំងអស់គ្នា
ទោះបីជាគណបក្សសង្គ្រោះជាតិ
បានដាក់លក្ខខណ្ឌមួយចំនួនមុននឹងជួបចរចាជាថ្មីក្ដី។
ភ្ជាប់ទៅនឹងបញ្ហានេះ អ្នកវិភាគពន្យល់ថា រដ្ឋាភិបាលឯកបក្សនេះ
ត្រូវតែទទួលយកលក្ខខណ្ឌរបស់គណបក្សប្រឆាំងខ្លះ
ដើម្បីយកទៅធ្វើកំណែទម្រង់រដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព
និងជាក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋក្រោមការដឹកនាំរបស់រដ្ឋាភិបាល
នីតិកាលទី៥នេះ។
គ្រូបង្រៀនវិទ្យាល័យ បាកាន ខេត្តពោធិ៍សាត់ ឈ្មោះ ឃុន វ៉ាត
មានប្រសាសន៍ថា
លោកបានមកចូលរួមធ្វើបាតុកម្មចំនួនបីថ្ងៃនៅទីលានប្រជាធិបតេយ្យ
ជាមួយគណបក្សសង្គ្រោះជាតិ។ លោកបញ្ជាក់ថា
លោកបានធ្វើគ្រូបង្រៀនជាច្រើនឆ្នាំមកហើយ
មិនធ្វើឲ្យជីវភាពគ្រូមានការផ្លាស់ប្ដូរទេ។
ពីមួយឆ្នាំទៅមួយឆ្នាំ ជីវភាពគាត់ជួបនឹងបញ្ហាលំបាកដដែល។
លោកអះអាងថា លោកគ្មានជំនឿទៅលើរដ្ឋាភិបាល
ថាធ្វើកំណែទម្រង់ស៊ីជម្រៅនោះទេ។ បើអាចធ្វើទៅបានមែននោះ
រដ្ឋាភិបាលដឹកនាំដោយ លោក ហ៊ុន សែន
បានដំឡើងប្រាក់ខែជូនមន្ត្រីរាជការ
គ្រូបង្រៀនបានចំនួនច្រើនល្មមអាចចំណាយគ្រប់គ្រាន់សម្រាប់គ្រួសារ
របស់ពួកគាត់ហើយ។
ឆ្លើយតបទៅនឹងបញ្ហានេះ
មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន
បានពន្យល់ថា
រដ្ឋាភិបាលថ្មីនេះនឹងធ្វើកំណែទម្រង់ស៊ីជម្រៅសម្រាប់ការដឹកនាំ
ប្រទេសចំនួន ៥ឆ្នាំទៅមុខទៀតនេះ។ លោក ផៃ ស៊ីផាន បន្ថែមថា
រដ្ឋាភិបាលក្រោមការដឹកនាំរបស់ លោក ហ៊ុន សែន នេះ
គឺធ្វើឲ្យប្រទេសមានការរីកចម្រើនជាបន្តបន្ទាប់
និងមាននីតិរដ្ឋជាដើម។
ទោះបីជាយ៉ាងនេះក្ដី និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ឈ្មោះ
យន់ ប៊ុនធៀង មានប្រសាសន៍ថា
លោកបានឆ្លៀតពេលល្ងាចទៅចូលរួមធ្វើបាតុកម្មជាមួយគណបក្សសង្គ្រោះ
ជាតិ កាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ តុលា នោះ។ លោក ប៊ុនធៀង លើកឡើងថា
ប្រសិនបើរដ្ឋាភិបាលមិនមានយន្តការច្បាស់លាស់ក្នុងការដឹកនាំ
ប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យទេនោះ ចលនាមហាជន
ឬយុវជននឹងផ្ទុះឡើងធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលកាន់តែ
ខ្លាំងទៀត ដោយហេតុថា គម្លាតអ្នកមាន និងក្រកាន់តែច្រើន
ហើយយុវជនបញ្ចប់ការសិក្សាគ្មានការងារធ្វើ
គួបផ្សំនឹងអំពើអយុត្តិធម៌ក្នុងសង្គម។
អ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា កម្ពុជា
អាចមានកំណើនសេដ្ឋកិច្ចប្រមាណ ៧% ក្នុងឆ្នាំ២០១៣ ប៉ុន្តែកំណើននោះ
នឹងអាចស្ថិតនៅទ្រឹង ឬគ្មានឱកាសហក់ឡើងទៅប្រទេសអភិវឌ្ឍន៍ឡើយ
ប្រសិនបើកម្ពុជា
មិនធ្វើកំណែទម្រង់លើគោលនយោបាយកាត់បន្ថយគម្លាតអ្នកមាន
និងអ្នកក្រ រួមទាំងពង្រឹងមូលដ្ឋានផលិត
ដែលមិនបម្រើប្រជាពលរដ្ឋទូទៅទេនោះ។
ក្រុមប្រជាពលរដ្ឋបានលើកឡើងថា
អ្វីដែលរដ្ឋាភិបាលមិនអាចទប់ស្កាត់បាននោះ បញ្ហាអតិផរណា
ពោលគឺទំនិញនៅលើទីផ្សារកាន់តែឡើងថ្លៃជាបន្តបន្ទាប់
ហើយចំណូលប្រចាំថ្ងៃរបស់ពួកគាត់រកបានតិច
មិនអាចទប់ទល់នឹងការចំណាយប្រចាំថ្ងៃបាន។ ម្យ៉ាងទៀត ផលិតផលកសិផល
កសិករលក់ក្នុងតម្លៃថោក និងគ្មានទីផ្សារជាដើម។
របាយការណ៍របស់ធនាគារពិភពលោក (World Bank) និងធនាគារអភិវឌ្ឍន៍អាស៊ី
(ADB) ឆ្នាំ២០១៣ បានរកឃើញថា
ប្រជាពលរដ្ឋតិចតួចបានទទួលផលពីកំណើនសេដ្ឋកិច្ចរៀងរាល់ឆ្នាំ។
អ្នកមាន និងអ្នកក្រនៅកម្ពុជា មានគម្លាតឆ្ងាយពីគ្នាខ្លាំង
ហើយប្រជាពលរដ្ឋភាគច្រើនប្រមាណ ៨០%
មានដីធ្វើកសិកម្មតិចជាងមួយហិកតារ
ស្របពេលដែលអ្នកមានអំណាចប្រមាណ ២០% មានដីច្រើនជាង ៥០០ហិកតារ
ដែលគ្រប់គ្រងដីផលិតកសិកម្មស្ទើរតែទាំងស្រុងនៅប្រទេសកម្ពុជា។
ប្រជាពលរដ្ឋកម្ពុជា ប្រមាណ ៦លាននាក់
ស្ថិតនៅក្រោមបន្ទាប់ភាពក្រីក្រ មានន័យថា
ពួកគាត់មិនអាចរកចំណូលបានប្រមាណ ៥ពាន់រៀលក្នុងមួយថ្ងៃ។
បន្ថែមពីលើនេះទៀត ប្រជាពលរដ្ឋប្រមាណ ៣លាននាក់ផ្សេងទៀត
ងាយនឹងធ្លាក់ក្រោមបន្ទាត់ភាពក្រីក្រដែរ ប្រសិនបើកម្ពុជា
មានវិបត្តិសេដ្ឋកិច្ចបន្ថែមទៀត ដូចជា ទំនិញកាន់តែឡើងថ្លៃ
និងគ្រោះថ្នាក់ធម្មជាតិផ្សេង៕
No comments:
Post a Comment