
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ
ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya
Subedi) ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត នាមុខទីស្ដីការគណៈរដ្ឋមន្ត្រី
នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣។ RFA/Leng Maly
2013-10-20 ដោយ ជុន ច័ន្ទបុត្រ
RFA
ការមិនទាន់គោរពបាននូវលក្ខខណ្ឌទាំងឡាយនៃសន្ធិសញ្ញានេះ
លេចឡើងនូវចំណោទថា តើសន្ធិសញ្ញានេះនៅមានសុពលភាពឬទេ?
ហើយតើសហគមន៍អន្តរជាតិ
នៅមានតួនាទីជួយធានាឲ្យមានការអនុវត្តនូវសន្ធិសញ្ញានេះឲ្យបាន
ត្រឹមត្រូវដែរឬយ៉ាងណា?
កម្ពុជាដែលជាប្រទេសតូចមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ
តែងតែមានការវិវត្តន៍នានា ដោយមានទំនាក់ទំនងផង
ឬជួនកាលទទួលឥទ្ធិពលដោយផ្ទាល់ផង
ពីការវិវត្តន៍នៃចរន្តនយោបាយក្នុងតំបន់ និងពីពិភពលោកទាំងមូល។
កិច្ចព្រមព្រៀងក្រុងប៉ារីស នេះ ជាឧទាហរណ៍ស្រាប់មួយផ្នែកធំ
អាចទទួលឥទ្ធិពលពីការប្រែប្រួលនៃឆាកនយោបាយអន្តរជាតិតែម្ដង។
នៅចុងទសវត្សឆ្នាំ១៩៨០
សង្គ្រាមត្រជាក់ដែលជាសង្គ្រាមដណ្ដើមឥទ្ធិពលមនោគមវិជ្ជានយោបាយរវាង
ប្លុកកុម្មុយនិស្ត និងប្លុកសេរី ចាប់ឈានចូលដល់ផ្លូវបំបែកមួយ។
កំផែងក្រុងប៊ែរឡាំង ដែលខ័ណ្ឌចែកប្រទេសអាល្លឺម៉ង់ខាងកើត
និយមកុម្មុយនិស្ត និងអាល្លឺម៉ង់ខាងលិច និយមរបបសេរីពហុបក្ស
ត្រូវបានប្រជាពលរដ្ឋអាល្លឺម៉ង់វាយកម្ទេចចោល ហើយប្រទេសអាល្លឺម៉ង់
ដែលធ្លាប់តែចែកជាពីរ ក៏ត្រូវបានក្លាយជាប្រទេសតែមួយវិញ។
ការនាំឲ្យមានដល់ទីបញ្ចប់នៃសង្គ្រាមត្រជាក់ដែលផ្ដល់លទ្ធភាព
ឲ្យប្រជាជាតិដែលបែកបាក់ដោយសារការប្រកាន់និន្នាការនយោបាយខុសគ្នា
ងាកមកបង្រួបបង្រួមគ្នាវិញនេះ
គឺកើតចេញពីផែនការកែទម្រង់ក្នុងទិសដៅធ្វើសេរីភាវូបនីយកម្មនៃ
ប្រទេសកុម្មុយនិស្តដ៏ធំជាងគេបំផុតមួយនៅលើលោកយើងនេះ។
ដោយនៅពេលនោះ
ប្លុកកុម្មុយនិស្តជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ
អតីតប្រធានាធិបតីសហភាពសូវៀត លោក មីខាអ៊ីល ហ្គោរបាឆេវ (Michail
Gorbachev)
បានដាក់ចេញនូវផែនការកែទម្រង់ដ៏ធំមួយដែលគេឲ្យឈ្មោះថា
ប៉េរ៉េស្រ្តយកា (Perestroika)។ គឺការកែទម្រង់របស់លោកប្រធានាធិបតី
ហ្គោរបាឆេវ នេះហើយ ដែលបានជំរុញឲ្យប្រទេសអឺរ៉ុបខាងកើតទាំងឡាយ
មានអាល្លឺម៉ង់ ប៉ូឡូញ ហុងគ្រី ជាដើម
បានរំដោះខ្លួនពីប្រព័ន្ធគ្រប់គ្រងបែបកុម្មុយនិស្តផ្ដាច់ការ
ឲ្យទៅជាបែបសេរីពហុបក្សតាមលោកខាងលិចវិញ។
ស្ថិតក្នុងចរន្តនយោបាយថ្មីនេះ សហភាពសូវៀត
ក៏គ្មានហេតុផលអ្វីនឹងបន្តផ្ដល់ជំនួយថវិកា
