Wednesday, October 30, 2013

មេ​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ​ដឹក​នាំ​ក្បួន​ហែ​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​៥

បាតុកម្ម សង្គ្រោះ​ជាតិ ៦១០   
មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា ដឹក​នាំ​បាតុករ​ហែ​ក្បួន​បាតុកម្ម​ទៅ​ដាក់​ញត្តិ​នៅ​ស្ថានទូត​អូស្ត្រាលី នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៣។ RFA/Yeang Socheametta
2013-10-25
ដោយ យាង សុជាមេត្តា
RFA
ក្រុម​បាតុករ​ជា​ច្រើន​ម៉ឺន​នាក់ ដែល​ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ញត្តិ​ទៅ​ស្ថានទូត​៥​ប្រទេស​បន្ថែម​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​តុលា។ ក្នុង​នោះ មាន​ប្រទេស​អូស្ត្រាលី រុស្ស៊ី ជប៉ុន ឥណ្ឌូនេស៊ី និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ ក្នុង​នោះ អូស្ត្រាលី ដែល​ជា​ប្រទេស​ហត្ថលេខី​ដ៏​សំខាន់​មួយ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង ​ប៉ារីស បាន​បដិសេធ​មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត និង​រដ្ឋាភិបាល​បច្ចុប្បន្ន ដែល​កើត​ឡើង​ក្រោយ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។
ប្រទេស​អូស្ត្រាលី ក៏​ចង់​អោយ​មាន​ការ​បោះ​ឆ្នោត​មួយ​ប្រកប​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា ផង​ដែរ។
ព័ត៌មាន​នៃ​ការ​មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត និង​ការ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លេចឮ​ឡើង បន្ទាប់​ពី លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ជួប​ឯកអគ្គរាជទូត​អូស្ត្រាលី ប្រចាំ​នៅ​ប្រទេស​កម្ពុជា ក្នុង​ពេល​ដែល​មេ​បក្ស​ប្រឆាំង​ទាំង​ពីរ​បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​ ប្រទេស​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៣។
ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន បន្ទាប់​ពី​ប្រគល់​ញត្តិ​រួច លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា មន្ត្រី​ឯកអគ្គរាជទូត​ប្រទេស​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា បាន​បញ្ជាក់​ជាមួយ​លោក​ថា ប្រទេស​អូស្ត្រាលី បដិសេធ​មិន​ទទួល​ស្គាល់​ចំពោះ​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​កម្ពុជា ឡើយ។ ប្រទេស​អូស្ត្រាលី ក៏​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ​ដែរ។
លោក សម រង្ស៊ី៖ «អម្បាញ់មិញ​នេះ គណៈប្រតិភូ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​លោកស្រី​ឯកអគ្គរាជទូត​ប្រទេស​អូស្ត្រាលី។ ចំណុច​ដែល​សំខាន់ គាត់​បាន​បញ្ជាក់​ប្រាប់​យើង​ថា គាត់​សុំ​បដិសេធ រដ្ឋាភិបាល​អូស្ត្រាលី មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​នេះ​ទេ មិន​ទទួល​ស្គាល់​រដ្ឋាភិបាល លោក ហ៊ុន សែន ទេ ដូច្នេះ​កុំ​អោយ​មាន​ការ​ភាន់ច្រឡំ កុំ​អោយ​មាន​ការ​បកស្រាយ​ខុស​ពី​ការ​ពិត។ ប្រទេស​អូស្ត្រាលី ទទួល​ស្គាល់​កម្ពុជា ត្រូវ​មាន​រដ្ឋ​មួយ ប៉ុន្តែ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ណា​ទាំងអស់ អត់​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​ទាំងអស់ ជា​ពិសេស​ការ​បោះ​ឆ្នោត​ថ្មីៗ​នេះ»
