ដោយ សូត សុខប្រាថ្នា
RFA
ប្រជាពលរដ្ឋ តែងសង្ឃឹមថា អ្នកគ្រប់គ្រងនៅក្នុងភូមិនឹងបម្រើផលប្រយោជន៍ដល់ខ្លួន ក៏ប៉ុន្តែ ហាក់ដូចជាមិនដូចការគិតនោះទេ ពីព្រោះថាកន្លងមក មេភូមិ ឬប្រធានភូមិមួយចំនួន មិនបានបំពេញភារកិច្ចរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ឱ្យប្រជាពលរដ្ឋ តែបែរជាបម្រើផលប្រយោជន៍ឱ្យបក្សនយោបាយច្រើនជាងប្រជាពលរដ្ឋទៅ វិញ។
តើប្រធានភូមិត្រូវប្រកាន់ឥរិយាបថបែបណា ក្នុងការដឹកនាំឱ្យស្របទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋ?
ប្រជាពលរដ្ឋស្ទើរគ្រប់ទីកន្លែង
បានសម្ដែងនូវការពុំពេញចិត្តទៅនឹងការដឹកនាំរបស់អាជ្ញាធរនៅតាម
ថ្នាក់មូលដ្ឋានរបស់ពួកគេ ពិសេសប្រធានភូមិតែម្តង។
អ្វីដែលធ្វើឱ្យប្រជាពលរដ្ឋមានការមិនពេញចិត្តទៅនឹងអាជ្ញាធរភូមិ
របស់ខ្លួន ក៏ដោយសារតែសកម្មភាពរបស់មេភូមិមួយចំនួន
ហាក់បីដូចជាមិនបានតាំងចិត្តថា
នឹងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋឱ្យអស់ពីពោះនោះទេ
ប៉ុន្តែបែរជាស្ម័គ្រចិត្តដើរតាមបម្រើគោលនយោបាយបក្សជាធំទៅវិញ។
តើអ្វីនឹងអាចកើតឡើង នៅពេលដែលមេភូមិទាំងនោះមិនបានតាំងចិត្តបម្រើប្រជាពលរដ្ឋ ហើយបែរបម្រើបក្សនោះ?
បញ្ហាប្រាកដជាមានចោទឡើង
សម្រាប់ប្រជាពលរដ្ឋដែលមាននិន្នាការបក្សនយោបាយមិនស្របនឹងបក្ស
ខ្លួន បញ្ហារើសអើង បញ្ហាបក្ខពួកនិយម
និងបញ្ហាសង្ស័យគ្រប់ប្រជាពលរដ្ឋណាដែលមិនបានជ្រើសរើសយកគោលដៅ
បក្សនយោបាយរួមដូចខ្លួន។ កន្លងមក
សកម្មភាពរបស់ប្រជាពលរដ្ឋនៅតាមថ្នាក់មូលដ្ឋាន
ភាគច្រើនត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីសំណាក់អាជ្ញាធរភូមិ។
ថ្មីៗនេះ សកម្មភាពចូលរួមក្នុងបក្សនយោបាយរបស់ប្រជាពលរដ្ឋ
ហាក់បីដូចជានៅមានកម្រិត។ នៅមានកម្រិតត្រង់ថា
ប្រជាពលរដ្ឋមួយចំនួនមិនទាន់ហ៊ានចេញមុខជាចំហ
ដោយសារអ្នកគ្រប់គ្រងពួកគាត់នៅតាមថ្នាក់មូលដ្ឋាន
នៅបន្តតាមដានស្ទើរតែរាល់សកម្មភាពរបស់ប្រជាពលរដ្ឋ។
មហាបាតុកម្មទាំងបីលើករបស់បក្សសង្គ្រោះជាតិ ក្រោយការបោះឆ្នោត
មានប្រជាពលរដ្ឋមួយចំនួនព្រមចេញមុខជាចំហ
ហើយមួយចំនួនទៀតនៅមានការលាក់លៀម។ លាក់លៀមពីព្រោះថា
ខ្លាចឈ្មោះខ្លួនបានចូលទៅក្នុងបញ្ជីខ្មៅរបស់អាជ្ញាធរ។
កាលណាចូលទៅក្នុងបញ្ជីខ្មៅនោះហើយ
ពិបាកណាស់ក្នុងការផ្តល់សេវាកម្មផ្សេងៗពីសំណាក់អាជ្ញាធរភូមិ
ដែលមាននិន្នាការទៅរកបក្សកាន់អំណាចទាំងនោះ។
មេភូមិមួយចំនួនមិនទាន់បានបំពេញតួនាទីក្នុងការបម្រើផល
ប្រយោជន៍ប្រជាជនរបស់ខ្លួនជាធំនោះទេ ក៏ប៉ុន្តែ
បែរជាយកផលប្រយោជន៍បក្សនយោបាយខ្លួនជាធំទៅវិញ។
