ក្បួនហែញត្តិរបស់គណបក្សសង្គ្រោះជាតិ
តាមបណ្ដោយផ្លូវសុធារស ម្ដុំបូឌីន រាជធានីភ្នំពេញ
ឆ្ពោះទៅដាក់នៅតាមស្ថានទូតបរទេសមួយចំនួន នៅថ្ងៃទី២៥ ខែតុលា
ឆ្នាំ២០១៣។ RFA/Mom Sophon
2013-10-25 ដោយ ដែន អយុធ្យា
RFA
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានអះអាងថា មហាបាតុកម្មអហិង្សារយៈពេល ៣ថ្ងៃ នៅទីលានប្រជាធិបតេយ្យ និងការដើរហែក្បួនតាមផ្លូវសាធារណៈ បានទទួលជោគជ័យ និងគ្មានអំពើហិង្សា។ មន្ត្រីសង្គមស៊ីវិល និងមន្ត្រីស្ថាប័នប្រដាប់អាវុធ បានទទួលស្គាល់ថា មហាបាតុកម្មរៀបចំដោយបក្សប្រឆាំងលើកនេះ អ្នករៀបចំកម្មវិធី និងអាជ្ញាធរសហការគ្នាបានល្អ។
លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យ
និងជាបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រអាណត្តិទី៥ មណ្ឌលភ្នំពេញ
បានចាត់ទុកមហាបាតុកម្ម ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥
ខែតុលា មានសន្តិសុខ និងមានសុវត្ថិភាពល្អ។
មន្ត្រីរៀបចំបាតុកម្មរូបនេះ បានអះអាងថា
ទាំងការប្រមូលផ្តុំក្រុមបាតុករ
និងដើរហែក្បួនយកញត្តិតវ៉ាលទ្ធផលបោះឆ្នោត
ដើម្បីដាក់ជូននៅការិយាល័យឧត្តមស្នងការសហប្រជាជាតិ
និងការដាក់ញត្តិជូនស្ថានទូតចំនួន៨ ក្នុងទីក្រុងភ្នំពេញ
មានស្ថានទូតបារាំង អង់គ្លេស សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី រុស្ស៊ី
ឥណ្ឌូនេស៊ី និងចិន ក៏គ្មានការរាំងស្ទះ
និងគ្មានការរារាំងពីអាជ្ញាធរដែរ។
«សំឡេង»
មន្ត្រីបក្សប្រឆាំងរូបនេះ បានស្នើឲ្យរដ្ឋាភិបាល
និងថ្នាក់ដឹកនាំក្រសួងមានសមត្ថកិច្ចនានា ឲ្យបន្តសហការ
និងអនុវត្តកាយវិការអហិង្សាដូចពេលនេះ
យកទៅអនុវត្តជាមួយរាល់ការជួបជុំ ឬបាតុកម្មនានាលើកក្រោយទៀត។
ដូចគ្នាដែរ មន្ត្រីសង្គមស៊ីវិលមួយចំនួន
ដែលតាមឃ្លាំមើលការដឹកនាំធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះ
ជាតិ ទាំងយប់ថ្ងៃអស់រយៈពេល ៣ថ្ងៃមកនេះ ក៏បានវាយតម្លៃថា
បាតុកម្មលើកនេះគ្មានអំពើហិង្សាទេ
ព្រោះអាជ្ញាធរមិនបានបិទផ្លូវនាំឲ្យរាំងស្ទះដល់ការធ្វើដំណើរ
ឆ្លងកាត់របស់ក្រុមបាតុករទេ។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតអង្គការការពារសិទ្ធិមនុស្សលីកាដូ
(Licadho) មានប្រសាសន៍ថា
ដើមហេតុនាំឲ្យកើតមានអំពើហិង្សារវាងក្រុមបាតុករ
និងសមត្ថកិច្ចចម្រុះក្នុងបាតុកម្មកន្លងទៅ
គឺបណ្ដាលមកពីអាជ្ញាធរបានបិទផ្លូវ
និងពង្រាយកម្លាំងរារាំងក្រុមបាតុករមិនឲ្យចេញ ឬចូលក្នុងក្រុង។
លោកបានអំពាវនាវដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល ឬស្ថាប័នប្រដាប់អាវុធ
ឲ្យបញ្ឈប់រូបភាពដាក់ពង្រាយកម្លាំង ឬបិទផ្លូវសាធារណៈ
ពេលមានពិធីជួបជុំសម្ដែងមតិរបស់ពលរដ្ឋ
ឬអ្នកពាក់ព័ន្ធផ្សេងៗនាថ្ងៃអនាគត។
«សំឡេង»
មន្ត្រីនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ខេង ទីតូ
មានប្រសាសន៍ថា
ការដឹកនាំធ្វើមហាបាតុកម្មរបស់គណបក្សប្រឆាំងលើកនេះ
គ្មានអំពើហិង្សា និងមានរបៀបរៀបរយល្អ។ លោកថា
បាតុកម្មនេះកម្លាំងចម្រុះបានជួយសហការ
ហើយអ្នករៀបចំកម្មវិធីក៏គោរព និងអនុវត្តតាមច្បាប់
ឬសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ
និងអាជ្ញាធរមូលដ្ឋានបានត្រឹមត្រូវ។
«សំឡេង»
ការដឹកនាំធ្វើមហាបាតុកម្មអហិង្សា ៣ថ្ងៃ
របស់គណបក្សសង្គ្រោះជាតិ ចាប់ពីថ្ងៃទី២៣ ខែតុលា
បានបញ្ចប់នៅម៉ោងជាង ៤រសៀលថ្ងៃសុក្រ ទី២៥ ខែតុលា។
ហើយក្រុមបាតុករមកពីតាមបណ្ដាខេត្តនានា ក៏បានរំសាយ
និងបានវិលទៅកាន់លំនៅឋានរៀងៗខ្លួនវិញ៕
No comments:
Post a Comment