ជាមួយ​គ្នា​នេះ​ដែរ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចូល​ជួប​ឯកអគ្គរាជទូត​ប្រទេស​អូស្ត្រាលី ជាមួយ លោក សម រង្ស៊ី ផង​ដែរ​នោះ បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​អូស្ត្រាលី បាន​បញ្ជាក់​ប្រាប់​លោក​ថា ប្រទេស​អូស្ត្រាលី មាន​តួនាទី​សំខាន់​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១។ ដូច្នេះ រដ្ឋាភិបាល​អូស្ត្រាលី មិន​អាច​បោះ​បង់​ចោល​នូវ​គោលការណ៍​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​នោះ​ទេ។
លោក កឹម សុខា៖ «យើង​បាន​បញ្ជាក់​ហើយ​ថា ប្រជាពលរដ្ឋ​យើង​ចង់​បាន​យុត្តិធម៌ ការ​បោះ​ឆ្នោត​យុត្តិធម៌​ហ្នឹង​ហើយ គឺ​សិទ្ធិ យុត្តិធម៌​ហ្នឹង​ហើយ គឺ​ជា​ប្រជាធិបតេយ្យ គេ​ឯកភាព​ជាមួយ​អ្វី​ដែល​ជា​ការ​លើក​ឡើង​របស់​យើង​នេះ។ ដូច្នេះ បាតុករ​យើង​ចង់​បាន​យុត្តិធម៌​ការ​បោះ​ឆ្នោត។ កន្លង​មក អាណត្តិ​ទី​៥ នេះ គេ​ថា គេ​ក៏​ចង់​អោយ​មាន​ការ​បោះ​ឆ្នោត​នេះ អោយ​មាន​លក្ខណៈ​ត្រឹមត្រូវ យុត្តិធម៌​ដូច​ដែល​ប្រជារាស្ត្រ​យើង​ចង់​បាន​អ៊ីចឹង​ដែរ»
តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន បាន​មាន​ប្រសាសន៍​នៅ​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​រាត្រី​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៣ ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​ការ​អបអរ​សាទរ​ពី​នាយករដ្ឋមន្ត្រី​ប្រទេស​អូស្ត្រាលី រួច​ហើយ សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥ នេះ។ លោក​ថែម​ទាំង​លើក​ឡើង​ថា ក្នុង​ក្របខ័ណ្ឌ​ការទូត ប្រទេស​មួយ​មិន​អាច​មាន​សិទ្ធិ​ទទួល​ស្គាល់ ឬ​មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​ក្នុង​ប្រទេស​ណា​មួយ​ឡើយ ប៉ុន្តែ​ប្រសិន​បើ​គេ​យល់​ថា ការ​បោះ​ឆ្នោត​នោះ​ប្រកប​ដោយ​លក្ខណៈ​យុត្តិធម៌ និង​អាច​ទុក​ចិត្ត​បាន នោះ​គេ​នឹង​ធ្វើ​ការ​អបអរ​សាទរ។
លោក ឈាង វុន៖ «កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស នេះ អ្នក​ដែល​ផ្ដើម​គំនិត គឺ​ប្រទេស​អូស្ត្រាលី ហើយ​ប្រធាន​នៃ​កិច្ច​ព្រមព្រៀង​ហ្នឹង​មាន​ប្រទេស​ពីរ ប្រទេស​បារាំង និង​ឥណ្ឌូនេស៊ី។ ហើយ​បើ​យើង​មើល​ក្រោយ​ការ​បោះ​ឆ្នោត​នេះ យើង​បាន​ទទួល​ការ​អបអរ​សាទរ​ពី​នាយករដ្ឋមន្ត្រី​អូស្ត្រាលី ចំពោះ​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ មិញ​ប្អូន ច័ន្ទបុត្រ លើក​ឡើង​ថា បើ​មាន​ប្រទេស​ណា​មួយ​ផ្ដួច​ផ្ដើម​អោយ​មាន​ការ​ធ្វើ​អី​នោះ​ណា សើរើ​អីៗ​ហ្នឹង ខ្ញុំ​យល់​ថា ទី​១ ប្រទេស​ហ្នឹង​មិន​ល្ងង់​ឆោត​ទេ ព្រោះ​អ្នក​ហត្ថលេខី​មាន​ច្រើន​ណាស់ ហើយ​បើ​មាន​តែ​ប្រទេស​មួយ​ហ្នឹង​ទៅ​សើរើ​ទៀត ប្រហែល​ជា​មាន​ការ​លំបាក»
នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី លោក ថូនី អាប់បត (Tony Abbott) បាន​ផ្ញើ​លិខិត​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០១៣។ នៅ​ក្នុង​លិខិត​នោះ លោក អាប់បត បាន​សរសេរ​ថា លោក​សូម​សម្ដែង​នូវ​ការ​អបអរ​សាទរ​ចំពោះ លោក ហ៊ុន សែន ដែល​ត្រូវ​បាន​តែង​តាំង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ លោក អាប់បត ក៏​បាន​សរសេរ​ថា ប្រទេស​អូស្ត្រាលី មាន​ការ​គាំទ្រ​ជា​យូរ​ណាស់​មក​ហើយ ចំពោះ​ដំណើរ​ការ​នៃ​ប្រជាធិបតេយ្យ ភាវូបនីយកម្ម​ក្នុង​ប្រទេស​កម្ពុជា ដែល​សម្រេច​បាន​ចាប់​តាំង​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​តាម​ការ​បោះ​ឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​១៩៩៣ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​របស់​អង្គការ​សហប្រជាជាតិ។