នេះអាចនិយាយម្យ៉ាងទៀតបានថា
មេភូមិភាគច្រើនត្រូវបានលើកឡើងឲ្យក្លាយជាអ្នកគ្រប់គ្រង
តាមរយៈសែស្រឡាយ ឬបក្ខពួករបស់ខ្លួន
ដោយមិនមានការជ្រើសរើសដោយផ្ទាល់ពីសំណាក់ប្រជាពលរដ្ឋ។ ដូច្នេះ
ទើបបានជាសកម្មភាពរបស់មេភូមិមួយចំនួន
គឺធ្វើដើម្បីបក្សខ្លួនទៅវិញ។ កន្លងមក
គណបក្សប្រឆាំងតែងតែបានលើកឡើងថា
ប្រសិនបើបក្សខ្លួនឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល
នោះមេភូមិនឹងត្រូវជ្រើសរើសដោយការបោះឆ្នោត ទើបអាចធានាបានថា
ជាមេភូមិដែលជាអ្នកបម្រើប្រយោជន៍ឲ្យប្រជាពលរដ្ឋ។
ទោះជាយ៉ាងក៏ដោយ មេភូមិដែលកើតចេញពីការលើកបន្តុបក្តី
មេភូមិដែលកើតចេញពីការជ្រើសរើសដោយការបោះឆ្នោតក្តី
គួរត្រូវពិចារណាថា ការដែលខ្លួនមកកាន់តំណែងជាអ្នកដឹកនាំគេនោះ
ត្រូវធ្វើយ៉ាងណាលះបង់នូវគំនិតអាត្មានិយម ការគិតផលប្រយោជន៍បក្ស
និងគួរត្រូវបញ្ឈប់នូវរាល់សកម្មភាពយកការណ៍ពីសំណាក់ប្រជាពលរដ្ឋណា
ដែលមាននិន្នាការមិនស្របខ្លួន។ ទង្វើបែបនេះ
ពុំគួរឲ្យកើតមានទៀតឡើយ
ពីព្រោះវានឹងអាចនាំឱ្យមានការរើសអើងនៅក្នុងសង្គម
និងអាចឈានទៅដល់ការមិនទុកចិត្តគ្នា
និងទាញឲ្យការអភិវឌ្ឍសង្គមមានការធ្លាក់ចុះទៀតផង។
ជាសរុបមក
មេភូមិមានតួនាទីសំខាន់ណាស់ក្នុងការបម្រើផលប្រយោជន៍របស់
ប្រជាពលរដ្ឋ នៅក្នុងសង្គមកម្ពុជា
មិនមែនអ្វីដែលមេភូមិមួយចំនួនកំពុងតែប្រព្រឹត្តខ្លួនជាអ្នក
ស៊ើបអង្កេតពីប្រជាពលរដ្ឋទាំងឡាយណា
ដែលប្រកាន់បក្សនយោបាយខុសពីខ្លួន
ដើម្បីរាយការណ៍មកថ្នាក់លើនោះទេ។ ចូលកុំភ្លេចថា កន្លងមក មេឈ្លប
មេជំនាញការ អាចយកការណ៍ពីថ្នាក់ក្រោមទៅថ្នាក់លើ
ដើម្បីផ្គាប់ផ្គន់មេធំខាងលើ។
ក៏ប៉ុន្តែ ពេលនេះ សកម្មភាពយកការណ៍ប្រជាពលរដ្ឋថ្នាក់មូលដ្ឋាន
ទៅប្រាប់ថ្នាក់លើទៀតនោះ
វានឹងអាចកាន់តែធ្វើឲ្យប្រជាជនរឹតតែមិនពេញចិត្ត និងម្យ៉ាងទៀត
អាចទំនងជាធ្វើឱ្យសំឡេងឆ្នោតនាពេលបោះឆ្នោតធំម្តងៗ
កាន់តែធ្លាក់ចុះទៅវិញ។ មេដឹកនាំនៃបក្សនយោបាយ
គួរពង្រឹងឡើងវិញចំពោះអ្នកគ្រប់គ្រងតាមមូលដ្ឋាន
ពិសេសមេភូមិឱ្យគិតពីប្រយោជន៍រាស្ត្រ
និងសុខទុក្ខប្រជាពលរដ្ឋជាធំ
មិនមែនធ្វើការបម្រើបក្សជាធំនោះទេ។ ចូរចាំថា
សំឡេងឆ្នោតអាចប្រែប្រួលទៅបាន
ក៏អាចជាចំណែកមួយនៃការគ្រប់គ្រងនៅតាមថ្នាក់មូលដ្ឋានដែរ។ ដូចនេះ
ជាការល្អប្រសើរ មេដឹកនាំនៅតាមថ្នាក់មូលដ្ឋាន
គប្បីលះបង់ចោលនូវវប្បធម៌បម្រើបក្សខ្លួន
ហើយគួរងាយមកធ្វើសកម្មភាពទាំងឡាយណា
ដែលផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ ទើបជាការចាំបាច់៕
No comments:
Post a Comment