និងគ្រឿងសព្វាវុធរបស់ខ្លួនដល់កងទ័ពវៀតណាម
ក្នុងបេសកកម្មជួយប្រទេសកម្ពុជា «ជាបងប្អូន»
រួមត្រកូលកុម្មុយនិស្តនឹងគ្នានោះទៀតដែរ។ ប្រមុខរដ្ឋាភិបាលកម្ពុជា
ដែលប្រឈមមុខនឹងការដាក់គំនាបសេដ្ឋកិច្ចពីលោកខាងលិចស្រាប់
ហើយត្រូវទទួលរងនូវការបោះបង់ចោលពីប្រទេសរៀមច្បងប្លុក
កុម្មុយនិស្តទៀត
ក៏ចាប់ផ្ដើមស្រវេស្រវារកយន្តការថ្មីដើម្បីទ្រទ្រង់វត្តមានរបស់
ខ្លួននៅកម្ពុជា ជាបន្តទៅទៀត។
រីឯក្រុមអ្នកតស៊ូខ្មែរម្ខាងទៀតនៅជាយដែនខ្មែរ-ថៃ
មានក្រុមស្មោះស្ម័គ្រនឹងសម្ដេចព្រះ នរោត្តម សីហនុ
នៃគណបក្សហ៊្វុនស៊ិនប៉ិច ក្រុមស្មោះស្ម័គ្រនឹងលោកតា សឺន សាន
នៃរណសិ្សរំដោះប្រជាពលរដ្ឋខ្មែរ (KPNLF)
និងក្រុមខ្មែរក្រហមនៃរបបកម្ពុជាប្រជាធិបតេយ្យ
ក៏ត្រូវបានប្រទេសអ្នកគាំទ្រខ្លួន មានប្រទេសលោកខាងលិច
និងប្រទេសចិនជាដើម
ងាកមកជំរុញឲ្យមានការចរចារកសន្តិភាពរវាងក្រុមបដិបក្ខខ្មែរដែរ។
ទីបំផុត នៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១
កិច្ចព្រមព្រៀងដោះស្រាយបញ្ហានយោបាយ និងជម្លោះក្នុងប្រទេសកម្ពុជា
ដែលគេហៅថា សន្ធិសញ្ញា ឬកិច្ចព្រមព្រៀងក្រុងប៉ារីស
ត្រូវបានចុះហត្ថលេខាដោយភាគីខ្មែរទាំងបួន និងប្រទេសចំនួន ១៨ទៀត
ក្រោមវត្តមានរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ
និងក្រោមអធិបតីភាពនៃសហប្រធានទាំងពីរនៃសន្និសីទអន្តរជាតិនេះ
តំណាងដោយរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសបារាំង និងឥណ្ឌូនេស៊ី។
ក្រោមល័ក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ
អង្គការសហប្រជាជាតិបានបញ្ជូនបេសកកម្មអ៊ុនតាក់ (UNTAC)
មកប្រទេសកម្ពុជា ដើម្បីគ្រប់គ្រងកម្ពុជា ជាបណ្តោះអាសន្ន។
ភារកិច្ចជាចម្បងរបស់អ៊ុនតាក់
រួមមានការដកកងកម្លាំងបរទេសចេញពីកម្ពុជា ការរំសាយកងទ័ព
ការត្រួតពិនិត្យបទឈប់បាញ់គ្នា
និងការរៀបចំការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ជាដើម។
កិច្ចព្រមព្រៀងនោះមិនត្រឹមតែបញ្ចប់សង្គ្រាម
និងបង្កើតនូវរដ្ឋាភិបាលមួយតាមការបោះឆ្នោតដោយសេរីនោះទេ
ថែមទាំងមានទិសដៅជួយជ្រោមជ្រែងឲ្យកម្ពុជា
មានអធិបតេយ្យភាពពេញលេញ មាននីតិរដ្ឋ គោរពលទ្ធិប្រជាធិបតេយ្យ
សិទ្ធិមនុស្ស និងយុត្តិធម៌ផង។
ទោះជាកម្ពុជា សម្រេចបាននូវសមិទ្ធផលមួយចំនួនក្ដី
តាំងពីការចុះសន្ធិសញ្ញាក្រុងប៉ារីសនោះមក
នៅមានគោលការណ៍គ្រឹះមួយចំនួនធំនៃសន្ធិសញ្ញានេះ
ត្រូវបានអ្នកតាមដានសភាពការណ៍កម្ពុជា សន្និដ្ឋានថា
នៅមិនទាន់បានបំពេញនៅឡើយ។
ដោយសារមូលហេតុនេះហើយ
បានជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក សុរិយា
ស៊ូប៊ែឌី (Surya Subedi) នៅក្នុងឱកាសខួបលើកទី២០
ឆ្នាំនៃសន្ធិសញ្ញានេះ បានបញ្ជាក់យ៉ាងច្បាស់ថា៖ "សន្ធិសញ្ញាក្រុង
ប៉ារីសនេះ នៅតែមានសុពលភាព
រហូតដល់ពេលណាដែលគោលការណ៍គ្រឹះទាំងឡាយនៃសន្ធិសញ្ញានេះ
ក្លាយជាការពិតសម្រាប់ប្រជាពលរដ្ឋកម្ពុជា"។
រាជរដ្ឋាភិបាលកម្ពុជា
បច្ចុប្បន្នដែលមានសមាជិកជាន់ខ្ពស់មួយចំនួនធ្លាប់ស្រវេស្រវារក
សហគមន៍អន្តរជាតិ ដើម្បីបំពេញភាពស្របច្បាប់ផង
និងដើម្បីបន្តវត្តមានគ្រប់គ្រងកម្ពុជា បន្តទៀតផងនោះ
ពេលបានដល់ត្រើយបែរជាសើយគូទដាក់សហគមន៍អន្តរជាតិវិញថា
សន្ធិសញ្ញាក្រុងប៉ារីសនេះ
លែងស៊ីសង្វាក់ទៅនឹងស្ថានការណ៍នៃប្រទេសកម្ពុជា ទៀតហើយ
ក្រោយពីកម្ពុជា បង្កើតរដ្ឋធម្មនុញ្ញ
និងរដ្ឋាភិបាលស្របច្បាប់បានរួចហើយនោះ។
តែទោះជាយ៉ាងណា បណ្ឌិត សុរិយា ស៊ូប៊ែឌី
ដែលបេសកកម្មនៅកម្ពុជារបស់លោក
កើតចេញផ្ទាល់ពីកិច្ចព្រមព្រៀងក្រុងប៉ារីសដែរនោះ បានអះអាងថា
វាប្រាកដណាស់ថា រដ្ឋាភិបាលកម្ពុជា
មានភារកិច្ចជាចម្បងមុនគេបង្អស់ក្នុងការដោះស្រាយបញ្ហានានានៅ
កម្ពុជា មានដូចជាការធានាឲ្យមានឯករាជភាពនៃតុលាការ
ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ការបំបាត់និទណ្ឌភាព
ឬភាពរំលោភបំពានច្បាប់ដោយគ្មានការដាក់ទោសជាដើម។
ក៏ប៉ុន្តែលោកក៏នៅតែបញ្ជាក់ថា
សមាជិកហត្ថលេខីនៃសន្ធិសញ្ញានេះទាំង ១៨ប្រទេសទៀត
រួមទាំងអង្គការសហប្រជាជាតិផង
ក៏នៅតែមានតួនាទីសំខាន់ក្នុងការជួយអនុវត្តឲ្យបានពេញលេញនូវ
សន្ធិសញ្ញានេះ។
អ្នកច្បាប់និងអ្នកវិភាគឯករាជ្យនានានៅកម្ពុជាវិញ
ក៏មានទស្សនៈស្រដៀងគ្នានេះដែរ។ បណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា
គ្មានមាត្រាណាមួយនៅក្នុងសន្ធិសញ្ញានោះបញ្ជាក់ថា
ការអនុវត្តកិច្ចព្រមព្រៀងនេះ នឹងត្រូវបញ្ចប់នៅពេលណានោះទេ។
ម៉្យាងទៀត លោកបញ្ជាក់ថា មកទល់នឹងពេលនេះ
នៅមិនទាន់ឃើញមានប្រទេសហត្ថលេខីណាមួយបានសរសេរជាលាយលក្ខណ៍អក្សរ
ទៅសហប្រធាននៃសន្និសីទក្រុងប៉ារីស ទាំងពីរ
ថាឈប់គោរពសន្ធិសញ្ញានេះនៅឡើយដែរ។
ចំពោះការដែលលើកឡើងថា រដ្ឋធម្មនុញ្ញកម្ពុជា
អាចជំនួសសន្ធិសញ្ញាក្រុងប៉ារីស បាននោះ លោកមេធាវី សុក សំអឿន
មានប្រសាសន៍ថា ថ្វីត្បិតតែកម្ពុជា
តាក់តែងច្បាប់រដ្ឋធម្មនុញ្ញក្រោមខ្លឹមសារនៃសន្ធិសញ្ញាក្រុងប៉ារីស
នេះក្ដី
ប្រទេសជាហត្ថលេខីទាំងអស់ក៏នៅតែមានភារៈជួយជំរុញឲ្យកម្ពុជា
គោរពតាមរដ្ឋធម្មនុញ្ញរបស់ខ្លួននោះឲ្យបានពិតប្រាកដ
មិនមែនត្រឹមតែមានចែងនៅលើក្រដាសនោះទេ៕
No comments:
Post a Comment