លោក អាប់បត សរសេរ​បន្ត​ថា ស្ថិត​ក្នុង​បរិបទ​នេះ លោក​សូម​ស្វាគមន៍​ចំពោះ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​សន្តិភាព​នា​ ពេល​ថ្មីៗ​នេះ និង​សេចក្តី​ថ្លែង​ការណ៍​រួម​នៅ​ថ្ងៃ​ទី​១៦ កញ្ញា ឆ្នាំ​២០១៣។ លោក អាប់បត ក៏​រំពឹង​ផង​ដែរ​ថា ដំណើរ​ការ​សម្រប​សម្រួល​រវាង​គ្រប់​គណបក្ស​ទាំងអស់ គឺ​ជា​ការ​ធានា​បាន​នូវ​សន្តិភាព និង​សន្តិសុខ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​អនាគត​ប្រទេស​កម្ពុជា។
ទាក់ទង​នឹង​ការ​លើក​ឡើង​របស់ លោក សម រង្ស៊ី អំពី​ការ​មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត និង​រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន ស្ថានទូត​ប្រទេស​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ នៅ​ថ្ងៃ​ទី​២៥ តុលា ថា នៅ​ក្នុង​ជំនួប​ជាមួយ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង លោកស្រី​ឯកអគ្គរាជទូត អាឡីស៊ិន ប៊ូរ៉ូ (Alison Burrows) មាន​ប្រសាសន៍​ថា ប្រទេស​អូស្ត្រាលី មាន​ការ​ប្ដេជ្ញា​យ៉ាង​មុតមាំ និង​យូរ​អង្វែង ចំពោះ​ដំណើរ​ការ​ប្រជាធិបតេយ្យ ភាវូបនីយកម្ម បន្ត​លើក​កម្ពស់ និង​លើក​ទឹក​ចិត្ត​អោយ​មាន​ការ​គោរព និង​អនុវត្ត​សិទ្ធិ​មនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន​នៅ​កម្ពុជា ព្រម​ទាំង​បន្ត​ធ្វើ​ការ​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​កម្ពុជា ដើម្បី​ស្ដារ និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា បន្ត​ទៀត។ លោកស្រី​ក៏​បាន​មាន​ប្រសាសន៍​ថា ប្រទេស​អូស្ត្រាលី ជំរុញ​អោយ​ភាគី​ទាំង​ពីរ​បន្ត​ការ​ពិភាក្សា ដែល​រួម​មាន​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ផង​ដែរ ហើយ​ថា វា​ចាំបាច់​ដែល​ទ្វារ​នៅ​តែ​បើក​ចំហ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ទទួល​បាន​អាសនៈ​របស់​ខ្លួន​ក្នុង​រដ្ឋសភា។
ក្នុង​មហា​បាតុកម្ម​អហិង្សា​រយៈពេល ៣​ថ្ងៃ របស់​គណបក្ស​សង្រ្គោះ​ជាតិ មេ​ដឹក​នាំ​គណបក្ស​មួយ​នេះ បាន​ដង្ហែ​ញត្តិ​ស្នាម​មេដៃ​គាំទ្រ​ទៅ​ដាក់​នៅ​ការិយាល័យ​ឧត្តម​ស្នងការ​ អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ប្រចាំ​នៅ​កម្ពុជា និង​នៅ​ស្ថានទូត​បរទេស​មួយ​ចំនួន ដែល​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​១៩៩១ ដើម្បី​ទាមទារ​អោយ​ប្រទេស​ទាំង​នេះ​ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន និង​អោយ​មាន​ការ​គោរព​អោយ​បាន​ពេញ​លេញ​នូវ​កិច្ច​ព្រមព្រៀង​សន្តិភាព​ ទីក្រុង​ប៉ារីស។ ស្ថានទូត​បរទេស​ទាំង​នោះ រួម​មាន ស្ថានទូត​ប្រទេស​បារាំង ចក្រភព​អង់គ្លេស សហរដ្ឋ​អាមេរិក អូស្ត្រាលី រុស្ស៊ី ជប៉ុន ឥណ្ឌូនេស៊ី និង​ចិន។ ស្ថានទូត​ទាំងអស់​នេះ សុទ្ធតែ​បាន​ទទួល​យក​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​សន្យា​ថា​នឹង​នាំ​យក​ញត្តិ​ទាំង​នេះ​ប្រគល់​ជូន​ថ្នាក់​ដឹក​នាំ​របស់​ ប្រទេស​ពួក​គេ៕

No comments: